លារៀងរហូត…

ខែតុលា 29, 2009 at 12:50 ល្ងាច មតិ 16

 លាហើយ លារៀងរហូត… បើអាចពិតជាចង់លារហូតមែនហ្នឹង!

ជម្រាបសួរប្រិយមិត្តរបស់អនុស្សាវរីយ៍! ពិបាកចិត្តម្ដងៗ ឱ្យតែបានយកអារម្មណ៍មកសរសេរអត្ថបទប្រកាសនៅទីនេះ ក៏អាចធូរខ្លះដែរ… មិនសូវចង់និយាយពីទុក្ខសោកទេ ខ្លាចគេធុញ តែបើមិននិយាយទ្រាំអត់បានទេ… ហេតុនេះនិយាយឱ្យកំប្លែងបន្តិចទៅ អ្នកទាំងអស់គ្នាបែបមិនធុញទេ។ ខ្ញុំដឹងថា អ្នកដែលចូលមកអានប្លក់ខ្ញុំនេះ សុទ្ធតែអ្នកចូលចិត្តគិតដូចខ្ញុំអ៊ីចឹង អ៊ីចឹងហើយបើសិនព្រមបញ្ចេញយោបល់ប្រាប់ខ្ញុំខ្លះៗ ទុក្ខសោកខ្ញុំនឹងឆាប់ធូរស្រាក ហើយខ្ញុំពិតជារីករាយណាស់ ដែលបានស្គាល់អ្នកទាំងអស់គ្នានៅទីនេះ។

ថ្ងៃនេះពិបាកចិត្តអត់ទាន់បាត់ទេ ហើយនៅតែពិបាកខ្លាំងដដែល គ្រាន់តែរាងស៊ាំបន្តិច ហើយនេះជាពាក្យល្អៗសម្រាប់អ្នកពិបាកចិត្ត… «I always tell myself, come into this world alone, why afraid to go back alone?» «Don’t mourn the losses cos there are many. Celebrate the victory cos there are few.»

ប្រាប់បានទេ? តើត្រូវធ្វើយ៉ាងម៉េច បើដឹងច្បាស់ថា ទៅមុខមិនរួច តែនៅតែមិនដាច់ចិត្តឈប់?

អូហ៍! និយាយពីយប់មិញឱ្យស្ដាប់! ខ្ញុំនៅម្នាក់ឯងពីរយប់ហើយ ហើយខ្លាចខ្មោច ណាផ្ទះស្ងាត់ ហើយបីជាន់ឯណោះ ចេះតែនឹកថា បើខ្មោចលង មិនដឹងចេញយ៉ាងម៉េចឱ្យលឿងទេ? អ្ហេ! ដល់ពិបាកចិត្តពេក ដូចភ្លេចខ្លាចខ្មោចដែរ ព្រោះអាងលេសថា បើខ្មោចចេញមកលង ចង់សួរខ្មោចឱ្យជួយដោះស្រាយវិបត្តិផ្លូវចិត្តឱ្យមើល៍ គិតថាបើខ្មោចមិនឆ្លាតប្រាកដជាមិនហ៊ានចេញមុខមកលងទេ… ហាស ហា…

និយាយសាច់ការវិញ គឺខ្ញុំពិតជាត្រូវលាមែន! មិនដឹងថា តើថ្ងៃណាអាចជួបគ្នាវិញនោះទេ… និយាយឱ្យស្រណោះតិចចុះ តែធាតុពិតត្រូវតែមកធ្វើការវិញ ខ្លាចក្រុមហ៊ុនដេញចោល… កំពុងតែមានអនាគតផង អ្នកណាព្រមចាកចេញដោយស្ងាត់ៗ? គឺខ្ញុំទៅ បុណ្យកថិន យាយនៅស្រុកកំណើតខ្ញុំ ហើយនឹងត្រឡប់មកអុំទូកនៅ ភ្នំពេញ វិញ… (និយាយដូចខ្លួនឯងចេះអុំទូកអ៊ីចឹងណា!) ហ៊ើយ! កាលពីមុនគិតថាដើរលេងបុណ្យ អុំទូក ឥឡូវដឹងមានអារម្មណ៍ដើរទៀតអត់ទេ… តែយ៉ាងណាអាចទៅជួយការងារវិទ្យុបាន គឺធ្វើការងារបំបាត់ទុក្ខ… អូហ៍! ភ្លេចប្រាប់! មិញទៅមើលកុន រឿងនេសាទក្រពើ មើលជាមួយពួកម៉ាកជាច្រើននាក់ មិនដឹងហៅពួកម៉ាក ឬត្រូវហៅមិត្តភក្តិទេ… តែកុំទៅខ្វល់ យ៉ាងណាបានតែមើលកុន គ្មានបាននិយាយស្ដីរកគ្នាអីផង!

លារៀងរហូត នេះ ជាទំនុកច្រៀងដែលខ្ញុំទើបតែសរសេរហើយ គឺបែបបទខ្មែរយើងតែម្ដង បទភ្លេងតែងដោយ សុខ រក្សា សម្រួលតន្រ្ដីដោយ លោកគ្រូ ញ៉ូង សារិន ហើយមេធំចូលចិត្តណាស់ចង្វាក់បែបនេះ ហើយខ្ញុំនេះក៏ចូលចិត្តដែរ ប៉ុន្តែអត់ទាន់ដឹងថាត្រូវធ្លាក់ទៅលើអ្នកចម្រៀងម្នាក់ណាទេ!

បទនេះគឺនិយាយពីការលះបង់របស់បុរសម្នាក់ ដោយសារគេដឹងថា ខ្លួនឯងមិនសមនឹងនារីដែលខ្លួនស្រលាញ់ ទោះបីជាដឹងថានាងស្រលាញ់គេប៉ុណ្ណាហើយហ្នឹងណា៎!… និយាយឱ្យត្រង់ បើកុំតែខ្លួនឯងជាអ្នកនិពន្ធ កុំអីបញ្ចេះឱ្យពួកគេពង្រត់គ្នាបាត់… ក្នុងលោកនេះមានអីធំជាងស្នេហាពិតទៀត បើស្រលាញ់ពិត ចាំបាច់គិតអីច្រើនទេ!

 

លារៀងរហូត

អានសំបុត្រនេះ គឺបងបានឃ្លាតឆ្ងាយហើយ សូមលាត្រាណត្រើយ អូនអ្ហើយនៅឱ្យបានសុខ កុំយំនួនល្អង បងលាត្រឡប់ទៅស្រុក លាក្រុងលាទៅរកសុខ ជួយពុកជួយម៉ែធ្វើស្រែ។

ទីក្រុងសែនធំ មិនសក្តិសមនឹងបងទេ ដូចរូបមាសមេ បុព្វេមិនឱ្យបងស្នេហ៍ យើងខុសគ្នាឆ្ងាយ ប្រៀបដូចទីក្រុងនឹងស្រែ ទោះបីបំពានចង់ក្បែរ ត្រឹមតែបន្តបញ្ហា។

អូនកុំនឹកបងឡើយ លាហើយលារៀងរហូត លែងឃើញទឹកមុខស្លូតបូត ធ្លាប់តែផ្ដល់ក្ដីមេត្តា អរគុណគ្រប់យ៉ាង កល្យាណបន្ទាបវាសនា គ្រប់គ្នាមាក់ងាយដៀលថា ក៏អូននៅតែស្រលាញ់រូបបង។

ពីថ្ងៃនេះទៅ ពៅអើយយើងលែងឃើញមុខ សូមអូនបានសុខ ឈប់កើតទុក្ខណានួនល្អង បំភ្លេចបងចុះ កុំស្រណោះរឿងកន្លង ថែសុខភាពខ្លួនឯងផង បងលា លារៀងរហូត…

ភ្លេង » សុខ រក្សា​សម្រួលតន្ត្រី » ញ៉ូង សារិន​អត្ថបទចម្រៀង » សុខ ចាន់ផល 

 

ឆ្ងល់ម្នាក់ហ្នឹងដូចខ្ញុំទេ? ដាច់ចិត្តលាមនុស្សដែលខ្លួនឯងស្រលាញ់ជារៀងរហូត ស្មានតែរកមនុស្សល្អដូចមនុស្សស្រីម្នាក់ហ្នឹងបានទៀតអ្ហេះ? បើស្ដាប់ប្រុសហ្នឹងរៀបរាប់វិញ គឺនារីម្នាក់ហ្នឹងល្អមែនទែន ព្រមបន្ទាបខ្លួនមកស្រលាញ់មនុស្សមិនបានការដូចជាគេ ហើយ… គេបែបស្មានថានាងអាចរស់នៅបានសុខដោយគ្មានរូបគេហើយមើលទៅ! ហ៊ើយ! ស្មានតែងាយណាស់អេះ? រកបានមនុស្សម្នាក់ដែលខ្លួនស្រលាញ់ហើយ គេក៏ស្រលាញ់ខ្លួនដូចគ្នាទៀត… ដូចខ្ញុំអ៊ីចឹង ចង់បានចង់ងាប់នៅតែមិនបាន មានតែអារឿងស្រលាញ់តែម្ខាងហ្នឹង ខ្ញុំស្រលាញ់ម្នាក់នេះ ម្នាក់នោះបែរជាមកស្រលាញ់ខ្ញុំ… អ៊ីចឹងបានខ្ញុំចង់ឱ្យយោបល់ទៅបុរសម្នាក់នោះថា បើតស៊ូអស់លទ្ធភាពហើយ មិនបានសម្រេចទៀត ពង្រត់គ្នាទៅ ទៅនៅស្រែទាំងពីរនាក់ទៅ ទៅធ្វើស្រែបានស្រូវ ផ្ញើមកម៉ែឱវិញទៅ បើចង់ធ្វើកូនកត្តញ្ញូ! ប្រាប់មួយទៀត! បទហ្នឹងគឺជាសំបុត្រសុទ្ធសាធ គ្រាន់តែអត់ដាក់កាលបរិច្ឆេទប៉ុណ្ណោះ ហើយចំណងដើមរបស់ខ្ញុំ គឺសំបុត្រ តែមេអត់ស្រលាញ់ក៏ប្ដូរទៅ! អត់នៅតាប៉ែទៀតទេ លាសិនហើយ!

Advertisements

Entry filed under: ចម្រៀង.

គិត…ដើម្បីឈប់គិត រស់ព្រោះអនុស្សាវរីយ៍

16 មតិ Add your own

  • 1. សុវុឌ្ឍី  |  ខែតុលា 29, 2009 ម៉ោង 12:57 ល្ងាច

    យីខ្ញុំ ស្មានតែបងអែងលារហូត ហេហេ

    ឆ្លើយតប
  • 3. សុភា  |  ខែតុលា 29, 2009 ម៉ោង 4:32 ល្ងាច

    កាលណាចេញ ចង់ស្តាប់ដល់ហើយ។ អត្ថន៍យខ្ញុំចូលចិត្ត។ តែគិតទៅប្រុសណឹងអត់មេត្តាសោះណ

    ឆ្លើយតប
    • 4. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 10:25 ព្រឹក

      បទនេះគឺបែបបទខ្មែរយើងសុទ្ធសាធ! ប្រុសណឹងអត់មេត្តា កុំទៅខ្វល់ ជាចិត្តរបស់គេទេ!

      ឆ្លើយតប
  • 5. rainbowpig  |  ខែតុលា 29, 2009 ម៉ោង 9:21 ល្ងាច

    បទនេះមានន័យណាស់តើ។ ពិរោះណាស់ហើយមើលទៅ។ នេះកំពុងតែរង់ចាំស្តាប់ហើយ។ ពេលចេញភ្លាម ដាក់ចែកបងស្តាប់ផងណា។

    និយាយពីរឿងស្នេហា មិនមែនបានន័យថា ពង្រត់គ្នាហើយ នឹងនៅសុខទេ។ ចិត្តមនុស្សប្រែប្រួលតាមពេលវេលា និងបរិដ្ឋានរស់នៅ។ បើពង្រត់គ្នាហើយ ទៅកំសត់កំរ អត់អីបរិភោគ ចុះឡើងក៏ឈ្លោះគ្នា រឺក៏មិនស្រួលនោះ ស្រីត្រូវលះបង់ខ្លួនទៅលក់ខ្លួន ដើម្បីរកលុយមកចិញ្ចឹមសង្សារសំណព្វ រឺក៏បុរសត្រូវលក់ឈាមរបស់ខ្លួន ដើម្បីរកលុយមកចិញ្ចឹមគ្រួសារ។ ទីបំផុត តោកយ៉ាកទាំងអស់គ្នា។ មិនស្រួលប៉ុន្មានទេ។ ប្រសិនបើប្រុសមានចំណេះបន្តិច ស្រ្តីមានចំណេះបន្តិច ប្រហែលជាអាចរកការងារផ្សេងក្រៅពីធ្វើស្រែ រឺលក់ខ្លួនបាន ព្រោះស្រុកយើងធ្វើស្រែមិនសូវចំណេញទេ បើតាមតែធម្មជាតិបែបនេះនោះ។

    ឆ្លើយតប
    • 6. Chanphal  |  ខែវិច្ឆិកា 5, 2009 ម៉ោង 4:56 ព្រឹក

      ទើបតែប្រជុំរើសអ្នកចម្រៀងជាមួយមេធំ និងលោក ស៊ុំ សារឿន ហើយបទនេះគឺនឹងច្រៀងដោយ ណុប បាយ៉ារិទ្ធ។
      យោបល់បងត្រូវណាស់ ឥឡូវខ្ញុំយល់ច្រើន គឺរឿងមនោសញ្ចេតនា កុំយកមនោសញ្ចេតនាមកដោះស្រាយ… ប៉ុន្តែឬក៏ត្រូវធ្វើដូចអត្ថន័យចម្រៀងនេះមែន? ហេតុអ្វីក៏យើងមិនអាចជឿជាក់នរណាម្នាក់ ថាគេនឹងស្រលាញ់យើងជារៀងរហូត? ឈឺក្បាល!

      ឆ្លើយតប
      • 7. Navy  |  ខែមករា 1, 2010 ម៉ោង 4:48 ព្រឹក

        Too bad that HM don’t give this song to Reach. I hardly like Rith’s voice. I know he has a good voice, but not my type. Cann’t blame me ’cause I’m not his fans.

  • 8. ផ្កាយNovels  |  ខែតុលា 31, 2009 ម៉ោង 5:09 ព្រឹក

    ហេតុ​អី​​ត្រូវ​ឆ្ងល់?
    តែ​ខ្ញុំ​យល់ចិត្ត​ម្នាក់​ហ្នឹង​ជាង! គេ​ដឹង​ថា​នាង​ស្រឡាញ់​គេ​ប៉ុណ្ណា ហើយ​គេ​ក៏​ដឹង​​ថា​ខ្លួន​ឯង​ក៏​ត្រូវ​ឈឺ​ចាប់​មិន​ធម្មតា​ដែរ… តែ​​​គេ​​​ក៏​មិន​អាច​​រស់​នៅ​ដោយ​មាន​សេ​ច​ក្តី​សុខ​បាន​ដែរ​ បើ​កាល​ណា​ខ្លួន​ឯង​គ្មាន​អ្វី​បន្តិច​នៅ​ក្នុង​ខ្លួន… រូប​សម្បត្តិ ឋានៈកិត្តិយស… គេ​គ្មាន​​អ្វី​សម្រាប់​នាង​បន្តិច​សោះ តើ​គេ​មាន​សេចក្តី​សុខ​ឬ​ បើ​ខ្លួន​ឯង​ជា​ប្រុស​តែ​គ្មាន​អ្វី​សម្រាប់​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់? កាន់​តែ​ដឹង​ថា​មនុស្ស​ស្រី​ម្នាក់​ហ្នឹង​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា គេ​កាន់​តែ​ព្យាយាម​ចាក​ចេញ​ពី​នាង​ប៉ុណ្ណោះ!!

    ឆ្លើយតប
    • 9. Chanphal  |  ខែវិច្ឆិកា 5, 2009 ម៉ោង 5:17 ព្រឹក

      នៅតែអត់យល់ ព្រោះអត់ធ្លាប់ជួប គ្រាន់តែដឹងថា ស្រលាញ់មនុស្សម្នាក់ឥតមានហេតុផល… ខ្ញុំអ៊ីចឹង តែបើខ្ញុំស្រលាញ់ប៉ះអ្នកមានហេតុផលច្រើនដូចផ្កាយអ៊ីចឹង ប្រហែលត្រូវដេកយំរាល់យប់ហើយ… ដូចបងជ្រូកនិយាយអ៊ីចឹង ទៅថ្ងៃមុខយើងមើលមិនឃើញ តែធាតុពិតគ្រប់យ៉ាងគង់តែទទេស្អាត ហេតុអ្វីក៏មិនជ្រើសរើសរស់នៅក្បែរមនុស្សដែលខ្លួនស្រលាញ់ នៅដង្ហើមចុងក្រោយ?

      ឆ្លើយតប
  • 10. vankhea  |  ខែវិច្ឆិកា 1, 2009 ម៉ោង 2:04 ល្ងាច

    រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

    ឆ្លើយតប
    • 11. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 10:23 ព្រឹក

      🙂 ភ្លេចអរគុណ… អរគុណច្រើនណ៎ា! ខ្ញុំដឹងថា ឃា កំពុងរៀននៅប្រទេសវៀតណាម ហេតុនេះកុំមានអារម្មណ៌ឯកោអីណា ទីណាក៏យើងអាចជួបជនជាតិខ្មែរយើងដែរ។

      ឆ្លើយតប
  • 12. វឌ្ឍនា  |  ខែវិច្ឆិកា 5, 2009 ម៉ោង 12:42 ល្ងាច

    ស្នេហាសម័យឥលូវនេះមិនមែនដូចសម័យបុរាណ គ្មាននរណាទទួលស្គាល់ពង្រត់គ្នាទៅនៅព្រៃភ្នំ ញ៉ាំផ្លែឈើ បាញ់សត្វ ចិញ្ចឹមជីវិតបានឯណា!

    ស្នេហាសម័យនេះ មិនមែនស្តាប់បេះដូងតែម្ខាងនោះទេ ខួរបក្បាល និង តំរូវការជុំវិញខ្លួនជាការចាំបាច់ដែរ។ នរណាម្នាក់ដែលមិនយកស្នេហា ប្តូរនិងតំរូវការខ្លួនឯង… ស្រលាញ់គេព្រោះគេធ្វើអោយយើងសប្បាយចិត្ត នៅក្បែរគេយើងបានសប្បាយ សាកតែនៅក្បែរមិនបានក្តីសុខមើល ស្អែកស្រលាញ់ទៀតហើយ។

    ខ្ញុំក៏ជាមនុស្សស្រលាញ់គេអត់ហេតុផល ហើយចិត្តដាច់ហ៊ានប្រថុយ ហ៊ានស្រលាញ់ ហ៊ានឈឺចាប់ ហ៊ានដើរចេញ ហ៊ានដេកយំផ្អូម ខ្នើយនឹងគេដែរ… តែបើប្រុសម្នាក់នោះអត់ចំណេះ អត់លុយ អត់មានចិត្ត ចរឹតក៏យ៉ាប់ និង រូបរាងអាក្រក់ជាងខ្ញុំមើល ចាំតែខ្ញុំស្រលាញ់តើ! ហាហាហា ស្តាប់ទៅដូចខ្ញុំនឹងសម្លឹងរកតែគុណសម្បត្តិម៉ង! គ្មាននរណាចង់បាន មនុស្សពោរពេញដោយគុណវិបត្តិមកធ្វើជាគូទេ មិនថាអញ្ចឹង?

    ឆ្លើយតប
    • 13. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 2:01 ព្រឹក

      ខ្ញុំក៏ធ្លាប់គិតដូចកថាខណ្ឌទី៣របស់វឌ្ឍនាដែរ ស្រលាញ់អ្នកណាម្នាក់ ខ្ញុំគិតថាគ្រាន់តែជារឿងតាំងចិត្តស្រលាញ់ ឃើញអ្នកណាក៏មើលក៏ប្រៀបធៀប អ្នកណាល្អជាងស្រលាញ់អ្នកហ្នឹង… តែ… ធ្លាប់ស្ដាប់ចម្រៀង សុខ ពិសី ច្រៀងថា ស្រលាញ់បងពិបាកម្ល៉េះ តែដល់ពេលនេះនៅស្នេហ៍ពុំងា… ពិតជាមានមនុស្សបែបនេះមែនណ៎ា!

      ឆ្លើយតប
  • 14. សុភា  |  ខែវិច្ឆិកា 6, 2009 ម៉ោង 5:40 ល្ងាច

    អួស្មុគស្មាញណាស់

    ឆ្លើយតប
  • 15. LoveTruth  |  ខែមករា 8, 2010 ម៉ោង 5:00 ព្រឹក

    ស្នេហា ស្នុគស្មាញមែន !!!

    ឆ្លើយតប
  • 16. dhruv  |  ខែធ្នូ 22, 2010 ម៉ោង 10:50 ល្ងាច

    ពេលណាចេញលក់បង ១ឆ្នាំជាងហើយណាបង បទ លារៀងរហូត អរគុណដែលអូនស្រលាញ់បង និង​ ២បទ ស្រីពេជ្រ យូរម្ល៉េះបង?ខ្ញុំចង់ស្ដាប់ណាស់

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: