ការពិតនៅតែជាការពិត

ខែវិច្ឆិកា 23, 2009 at 9:00 ព្រឹក មតិ 9

ខ្ញុំមានអារម្មណ៍ហេងហាងមែនទែន ជិនណាយនឹងការតែងនិពន្ធ ព្រោះគិតថាទោះជាខ្ញុំខំសរសេរបានស្នាដៃច្រើន តើវាយ៉ាងម៉េច… ការពិតនៅតែជាការពិត ខ្ញុំមិនអាចកែប្រែការពិតបានដដែល។ ពេលនេះខ្ញុំលែងចង់ធ្វើអ្វីទាំងអស់!

អ្នកធ្លាប់យល់ដូចខ្ញុំទេ? ពេលស្ដាប់ចម្រៀងឮតែគេច្រៀងរឿងខូចចិត្ត ព្រោះដៃគូជីវិតរបស់គេក្បត់ចិត្តគេ ហើយអ្នកខ្លះក៏មានស្នេហាទី១ ទី២ ទី៣ ម៉េចក៏មនុស្សម្នាក់សាងស្នេហាអីក៏ច្រើនដងម្ល៉េះ? ខ្ញុំធុញខ្លាំងណាស់ ស្ដាប់ទៅម្នាក់ណាក៏អះអាងថាខ្លួនឯងជាមនុស្សល្អ មនុស្សស្មោះដែរ ហើយខ្ញុំក៏ស្មានថា លើលោកនេះមានមនុស្សស្មោះច្រើនមែន តែបើមានមនុស្សស្មោះច្រើន ហេតុអ្វីក៏មានមនុស្សត្រូវគេក្បត់ចិត្តច្រើនម្ល៉េះ?

មួយរយៈនេះខ្ញុំបានសរសេរចម្រៀងមនុស្សខូចចិត្តប៉ុន្មានបទ តែដល់សរសេររួចក៏មិនដឹងថាខ្លួនឯងសរសេរធ្វើអី? គេសរសេរតាំងពីសម័យ ស៊ីន ស៊ីសាមុត ក៏នៅតែមិនអាចកែចិត្តក្បត់របស់មនុស្សបាន។ ខ្ញុំចូលចិត្តសរសេររឿងល្អៗ ដើម្បីលើកទឹកចិត្តមនុស្សគ្រប់គ្នា ក៏ដូចជាខ្លួនឯង តែអ្វីដែលខ្ញុំអស់សង្ឃឹមនោះ គឺរឿងល្អតែងតែផ្លាស់ប្ដូរទៅជារឿងអាក្រក់នៅថ្ងៃណាមួយ។ ថ្ងៃនេះផ្ដើមស្នេហា ថ្ងៃក្រោយក៏បែកផ្លូវគ្នា… ន័យចម្រៀងច្រៀងថា «ស្នេហ៍ស្មោះពិតជាមាន» តែអ្នកស្ដាប់បែរជាកំពុងហូរទឹកភ្នែក ព្រោះសង្សារក្បត់ចិត្ត។ តើឱ្យខ្ញុំមានកម្លាំងចិត្តឯណាសរសេរអត្ថន័យល្អទៀត បើអត្ថន័យនោះក្បត់នឹងរឿងពិតរបស់មនុស្ស?

ខ្ញុំពិតជាចង់ឱ្យមនុស្សគ្រប់គ្នាកុំធ្វើអ្វីឱ្យមនុស្សនៅជុំវិញខ្លួនក្ដៅក្រហាយ បើសាងស្នេហា ស្រលាញ់អ្នកណាហើយកុំឈប់ស្រលាញ់គេ ត្រូវរៀនឱ្យខ្លួនឯងមានចិត្តស្មោះ… សារជាតិមនុស្សគឺអាក្រក់ណាស់ ហេតុនេះត្រូវស្គាល់ខ្លួនឯង កុំធ្វើអ្វីតាមអារម្មណ៍។ ការពិតមួយដែលខ្ញុំបានដឹងគឺជីវិតឥតន័យ ជីវិតខ្លីហើយ រស់ជួបតែទុក្ខសោកទៀត ហេតុនេះមនុស្សមិនគួរបន្ថែមរឿងឥតន័យក្នុងជីវិតឥតន័យនេះទៀតទេ។ សូមផ្ដល់ន័យឱ្យជីវិតដោយក្ដីស្រលាញ់អ្នកដទៃ ផ្ដល់ស្នាមញញឹមឱ្យគេ កុំធ្វើឱ្យគេយំ។ បើគ្រប់គ្នាព្រមធ្វើបែបនេះ ខ្ញុំក៏នឹងលែងឮរឿងកម្សត់ៗដែរ។

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

រឿងពិតមួយ ខែរងានៅភ្នំពេញ

9 មតិ Add your own

  • 1. សុភា  |  ខែវិច្ឆិកា 23, 2009 ម៉ោង 9:42 ព្រឹក

    តាមពិតទៅមនុស្សសុទ្ធតែមានមូលហេតុបស់គេ ពេលខ្លះយើងក៏គួរយល់ដែរនិងស្តាប់អារម្មណ៏ខ្លួនឯងនិងអ្នកដ៏ទេ។

    មនុស្ស ក ស្រលាញ់មនុស្ស ខ មិនប្រាកដថាមនុស ខ ស្រលាញ់មនុស្ស ក វិញទេ។ ហើយការនេះ ពេលខ្លះធ្វើអោយមនុស្ស ក យល់ថាជាមនុស្ស ខ ក្បត់ចិត្ត។ តែមកពីគេមិនយល់ ពេលខ្លះគឹមនុស្ស ក គិតដោយខ្លួនឯងថាគេស្រលាញ់ខ្លួន។ ហើយមនុស្ស ខ គេក៏ត្រូវការស្វែងរកក្តីស្រលាញ់របស់គេ ដែលគេដឹងថាមិនមែនជាមនុស្ស ក ។ មនុស្សម្នាក់មានសិទ្ធមិនស្រលាញ់មនុស្សម្នាក់ទៀត។ នេះជាករណីមួយ។

    ករណីមួយទៀត គឺស្នេហាបានចាប់ផ្តើមទៅហើយ ហេតុអ្វីក្បត់ទៅវិញ? មនុស្ស ខ អាចឈប់ស្រលាញ់មនុស្ស ក ដោយគេយល់ថា មិនអាចបន្តរទៀតបាន ដោយយោងទៅលើការរាប់អានគ្នាមួយរយះ។ ការនេះគឺស្នេហាដែលកើតឡើងភ្លាមៗ ហើយទើបដឹងជាពេលក្រោយថាមិនមែនជាក្តីស្រលាញ់ពិតប្រាកដ។ ករណីនេះ មនុស្ស ក ត្រូវយល់និងគោរពការគិតរបស់មនុស្ស ខ ហើយអ្នកទាំងពីត្រូវរកដំណោះស្រាយល្អមួយ ដើម្បីជៀសវាងវិប៍តធ្ងន់ធ្ងរ។

    ករណីផ្សេងទៀត …. ខ្ញុំដឹងមិនអស់ទេ ដែលអាចចាត់ទុកជាកាក្បត់ រឺបោកប្រាស់។

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែវិច្ឆិកា 23, 2009 ម៉ោង 10:54 ព្រឹក

      មនុស្សដែលមានហេតុផលផ្ទាល់ខ្លួនច្រើនពេក ក្លាយជាមនុស្សអាត្មានិយម។ ករណីស្រលាញ់គ្នាតែម្ខាងមិនបាច់និយាយទេ តែករណីស្រលាញ់គ្នាហើយ ស្រាប់តែទើបតែដឹងខ្លួនថា មិនមែនជាស្នេហា គឺជាមនុស្សអត់ទទួលខុសត្រូវនឹងទង្វើខ្លួនឯង ព្រោះការយល់ច្រឡំរបស់គេអាចសម្លាប់មនុស្សស្មោះម្នាក់បាន។
      អរគុណដែល សុភា បានបញ្ចេញយោបល់ក្នុងរឿងនេះ។ ខ្ញុំធ្លាប់មើលកុនមួយក៏គេប្រដៅមនុស្សស្រដៀង សុភា លើកឡើងនេះដែរ ហើយបើសិនមនុស្សគ្រប់គ្នាចេះយល់បែបនេះ គ្រប់យ៉ាងនឹងល្អហើយ។ តែមនុស្សក្នុងលោកនេះមានចរិតខុសៗគ្នា អ្នកខ្លះទុកស្នេហាគ្រាន់តែកំដរជីវិត គេមិនសូវឱ្យតម្លៃលើស្នេហា គេក៏មិនអាចស្គាល់ទុក្ខព្រោះស្នេហាដែរ ហើយមនុស្សបែបនេះនឹងធ្វើបាបមនុស្សដែលឱ្យតម្លៃលើស្នេហាពេក។ មនុស្សឆ្លាតគេដោះស្រាយចំណោទស្នេហា ដូចដោះស្រាយគណិតវិទ្យាអ៊ីចឹង តែមនុស្សល្ងង់ក៏យកចិត្តស្មោះមកសាងស្នេហា ហើយគេមិនចេះរបៀបដោះស្រាយទេ ចំពោះគេ ២-១=០ គឺបែបនេះហើយ។

      ឆ្លើយតប
      • 3. សុភា  |  ខែវិច្ឆិកា 23, 2009 ម៉ោង 12:07 ល្ងាច

        មនុស្សដែលមានហេតុផងផ្ទាល់ខ្លួនច្រើនពេកក្លាយជាមនុស្សអាត្មានិយម។ តែមនុស្សគឺតែងតែអាត្មានិយមដូច្នេះឯង គ្រាន់តែតិចរឺច្រើនតែប៉ុណ្ណោះ។ តែមនុស្សក៏មិនអាច គេនិយមពេកបានដែរ មានន៍យថាគិតតែគេច្រើនពេក។ កើតជាមនុស្សពិតជាលំបាកណាស់។ មិនអាចមានមោទនភាពជ្រុលពេក មិនថាលើខ្លូនឯងរឺអ្នកដ៏ទៃ ហើយក៏មិនអាចមិនមានមោទនភាណសោះនោះដែរ។ មិនអាចដាក់ក្តីសង្ឃឹម រឺ ផ្តល់ក្តីសង្ឃឹមជ្រុលពេកនោះដែរ។

        លើករឿងនយោបាយអាមេរិចរបស់លោកអូបាមា។ មានអ្នកខ្លះបាក់ទឹកចិត្តចំពោះលោក ក៏ព្រោះតែគេបានផ្តល់ក្តីសង្ឈឹមលើគាត់ខ្លាំងពេក គិតថាពេលគាត់ឡើងកាន់អំណាច ហាក់បីដូចជាព្រះមកប្រោសលោកចឹង។ ចឹងហើយ ដល់ពេលដំណើរការងារបស់លោក មើលទៅហាកយឺតយ៉ាង ធ្វើអោយពួកគេអស់ក្តីសង្ឃឹមទៅវិញ។

        ក្នុងជីវិតក៏ដូច្នេះដែរ មិនថាតែរឿងស្នេហានោះទេ សូម្បីតែរឿងការងារក៏ដោយ ខ្ញុំមិនចង់ប្រាថ្នារឺផ្តល់ក្តីសង្ឃឹមអ្វីច្រើនពេកទេ ព្រោះខ្លាចវាឈឺ។ តែណ្ហើយ កាគិតរបស់មនុស្សមិនដូចគ្នានោះទេ ខ្ញុំក៏យល់ស្របថាលើលោកនេះមានអ្នកផ្តល់ដំលៃអោយស្នេហាច្រើនរឺច្រើនជ្រុល ដូចក្មេងស្រីម្នាក់ដែលបានលើកឡើងខាងលើចឹង។ តែខ្ញុំមិនបន្ទោសគាត់ដែរ ព្រោះគាតប់បានអោយតំលៃជីវិតរបស់គាត់ ស្មើនិងស្នហាមួយនោះ។ នៅក្នុងជាវិតមានតំលៃច្រើនណាស់ ហើយដែលយើងជាអ្នកកំណត់។

        ឈប់និយាយហើយ ខ្ញុំនិយាយបានតេទ្រឹស្តីផ្ទាល់ខ្លួន តែអនុវត្តមិនបានទាំងអស់នោះដែរ។

  • 4. វឌ្ឍនា  |  ខែវិច្ឆិកា 23, 2009 ម៉ោង 7:55 ល្ងាច

    ធ្វើម៉េចបានដឹងថាស្រលាញ់ម្នាក់ហ្នឹងពិតទៅ? ស្នេហាមិនមែនកើតឡើងតែមួយថ្ងៃឯណា ហើយស្នេហាមានច្រើនបែបច្រើនធឺណាស់
    លើលោកនេះមិនមែនមានតែ អូន និង បង ទេ
    នៅមាន នាង នៅមាន គេ… ពិភពលោកធំយ៉ាងនេះ
    រឿងអីមានតែចិត្តស្មោះនោះ… បើស្មោះប៉ះមនុស្សអត់បានការ តើអោយស្មោះលុះក្ស័ទៅឬ?
    បើគិតថាវាអាត្មានិយមនោះ ចុះបើយើងលះបង់អោយមនុស្សហ្នឹង ដែលយើងអស់ចិត្តចង់នៅជាមួយទៀតហើយ យើងនៅក្រាញ់មិន ចាកចេញពីគេទេ សួរថាតើម្នាក់ហ្នឹងមិនអាត្មានិយមដែរទេហ្អី អោយគេពលីដើម្បីខ្លួនយ៉ាងនេះ…

    ឆ្លើយតប
  • 5. កញ្ញា  |  ខែវិច្ឆិកា 24, 2009 ម៉ោង 2:53 ព្រឹក

    ចាន់ផលសាកដកខ្លួនចេញពីចំនង​ហើយធ្វើចិត្តឲទូលាយ​កុំចំណាយពេលខ្វល់​រឿងស្នេហាច្រើនពេក​ព្រោះវាធ្វើឲអ្នកមិនសប្បាយចិត្ត។​​បើកចិត្តឲទូលាយ​មើលភាពស្រស់ស្អាតដែលនៅជុំវិញខ្លួន​ហើយ​ព្រមទទួលស្គាល់​ភាពកុហកបោកប្រាស់ដែលបានកើត​មានរួចមកហើយ។​
    តាមពិតស្នេហ៏ពិតមានឬអត់​មិនសំខាន់ទេ​សំខាន់ខ្លួនយើង​ធ្វើឲវាពិត​ឬទុកឲវាក្លាយជាការបោកប្រាស់។​​បើវាពិត​ក៏ទទួលយកដោយរីករាយ​តែបើក្លែងក្លាយ​ក៏បណ្តោយ​ឲទៅតាមយថាកម្មចុះ​។​
    ខ្ញុំចូលចិត្តធ្វើចិត្តស្ងប់​ព្រោះវាជួយគ្រប់គ្រង​សតិអារម្មណ៍​គ្រប់​កាលៈទេសៈ។​
    រីឯរឿង​ one-to-many relationship ​វិញ​មិនមែនជាចរឹកល្អទេ​គួរកុំយកខ្លួនបៀតអីល្អជាង។​
    គ្រាន់តែជាបំណងល្អពីខ្ញុំ!

    ឆ្លើយតប
    • 6. សុភា  |  ខែវិច្ឆិកា 24, 2009 ម៉ោង 8:42 ព្រឹក

      កញ្ញារៀនអាយធីអត់ណឹង។ One to many ណឹង ដូចពាក្យអាយធីរៀន Database ចឹង 😆

      ឆ្លើយតប
      • 7. កញ្ញា  |  ខែវិច្ឆិកា 25, 2009 ម៉ោង 1:46 ព្រឹក

        Database ហើយមិនថា​ Database! 😀

  • 8. ចាន់ផល  |  ខែវិច្ឆិកា 24, 2009 ម៉ោង 8:13 ព្រឹក

    🙂 អរគុណច្រើនណាស់ គេថាស្គាល់មិត្តពេលជួបវិបត្តិមែន អ្នកទាំងបីធ្វើមើលតែខ្ញុំហ្នឹងកំពុងតែខូចចិត្តរឿងស្នេហាអ៊ីចឹង! ខ្ញុំនិយាយទូទៅតើ! តែឥឡូវអស់អារម្មណ៍វិភាគវែកញែកទៀតហើយ ព្រោះដឹងថា ជីវិតគឺអ៊ីចឹង កើតស្លាប់ ជួបព្រាត់ ខ្ញុំឃាត់ម្ដេចនឹងបាន?

    តាមពិតម្សិលមិញតុកស៊ិកពេក ខ្ជិលធ្វើការក៏ចេះតែសរសេរៗទៅ កុំគិតថារាល់ថ្ងៃខ្ញុំឆ្កួតអ៊ីចឹងណា៎! យ៉ាងណាមិនអាចធ្វើខ្លួនឥតប្រយោជន៍យូរទេ ត្រូវតែទទួលស្គាល់ការពិត ហើយត្រូវរស់នៅបន្តក្នុងការពិត ព្រោះការពិតនៅតែជាការពិត។

    ហេ! ចង់ប្រាប់គ្រប់គ្នាថា កុំយកចិត្តទុកដាក់នឹងប្រកាសទុទ្ទិដ្ឋិនិយមខាងលើអី រស់នៅត្រូវតែគិតអ្វីដែលល្អៗ ហើយខ្ញុំសូមជូនពរគ្រប់គ្នា ជួបតែរឿងល្អ មនុស្សល្អ ការងារល្អ និយាយទៅសប្បាយចិត្តគ្រប់ពេលវេលា ដូចបទចម្រៀងមួយបទដែលខ្ញុំសរសេរ គឺ «គ្រប់ពេលវេលាបងស្រលាញ់អូន» (ឆ្លៀតឡង់សេទំនុកច្រៀងបន្តិច!)

    ភ្លេច! ឧស្សាហ៍មកលេងខ្ញុំផង ព្រោះខ្ញុំអផ្សុក!

    ឆ្លើយតប
  • 9. ប៊ុនលី  |  ខែវិច្ឆិកា 28, 2009 ម៉ោង 1:36 ល្ងាច

    ហា…ហា​…ហា…ផលដឹងថាខ្ញុំសើចអីអត់?​ ខ្ញុំអាន comment របស់ផលហ្នឹងណា។ អានៗធ្លាយសំណើចម្នាក់ឯងស្ទើរតែធ្លាក់ពីកៅអី ព្រោះផលឆ្លៀតឡង់សេទំនុកចំរៀងខ្លួនទៀតហាស៎។ អស់ទាស់ហ្មងណោះ ហ្នីសបានចំជាអ្នកនិពន្ធឡូយផន់គេមែន…។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: