រស់ព្រោះអនុស្សាវរីយ៍

ខែវិច្ឆិកា 4, 2009 at 11:38 ព្រឹក មតិ 14

ចូលធ្វើការវិញឡើងហេវ!… តែការងារគឺជាចំណែកនៃជីវិត!

ប៉ុន្មានថ្ងៃនេះចេះតែគិតថា តើរឿងរ៉ាវដែលខ្ញុំជួបរាល់ថ្ងៃគឺជាព្រេងវាសនា ឬក៏ខ្ញុំធ្វើដោយខ្លួនឯង? គិតទៅរឿងអីក៏មានចុងបញ្ចប់របស់វាដែរ ហើយទីបំផុតខ្ញុំនៅតែជាខ្ញុំ… ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ មុននឹងស្គាល់អ្នកណាម្នាក់។ ខ្ញុំមកពីកន្លែងដ៏ទាប ទឹកចិត្តក៏គួរតែទាប ព្រោះទាបទើបមិនចេះធ្លាក់។ អារម្មណ៍ត្រេកអរជាងគេគឺពេលភ្ញាក់រឭក ហើយត្រូវប្រាប់ខ្លួនឯងកុំឱ្យវង្វេង ប៉ុន្តែបើមិនអាចគ្រប់គ្រងការវង្វេងបាន ក៏កុំខ្វល់ ជួបរឿងសើច រឿងយំ ចប់មួយ ចូលមួយ ដោយមិនបាច់ប្រឹងអន្ទះសារចង់ជួប។

សាកស្រមៃពីកាយវិការមនុស្សពិបាកចិត្តបន្តិចទៅមើល៍!… ស្ងប់ស្ងាត់ ដើរត្រង់ទៅត្រង់មក មិនខ្វល់នឹងមើលមុខលោកណាទេ… គឺបែបហ្នឹងហើយ ព្រោះខ្ញុំធ្លាប់! ដើរចេញពីផ្ទះដោយស្រងូតស្រងាត់ គ្មានអារម្មណ៍ញញឹមដាក់ពីណាសោះ… ខ្ញុំបិទទ្វារក៏យឺតៗ… អូយយ៉ូយ!!! កៀបដៃ!… ឈឺណាស់! ចង់យំ! យី! រកឯងប្រមូលអារម្មណ៍ស្រងូតស្រងាត់អីបន្តិចមិនបាន!

រឿងខាងលើនេះគឺកើតឡើងនៅភ្នំពេញ ដល់ពេលខ្ញុំទៅស្រុកកំណើតវិញក៏ជួបរឿងឆ្កួតៗទៀត! បុណ្យកថិននៅផ្ទះយាយខ្ញុំ មានតាអាចារ្យម្នាក់បត់ជើងចូលបុណ្យយាយ… យាយគាត់មិនប្រសព្វឱ្យពរអីទេ រួចដល់គាត់ឱ្យពរចប់ស្រាប់តែតាអាចារ្យនោះក៏ សាធុ! សាធុ! ប្រពៃណាស់… ស្មាលទោស! គឺគាត់ធ្វើឱ្យខ្ញុំនឹកឃើញសើច… ព្រោះសំឡេងគាត់ដូចជាចង់ឱ្យពរយាយខ្ញុំវិញ ព្រោះគាត់ថ្នឹកខាងឱ្យពរស្រាប់!

ភ្លេងពិណពាទ្យកំដរបុណ្យនោះពីរោះណាស់ តែក៏មានក្រុមតន្ត្រីសម័យលេងលាន់ស្ទើរបែកក្រដាសត្រចៀក ប៉ុន្តែពីរោះរបស់គេ ហើយខ្ញុំទៅឈរមើលផងស្ដាប់ផង យកដៃច្រត់សសរផ្ទះ បណ្ដែតអារម្មណ៍តាមបទកម្សត់ សែនស្រណោះខ្លួនទៀត… អូយឈឺ! ដឹងអីស្រមោចខាំខ្ញុំឡើងអស់អារម្មណ៍… គឺស្រមោលដែលរស់នៅនឹងសសរផ្ទះ! កំប្លែងដែរ… វាស្រដៀងនឹងរឿងកំពុងអង្គុយត្រមង់ត្រមោចម្នាក់ឯងកណ្ដាលរាត្រីស្ងាត់ ទឹកមុខពេញពោរដោយទុក្ខព្រួយ តែទ្រាំនឹងមូសខាំអត់បាន ក៏ទះមូសផាច់! ផាច់! បើរឿងកុនវិញ ក្លាយទៅជារឿងកំប្លែងតែទាំងអស់ហ្នឹង!

និយាយពីពេលខ្ញុំចូលតុញ៉ាំអាហារជាមួយគេឯង គឺខ្ញុំញ៉ាំដើម្បីឆ្អែត ហើយអត់ផឹកស្រា តែដល់មើលទៅដូចជាខុសគេពេកក៏ផឹកបៀរមួយកែវ អត់ដាក់ទឹកកកទេ… ងាកជល់! ងាកជល់! ខ្ញុំថប់តែបែកកែវខ្ចាយទេ ចាំមើល៍អ្នកណាសង? តែខ្ញុំជល់ម្ដង ផឹកមួយជិប ប្រញាប់ញ៉ាំម្ហូបវិញ ព្រោះម្ដូបឆ្ងាញ់ជាង ហើយបងម្នាក់នោះក៏ថា ខ្ញុំផឹកដល់កណ្ដាលអធ្រាត្របានអស់។ គាត់ម្នាក់ហ្នឹងកំប្លែងណាស់ ជាពួកម៉ាកមាខ្ញុំ ធ្វើគ្រូបង្រៀននៅ ខេត្តព្រះវិហារ ស្គាល់គាត់យូរហើយ…

…ដល់ពេលគេនាំគ្នាឡើងរាំ ខ្ញុំគិតតែមើលគេ អត់ចេះទេខ្ញុំ! ដល់គេបបួលពេក ខ្ញុំក៏ខ្សឹបប្រាប់បងម្នាក់នោះថា ខ្ញុំគិតថាអ្នករាំជាមនុស្សឆ្កួត! សូមទោស!… តាមពិតខ្ញុំក៏ដឹងពីអត្ថន័យរាំរែកខ្លះដែរ តែដោយសារខ្ញុំអត់ជំនាញខាងហ្នឹងក៏និយាយបង្អាប់អ្នកចេះរាំអ៊ីចឹងទៅ ព្រោះឃើញខំកាច់ឫកកាច់រាងមុខគេមុខឯង មិនដឹងដើម្បីអី…?

River

នេះទន្លេនៅស្រុកកំណើតខ្ញុំ… ស្អាតណាស់! បើពេលថ្ងៃលិចវិញ គឺស្អាតជាងហ្នឹងទៀត!

ពេលត្រឡប់មកភ្នំពេញវិញ ខ្ញុំជិះម៉ូតូជាមួយមិត្តម្នាក់នៅ ខេត្តកំពង់សោម ហើយមាខ្ញុំជិះជាមួយមិត្តភក្តិគាត់។ មិត្តខ្ញុំនិយាយពីសុភាព និយាយស្ដីសុទ្ធតែពាក្យវប្បធម៌ គឺមួយបែបពីបងម្នាក់ដែលខ្ញុំថាកំប្លែងនោះ។

…ឆ្នាំនេះ ខ្ញុំដើរលេងបុណ្យអុំទូកបានម្ដងដែរ ដើរៗក៏អស់អារម្មណ៍មិនដឹងដើរធ្វើអី… គោលបំណងខ្ញុំសំខាន់គឺទៅមុខវាំងមើលប្រទីប និងកាំជ្រួចទេ តែដល់ដើរជាមួយគេ ក៏ត្រូវប្រជ្រៀតគ្នាទម្រាំតែអាចចេញទៅផ្ទះវិញបាន។ ជិះតាមផ្លូវមិត្តនៅ ខេត្តកំពង់សោម នោះ ក៏ទូរស័ព្ទឱ្យទៅលេងកំពង់សោមទៅ មនុស្សច្រើនណាស់! ខ្ញុំចេះតែគិតថា ម៉េចក៏មិនប្រាប់ថាទៅលេងកំពង់សោមទៅ គ្មានមនុស្សទេ ស្ងាត់ណាស់ ព្រោះបើគង់តែមនុស្សច្រើនដដែល នៅភ្នំពេញហ្នឹងហើយ មនុស្សច្រើន!

ស្អែកឡើងខ្ញុំក៏ទៅ ខេត្តកំពង់សោម ជាមួយម្ដាយមីងខ្ញុំ…

សមុទ្ទស្អាតខ្លាំងណាស់ លែងចង់មកភ្នំពេញវិញ ចង់នៅមើលថ្ងៃលិចរាល់ល្ងាច…

Picture 003

សន្ធិប្រកាសហើយ…

IMG_0125

ថ្ងៃលិចសន្សឹមៗ…

IMG_0158

ពពកប្រែពណ៌តាមពន្លឺថ្ងៃ…

IMG_0168

ថ្ងៃលិចទាំងអាល័យ…

IMG_0282

ថ្ងៃថ្មី ផែនដីចាស់ សមុទ្រនៅតែស្អាត…

IMG_0304

ថតមួយប៉ុសិ៍ដែរ!

IMG_0551

ឥន្ទធនូបែរជាមកនៅក្នុងទឹកជ្រោះទៅវិញ?

មនុស្សរស់ព្រោះអនុស្សាវរីយ៍… ចម្រៀង លោក ស៊ីន ស៊ីសាមុត មួយបទក៏មានចំណងជើងថា ស្លាប់នឹងអនុស្សាវរីយ៍… គ្មានអ្វីស្ថិតស្ថេរសោះ តែការចងចាំក៏អាចធ្វើឱ្យយើងញញឹម…

រស់នៅម្យ៉ាងដែរតើ! នៅពេលធ្វើដំណើរ គួរតែសប្បាយចិត្តនឹងការធ្វើដំណើរ ចាំបាច់អីទៅគិតថាតើដល់គោលដៅពេលណា?

IMG_0635

ត្រឡប់មកភ្នំពេញវិញមេឃភ្លៀង… បន្ថែមអនុស្សាវរីយ៍មួយទៀត!

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

លារៀងរហូត… ប្រលោមលោកនៃ ខែ រងា

14 មតិ Add your own

  • 1. វឌ្ឍនា  |  ខែវិច្ឆិកា 5, 2009 ម៉ោង 12:46 ល្ងាច

    ឡូយដល់ហើយ… នឹកផ្ទះខ្ញុំដែរ… ថ្វីត្បិតតែផ្ទះខ្ញុំភូមិខ្ញុំមិនស្រស់ស្អាតដូច ចាន់ផល ប៉ុន្តែវាលស្រែបៃតងស្រង៉ាត់ពីវត្តដល់ព្រែក ឡើងលើដើមប្រេងខ្យល់សម្លឹងទៅខាងលិច ឃើញជើងភ្នំស្រង់ ភ្នំតាម៉ៅ ហើយថ្ងៃរៀបលិចនៅចន្លោះនោះ ពិតជាស្រស់ស្អាតបំផុត។ សម្លឹងមើលទៅខាងជើង វាលស្រែបៃតងក្រោមខ្យល់បក់ផាត់ រលក អង្កាញ់ៗបង្កើតបានជាសមុទ្រពណ៌បៃតងមួយយ៉ាងវិចិត្រ.. មិនដឹងថ្ងៃណាទេទើបបានឃើញម្តងទៀត!

    ឆ្លើយតប
  • 2. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 1:51 ព្រឹក

    ពណ៌នាដូចក្នុងប្រលោមលោកអ៊ីចឹងនៀក! បើថ្ងៃណាបានទៅឃើញទៀត ហៅខ្ញុំទៅផង ក្រែងអាចយកទេសភាពហ្នឹងមកប្រើក្នុងប្រលោមលោកខ្ញុំបាន។

    ឆ្លើយតប
    • 3. វឌ្ឍនា  |  ខែវិច្ឆិកា 18, 2009 ម៉ោង 11:40 ព្រឹក

      មិនអោយដូចប្រលោមលោកយ៉ាងម៉េច ក្រែងជាវិចាររបស់អ្នកសរសេរ ប្រលោមលោកមិនថាអញ្ចឹង!
      មានអី បើបានទៅផ្ទះ ចាំហៅទៅលេងដែរ ដើររើសខ្យងទាំងអស់គ្នា!

      ឆ្លើយតប
      • 4. ចាន់ផល  |  ខែវិច្ឆិកា 18, 2009 ម៉ោង 12:22 ល្ងាច

        គ្រាន់តែឮ ស្រមៃឃើញរូបភាពដើររើសខ្យង សប្បាយបាត់ទៅហើយ!

  • 5. nimol  |  ខែវិច្ឆិកា 6, 2009 ម៉ោង 4:55 ព្រឹក

    រស់​ព្រោះ​អនុស្សាវរីយ៍! ចុះ​បើ​ថ្ងៃ​ណាមួយ​អ្នក​ដែល​យើង​ធ្លាប់​បាន​សាង​អនុស្សាវរីយ៍​ជា​មួយ​គ្នា ឃ្លាត​ឆ្ងាយ​ពី​យើង​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់ តើ​យើង​អាច​រស់​បាន​ដោយ​អនុស្សាវរីយ៍ទាំង​នោះ​ទេ? ពេល​នឹក​ឃើញ​អនុស្សាវរីយ៍​ម្ដងៗ គួរ​ធ្វើ​បែប​ណា?

    ឆ្លើយតប
    • 6. សុភ័ណ្ឌ  |  ខែវិច្ឆិកា 6, 2009 ម៉ោង 6:57 ព្រឹក

      ត្រូវសាងអនុស្សាវរីយ៌មួយថ្មីទៀត ជំនួសអាចាស់ណានិមល…

      ឆ្លើយតប
      • 7. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 10:18 ព្រឹក

        ដូច សុភ័ណ្ឌ ប្រាប់ក៏ត្រូវដែរ! ត្រូវរស់ឱ្យមានន័យ! រើសផ្លូវណាដើរក៏បានដែរ សំខាន់តើផ្លូវណា ដើរទៅសប្បាយចិត្ត? មានអារម្មណ៍ថា ខ្ញុំឥឡូវដូចចេះដឹងដល់ហើយ! 🙂

    • 8. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 9:33 ព្រឹក

      គឺបែបនេះហើយ! មនុស្សដែលយើងស្រលាញ់បានឃ្លាតពីយើង ប៉ុន្តែអនុស្សាវរីយ៍គឺនៅដដែល… នៅជាមួយអនុស្សាវរីយ៍ដូចបាននៅក្បែរគ្នា… ខ្ញុំបានតែងចម្រៀងមួយបទ ចំណងជើងថា សាយ័ណ្ហឯកា ច្រៀងដោយ ព្រាប សុវត្ថិ ក៏និយាយបែបនេះដែរ គឺ «ដង្ហើមចុងក្រោយ ទីស្ថាននេះបងអាចជួបអូន…» គាត់ច្រៀងពីរោះណាស់ គាត់ដឹងថាគ្មានថ្ងៃដែលគាត់អាចជួបមនុស្សដែលគាត់ស្រលាញ់វិញទេ ហើយគាត់តែងតែទៅមាត់ស្ទឹងទីអនុស្សាវរីយ៍ រាល់ពេលសាយ័ណ្ហ គឺរស់នៅក្នុងអតីតកាលដ៏កក់ក្ដៅ… និមល អនុស្សាវរីយ៍ទាំងនោះរីករាយណាស់មែនទេ? អ៊ីចឹងញញឹមទៅ! រស់នៅជាមួយវាទៅ! និមលនឹងមានអារម្មណ៍ថា មនុស្សដែលនិមលស្រលាញ់គឺនៅក្បែរនិមលរហូត គឺនៅក្នុងចិត្ត នៅក្នុងអនុស្សាវរីយ៍ដ៏មានសុភមង្គល។

      ឆ្លើយតប
  • 9. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 10:13 ព្រឹក

    ថ្ងៃស្អែកបុគ្គលិកកន្លែងធ្វើការខ្ញុំចេញទៅលេងកំពង់សោមនៅម៉ោង៧ព្រឹក 🙂 ម្នាក់ៗនិយាយមកខ្ញុំថា ទៅៗ! ទៅៗណា! ហ៊ើយ! ឭគេចង់ឱ្យទៅអ៊ីចឹង អត់ដាច់ចិត្តទេ… ចង់ទៅណាស់! ប្រាប់មេថាទៅហើយ តែដល់លឿនពេករៀបខ្លួនមិនទាន់… ទើបតែមកវិញមិនទាន់បាត់ហត់ផង ក៏មិនទាន់មានអារម្មណ៍នឹកកំពង់សោមដែរ… ណាខ្លាចពុលឡាន… ណាខ្លាចក្រោកមិនទាន់ ពិបាកគេចាំ… ណាចង់នៅសរសេរទំនុកច្រៀង… ណា… ហើយសំខាន់ជាងគេគឺជាប់ណាត់ប្រជុំថ្ងៃអាទិត្យ… ហេតុផលនោះហេតុផល… មានតែលះបង់ហើយ… អត់បានទៅទេ ថ្ងៃស្អែកនេះ! តែសូមជួនពរឱ្យមិត្តរួមការងារគ្រប់គ្នាសប្បាយរីករាយ!

    ឆ្លើយតប
  • 10. កួរ​ស្រូវ  |  ខែវិច្ឆិកា 7, 2009 ម៉ោង 1:57 ព្រឹក

    បើ​សិន​ជា​អស់​លោក​អ្នក​មាន​បំណង​ចង់​លក់​​សៀវភៅរឿង សៀវភៅ​មេរៀន និងឬ​ អត្ថបទ​ផ្សេង​ៗ សូម​ទាក់​ទង​គេហទំព័រ CEN ឬ​អាន​សេចក្តី​ប្រកាស​ខាង​ក្រោម​នេះ​៖

    http://www.cen.com.kh/images/announcement/news

    ឆ្លើយតប
  • 11. ចាន់ផល  |  ខែវិច្ឆិកា 7, 2009 ម៉ោង 3:25 ព្រឹក

    ពេលជិះកាត់ស្តុបម្ដងៗ ចេះតែនឹកឃើញបងម្នាក់កំប្លែងនោះ ព្រោះកាលបុណ្យអុំទូក ជិះម៉ូតូឌុបគាត់ទៅលេងបុណ្យ ហើយឃើញភ្លើងស្តុបស្ងាត់ក៏ជិះកាត់ភ្លើងក្រហម… ស្រាប់តែគាត់និយាយដូចជាកំពុងគិតណាស់ៈ ភ្លើងក្រហមឆ្លង ភ្លើងខៀវឈប់… ហ៊ើយ! វង្វេងអស់ហើយ… ដល់ស្អែកឡើងខ្ញុំឌុប សកល ពិធីករវិទ្យុ ក៏កំប្លែងដែរ ជិះពីក្រោយខ្ញុំភ្នែកមើលកុងទ័ររហូត ហើយក៏និយាយប្រាប់ខ្ញុំថា ម៉េចក៏មិនដាក់លេខ៤ទៅ ខំចាំយូរហើយ ឃើញជិះតែលេខ៣ ចង់ជិះលេខ៤ម្ដងបានអត់? ចេះតែមានហ្មង!

    ឆ្លើយតប
  • 12. វណ្ណ  |  ខែវិច្ឆិកា 18, 2009 ម៉ោង 9:02 ព្រឹក

    អត់បានមើលអត្ថបទទេ , ចូលមកនេះមើលតែរូបថតចាន់ផលឯងទេ។

    ឆ្លើយតប
    • 13. ចាន់ផល  |  ខែវិច្ឆិកា 18, 2009 ម៉ោង 12:24 ល្ងាច

      បាទ! សមុទ្ទនៅពីក្រោយខ្នងខ្ញុំស្អាតណាស់មែនទេ?

      ឆ្លើយតប
      • 14. វណ្ណ  |  ខែវិច្ឆិកា 20, 2009 ម៉ោង 4:15 ព្រឹក

        ត្រូវហើយ! រូបថតស្អាតណាស់, សមុទ្រ! :))

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: