អារម្មណ៍ខែរងា

ខែវិច្ឆិកា 19, 2009 at 9:54 ព្រឹក មតិ 2

ខែរងាដូចជាមកសួរខ្ញុំថា តើហេតុអ្វីខ្ញុំអាចរស់មកដល់ពេលនេះ? យប់មិញឆាប់បានទៅផ្ទះក៏បើកទូរទស្សន៍មើល រួចក៏ឃើញរឿងភាគកូរ៉េ ដែលរំឭកខ្ញុំថា ខ្ញុំធ្លាប់ជាមនុស្សដែលរវល់ខ្លាំងណាស់ គឺរវល់តាមដានរឿងភាគទូរទស្សន៍ មិនថា ចិន កូរ៉េ ហុងកុង សិង្ហបុរី… ហើយក៏ជាមនុស្សមានក្ដីរំពឹងម្នាក់ គឺរំពឹងតាមដានសាច់រឿងភាគ(ដដែល)។ កាលពីមុនគឺខ្ញុំរស់នៅបែបនេះ មើលទូរទស្សន៍ ឬស្ដាប់វិទ្យុតែម្នាក់ឯង គឺខ្ញុំឆ្លាតគួរសម ចេះរកសុភមង្គលឱ្យខ្លួនឯង។ កាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំកាលណោះ គឺកាលវិភាគរស់នៅម្នាក់ឯង ហើយដោយសារតែយ៉ាងនេះ ខ្ញុំក៏ចេះសរសេររឿង សរសេរចម្រៀង ក្លាយជាខ្ញុំរាល់ថ្ងៃនេះ។

ពេលធាតុអាកាសផ្លាស់ប្ដូរម្ដងៗក៏ជាពេលដែលខ្ញុំនឹកឃើញគ្រប់យ៉ាងដែលខ្ញុំធ្លាប់ឆ្លងកាត់ដែរ។ ខ្ញុំនឹកឃើញមនុស្សដែលខ្ញុំធ្លាប់ស្គាល់ ហើយថ្ងៃនេះខ្ញុំនឹកមិត្តភក្តិចាស់របស់ខ្ញុំទៀតហើយ! ចាំខ្ញុំនិយាយពីមិត្តម្នាក់នោះឱ្យស្ដាប់!

ខ្ញុំគិតថាគេជាមិត្តដំបូងរបស់ខ្ញុំ។ កាលណោះខ្ញុំត្រឡប់ពីខេត្តកោះកុង ហើយចូលរៀនថ្នាក់ទី៥នៅស្រុកកំណើតខ្ញុំ។ គិតទៅតាំងពីតូចមកខ្ញុំគ្មានដែររាប់អានអ្នកណាទេ លុះដល់ពេលចូលរៀន ខ្ញុំក៏អង្គុយតុជាមួយគេ ដល់ថ្នាក់ទី៦ក៏អង្គុយជាមួយគេទៀត អ៊ីចឹងហើយក៏ស្គាល់គ្នាទៅ។ កាលថ្នាក់ទី៦ មិត្តខ្ញុំនោះក៏បបួលខ្ញុំទៅលេងចម្ការរបស់គេ ហើយខ្ញុំក៏ស្គាល់ពីការដើរលេងជាមួយមិត្តភក្តិជាលើកទីមួយ។ នឹកឃើញកាលណោះពិតជាសប្បាយណាស់! ពួកយើងទៅចម្ការនោះតែពីរនាក់ទេ រួចក៏ជួបជីតារបស់គេ។ ខ្ញុំខ្លាចចាស់ៗណាស់ ហើយជីតារបស់គេកាចដូចជីតារបស់ខ្ញុំអ៊ីចឹង។ គេប្រាប់ខ្ញុំថា គេមិនដែលហ៊ាននាំអ្នកណាមកលេងផ្ទះទេ។ ប៉ុន្តែគេបានទទួលខ្ញុំជាភ្ញៀងដំបូងយ៉ាងល្អ គេបង្រៀនខ្ញុំឱ្យចេះហៅត្រី និងឱ្យចំណីត្រី ហើយនាំខ្ញុំដើរមើលនេះមើលនោះ។ កាលណោះខ្ញុំទទួលអារម្មណ៍ថា ខ្ញុំមានមិត្តភក្តិម្នាក់ហើយ តែប៉ុន្មានថ្ងៃក្រោយមកគេក៏ប្រាប់ខ្ញុំថា ជីតាគេស្ដីឱ្យរឿងគេដកកូនខ្វិតឱ្យខ្ញុំយកទៅដាំ។

ពួកយើងមានអនុស្សាវរីយ៍ខ្លះៗទៀត ដូចជាទៅរៀនអង់គ្លេសនៅព្រះវិហារសាសនាគ្រិស្គជាមួយគ្នា រួចក៏ឈប់ទៅរៀនព្រមគ្នា ហើយក៏ធ្លាប់ដាំដើមជ្រៃក្រឹមនៅមុខថ្នាក់រៀនជាមួយគ្នាដែរ។ នឹកឃើញកាលរៀនថ្នាក់ទី៧ ពួកយើងរៀនអគារខុសគ្នា តែគេឧស្សាហ៍មកលេងខ្ញុំណាស់ ហើយដល់ថ្នាក់ទី៨ក៏រៀនជាមួយគ្នាទៀត តែក៏បែកគ្នាពេលឡើងថ្នាក់ទី៩ ព្រោះខ្ញុំទៅរៀននៅក្រចេះ គេទៅរៀននៅភ្នំពេញ។

ដល់ចប់ថ្នាក់ទី១២ មករៀនបន្តនៅភ្នំពេញ ខ្ញុំគិតថាប្រាកដជាអាចជួបគ្នាម្ដងទៀត ហើយក៏បានជួបគ្នាមែន។ ប្រហែលមកពីខ្ញុំស្គាល់ពីបុគ្គលិកលក្ខណៈរបស់គេ ទើបខ្ញុំអាចស្មានត្រូវថា គេនៅកន្លែងណា ឬក៏ថានិស្ស័យក៏បាន ព្រោះពួកយើងចេះតែទៅកន្លែងតែមួយ។ ខ្ញុំជួបគេនៅសាលាជ័យថាវី ក៏ជួបនៅសាលាតិចណូ រួចក៏ជួបនៅសាលាមេគង្គកម្ពុជា ជួនកាលជិះតាមផ្លូវក៏ខ្ញុំឃើញគេដែរ គ្រាន់តែគេអត់ឃើញខ្ញុំ ឬក៏ឃើញដែរតែគេមិនចាប់អារម្មណ៍។ ពេលនេះមិនដឹងគេនៅឯណាទេ! ខ្ញុំនៅតែទុកគេជាមិត្តដដែល តែកាលជួបគ្នា និងនិយាយគ្នាចុងក្រោយ ខ្ញុំឃើញគេមានមិត្តភក្តិល្អៗច្រើនពេក ក៏គិតថាគេអាចភ្លេចខ្ញុំបាត់ទៅហើយ ហើយបន្ទាប់មកក៏ដាច់ទំនាក់ទំនងរហូតមក…

Advertisements

Entry filed under: អារម្មណ៍.

ផែនដីតូច សុភមង្គលបន្តិចបន្តួច

2 មតិ Add your own

  • 1. ចាន់ផល  |  ខែវិច្ឆិកា 20, 2009 ម៉ោង 6:08 ព្រឹក

    យប់ដែលខ្ញុំសរសេរអត្ដបទមួយនេះ ខ្ញុំបានមើលពាណិជ្ជកម្មម៉ូតូ Honda Dream ដល់វគ្គតួទាំងពីរត្រូវគេបំបែក។ តួស្រីកូដវីយូឡុងហូរទឹកភ្នែក អារម្មណ៍នាងនិយាយថា នាងនឹកតួប្រុសណាស់! មើលហើយរន្ធត់ចិត្ត អាណិតពួកគេស្ទើរយំតាម ហើយខ្ញុំចូលចិត្តស្បតមួយហ្នឹងមែនទែន!

    ឆ្លើយតប
  • 2. kimlong  |  ខែ​មីនា 21, 2010 ម៉ោង 12:53 ព្រឹក

    រំលឹកដល់កាលនៅរៀន ខ្ញុំពិតជាចង់យំខ្លាំងណាស់ ! ក្រោយពេលដែលប្រលងចប់ ទើបដឹងថា គ្មានពេលណាសប្បាយជាងកាលនៅរៀនទេ ! ( មានពាក្យចង់និយាយ តែសរសេរអត់ចេញ) ចង់យំខ្លាំងណាស៉ ! 😦

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: