មិត្តសម្លាញ់ និង សង្សារ

ខែធ្នូ 11, 2009 at 3:30 ល្ងាច មតិ 13

មិត្តសម្លាប់ និង សង្សារ ស្អី? សុទ្ធតែបោកប្រាស់ទាំងអស់! ខ្ញុំធ្លាប់ឃើញក្នុងសង្គមអ៊ីចឹងមែនតើ ទើបខ្ញុំសរសេររឿងនេះទៅ ហើយប្រិយមិត្តសាកឆ្លៀតអានសាច់រឿងនេះមើល៍ អានរួចវិចារប្រាប់ខ្ញុំផង តើស្រក់ទឹកភ្នែក សើច ឬក៏ធម្មតា? ប្រតិកម្មតបទៅនឹងសាច់រឿងនេះ គឺបង្ហាញពីចិត្តសាស្រ្តនៃទំនាក់ទំនងរបស់អ្នក…

រឿងខ្លីមួយនេះបានបោះពុម្ពរួចហើយ គឺនៅក្នុងសៀវភៅកំណត់ហេតុស្នេហ៍៖

មិត្តសម្លាញ់ និង សង្សារ

                                    ដោយ សុខ ចាន់ផល

 

ខ្ញុំមិនដឹងថា វាជារឿងឈឺចាប់ ជារឿងកំប្លែង ឬជារឿងធម្មតានោះទេ។ ខ្ញុំមានមិត្តស្និទ្ធស្នាលម្នាក់ឈ្មោះពិសិដ្ឋ និងមាននារីជាទីស្រលាញ់ម្នាក់ ឈ្មោះដារី។ ខ្ញុំបាននិយាយពីដារីប្រាប់ពិសិដ្ឋថា «គ្នាមិនដែលចាប់អារម្មណ៍ស្រីណាម្នាក់ដូចជានាងទេ! ដារីស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត រមទមក៏រមទម ក្លាហានក៏ក្លាហាន… គ្នានិយាយពីគុណសម្បត្តិរបស់នាងមិនអស់…»

«មិនបាច់និយាយច្រើនទេ! ណែនាំគ្នាឲ្យស្គាល់នាងទៅ គ្នានឹងដឹងពីអ្វីដែលឯងចង់និយាយនោះហើយ!» ពិសិដ្ឋស្នើខ្ញុំ។

«អ៊ើមែន! ទោះយ៉ាងណាដារីគឺជាអនាគតប្រពន្ធគ្នា ឯឯងគឺជាមិត្តសម្លាញ់អស់មួយជីវិតរបស់គ្នា។ ពួកឯងទាំងពីរនាក់ត្រូវតែស្គាល់គ្នា!»

…ហើយខ្ញុំបាននិយាយពីពិសិដ្ឋប្រាប់ដារីថា «បងមានមិត្តសម្លាញ់ម្នាក់…»

«គេឈ្មោះអី?» នាងសួរខ្ញុំ។

«គេឈ្មោះពិសិដ្ឋ ជាមិត្តជិតដិតបំផុតរបស់បង។ បងស្គាល់គេតាំងពីរៀនវិទ្យាល័យ។ ទោះជាឥឡូវធ្វើការកន្លែងខុសគ្នា ក៏នៅតែរាប់អានគ្នាដូចពីមុន។»

«គេប្រហែលជាមនុស្សល្អហើយ បានជាមើលទៅបងដូចជាស្រលាញ់គេណាស់!»

«គេល្អណាស់! គេរៀនពូកែជាងសិស្សមួយថ្នាក់ ពូកែជាងបងទៅទៀត រួចចិត្តល្អមែនទែន ពេលប្រលងតែងឲ្យមិត្តភក្តិចម្លងចម្លើយគ្រប់ៗគ្នា។ បងស្គាល់គេនោះ វាគឺជាសំណាងបងណាស់ ព្រោះមិនងាយមានមិត្តភក្តិឯណាដូចពិសិដ្ឋនេះទេ… គឺពិតជាកល្យាណមិត្តអត់ក្លែងក្លាយ។ អូនដឹងទេ? ឲ្យតែមានអីពឹងពាក់គេ គេតែងជួយជានិច្ច។ ដូចកាលថ្ងៃមួយនោះ គ្រូពិន័យឲ្យបងហ្នឹងចម្លងមេរៀនមួយរយចប់ ពិសិដ្ឋក៏ជួយឲ្យគំនិតបងថា យកមេរៀនទៅហ្វូតូកូពីជូនគ្រូទៅ ទាល់តែគ្រូពិន័យថែមទាំងគេម្នាក់ទៀត… ហាស! ហាស! …អូ! គេច្រៀងពីរោះខ្លាំងណាស់ មិត្តភក្តិបានដាក់រហស្សនាមឲ្យគេថា ចាប សុវត្ថិ ហើយរាងវិញសង្ហាមិនចាញ់តារាភាពយន្តទេ! ស្រីៗក្នុងសាលាលួចស្រលាញ់គេស្ទើរតែទាំងអស់…»

និយាយដល់ត្រឹមនេះ ខ្ញុំឃើញដារីសម្លឹងមើលពពក ដូចព្រលឹងកំពុងក្លាយទៅជាសត្វចាប ហោះហើរចោលខ្ញុំបាត់ទៅហើយ។ ខ្ញុំឈប់និយាយសិន។ មួយសន្ទុះមកទើបនាងងាកមុខមកខ្ញុំ ទើបខ្ញុំនិយាយបន្ត «ពិសិដ្ឋល្អណាស់ និយាយបីយប់បីថ្ងៃបែបនៅសល់ផង…»

«មិនបាច់និយាយឲ្យហត់ទេ! ណែនាំអូនឲ្យស្គាល់គាត់ទៅ អូននឹងដឹងពីអ្វីដែលបងចង់និយាយនោះហើយ!» ដារីស្នើខ្ញុំដូចពាក្យពេចន៍របស់ពិសិដ្ឋដែរ។

«អ៊ើមែន! បងកំពុងតែចង់ណែនាំអូនឲ្យស្គាល់គេផង។ អូនគឺជាអនាគតប្រពន្ធរបស់បង ឯពិសិដ្ឋគឺជាមិត្តសម្លាញ់អស់មួយជីវិតរបស់បង។ អ្នកទាំងពីរត្រូវតែស្គាល់គ្នាហើយ។»

ល្ងាចមួយខ្ញុំបានណាត់ពួកគេទាំងពីរនាក់ឲ្យជួបគ្នា។ ទីនោះគឺជាភោជនីយដ្ឋានបណ្ដែតទឹក។ ខ្ញុំដើរនាំផ្លូវដារីទៅកាន់តុមួយ ដែលពិសិដ្ឋកំពុងអង្គុយរង់ចាំ។ បរិយាកាសនៅលើទឹកទន្លេ គឺរ៉ូម៉េនទិកណាស់។ ខ្យល់បក់ល្ហើយៗ ប៉ើងសក់ពោះវៀនជ្រូករបស់ដារី ឲ្យរសាត់រសាយ ធ្វើឲ្យវង់ភក្ត្ររបស់នាងស្រស់នោះស្រស់ ឃើញហើយចង់តែស្ទុះទៅសុំថើបនាងមួយខ្សឺត។

រវល់តែអណ្ដែតអណ្ដូងម្នាក់ឯង ស្រាប់តែ «សួស្តីដារី!» សំឡេងពិសិដ្ឋ។

«ចាស! សួស្តីពិសិដ្ឋ!» ដារីញញឹមដាក់ពិសិដ្ឋយ៉ាងស្រស់អស់ពីចិត្ត។

«អ្ហា៎! ម៉េចក៏ដារីស្គាល់ឈ្មោះខ្ញុំ?»

«គឺបងរតនាប្រាប់ខ្ញុំ។»

«ដារីពិតជាឆ្លាតដូចរតនាប្រាប់ខ្ញុំមែន!»

«ពិសិដ្ឋក៏សង្ហាដូចគាត់ប្រាប់ខ្ញុំដែរ។»

ខ្ញុំឈរញញឹមញញែមទាំងភ្លឹកភ្លាំង ដូចកំពុងរង់ចាំឲ្យម្នាក់ក្នុងចំណោមពួកគេ ណែនាំខ្ញុំឲ្យគ្នាស្គាល់។ គិតទៅដោយសារតែខ្ញុំនិយាយឲ្យពួកគេស្គាល់គ្នាច្បាស់ទៅហើយ ទើបខ្ញុំអស់ភារកិច្ចណែនាំឲ្យពួកគេស្គាល់គ្នាម្តងទៀត។

«តោះរតនាអង្គុយចុះទៅ!» ពិសិដ្ឋប្រាប់ខ្ញុំ។

ខ្ញុំអង្គុយចុះក្បែរដារី ឯពិសិដ្ឋអង្គុយទល់មុខពួកយើង។

«ដារីចង់ញ៉ាំអី?» ពិសិដ្ឋសួរដារី។

«មើលទៅខ្ញុំចង់ញ៉ាំអ្វីដែលពិសិដ្ឋចូលចិត្តវិញ ព្រោះញ៉ាំអ្វីដែលខ្លួនឯងចូលចិត្តដដែលៗទៅ ដូចគ្មានអារម្មណ៍សោះ!»

«អេ! ម៉េចគិតអ៊ីចឹង? នេះគឺយកគំនិតខ្ញុំទៅនិយាយមុនហើយនៀក! ខ្ញុំថាចង់ញ៉ាំអាហារដែលដារីចូលចិត្តទេតើ!»

ពួកគេសើចព្រមគ្នា រួចក៏បន្លឺមកខ្ញុំព្រមគ្នា «អ៊ីចឹងពួកយើងញ៉ាំអាហារ ដែលរតនាចូលចិត្តទៅ!» រួចពួកគេក៏សើចម្តងទៀត។

ខ្ញុំក៏បានហៅអាហារជាច្រើនមុខដែលខ្ញុំចូលចិត្ត ឲ្យពួកគេញ៉ាំ។ ដារីដួសម្ហូបដាក់ចូលមាត់ទំពា ខ្ញុំប្រុងនឹងសួរនាងថា តើឆ្ងាញ់ឬទេ?

«ដា…»

«ម៉េចឆ្ងាញ់ទេ?» ពិសិដ្ឋសួរមុនខ្ញុំបាត់។

«លោកញ៉ាំមួយម៉ាត់ដែរដឹងហើយ!» ដារីឆ្លើយជាមួយកែវភ្នែកដ៏មហាមុត។

ពិសិដ្ឋដួសម្ហូបនោះដាក់ចូលមាត់ផ្លាប់ រួចសម្លឹងមុខដារីដោយពោលបណ្ដើរ «ម្យ៉ាងដែរ! រតនាពូកែរើសម្ហូបណាស់មែនទេ?»

«ត្រូវហើយ! ឥឡូវលោកយកគំនិតខ្ញុំទៅនិយាយមុនម្តងហើយណា៎!» រួចពួកគេក៏សើចកាច់កដាក់គ្នាម្តងទៀត។

ក្រោយមកពួកគេញ៉ាំមួយម៉ាត់ សម្លឹងមុខគ្នាម្តង វិភាគពីអាហារប្រាប់គ្នាម្តង រួចតាំងយកឈ្មោះខ្ញុំទៅនិយាយនៅចុងឃ្លា ដើម្បីសើចលេង។ គ្រានោះខ្ញុំគ្មានឱកាសបាននិយាយអ្វីសោះ។ អ្វីដែលខ្ញុំចង់និយាយទៅដារី ត្រូវពិសិដ្ឋនិយាយមុន រីឯអ្វីដែលខ្ញុំចង់និយាយទៅពិសិដ្ឋ ក៏ត្រូវដារីនិយាយមុន។ រូបខ្ញុំប្រៀបដូចជាអ្នកតាថ្ម អង្គុយចំហមាត់ កំដរពួកគេជជែកគ្នា។ រួចដល់ពេលបែកគ្នា ម្នាក់ៗសុទ្ធតែប្រាប់ខ្ញុំថា ពួកគេយល់ពីអ្វីដែលខ្ញុំចង់និយាយនោះហើយ។ នឹកទៅគួរឲ្យក្តៅក្រហាយតិចៗដែរ!

ចាប់តាំងពីពេលនោះ ខ្ញុំមិនបានជួបពួកគេទាំងពីរទៀតសោះ។ ណាត់ជួបម្តងណាក៏ថារវល់ដូចៗគ្នា ទាល់តែថ្ងៃមួយ…

ខ្ញុំយកក្រមាជូតទឹកភ្នែកសិន! ហ៊ឹក! ហ៊ឹក! ហ៊ឹក!… ថ្ងៃមួយនោះ… ខ្ញុំក៏បានជួបពួកគេទាំងពីរនាក់។ ពិសិដ្ឋដឹកដៃដារីយ៉ាងសង្ហា ហើយវាចាយ៉ាងស្រស់ «សុខសប្បាយទេ រតនាសម្លាញ់?»

ខ្ញុំរវល់តែភាន់ភាំងអត់បានឆ្លើយទេ ទាល់តែដារីសួរម្តង «សុខសប្បាយទេ បងរតនា?»

«ចុះអ្នកទាំងពីរវិញ?» ខ្ញុំសួរបកវិញទាំងមិនគាប់ចិត្ត។

«ពួកយើងសុខសប្បាយទេ ហើយ…» ពិសិដ្ឋបន្លឺទុកកន្ទុយឃ្លា ងាកទៅដារី។

ដារីសម្លឹងភ្នែកពិសិដ្ឋ រួចបន្តកន្ទុយឃ្លា «…ហើយពួកយើងមានដំណឹងល្អមួយប្រាប់បងរតនាឯង…»

«ដំណឹងស្អីទៅ?» ខ្ញុំសួរដោយរន្ធត់ចិត្ត។

«នេះនែ៎…ដំណឹងល្អ…!» សម្តីដារី។

ខ្ញុំធ្លាក់ថ្លើមក្តុក បេះដូងលោតផ្លោតៗ ញ័រដៃញ័រជើង ចង់ស្ទុះទៅធាក់កំប៉េះគូទដារីទម្លាក់ស្ថានភុជង្គនាគ ហើយដាល់ពិសិដ្ឋឲ្យហោះផ្លោងទៅកប់ក្នុងផ្ទាំងពពក។

«ម៉េចភ្លឹកទៅណាហើយ? ឯងមិនឃើញសំបុត្រអញ្ជើញញ៉ាំការរបស់ពួកយើងទេអេះ?» សំឡេងដ៏ឈ្លើយរបស់ពិសិដ្ឋ។

«ហេតុអ្វីមិនជូនពរពួកយើងផង?» សំឡេងដ៏មាយារបស់ដារីជួយបន្ទរ។

ខ្ញុំក្លាយជាគនិយាយមិនចេញ។ ចិត្តចង់ឆ្លើយថា ខ្ញុំមិនមែនអត់គ្រាប់ភ្នែក មើលមិនឃើញសំបុត្របុណ្យខ្មោចរបស់ពួកឯងទេ ហើយខ្ញុំក៏មិនមែនអត់មាត់ដាក់បណ្ដាសាពួកឯងដែរ… ប៉ុន្តែខ្ញុំនិយាយមិនចេញសោះ!

ដល់ឃើញខ្ញុំឈរធ្មឹងដូចគ្មានព្រលឹងក្នុងខ្លួនអ៊ីចឹង ទាំងពីរនាក់ហ្នឹងក៏និយាយមកខ្ញុំថា «អរគុណហើយណា៎ ដែលណែនាំឲ្យពួកយើងស្គាល់គ្នា!» និយាយផុតពួកគេក៏ដឹកដៃបណ្ដើរគ្នា ដើរចេញពីខ្ញុំបាត់ទៅ។

ឱ! មិត្តសម្លាញ់និងសង្សាររបស់ខ្ញុំក្លាយទៅជាប្តីប្រពន្ធហើយតើ! 

កញ្ញា ២០០៧

Advertisements

Entry filed under: រឿងខ្លី, សៀវភៅ.

ប្រកាសគ្មានចំណងជើង Chanphal @ Koh Pich

13 មតិ Add your own

  • 1. doung  |  ខែធ្នូ 11, 2009 ម៉ោង 5:30 ល្ងាច

    ណ្ហើយធ្វើម៉េចបើគេជាគូព្រេងនឹងដែលត្រូវឆ្លងកាត់យើង។

    ឆ្លើយតប
  • 2. វឌ្ឍនា  |  ខែធ្នូ 11, 2009 ម៉ោង 7:02 ល្ងាច

    ហាហាហាហា សមមុខ ពូកែរៀបរាប់ពេក ហាហាហា ក្រែងចង់អោយគេស្គាល់គ្នាហ្អី ឥលូវគេស្គាល់គ្នាហើយតើ ហើយច្បាស់ជាងសាម៉ីខ្លួនទៀត… ម៉េចៗកុំភ្លេចទៅញ៉ាំការគេផង ញ៉ាំអោយណាណីម្តងទៅ ហើយកុំចងដៃពួកគេ ប្រាប់គេថា គ្នាអត់មានអីចងដៃឯងទេអាសម្លាញ់ ព្រោះគ្នាបានប្រគល់សង្សារ របស់គ្នាអោយឯងបាត់ទៅហើយ!
    ហើយបងក៏គ្មានអ្វីចងដៃអូនដែរ ព្រោះបងបានអោយពួកម៉ាកល្អ បំផុតរបស់បងទៅអូនដែរ។

    ឆ្លើយតប
    • 3. ក្មេងតូច  |  ខែធ្នូ 11, 2009 ម៉ោង 7:36 ល្ងាច

      ចឹងគិតទៅញាំការគេអត់ចងដៃ? ញុមគិតធ្វើចឹងដែរ 😀

      ឆ្លើយតប
      • 4. វឌ្ឍនា  |  ខែធ្នូ 11, 2009 ម៉ោង 7:58 ល្ងាច

        គិតមើល! គួរចងដៃអត់? មួយជាមិត្តទ្រុស្តមិត្ត មួយជាសង្សារក្បត់ចិត្ត ហាហាហា គួរទេ? គួរចងដៃទេ? ហាហាហា

      • 5. ក្មេងតូច  |  ខែធ្នូ 11, 2009 ម៉ោង 11:01 ល្ងាច

        ចងគេ ១០០ ទៅ​​​ កុំឲ្យគេថាអត់ចិត្ត 😀

    • 6. សុភា  |  ខែធ្នូ 11, 2009 ម៉ោង 7:45 ល្ងាច

      ខ្ញុំទៅដែរ យីអត់អស់លុយ បានញ៉ាំហើយ បានរាំទៀត

      ឆ្លើយតប
  • 7. doung  |  ខែធ្នូ 11, 2009 ម៉ោង 8:12 ល្ងាច

    ចេះរាំក្បាច់អីខ្លះនឹងបានជាចង់រាំយ៉ាងនឹង ហាហា

    ហ៊ានសាក់រាំជាមួយខ្ញុំអត់??

    ឆ្លើយតប
  • 8. សុភា  |  ខែធ្នូ 11, 2009 ម៉ោង 9:10 ល្ងាច

    ទៅភ៍យអីម៉ាត្រឹមតែរាំ ខ្ញុំចេះក្បាច់រាំនៅស្តាតពេលព្រឹក 😀

    ឆ្លើយតប
  • 9. សមុទ្រ  |  ខែធ្នូ 11, 2009 ម៉ោង 11:01 ល្ងាច

    កំសត់ល្មមដែរ។
    តែមិនងាយរកទេ​ មនុស្សដែលចុះសំរុងគ្នាយ៉ាងនេះ​ ដែលទើបតែស្គាល់គ្នាសោះ។
    អ្នកដែលអន់ជាងគេគឺរតនា ស្គាល់ដាវីមុនពិសិដ្ធហើយនៅមិនអាចចងចឹងនាងបានទៀត។

    ឆ្លើយតប
  • 10. doung  |  ខែធ្នូ 12, 2009 ម៉ោង 1:12 ព្រឹក

    ហាហាត្រូវគ្នាម៉ាច់តាហ្មង តែខុសគ្នាត្រង់ខ្ញុំចេះរាំនៅស្ដាតពេលល្ងាច
    ចាំមើលថ្ងៃណាមួយសាក់ប្រឡងគ្នាមើល។

    ឆ្លើយតប
  • 11. ចាន់ផល  |  ខែធ្នូ 12, 2009 ម៉ោង 2:03 ល្ងាច

    អេ! ម៉េចក៏មិនប្រាប់ខ្ញុំថាមានអារម្មណ៍បែបណា ពេលអានចប់? តែសំណាងហើយ ដែលអត់ប្រាប់ បើមិនអ៊ីចឹងទេ គឺខ្ញុំគិតអ៊ីចេះ បើអ្នកណាស្រក់ទឹកភ្នែក គឺប្រភេទឆ្កួតនឹងស្នេហា បើសើចមនុស្សឡប់នឹងស្នេហា តែបើធម្មតា មនុស្សប្រសៃប្រសាទនឹងស្នេហា។

    ម្នាក់ៗគិតគ្នាបានល្អមែន ទៅស៊ីការអាពីរនាក់ហ្នឹងកុំចង់ដៃមើល៍ ហើយប៉ន់ឱ្យភ្លៀងធ្លាក់កុំឱ្យមានភ្ញៀវទៅ (ពួកយើងត្រៀមអាវភ្លៀងម្នាក់មួយឱ្យហើយ) ប៉ន់ឱ្យពួកវាខាតឡុងចុង រៀបការរួចធ្លាក់ខ្លួនក្រហ្មងទៅ ក្ដៅណាស់!
    ហ្នឹងហើយ អ្នកណាចង់រាំ រាំទៅ ចាំខ្ញុំឡើងច្រៀងបទ អូនទៅចុះ អូនទៅចុះ! ចេះរាំអត់បទហ្នឹង?

    ឆ្លើយតប
  • 12. doung  |  ខែធ្នូ 12, 2009 ម៉ោង 5:42 ល្ងាច

    ច្រៀងបទនឹងអត់ពិរោះទេ។ ច្រៀងបទដល់ពេលដែលត្រូវបែកវិញ
    ទើបពិរោះ ហើយចង្វាក់រាំវិញ ហាហា រាំស្លូ ប្រកដជាខ្ញុំជាអ្នកឈ្នះ
    ហើយ ហេហេ
    ចាំមើលហ៊ានប្រឡងរាំជាមួយខ្ញុំទៀតអត់ ហាហា

    ឆ្លើយតប
  • 13. សេរីបណ្ឌិត  |  ខែធ្នូ 13, 2009 ម៉ោង 8:54 ល្ងាច

    អាច​រួច​មាន​អារម្មណ៍​ដូច​គេ​ដូច​ឯង​ចឹង… មាន​ម៉េច

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: