កំណត់ហេតុស្នេហ៍

ខែវិច្ឆិកា 27, 2009 at 6:34 ព្រឹក មតិ 9

 

 

តស៊ូឲ្យអ្នកស្រលាញ់…

                                                        ដោយ សុខ ចាន់ផល

 

ខ្ញុំស្រលាញ់អ្នកនៅថ្ងៃទីមួយដែលខ្ញុំស្គាល់អ្នក។ ថ្ងៃនោះគឺជាថ្ងៃដែលខ្ញុំចាប់ផ្តើមស្គាល់ស្នេហា ហើយចាប់ពីថ្ងៃនោះ ខ្ញុំក៏តែងតែសួរពិភពលោកថា អ្វីជាស្នេហា?

ស្នេហាធ្វើឲ្យខ្ញុំស្គាល់ភាពឯកាក្នុងហ្វូងមនុស្សដ៏ច្រើន។ ពិភពលោក​សែនល្ហល្ហេវណាស់ ព្រោះគ្មានអ្នកនៅក្បែរ។ ជួនកាលសូម្បីតែខ្យល់ ក៏ខ្ញុំយល់ថាជាឧបសគ្គបិទបាំងអ្នកពីខ្ញុំ។ មិនថាចម្ងាយផ្លូវឆ្ងាយយ៉ាងណាទេ ទោះបីឲ្យខ្ញុំហែលឆ្លងសមុទ្រ ក៏ខ្ញុំនឹងហែលទៅជួបរូបអ្នកដែរ ដោយសារខ្ញុំមិនអាចនៅស្ងៀម ដោយមិនបានធ្វើរឿងអ្វីដើម្បីអ្នកឡើយ។

នៅថ្ងៃមួយ ខ្ញុំមិនអាចលាក់ចិត្តស្នេហ៍នេះតែម្នាក់ឯងទៀតបាន ក៏ដាច់ចិត្តសារភាពប្រាប់អ្នក។ ខ្ញុំនិយាយពាក្យថា ខ្ញុំស្រលាញ់អ្នក ទាំងមិនដឹងថា ខ្លួនឯងនិយាយច្បាស់ឬអត់។ ប៉ុន្តែខ្ញុំក៏ដឹងថាខ្ញុំនិយាយច្បាស់ ព្រោះអ្នកបានឆ្លើយប្រាប់ខ្ញុំវិញថា អ្នកមិនស្រលាញ់ខ្ញុំទេ។ កាលណោះខ្ញុំដូចជាមនុស្សម្នាក់ដែលបាត់បង់អារម្មណ៍។ ភ្នែកនិងត្រចៀកក៏ហាក់គ្មានវិញ្ញាណ។ អ្នកបានដើរចេញពីខ្ញុំ ទុកឲ្យខ្ញុំឈរភ្លឹកម្នាក់ឯង រហូតភ្លៀងធ្លាក់ទទឹកខ្ញុំជោក។ ទឹកភ្លៀងហាក់ធ្លាក់ប៉ះរូបកាយខ្ញុំឲ្យរលាយទៅជាទឹក។ អ្នកមិនស្រលាញ់ខ្ញុំទេ តើខ្ញុំគួរធ្វើយ៉ាងម៉េច?

ខ្ញុំក្លាយជាមនុស្សម្នាក់ ដែលមានទឹកមុខស្រពោនគ្រប់ពេលវេលា។ ក្រៅពីអ្នក តើខ្ញុំនៅចង់បានអ្វីផ្សេងសម្រាប់ជីវិតទៀត? រឿងរ៉ាវអាក្រក់ៗក៏ចេះតែកើតឡើងក្នុងជីវិតខ្ញុំជាបន្តបន្ទាប់។ ខ្ញុំមិនសូវចុះសម្រុងជាមួយក្រុមគ្រួសារ បាត់បង់មិត្តភក្តិ ហើយក៏ក្លាយជាមនុស្សដ៏គួរឲ្យស្អប់ក្នុងកែវភ្នែកមនុស្សគ្រប់គ្នា។ ខ្ញុំបានបួងសួងឲ្យខ្លួនឯងរលាយទៅជាខ្យល់ ប៉ុន្តែខ្ញុំខ្លាចទោះខ្ញុំក្លាយទៅជាខ្យល់ក៏នៅតែមានដួងចិត្តនឹកដល់អ្នក។ ខ្ញុំតែងគិតថាឲ្យតែអ្នកស្រលាញ់ខ្ញុំ គឺខ្ញុំលែងត្រូវការអ្វីទាំងអស់ រួចខ្ញុំក៏សួរខ្លួនឯងថា តើក្តីស្រលាញ់ដែលខ្ញុំរង់ចាំពីអ្នកនោះ គឺជាស្នេហាពិតដែលខ្ញុំចង់បានមែនទេ? កាលណោះខ្ញុំមិនអាចឆ្លើយសំណួរនេះទេ ហើយខ្ញុំក៏កំណត់ក្នុងចិត្តថា ខ្ញុំត្រូវតែតស៊ូឲ្យអ្នកស្រលាញ់ខ្ញុំ…

ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំមិនបានឃាត់ចិត្តខ្លួនឯងមិនឲ្យនឹកអ្នកនោះទេ បែរជារំឭកខ្លួនឯងថា ត្រូវតែនឹកអ្នកគ្រប់ពេលវេលា។ ខ្ញុំរក្សាស្នាមញញឹមគ្រប់ពេលដែលខ្ញុំបានជួបអ្នក ហើយធ្វើខ្លួនជាមនុស្សដែលមិនរំខានអ្នក និងតែងតែជួយអ្នកនៅពេលអ្នកត្រូវការខ្ញុំ។ អំពើល្អដែលខ្ញុំព្យាយាមធ្វើចំពោះអ្នក ជាមួយពេលវេលាដែលកន្លងទៅ អ្នកប្រហែលជាអាណិតខ្ញុំបន្តិចម្តងៗ។ ទោះត្រូវចំណាយពេលយូរពិតមែន តែទីបំផុតខ្ញុំក៏តស៊ូឲ្យអ្នកស្រលាញ់ខ្ញុំបាន។ អ្នកប្រាប់ខ្ញុំថា អ្នកស្រលាញ់ខ្ញុំ។ ពាក្យនេះហើយដែលខ្ញុំរង់ចាំស្តាប់។ ដឹងទេ ថាពេលនោះខ្ញុំមានអារម្មណ៍យ៉ាងម៉េច? ខ្ញុំនៅទ្រឹងមួយស្របក់ ហើយខំសួរខ្លួនឯងថា តើខ្ញុំមានអារម្មណ៍យ៉ាងម៉េច? ខ្ញុំដូចជាគ្មានអារម្មណ៍ទេ… តែដូចជានឹកឃើញពាក្យដែលអ្នកធ្លាប់ប្រាប់ខ្ញុំថា អ្នកមិនស្រលាញ់ខ្ញុំ។

ប្រហែលជាពួកយើងគ្មាននិស្ស័យនឹងគ្នាហើយ ទើបអារម្មណ៍របស់ពួកយើងទាំងពីរនាក់ចេះតែផ្ទុយគ្នាបែបនេះ។ ហេតុអ្វីពេលខ្ញុំប្រាប់អ្នកថា ខ្ញុំស្រលាញ់អ្នក អ្នកគ្មានអារម្មណ៍? ដល់ពេលអ្នកប្រាប់ខ្ញុំថា អ្នកស្រលាញ់ខ្ញុំ ខ្ញុំបែរជាគ្មានអារម្មណ៍? ពេលវេលាដែលកន្លងទៅនោះ អ្នកកាន់តែអាណិតខ្ញុំ ខ្ញុំកាន់តែនឿយណាយពីអ្នក។ ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីក៏មានស្នេហាដ៏ជ្រាលជ្រៅតែម្នាក់ឯងដូចជាខ្ញុំនេះ? ឥឡូវនេះខ្ញុំដឹងថា វាមិនមែនជាស្នេហាទេ វាគ្រាន់តែជាអារម្មណ៍ងប់ងុល ហើយវិលវល់ដូចជាខ្យល់រសាត់។ ខ្ញុំដូចជាតស៊ូម្នាក់ឯងច្រើនពេក រហូតមានអារម្មណ៍ថា ហេតុអ្វីក៏ស្នេហាត្រូវតស៊ូបែបនេះ? ស្នេហាមិនមែនសម្រាប់ឲ្យមនុស្សម្នាក់រងទុក្ខនោះឡើយ អ្នកទាំងពីរត្រូវតែរីករាយដូចគ្នា។

តស៊ូឲ្យអ្នកស្រលាញ់ ប្រៀបដូចជាតស៊ូដើម្បីឲ្យជីវិតជោគជ័យ។ ពេលអ្នកស្រលាញ់ខ្ញុំ រដូវនៃជីវិតរបស់ខ្ញុំក៏ផ្លាស់ប្រែទៅជាស្រស់បំព្រង។ ពេលនេះទើបខ្ញុំដឹងថា ជីវិតខ្ញុំមានកិច្ចការដែលគួរធ្វើច្រើនណាស់ មិនមែនមានតែរឿងស្នេហាមួយនោះឡើយ៕

 មេសា  ២០០៨

Advertisements

Entry filed under: រឿងខ្លី, សៀវភៅ.

ខែរងានៅភ្នំពេញ ហង្សមាស Top Music 2009

9 មតិ Add your own

  • 1. ចាន់ផល  |  ខែវិច្ឆិកា 27, 2009 ម៉ោង 7:44 ព្រឹក

    កុំប្រើពាក្យស្រលាញ់ទៅរំខានមនុស្សដែលអ្នកស្រលាញ់!

    ឆ្លើយតប
  • 2. ចាន់ផល  |  ខែវិច្ឆិកា 27, 2009 ម៉ោង 10:02 ព្រឹក

    កាលសរសេររឿងនេះគ្មានស្គាល់ស្អីស្នេហាទេ ឮតែគេថា ហើយក៏ធ្វើខ្លួនដូចជាអ្នកចេះអ៊ីចឹង… អ្នកណាដឹង ថ្ងៃមួយក៏ជួបរឿងស្រដៀងនឹងរឿងដែលខ្លួនសរសេរ… អត់ដឹងថាធ្វើយ៉ាងម៉េចដដែល។

    ឆ្លើយតប
  • 3. ប៊ុនលី  |  ខែវិច្ឆិកា 27, 2009 ម៉ោង 4:29 ល្ងាច

    ប្រហែលនេះជាអារម្មណ៍ស្នេហាដ៍ជ្រាលជ្រៅដែល ផលមានចំពោះនារីរូបនោះ។ វាជាអារម្មណ៍ដែលផុសចេញពីក្រអៅបេះដូងដ៏ស្មោះអស់ពីពោះ។ ព្រឹកនឹកអូន…ថ្ងៃនឹកអូន… យប់នឹកអូនៗគ្រប់វេលា ស្រមៃឃើញតែស្រស់ពុំងាជាប់ដួងចិត្តបង​ នឹកអូនៗ តើដឹងទេស្ងួន​ដឹងទេថាបងនឹកណាស់…។ល។ អារម្មណ៍ផលដូចអារម្មណ៍លោកតា ស៊ិន ស៊ីសាមុតក្នុងបទ​ “នឹកអូនគ្រប់វេលា”​ មែនទេ? ហ្នឹងហើ្យជាសេចក្តីស្នេហាពិតក្នុងចក្រវាទ្បនេះ។ ធ្វើនេះក៏អារម្មណ៍មិនមូល ធ្វើនោះក៍អារម្មណ៍មិនអាចផ្តោត អង្គុយតែនឹកនារីម្នាក់ហ្នឹង។ ទាំងអស់នេះពុះមែនជាសេចក្តីសុខទេ តែជាសេចក្តីទុក្ខដ៏ធ្ងន់ធ្ងរ ហើ្យវានឹងរលាយចាកឆ្ងាយពីយើងទៅបន្តិចម្តងៗតាមពេលវេលា។​
    ផល ស្នេហពិតគឺស្នេហាដែលភាគីបុរស​និងនារីស្រលាញ់គ្នាទៅវិញទៅមក យកចិត្តទុកដាក់ ឈឺឆ្អាលនឹងគ្នាទៅវិញទៅមក។ ទំហំនៃចិត្តរំភើបមានឲ្យគ្នាពីយើងអ្នកស្រលាញ់គេនិងពីគេអ្នកដែលស្រលាញ់យើង។ ស្នេហាពិតនេះផ្តល់នូវក្តីសង្ឃឹម ក្តីរំពឹង ឋាមពលចិត្តដ៏អស្ចារ្យ​ និងពិសេសក្រៃលែង។ អារម្មណ៍ផល នឹងស្រស់ថ្លា សប្បាយរីករាយ ដូចបុប្ផាត្រូវទឹកសន្សើមនាព្រឹកព្រលឹម ពេលផលបានជួបស្នេហ៍ពិត។​ ពិភពលោកនេះពិតជាមានន័យមែន។ គ្រប់ដង្ហើមចេញចូលពោរពេញទៅដោយសុភមង្គល មិនមែនសេចក្តីទុក្ខដូចពេលមិនទេ។​
    និយាយអញ្ចិង ផល សរសេរបានល្អមែន រឿងមួយនេះ ខ្ញុំពេញចិត្តណាស់ ត្រូវចិត្តខ្ញុំស្តូកតែម្តង។​

    ឆ្លើយតប
  • 4. ប៊ុនលី  |  ខែវិច្ឆិកា 27, 2009 ម៉ោង 4:38 ល្ងាច

    ខ្ញុំដូចជាមិនដែលសរសេរពាក្យស្នេហាផ្អែមល្ហែមល្អូកល្អើនបែបនេះទេ​ តែដល់ពេលសរសេរដូចជាគ្រាន់បើដែរ ហេហេ…។
    ផលខ្ញុំចូលចិត្តអានរឿងប្រលោមលោករបស់ ផល។
    សំណាងល្អចុងសប្តាហ៍ណា…

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែវិច្ឆិកា 28, 2009 ម៉ោង 2:25 ព្រឹក

      ប៊ុនលីអើយ! ដឹងសំណាងល្អចូលតាមច្រកណាទេ បើខ្យល់បក់ក៏នឹកអូន ថ្ងៃរះក៏នឹកអូន ថ្ងៃត្រង់ក៏នឹកអូន ថ្ងៃលិចក៏នឹកអូន ឃើញលោកខែក៏នឹកអូន ឃើញផ្កាយក៏នឹកអូន ឃើញមេឃងងឹតក៏នឹកអូន អត់ឃើញអីសោះ បិទភ្នែកក៏នឹកអូន អត់មានពេលឱ្យសំណាងចូលសោះ… 🙂 lolz

      ឆ្លើយតប
  • 6. ប៊ុនលី  |  ខែវិច្ឆិកា 28, 2009 ម៉ោង 5:56 ព្រឹក

    ស្លាប់ខ្ញុំហើ្យព្រះអើយ…! គិតសព្វៗទៅទាំងគេទាំងយើង ពាក្យថាអាស្នេហាស្នេហិតហ្នឹងវាធ្វើឲ្យមនុស្សលោកយើងហ្នឹងរស់ក្នុងមហាសមុទ្ទទុក្ខ​ សមុទ្ទទឹកភ្នែក ដល់ថ្នាក់ហ្នឹងណោះ។ ងាកនឹកអូនៗ ធ្វើស្អីក៍នឹកតែអូន ញ៉ាំបា្យក៍នឹក ផឹកទឹកក៍នឹក ចុះអូនហ្នឹងក៍ប៉ិនឲ្យគេនឹកម្លេះ? ឥតអាសូរដល់ថ្លើមប្រម៉ាត់បងម្នាក់ហ្នឹងទេហី្អ? ដឹងថាងាគេនឹកខ្លួនអត់?
    ដ៏អញ្ចឹងទៅមិនដឹងជាធ្វើម្តេចទេ បណ្តោយតាមយថាកម្មទៅចុះ។ ចង់ចងកខ្លាចឈឺ ចង់លោតទឹកខ្លាចថប់ដង្ហើម ចង់លោតពីលើអាគារខ្លាចបាក់ក. ចង់រត់ចូលឡានខ្លាចឡានកិនសំប៉ែត ចង់អាក ខ្លាចចេញឈាម ចង់ដំ (​..)​ខ្លាចងាប់ទៅរឹតតែខ្មាស់គេ។ ណ្ហើយ…បណ្តោយតាមវាសនាទៅចុះ ថ្ងៃណាថ្ងៃហ្នឹងទៅ ខ្ជិលខ្វល់អីច្រើនណាស់។
    តោះផល ទៅដាក់ស្រាផែនដីម្នាក់ម៉ាដបឲ្យកាត់សាញសិន ក្រែងលបានរង្វាន់ប្រាក់លាននឹងគេ។​ សម័យអាំងទ៍រណែតទៅហើយ នៅសូញសាញអីទៀតទេ តោះ…!!!

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែវិច្ឆិកា 28, 2009 ម៉ោង 7:42 ព្រឹក

      ប៊ុនលី ឥឡូវចេះផឹកស្រាទៀត? សុទ្ធតែស្រាផែនដី! នៅស្រុកឥណ្ឌូនេស៊ីហ្នឹងមានស្រាផែនដីដែរ?
      អត់អីទេ ឥឡូវខ្ញុំក៏មិនខ្វល់ដែរ នឹកក៏នឹកទៅ ខ្ជិលឃាត់ចិត្តអ្ហា៎ ហើយក៏ល្អម្យ៉ាងដែរ នឹកគេម្ដងៗ ឆ្អែតបាយ គ្មានឃ្លានអីទេ ឃើញឆ្អែតៗ ចំណេញលុយញ៉ាំបាយ! ហេហេ…

      ឆ្លើយតប
  • 8. ប៊ុនលី  |  ខែវិច្ឆិកា 28, 2009 ម៉ោង 1:21 ល្ងាច

    ហ៊ីយ៉ា.. ផលអត់ទាន់ដឹងរឿង​! ដឹងថាខ្ញុំបានស្រាផែនដីពីណាមកផឹកទេ? ខ្ញុំដាក់តាមយន្តហោះពេលខ្ញុំត្រលប់ពីលែងផ្ទះប៉ុន្មានខែមុនហ្នឹងឯង។ ហេតុតែឃ្លានដល់ថ្នាក់ហ្នឹង ឲ្យតែជូរមាត់ដាក់ម៉ាកែវៗ។ នៅឥណ្ឌូនេស៊ីនេះផលដឹងទេ អាតាប៉ែក៍មាន អាស្ទឹងខៀវ អាចិនសែប៉ូវកំលាំងក៍មាន បើនិយាយពីប៊ីយ៉ាវិញក៍សំបូរដែរ ផលអ៊ីយ។ ខ្ញុំថាលែងទេផល ឲ្យបានសើចទៅ…តាមពិតខ្ញុំញ៉ាំ​ដែរ ញ៉ាំ​ SPY ម៉ាខែម្តបទេ ហើ្យផ្អែមៗដូចស្រាទំពាំងបាយជូរហ្នឹង។​ ហើយញ៉ាំនឹងលួចញ៉ាំក្នុងបន្តប់ទៀត អត់ឲ្យគេដឹងទេ។​​ នៅឥណ្ឌូនេស៊ីនេះមានរឿងប្លែកៗច្រើនណាស់។
    អញ្ចឹងក៍ល្អដែរផល នឹកក៍នឹកទៅ​ មើល៎ចាំមើលមើល៎ ផលនៅអង្គុយនឹកគេដល់ទសវត្សរ៍ណា។ កាន់តែយូរកាន់តែល្អ ព្រោះអីសល់លុយ មិនចាំបាច់ចំណាយលើបាយទឹកអីទេ មិនអញ្ចឹងហ្អី​ផល?

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែវិច្ឆិកា 30, 2009 ម៉ោង 2:16 ព្រឹក

      ហ្នឹងហើយ! ខ្ញុំថាអ៊ីចឹងដែរ ព្រោះឥឡូវដូចទេវតាអ៊ីចឹង នឹកឆ្អែត នឹកឆ្អែត សមនឹងខ្ញុំខ្ជិលផង សោះនឹងពិបាកទំពារ នាំរោយធ្មេញ!

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: