ញ៉ាំបាយឆាម្ទេស

ខែវិច្ឆិកា 12, 2009 at 2:46 ព្រឹក មតិ 10

IMG_0751

ហិលអ្ហាណា៎ ម្ទេសកប់នៅក្នុងបាយទេ! មួយចាននេះរសជាតិពិសេស នឹកឃើញធ្វើលើកទី១ បើធ្វើលើកក្រោយរករសជាតិនេះមិនឃើញទេ ព្រោះអត់ចាំរបៀបផ្សំគ្រឿង!

មួយរយៈនេះចូលចិត្តម្ទេសប្លែក! យប់មិញទៅដល់ផ្ទះម៉ោង៩កន្លះ ឃ្លានបាយណាស់ តែដល់ឃើញម្ទេសស្រស់ៗក៏ចង់ញ៉ាំ… ម៉ែធ្វើម្ហូបឱ្យហើយហ្នឹងណ៎ា តែខ្ញុំក៏ហាន់ម្ទេសខ្ចីៗ ឆាបាយមួយចានឆ្កុយ! ជួនកាលខ្ញុំអ៊ីចឹង របស់មានស្រាប់អត់ចាប់អារម្មណ៍ទេ ចូលចិត្តតែខាតពេល ខាតកម្លាំង ទើបសុខចិត្ត តែបាយឆាម្ទេសស្នាដៃខ្ញុំនោះពិតជាឆ្ងាញ់ណាស់!

ព្រោះខ្ញុំធ្លាប់មើលសៀវភៅទេសចរណ៍កោះដំរីរបស់ថៃ ឃើញម្ហូបគេឆាម្ទេសខ្ចី ខ្ញុំក៏សាកធ្វើញ៉ាំ រួចតាំងពីនោះឱ្យតែឃើញម្ទេសខ្ចី គឺនឹកឃើញធ្វើម្ហូបហើយ តែបើឃើញម្ទេសទុំក៏ធ្វើម្ហូបដែរ តែធ្វើម្ហូបឥណ្ឌា រៀនចេះពីឥណ្ឌាតាំងពីយូរយារហើយ! នឹកឃើញរឿងមើលសៀវភៅនោះ ខ្ញុំក៏ដឹងថា តាមពិតខ្ញុំក៏ចូលចិត្តសៀវភៅនឹងគេនឹងឯងដែរ គ្រាន់តែចូលចិត្តមើលជាងអាន គឺមើលសៀវភៅទេសចរណ៍ និងសៀវភៅមុខម្ហូប!

ពេលចូលដេកយប់មិញ បើកវិទ្យុស្ដាប់ចម្រៀង… ម៉ោង ១១-១២ បុស្តិ៍អាស៊ីអាគ្នេយ៍ចាក់បទចម្រៀងសម័យមុនពីរោះៗដល់ហើយ មានបទ ពេលមេឃស្រទុំ ទំនួញអក្ខរា មេឃខ្ពស់ដីទាប អនិច្ចាល្វាចេក… ខ្ញុំចូលចិត្តចម្រៀងអតីតកាលខ្លាំងឡើងៗ រួចនឹកថាបើខ្ញុំកើតលឿនបន្តិច ប្រហែលមានឱកាសសរសេរទំនុកច្រៀងឱ្យពួកគាត់ច្រៀងដែរ។ គិតទៅបទចម្រៀងពិតជាអស្ចារ្យមែន! ស្ដាប់តាំងពីក្មេងរហូតដល់ចាស់ក៏នៅតែពីរោះ ចម្រៀងតែមួយបទអាចកំដរអារម្មណ៍មនុស្សរាប់លាននាក់…

 

១ ថ្ងៃ កន្លងផុតទៅ…   ខែ វិច្ឆិកា ១៣ ២០០៩

IMG_0757

រាងទំនងជាងម្សិលមិញ ព្រោះមានលោកខែ!  អាចដាក់ឈ្មោះថា ម្ទេសជ្រកក្រោមពពកស្វែករកព្រះចន្ទពេញបូរមី!

យប់មួយទៀតឆាបាយដដែល មានន័យថាបាយឆាម្សិលមិញឆ្ងាញ់រហូតលែងនឹកចង់ញ៉ាំអីក្រៅពីវា តែបាយឆាលើកទី២នេះរសជាតិអត់ដូចលើកទីមួយទេ រសជាតិឆ្ងាញ់មួយបែបទៀត! គឺព្រោះយប់មិញនេះខ្ញុំឆាប់បានទៅដល់ផ្ទះ ក៏ជោរធ្វើម្ហូបទៀតទៅ ហើយបន្ទាប់មកក៏ធ្វើរឿងស្រដៀងម្សិលមិញ គឺចូលដេកបើកវិទ្យុស្ដាប់ចម្រៀង… គេចាក់បទ «គ្រាន់តែដឹង ឬ ស្រីគិតមើលផងចុះ (អត់ច្បាស់)» បទភ្លេងការ៖ គ្រាន់តែដឹងថាស្រស់ព្រលឹងអូនបែកចិត្ត… ខំតែស្មានថាស្រស់កល្យាណអូនស្រលាញ់បង… ច្រៀងចុះច្រៀងឡើង ស្រីនោះឆ្លើយថា៖ អូនស្រលាញ់បងណាស់! តែគ្រូទាយថា… ស្រាប់តែ លោក ស៊ីន ស៊ីសាមុត ក៏ដាក់ទៅមួយឃ្លាវិញ ជាឃ្លាដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍តាំងពីខ្ញុំនៅក្មេង៖ បុរាណម្ល៉ះ នេះមកមិនចេះឱខ្មាសគេ គ្រូទាយថាស្នេហ៍ខុសឆ្នាំខុសខែខុសថ្ងៃ បើយល់ថាអស់និស្ស័យ ព្រលឹងកែវអើយ ស្រីគិតមើលផងចុះ! បន្ទាប់មកក៏ឮបទប្រពៃណី ច្រៀងថា… ភ្លេចបាត់! ពីរោះណាស់បទប្រពៃណី ច្រៀងចប់បានគេឡើងភ្លេង… តន្ត្រីខ្មែរយើងឡូយតើ!

 

១ ថ្ងៃ កន្លងផុតទៅទៀត…   ខែ វិច្ឆិកា ១៤ ២០០៩

IMG_0769

ឆាក្តៅ!!!

អត់គិតថាធ្វើម្ហូបទេ តែម៉ែឱ្យធ្វើក៏ធ្វើទៀតទៅ! រសជាតិធម្មតា គ្មានអីខុសគេទេ… នេះគឺឆាក្ដៅ ក្រពះ និងត្រចៀកជ្រូក ដល់ធ្វើរួចរាល់ យកក្រពះ និងត្រចៀកជ្រូកស្ងោរមកជ្រលក់ទឹកស៊ីអ៊ីវ រសជាតិគ្មានលើសគ្នាឯណា ម្យ៉ាងម្នាក់ លើសគ្នាត្រង់ឆាក្ដៅរបៀបធ្វើរញ៉េរញ៉ៃជាង!

Advertisements

Entry filed under: កម្សាន្ត.

ខែរងា ១ ផែនដីតូច ជីវិតគ្មានន័យ កុំគិតឱ្យខ្លី ត្រូវគិតឱ្យវែង!…

10 មតិ Add your own

  • 1. ផ្កាយNovels  |  ខែវិច្ឆិកា 12, 2009 ម៉ោង 1:07 ល្ងាច

    ឥឡូវ​ចេះ​ធ្វើ​ម្ហូប​ញ់ាំ​ខ្លួន​ឯង​ផង? ទើប​តែ​ដឹង!!
    ឃើញ​ចាន់​ផល​ចេះ​ធ្វើ​ម្ហូប​ចង់​សើច! មិន​ដឹង​ម៉េច​ដែរ តែ​អារម្មណ៍​ប្រាប់​ឲ្យ​ចង់សើច​… ប្រហែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​និង​ឮ​ចាន់​ផល​និយាយ​ពីរឿង​ម្ហូម​ជាមួយ​ទេដឹង?? lolz…

    ភ្លេច​សួរ… ញ៉ាំ​កើត​អត់​បាយ​ឆា​ហ្នឹង?!! 😆

    ឆ្លើយតប
    • 2. សុភា  |  ខែវិច្ឆិកា 12, 2009 ម៉ោង 4:23 ល្ងាច

      សួរតពីអាចម៏ផ្កាយ

      បើញ៉ាំអស់ហើយមានអ្វីកើតឡើត?

      ឆ្លើយតប
  • 3. រតនាតារាមុន្នី  |  ខែវិច្ឆិកា 13, 2009 ម៉ោង 2:11 ព្រឹក

    បើញ៉ាំកើតទើបចំលែក ព្រោះគ្រឿងការី ហើយថែមម្ទេសទៀត
    ទោះជាជនជាតិថៃក៏ bye bye ដែរ។

    ឆ្លើយតប
  • 4. ចាន់ផល  |  ខែវិច្ឆិកា 13, 2009 ម៉ោង 3:31 ព្រឹក

    អេ ! បីនាក់ ម្ហូបខ្ញុំធ្វើពិសេសណាស់ ញ៉ាំកើតតែម្នាក់ខ្ញុំទេ… មិនឃើញខ្ញុំធ្វើតិចៗទេអ្ហេស? អ្នកផ្ទះខ្ញុំគេទទួលអត់ទាន់បាននូវមុខម្ហូបថ្មីឆ្កួតៗដែលខ្ញុំនឹកឃើញទេ!
    ប្រាប់រឿងមួយព្រោះមិនទាន់មានអ្នកណាដឹង! ក្រៅពីអ្នកនិពន្ធ ការងារដែលខ្ញុំចាប់អារម្មណ៍បន្ទាប់គឺ ចុងភៅ តែចូលចិត្តធ្វើកូនកាំបិត ជាងមេកាំបិត! ធ្វើម្ហូបម្ដងៗមានអារម្មណ៍ដូចកំពុងដើរទេសចរ ស្វែករកពិភពថ្មីៗនៃរសជាតិជីវិតអ៊ីចឹងណ៎ា មិនជឿសាកមើល៍!

    ឆ្លើយតប
  • 5. ចាន់ផល  |  ខែវិច្ឆិកា 13, 2009 ម៉ោង 3:40 ព្រឹក

    យប់មិញមើល ការចាក់ផ្សាយឡើងវីញនូវការប្រគំតន្រ្តីសម្បុរសធម៌ ឃើញ ចាកគីចាន មកស្រុកខ្មែរ។ សរសើរគាត់ដល់ហើយ ទាំងទេពកោសល្យសិល្បៈ ទាំងចរិតឫកពា ទាំងការនិយាយស្ដី… ហើយគាត់ច្រៀងបទដែលខ្ញុំចូលចិត្តស្ដាប់ទៀត!

    ឆ្លើយតប
  • 6. រតនាតារាមុន្នី  |  ខែវិច្ឆិកា 13, 2009 ម៉ោង 7:55 ព្រឹក

    តើមានថតទុកមើលពេលក្រោយទេ? ទូរទស្សន័ប៉ុស្តិខ្មែរ ខ្ញុំកំរបាន
    មើលណាស់។ ខ្ញុំចូលចិត្តពូ ឈិនឡុងដល់ហើយ ទាំងកាយវិការ
    និង ការសំដែង។ អត់មាននរណាប្រាប់ខ្ញុំផង បើខ្ញុំដឹងវិញ កុំអីសុំថតជាមួយគាត់២​ ៣ប៉ុស្តិហើយ។
    ហើយ អាម្ហូបរបស់បងនេះ ពិតជារក ពិន្ទុដាក់អត់បានមែន។
    តែថ្ងៃនេះខ្ញុំឃើញបាយបងឯងមាន ព្រះអាទិត្យទៀត ខ្ញុំអោយ ៨ពិន្ទុចុះ។

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែវិច្ឆិកា 13, 2009 ម៉ោង 9:55 ព្រឹក

      អត់មានអីថតទេ ទូរទស្សន៍ខ្ញុំនោះ តែប្រាប់ទៅ ពេលមើលឃើញគាត់រំភើបណាស់ គាត់អស្ចារ្យមែនទែន!
      អេ! គឺលោកខែទេតើ តែព្រះអាទិត្យក៏ព្រះអាទិត្យទៅ គ្រាន់តែពេលខ្ញុំធ្វើហ្នឹងយប់ មានព្រះអាទិត្យមកពីណា? អរគុណណា ៨ ពិន្ទុ !

      ឆ្លើយតប
  • 8. warriorskid  |  ខែវិច្ឆិកា 16, 2009 ម៉ោង 5:36 ព្រឹក

    គាត់តែងតែពាក់អាវស មែនទេ?

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែវិច្ឆិកា 16, 2009 ម៉ោង 7:16 ព្រឹក

      ដល់សួរអ៊ីចឹង ដូចចាប់អារម្មណ៍ថា គាត់ពាក់អាវស… តែអត់ច្បាស់ដែរ។ គាត់តែងតែពាក់អាវស មែនទេ?

      ឆ្លើយតប
  • 10. warriorskid  |  ខែវិច្ឆិកា 16, 2009 ម៉ោង 9:08 ព្រឹក

    គាត់តែងតែពាក់អាវស ព្រោះគាត់ចូលចិត្តពាក់អាវស សឹងគ្រប់រឿងដែល
    គាត់សំដែង ដូចដែលគាត់មកច្រៀងបទចំរៀង we are the children
    in seatv អីចឹង។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: