ខែរងា ២

ខែវិច្ឆិកា 20, 2009 at 5:37 ព្រឹក មតិ 5

រាត្រីយប់យន់គ្មានដួងចន្ទឲ្យគយគន់សោះ! យប់នេះជាយប់រនោចងងឹតជាងគេបំផុត ដែលខ្ញុំធ្លាប់ជួបតាំងពីកើតមក។ បើគ្មានព្រះចន្ទហើយក៏ហីចុះ តែសូម្បីតែផ្កាយមួយក៏មិនព្រមរះទៀតណា៎! តើផែនដីថ្ងៃនេះវិលខុសគន្លងទេដឹង?

ស្មុគ្រស្មាញណាស់! មិនគួរព្រឹកមិញជួប… គិតទៅនាងពិតជាឆ្នាស់មែន ចំណែកឯខ្ញុំវិញក៏មិនដឹងយ៉ាងម៉េច? ពេលនៅជិតនាងដូចជារករៀបចំឫកពាមិនត្រូវសោះ។ ពីមុនមកមិនធ្លាប់មានអារម្មណ៍ជ្រួលជ្រើមជាមួយស្រីណាសោះ ស្រាប់តែបានជួបនាងក៏ប្រែជាដូចមនុស្សប្រកាច់ចាប់មិនឈ្នះ គិតតែពីនិយាយព្រោកប្រាជ្ញរកទប់មិនជាប់។ ឱ! ប្រហែលជានាងគិតថាខ្ញុំជាប្រុសអន់ចរិតហើយមើល៍ទៅ! កន្លងមកតើអ្នកណាគេមិនសរសើរខ្ញុំថាជាប្រុសគ្រប់លក្ខណ៍។ មិនគួរមកជាមួយស្រីដែលខ្លួនចាប់អារម្មណ៍ បែរជាធ្វើចរិតដូចប្រុសព្រានទៅវិញ។ ឬក៏ទង្វើទាំងនេះគឺជាឥទ្ធិពលនៃស្នេហា? ស្នេហាខ្ញុំអីក៏ចមែ្លកម្ល៉េះ? គ្រាន់តែឃើញភ្លាមស្រលាញ់ភ្លែត! ខ្ញុំដូចជាច្បាស់ថា ខ្លួនឯងស្រលាញ់នាងតែម្តង! បើមានគ្រូទាយណាឆុត ចង់តែទៅឲ្យទាយមើល៍!  តើអារម្មណ៍របស់ខ្ញុំនេះគឺព្រោះនាងជាគូពីអតីតរបស់ខ្ញុំឬ?

ពីមួយនាទីទៅមួយនាទី ចិត្តស្រលាញ់នាងរឹតតែធំឡើងៗ។ មួយថ្ងៃនេះ ខ្ញុំនឹកឃើញរូបនាងរហូត។ ហេតុនេះក្រោយពីចាកចេញពីរោងកុន ខ្ញុំបានទៅទិញផ្កាអ័ដគីដេមួយផើងយកមកព្យួរនៅមុខផ្ទះ គ្រាន់បានគយគន់និងថែទាំរាល់ថ្ងៃ សម្រាប់ឧបកិច្ចជារូបស្រីជាទីស្រលាញ់របស់ខ្ញុំ។ យ៉ាងណាផ្កានោះវាមិនស្អាតដូចរូបនាងទេ តែគួរសមជាងគ្មានស្អីមើលដែរ។ មិនដឹងថា តើពេលណាទើបបានជួបគ្នាម្តងទៀតនោះទេ? បើជួបលើកក្រោយត្រូវតែរៀបចំខ្លួនជាសុភាពបុរសឲ្យបាន ដើម្បីឲ្យនាងគិតថា «តាមពិតចរិតពិតប្រាកដរបស់គេល្អណាស់! ជួបគ្នាគ្រាមុន គ្រាន់តែរំភើបពេក ទប់អារម្មណ៍នឹងសម្រស់ខ្ញុំមិនបានទេតើ!» ហើយពេលនោះនាងប្រាកដជា…  អស់ទាស់…!

អូ! ទឹករបស់ខ្ញុំដាំពុះហើយ! ខែរងាត្រូវដាំទឹកក្តៅងូតទើបស្រួលខ្លួន។ ងូតទឹករួចហើយ ពាក់អាវពីរបីជាន់ រួចពាក់ស្រោមជើង ទើបចូលឃ្លុំភួយដេកឲ្យបានកក់ក្តៅ តែកុំភ្លេចបើកវិទ្យុស្តាប់ចម្រៀងផង។ ខ្ញុំចូលចិត្តដេកស្តាប់វិទ្យុណាស់ ហើយនិយមបើកចោលទើសភ្លឺ។ ស្តាប់ចម្រៀង គ្មានពេលណាស្តាប់ទៅពីរោះដូចពេលយប់ទេ ពិសេសគឺពេលពាក់កណ្ដាលអធ្រាត្រ ពិតជាពីរោះរកលេខដាក់គ្មាន ហើយបើសិនជួបអារម្មណ៍នៅពេលដឹងខ្លួន បានឮចម្រៀងល្វើយៗក្បែរត្រចៀក ឬក៏់ចម្រៀងចូលទៅក្នុងសុបិនទៀតនោះ មិនដឹងត្រូវនិយាយថា ពិសេសកម្រិតណាទេ! 

-សួស្តីខែរងា! សួស្តីប្រិយមិត្ត! រាត្រីនេះនាងខ្ញុំ ប្រភា បានចូលខ្លួនអត្ថាធិប្បាយក្នុងកម្មវិធី “សំឡេងរាត្រី” តាមសន្យា។ សង្ឃឹមថា ជនជាតិខ្មែរគ្រប់រូបសុទ្ធតែរីករាយទទួលខ្យល់ត្រជាក់ក្នុងខែរងានារាត្រីនេះ។ និយាយទៅពន្លឺព្រះអាទិត្យនៅខែរងាភ្លឺត្រចះត្រចង់គួរឲ្យស្រលាញ់ណាស់ តើមែនទេ? ប៉ុន្តែពេលយប់គ្មានរស្មីព្រះអាទិត្យឡើយ ឯធាតុអាកាសរឹតតែត្រជាក់ ហេតុនេះសូមប្រិយមិត្តកុំភ្លេចពាក់អាវរងាក្រាស់ៗណា៎! មែនហើយ! នាងខ្ញុំចង់ដឹងថា តើកាលពីខែរងាឆ្នាំមុន លោកអ្នកបានស្តាប់បទចម្រៀងអ្វី? លោកអ្នកប្រាកដជាស្រណោះនិងចង់ស្តាប់ម្តងទៀតហើយត្រូវទេ? បន្តិចទៀត កុំភ្លេចទូរស័ព្ទមកប្រាប់នាងខ្ញុំណា៎! ប៉ុន្តែពេលនេះ សូមអញ្ជើញលោកអ្នកស្តាប់បទចម្រៀងមួយបទសិន ជាសំនៀងអ្នកស្រី អ្នកស្រី ប៉ែន រ៉ន (…?) មានចំណងជើងថា “ខ្យល់រងា”…

សំឡេងរបស់អ្នកអត្ថាធិប្បាយក្នុងកម្មវិធីវិទ្យុម្នាក់នេះ ស្តាប់ទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែកណាស់! ខ្ញុំទទួលស្គាល់ថា នាងនិយាយពីរោះ សោតឯពាក្យពេចន៍ក៏មានអត្ថន័យល្អ តែលើសពីនេះទៀត សំឡេងនាងដូចជាយ៉ាងម៉េចជាមួយនឹងខ្ញុំទេ! មុនៗខ្ញុំស្តាប់តែចម្រៀងទេ ពេលមនុស្សនិយាយខ្ញុំប្តូរប៉ុស្តិ៍ហើយ ដល់លើកនេះដូចជាមិនដាច់ចិត្តប្តូរសោះ!  …នឹកឃើញហើយ! សំឡេងនេះគឺស្រដៀងនឹងសំឡេងរបស់នាងនៅរោងកុនកាលពីព្រឹកមិញ! អ៊ីចឹងតើ! បានដូចជាប្រហែលៗធ្លាប់ស្តាប់នៅកន្លែងណាម្តង… មិនមែនស្រដៀងទេ! ស្តាប់ឲ្យច្បាស់ទៅគឺដូចគ្នាតែម្តង! តើអាចជាមនុស្សតែម្នាក់ទេហ្ន៎?  តែមិនគួរជួនគ្នាដល់ម្លឹងទេ! …អូ៎ះ! ពិធីការិនីនេះនិយាយទៀតហើយ៖

-តើពេលស្តាប់បទចម្រៀងមួយបទនេះចប់ ប្រិយមិត្តមានអារម្មណ៍បែបណាទៅ? នាងខ្ញុំតែងឆ្ងល់ថា ហេតុអ្វីក៏អត្ថន័យបទចម្រៀងភាគច្រើនជាបទកម្សត់អ៊ីចឹង? ប្រហែលមកពីអ្នកនិពន្ធភាគច្រើនជាមនុស្សកម្សត់ឬ? តាមមើល៍នៅក្នុងលោកនេះប្រាកដជាមានរឿងកម្សត់ច្រើនណាស់ហើយ សោតឯអ្នកនិពន្ធក៏ចូលចិត្តយករឿងទាំងេនាះ មកតែងទុកជាការចងចាំទៀត។ ហេតុអ្វីគេមិនចាប់អារម្មណ៍រឿងរីករាយឲ្យច្រើនទៅវិញ? ចរិតមនុស្សពិតជាគួរឲ្យចង់សើចមែន! ហាក់ដូចជាចូលចិត្តរឿងកម្សត់ជាងរឿងរីករាយ។ បើដឹងថារឿងនោះកម្សត់ហើយ នៅតែគិតពីវាទៀត។ កាលពីព្រឹកមិញ នាងខ្ញុំបានទៅមើលកុន ក៏ជួបមនុស្សប្រុសម្នាក់ ដែលគេនិយាយថាកើតទុក្ខក៏រស់មួយថ្ងៃ សប្បាយចិត្តក៏រស់មួយថ្ងៃ ហេតុអ្វីក៏មនុស្សមិនជ្រើសរើសឲ្យខ្លួនឯងសប្បាយចិត្ត? គេនិយាយដូចជាត្រូវណាស់ ព្រោះមនុស្សប្រាកដជាអាចសម្រេចខ្សែជីវិតដោយខ្លួនឯង។ ទោះបីជីវិតមនុស្សជាឆាកល្ខោន ប៉ុន្តែមនុស្សក៏អាចជ្រើសរើសសាច់រឿងរបស់ខ្លួនឯងបានដែរ។ តើចាំបាច់អីត្រូវធ្វើជាតួកម្សត់នោះ? ទោះជាយ៉ាងណា ប្រហែលមនុស្សដែលគិតបែបនេះមានមិនច្រើនទេ ព្រោះមនុស្សត្រឹមត្រូវថ្លៃថ្នូរសម្បូរតែជាមនុស្សរស់ត្រាំក្នុងទុក្ខសោក ចំណែកឯមនុស្សដែលគិតតែសប្បាយចិត្តនោះ គឺមានឫកពាដូចមិនសូវគ្រប់ទឹកទៅវិញ។ ពោលគឺដូចមនុស្សដែលនាងខ្ញុំជួបកាលពីព្រឹកមិញអ៊ីចឹង ចរិតឲ្យលលាម ឃើញស្រីមិនបាន រួចពូកែតែខាងអួត និងរិះគន់គេ… អូ៎យ! នឹកឃើញឡើងនាងខ្ញុំក្តៅក្រហាយដល់ហើយ! មនុស្សស្អីក៏ពូកែព្រោកប្រាជ្ញថ្នាក់ហ្នឹង និយាយរំខាននាងខ្ញុំរកមើលកុនមិនបាន។ ដល់នាងខ្ញុំឲ្យនំញ៉ាំ ក្រែងលោស្ងាត់មាត់ខ្លះ ក៏នៅតែមិនដឹងខ្លួន គិតតែសួរនេះសួរនោះមិនឈប់ ទាល់តែនាងខ្ញុំទ្រាំមិនបាន ប្តូរកន្លែងអង្គុយ។ នឹកឡើងគួរឲ្យចង់សើចដែរ! កោតតែមកគេងលក់នៅក្នុងរោងកុន អត់ចេះខ្មាសគេ! នាងខ្ញុំសង្ស័យតែគេម្នាក់នោះកើតមិនគ្រប់ខែផង ហើយបើមិនស្រួលជាមនុស្សគ្រាសកន្លងក៏អាចថាបាន! 

អេ! ដល់កហើយខ្ញុំ! គឺពិតជាមនុស្សតែម្នាក់មែនតើ! អូយ! ហើយក្តៅ ក្រហាយនឹងខ្ញុំអីក៏ដល់ថ្នាក់ហ្នឹង រហូតមកនិយាយហែកកេរ្តិ៍តាមវិទ្យុ? ថាខ្ញុំជាមនុស្សគ្រាសកន្លងផង! ម៉េចក៏មិនចេះគិតសោះ? មនុស្សគ្រាសកន្លងឆ្លាតអ៊ីចឹងអ្ហ៊ៃ? ហ៎ះ! ហើយកោតតែហ៊ានថាឲ្យខ្ញុំជាមនុស្សពូកែរិះគន់គេ តាមពិតស្តាប់នាងនិយាយមិញ មានទៅចាញ់ខ្ញុំឯណា? រិះគន់ខ្ញុំឡើងភ្លេចដកដង្ហើមទៅហើយ! មិនអីទេ! បើខឹងខ្ញុំថ្នាក់ហ្នឹង មួយជាតិនេះប្រាកដជាភ្លេចខ្ញុំមិនបានឡើយ! គឺល្អម្យ៉ាងដែរតើ! កុំតែខ្ញុំមិនស្គាល់លេខទូរស័ព្ទកម្មវិធីនេះ កុំអីតេទៅញ៉ែតាមរលកធាតុអាកាស ឲ្យនាងកាន់តែក្តៅក្រហាយនឹងខ្ញុំបែន្ថមទៀត!

-ក្រោយពីនិយាយដើមគេរួចហើយ នាងខ្ញុំសូមបកត្រឡប់មកកម្មវិធីយើងវិញ ដោយសូមអនុញ្ញាតទទួលទូរស័ព្ទប្រិយមិត្តទីមួយ! អាឡូ! ជម្រាបសួរ!

មិនបាច់ចាត់ទុករូបខ្ញុំជាគេទេ! ចង់និយាយដើមខ្ញុំ និយាយរាល់ថ្ងៃទៅ ខ្ញុំមានទៅថាអី?

-អាឡូ! សួស្តីពិធីការិនីប្រកបដោយទឹកសំឡេងដ៏សែនពីរោះ!

អាណាហ្នឹង? សម្តីចេញមកគ្មានទឹកដមសោះ! ធ្វើឯងសរសើរស្រីស្រស់របស់ខ្ញុំសុទ្ធតែទឹកសំឡេងពីរោះ! ទឹកសំឡេងមើលតែទឹកត្នោតអេះ? មនុស្សប្រុសសំឡេងអ៊ីចឹង រូបរាងប្រាកដជាស្គមដូចកុកហើយមើល៍ទៅ!

-ចាសអរគុណណាស់!  តើលោកទូរស័ព្ទមកពីខាងណា?

-ខ្ញុំតេទៅពីស្រែ។ កញ្ញាដឹងទេ? នៅស្រុកស្រែរងាដល់ហើយ! កាលណាខ្យល់បក់ប៉ះកាយម្តងៗ ខ្ញុំមានអារម្មណ៍រសេះរសោះខ្លួនយ៉ាងម៉េចមិនដឹងទេ!

អាមួយនេះជាមនុស្សសាំតាប៉ែតែម្តងហើយវ៉ើយ!

-បើរងាអ៊ីចឹង បង្កាត់ភ្នក់ភ្លើងទៅលោក ទើបកក់ក្តៅស្រួល!

-មិនបាច់បង្កាត់ភ្នក់ភ្លើងឲ្យហត់ធ្វើអីទេ! យកដៃគងប៉ាន់ទៅ ជួយបានខ្លះហើយ!

ងាប់! ម៉េចក៏គ្មានកេរ្តិ៍ខ្មាសសោះ មកលាតត្រដាងអាថ៌កំបាំងតាមវិទ្យុទៅរួច? ដកដៃសិន កុំធ្វើដូចអាខ្មោចនេះ!

-សូមទោស!  តើលោកឈ្មោះអ្វី?

ហេតុអ្វីមិនស្តីឲ្យទៅ នៅមកសួរឈ្មោះគេធ្វើអីទៀត? ជាមួយខ្ញុំវិញជាបុរសសុភាពសោះ ម៉េចក៏ឆ្នាស់ដាក់ខ្ញុំបាន?

-ខ្ញុំឈ្មោះ ចយ !

អ៊ឹះ! មើល៍ឈ្មោះគេ! ដាក់ឈ្មោះមើលតែខ្វះឈ្មោះដាក់! ពីខែ មិគសិរ ដល់ កត្តិក ម៉េចក៏មិនយកមកដាក់?

-នាងខ្ញុំសូមស្វាគមន៍លោក ចយ ក្នុងកម្មវិធី”សំឡេងរាត្រី”!  តើ…

-អូមែនហើយ!  តើមនុស្សប្រុសដែលកញ្ញាជួបពីព្រឹកមិញនោះ ឈ្មោះអ្វីដែរ?

យី! ចេះមកនិយាយកាត់ពិធីករអ៊ីចឹងទៅ? ហើយមកចង់ស្គាល់ឈ្មោះឯងទៀត ចង់ប្រកាសឈ្មោះឲ្យខ្ញុំខ្មាសគេមួយជាន់ទៀតអ្ហ៊ៃ? អាចង្រៃ! បើមានអ្នកណាគេស្គាល់ខ្ញុំកំពុងស្តាប់ដែរ វាមិនវីវរទៅហើយទេ!  វាគ្មានរឿងនិយាយអី បានជាមករាលដាលដល់ឯងហ្នឹង?

-គេប្រាប់ខ្ញុំថាឈ្មោះ កត្តិក តែដឹងកុហកឬអត់ទេ?

កុហកស្អី? ខ្ញុំឈ្មោះ កត្តិក មែន! រួចទៅប្រាប់ឈ្មោះខ្ញុំឲ្យគេដឹងធ្វើអីទៅ អ្នកនាងអើយ? ម៉េចក៏ស្លូតបូតជាមួយអាម្នាក់ហ្នឹងម្ល៉េះ?  កុំប្រាប់ថាចង់ព្រួតគ្នា និយាយដើមខ្ញុំទៀតណា៎!

-ខ្ញុំគិតថាអាម្នាក់នោះ បើមិនគ្រាសកន្លងដូចកញ្ញានិយាយ ក៏ជាមនុស្សកើតរោគចិត្តដែរ!

អាប្រកាច់! ឯងទើបកើតរោគចិត្ត! បើបានជួបឯងណា ចាប់ទះមាត់ឲ្យឆ្អែតទើបអស់ចិត្ត។ បើមិនអ៊ីចឹងចាប់ព្យួរជើង ធ្វើទារុណកម្មដោយចាក់ក្រឡេក ឲ្យដឹងរសើប ទាល់តែឯងស្រែកអង្វរករថា «ទៅថ្ងៃក្រោយ ខ្ញុំឈប់ថាលោកកើតរោគចិត្តទៀតហើយ លោកម្ចាស់!»

-ឈប់និយាយពីគេទៅលោក!  តើលោកចង់ស្តាប់បទចម្រៀងអ្វីដែរក្នុងយប់នេះ?

និយាយអ៊ីចឹងបានត្រឹមត្រូវ! ស្មានតែចូលដៃជាមួយគេនិយាយដើមខ្ញុំបាត់ទៅហើយ!

-ថាម៉េច?

អាថ្លង់! ស្តាប់ប៉ុណ្ណឹងក៏មិនបានដែរ! នាងសួរឯងថាចង់ស្តាប់បទអី? មុខឯងគួរតែស្តាប់បទស្មូត្របុណ្យខ្មោចទៅ ក្រែងវាមិនសូវឈ្លើយ!

-នាងខ្ញុំចង់ដឹងពីបទចម្រៀងដែលលោកពេញចិត្ត!

-អូ! ចាក់បទណាញាក់ៗទៅទើបបាត់រងា! មែនហើយ ខែរងាគួរតែចាក់បទចង់បានប្រពន្ធ… ព្រោះខ្ញុំចង់បានប្រពន្ធដល់ហើយនៀក! ចាស់ៗថា ខែរងាទាល់តែមានភួយសាច់ទើបកក់ក្តៅ! តើកញ្ញាពិធីករមានអារម្មណ៍ចង់បានភួយសាច់អត់?  តើមាននឹកឃើញចង់បានអីអត់ហ្នឹង?

អាមួយនេះចំជាឈ្លើយពេញទី! មនុស្សកែលែងឡើងហើយហ្នឹង កោតតែនាងនៅសំងំឲ្យវាញ៉ែទៀត?

-នែ៎លោក!  មិនខ្លាចខ្ញុំបិទទូរស័ព្ទលោកឯងទេអី?

ហាស! ហាស! ហាស! អ៊ីចឹងបានសមមុខវា! រួចយូរហើយទើបនឹកឃើញស្តីឲ្យ? ខ្ញុំប្រាប់ថា ស្តីឲ្យវាខ្មាសគេដូចខ្ញុំយូរហើយតើ!

-អេ! ពិធីករអីឆ្នាស់ម្ល៉េះ?

ឆ្នាស់អ៊ីចឹងហើយ បានយើងស្រលាញ់នោះ!

-ឆ្នាស់អ៊ីចឹងហើយ!  លោកឯងគ្មានម៉ែឪប្រដៅទេអេះ?

ស្តីឲ្យបានល្អ! ជេរទៀតរឹតតែល្អ! មនុស្សអ៊ីចេះទោះមានម៉ែឪក៏វាមិនឲ្យប្រដៅដែរ។ កុំទៅឆ្ងល់ពេក!

-ហើយបទចម្រៀងចង់បានប្រពន្ធរបស់លោកឯងនោះ សូមអញ្ជើញទៅទិញយកមកចាក់ស្តាប់ម្នាក់ឯងទៅ!

ហេ! និយាយស្តីកាន់តែពេញចិត្តខ្ញុំមែនទែនហើយតើ! បិទទូរស័ព្ទវាចោលទៅ! លោកអើយ! បទចម្រៀងឲ្យមួយគំនរអត់ចង់ស្តាប់ បែរជាទៅចង់ស្តាប់បទញាក់ទទ្រាក់ទទ្រើតទាំងកណ្ដាលយប់! មនុស្សនេះដូចជាគ្មានមនោសញ្ចេតនាអីសោះ! បើសិនជាខ្ញុំវិញណា ប្រាកដជានិយាយប្រាប់ពិធីការិនីម្ចាស់ដួងចិត្តខ្ញុំថា «បាទអ្នកនាង! នាកណ្ដាលយប់យន់ស្ងាត់សូន្យឈឹងអ៊ីចឹង ខ្ញុំចង់ឲ្យអ្នកនាងចាក់បទ “រាត្រីជួបស្នេហ៍” ឲ្យខ្ញុំស្តាប់! តើអ្នកនាងចូលចិត្តបទចម្រៀងនេះឬទេ? សម្រាប់រូបខ្ញុំវិញ វាធ្វើឲ្យខ្ញុំលន្លង់លន្លោចខ្លាំងណាស់ណា! …រាត្រីដែលបានជួបនឹងនួនល្អង នៅបាត់ដំបង មាត់ស្ទឹងសង្កែ…»

-នាងខ្ញុំសូមអភ័យទោសចំពោះប្រិយមិត្តកំពុងស្តាប់កម្មវិធីនេះផង! លោកម្នាក់មិញនេះធ្វើឲ្យនាងខ្ញុំទ្រាំមិនបានសោះ!

មិនបាច់សូមទោសថ្វីទេ ខ្ញុំគាំទ្រសោះហ្នឹង! ហើយមនុស្សធឺហ្នឹងមិនបាច់ហៅលោកគោរពស្អីទេ ហៅថាវាតែម្តងទៅ!

-ថ្ងៃនេះប្រហែលជាថ្ងៃស៊យរបស់នាងខ្ញុំហើយ បានជាពេលព្រឹកជួបមនុស្សមួយប្រភេទ លុះដល់ពេលយប់ទទួលប្រិយមិត្តដំបូង ក៏មកជួបនឹងមនុស្សមួយប្រភេទមិញនេះទៀត!

ទេ! ទេ! ទេ! មនុស្សប្រភេទស្អីគេ? មនុស្សយប់ជាប្រភេទមនុស្សឈ្លើយ ខុសស្រឡះពីខ្ញុំមនុស្សព្រឹក! យកមកនិយាយចូលគ្នាមិនបានទេ ព្រោះខ្ញុំម៉េចនឹងស្មោកគ្រោកដូចអាចង្រៃនោះទៅ? រួចបើចង់ដឹងថ្ងៃស៊យឬអត់ មិនព្រមស្តាប់ក្បួនហោរាសាស្ត្រពេលព្រលឹមឡើងទេ គិតតែហាមាត់ម៉ៃផ្តេសផ្តាស! សង្ស័យតែក្បួនគេនិយាយថា ថ្ងៃនេះពេលព្រឹកបើទៅមើលកុន នឹងជួបគូព្រេងផងក៏មិនដឹង!

-កុំឲ្យលោកអ្នកស្តាប់តានតឹងអារម្មណ៍ពេក នាងខ្ញុំសូមប្តូរបរិយាកាសចាក់បទចម្រៀងមួយបទ ក្រោមចំណងជើងថា “រាត្រីជួបស្នេហ៍” សំនៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ។ សង្ឃឹមថា ចម្រៀងមួយបទនេះស័ក្តិសមនឹងបរិយាកាសដ៏រងានារាត្រីកាលនេះ និងសូមឲ្យប្រិយមិត្តទាំងឡាយបង្ហើរអារម្មណ៍ជាមួយតន្ត្រីមួយបទនេះ ទៅដល់ស្ទឹងសង្កែជាមួយនាងខ្ញុំ…

អស្ចារ្យណាស់! តើនាងដឹងថាខ្ញុំកំពុងចង់ស្តាប់ចម្រៀងមួយបទនេះ ដោយរបៀបណាទៅ? ទេ! គឺព្រោះចិត្តពួកយើងទាំងពីរនាក់ដូចគ្នា! កុំទាន់គិតអី! បង្ហើរអារម្មណ៍ឲ្យហោះហើរទៅរកស្ទឹងសង្កែរជាមួយនឹងនាងសិន…

Advertisements

Entry filed under: ប្រលោមលោក.

សុភមង្គលបន្តិចបន្តួច ក៏កើតអារម្មណ៍ចង់…

5 មតិ Add your own

  • 1. គីមឡុង  |  ខែកញ្ញា 24, 2010 ម៉ោង 1:23 ព្រឹក

    កាន់តែអានកាន់តែចូលចិត្ត ! 🙂

    ឆ្លើយតប
  • 2. Sopheakna  |  ខែតុលា 30, 2010 ម៉ោង 2:29 ល្ងាច

    wow !

    ឆ្លើយតប
  • 3. mey mey  |  ខែវិច្ឆិកា 1, 2010 ម៉ោង 5:39 ល្ងាច

    loy nas bong phal

    ឆ្លើយតប
  • 4. mey mey  |  ខែវិច្ឆិកា 1, 2010 ម៉ោង 5:40 ល្ងាច

    pit jea loy nas bong phal

    ឆ្លើយតប
  • 5. Dona  |  ខែមិថុនា 26, 2011 ម៉ោង 8:07 ល្ងាច

    ខ្ញុំចូលចិត្តសាច់រឿងនេះណាស់ ។ ជាយោបល់
    សូមពិនិត្យមើលពាក្យពេចន៍​ ដែលប្រើសំរាប់អ្នកអត្ថាធិប្យាយតាមវិទ្យុ
    ឡើងវិញ ព្រោះយើងអាចយល់ច្រលំថានេះជាចរិតរបស់ខ្មែរ ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,729 hits
Visit Cute-Spot.com!

%d bloggers like this: