CD & VCD ដំបូង

ខែតុលា 24, 2009 at 10:56 ព្រឹក មតិ 18

ដំបូងចំពោះខ្ញុំ! 🙂 ពិសេសណាស់! មិននឹកស្មានថាសមត្ថភាពប៉ុនខ្ញុំអាចមានស្នាដៃនៅលើទីផ្សារ CD & VCD ដែរ ហើយមិនតែប៉ុណ្ណោះ ចំណងជើងចម្រៀងដំបូងរបស់ខ្ញុំទាំង២បទ ត្រូវបានគេសរសេរដាក់លើក្រប CD & VCD ទាំងពីរបទទៀត ដូចខ្លាចច្រណែនគ្នា (មើលចំណងជើងលើក្របមើល៍ នឹងឃើញហើយ!)។ CD vol.386 មានទំនុកច្រៀងខ្ញុំតែពីរបទទេ តែនៅលេខរៀងទី១ ទី២ រីឯ VCD vol.101 ក៏ដូចគ្នា… គិតទៅសប្បាយចិត្តដល់ហើយ!

CD & VCD ដែលមានអត្ថបទចម្រៀងរបស់ខ្ញុំទី១ នៅក្នុងលោក

My 1st CD

បទ «មេឃបុប្ផា» តែងសម្រិតសម្រាំង បកស្រាយពីដំណើរភ្លៀងធ្លាក់យ៉ាងផ្ចិតផ្ចង់ ដោយប្រើរចនាបថ ពពក នាំមុខឃ្លា តែដល់ចេញលក់បែរជាល្បីចាញ់បទ «ឈាមពេជ្រ»

My 1st VCD

មេឃបុប្ផា

ពពករសាត់ ព្រះពាយផាយផាត់ជ្រែកមេឃមីរ មៀងមើលអនុស្សាវរីយ៍ ស្រែស្រូវទក់ទីបាត់ឆោមឆាយ លលកបូលទួញ សំណោកទំនួញយំទួញបោកកាយ ឱ!ស្រែស្នេហាអ្នកជិនណាយ សន្យារសាយ បាត់ស្រែ បាត់ស្រែ។

ពពកពណ៌ខ្មៅ អតីតដិតដៅកម្លៅកម្ម កំណាចកំណត់កប់បណ្ដាំ ខ្ចាត់ភ្លៀងដើមឆ្នាំស្រង់ក្លិនម្អមស្រែ ស្រស់ស្រីស្រងាំ ស្រងោចចុងឆ្នាំភ្លៀងភ្លេចគេចកែ វាលបែកក្រហែងចំបែងក្បែរ ត្នោតទេរថែស្រែ មិនគួរអូនកាប់។

បេះដូងអួលទុក្ខស្រែកប្រាប់មេឃទ្វារ សូមមេឃបុប្ផាបង្អុរហៅផ្កាម្អមស្រែឱ្យស្ដាប់ ប្រាប់អូនៗៗ ភ្លៀងធ្លាក់ហើយ សូមស្ងួនប្រញាប់ វិលមករកស្រែដែលជិតស្លាប់ រ៉ាយរ៉ាប់ដូចបៀមអគ្គី។

ពពកបោលបោក គ្រាប់ភ្លៀងយោលយោគទុក្ខកាន់ស្លែ ដើមគឈរធ្មឹងព្រោះបាត់ស្នេហ៍ ក្អាត់យំអែៗអង្វរមាណវី បងត្រាច់ហាលភ្លៀង ខំស្រែខំច្រៀងហៅនារី បេះដូងផុងលង់ធរណី ភ្លៀងលិចទួលទីអនុសារហើយ។

បងត្រាច់ហាលភ្លៀង ខំស្រែខំច្រៀងហៅនារី បេះដូងផុងលង់ធរណី អនុស្សាវរីយ៍ភ្លៀងលិចបាត់ហើយ។

ឈាមពេជ្រ

គយគន់ដួងខែ នឹកស្រែនឹកស្រុកកំណើត យប់ដប់ប្រាំកើត សង្វេគគិតដល់មាតា ក្រោមមេឃតែមួយ កូនព្រួយខ្លាចម៉ែឯកា ម៉ែនឿយយ៉ាងណា ស្រីង៉ាប្អូនថែម៉ែទេ?

សំបុកឥតបា លោកាកូនមានតែម៉ែ ម៉ែគឺដួងខែ រះក្បែររូបកូនទាំងទ្វេ ផ្ទះខ្ទមកម្សត់កត់បទម៉ែច្រៀងបំពេ ម៉ែលក់ស្រែកេរឱ្យកូនបន្តសិក្សា។

វិថីវែងឆ្ងាយ ឈាមម្ដាយក្លាយជាទឹកប៊ិក ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែវាសនា ទោះព្យុះបោកខ្លាំង ម៉ែបាំងប្រឆាំងទេវតា ម៉ែប្រាប់កូនថា កូនប្រុសសម្លឹងឱ្យឆ្ងាយ។

សកលវិទ្យាល័យ និស្ស័យនិស្សិតនៅវត្ត មើលខ្លួនចិត្តឃាត់ ឃុំឃាំងបេះដូងក្នុងកាយ តស៊ូប្រាំឆ្នាំ ចងចាំបណ្ដាំអ្នកម្ដាយ បរិញ្ញានៅឆ្ងាយ ខ្ញុំត្រូវខ្វល់ខ្វាយសិក្សា។

វិថីវែងឆ្ងាយ ឈាមម្ដាយក្លាយជាទឹកប៊ិក ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែវាសនា ទោះព្យុះបោកខ្លាំង ម៉ែបាំងប្រឆាំងទេវតា កូនតាំងចិត្តថា យកបរិញ្ញាជូនម៉ែ។

ឱ!ក្ដីបំណង ម៉ែប៉ងក្លាយជាការពិត រនោចជីវិតផ្លាស់ខ្នើតព្រោះមានព្រះខែ កូនក្លាយជាគ្រូ កូនវិលទៅភូមិជួបម៉ែ វិលជាមួយស្នេហ៍ ដែលកូនថែចិត្តជាយូរ ទៅអភិវឌ្ឍវិស័យអប់រំស្រុកស្រែ វិលជាមួយស្នេហ៍ ទៅថែអ្នកម៉ែមានគុណ…

My name on the first Album CD

ឈ្មោះខ្ញុំនៅខាងចុងគេបង្អស់ តែក៏នៅតែជាទីតាំងល្អ ព្រោះឃើញច្បាស់ជាងគេ!

ខាងក្រោមនេះគឺចំណងជើងអត្ថបទចម្រៀងមនោសញ្ចេតនា ១០ បទ របស់ខ្ញុំ៖

១-មេឃបុប្ផា ទួញសោកពីស្នេហាឃ្លាតឆ្ងាយ នៅវាលស្រែក្រោមភ្លៀង (ព្រាប សុវត្ថិ)

២-ឈាមពេជ្រ រំលេចពីខ្សែជីវិតតស៊ូ នៃគ្រួសារស្រ្ដីមេមាយម្នាក់ (ឆន សុវណ្ណរាជ)

៣-បាត់គូដណ្ដឹង មកភ្នំពេញដើររកគូដណ្ដឹងឱ្យត្រឡប់ទៅស្រុកវិញ (ព្រាប សុវត្ថិ)

៤-ហេតុអ្វីស្គាល់បង? សួរនារីម្នាក់នោះថាហេតុអ្វីក៏មកស្គាល់គាត់? (ព្រាប សុវត្ថិ)

៥-រនោចខ្លោចចិត្ត ជាយប់មួយនៃវិប្បដិសារី ជួបគ្នាពេលខ្លី តែបែកគ្នាមួយជីវិត (ព្រាប សុវត្ថិ)

៦-រើសផ្លូវបញ្ចប់ស្នេហ៍ ក្លាហានក្នុងការសម្រេចចិត្ត ចាកចេញពីផ្លូវស្នេហាដ៏ស្មុគស្មាញ (ឈិត សុវណ្ណបញ្ញា)

៧-កុំប្រញាប់ប្រាប់ថាស្រលាញ់ ចង់ឱ្យនាងគិតឱ្យច្បាស់មុននឹងនិយាយថាស្រលាញ់ (ឆន សុវណ្ណរាជ)

៨-គឺអូនមែនទេ? ឆ្ងល់ពេកក៏ច្រៀង ព្រោះម្នាក់នោះមិនប្រាប់ថាស្រលាញ់អ្នកណាសោះ (ឈិត សុវណ្ណបញ្ញា)

៩-លះបង់ឱ្យអ្នកទីបី ព្រោះស្នេហាពួកគេមិនអាចសម្រេចដោយពួកគេបាន (សុវត្ថិ & កញ្ញា)

១០-យើងពីរនាក់ស្រលាញ់គ្នាបានទេ? បបួលគ្នាសាងស្នេហា (សុវណ្ណរាជ & កញ្ញា)

ដល់ស្ដាប់ចម្រៀងទាំងនេះទៅ ក៏ចាប់អារម្មណ៍ថា អត់មាននិយាយរឿងប្រុសក្បត់ស្រី ស្រីក្បត់ប្រុស អីសោះ! មែនហើយ ព្រោះខ្ញុំមិនចូលចិត្តមនុស្សក្បត់ ហេតុនេះបើចៀសបាន ខ្ញុំអត់សរសេរពីមនុស្សក្បត់ទេ។ ខ្ញុំពេញចិត្តអ៊ីចឹង! បើទោះជាមិនសូវល្បី ក៏បានប្លែកគេដែរតើ!

Advertisements

Entry filed under: ចម្រៀង.

ដូចត្រូវតែក្អកចៀសមិនរួច! គិត…ដើម្បីឈប់គិត

18 មតិ Add your own

  • 1. សុភា  |  ខែតុលា 24, 2009 ម៉ោង 11:48 ព្រឹក

    ឈាមពេជ្រទទូលចំណាប់អារម្មណ៏ច្រើន ព្រោះបទនេះ​បាន​បកស្រាយ​ពីជីវិតពិត​មួយ។ ខ្ញុំ​រួម​នឹង​មិត្តភក្តផ្សេងទៀតទទូលស្គាល់​ថាល្អទាំងអត្ថន័យ​នឹង​ទំនុកច្រឿង។ សំរាប់បទមេឃបុប្ផាក៏មិនអត់ដែរ ព្រោះបានរាបរាប់ពី​សំណោកស្នេហា នៅវាលស្រែក្រោមភ្លៀងធ្លាក់។ ក៏ប៉ុន្តែស្នេហាដែលមានចំពោះម្តាយក្នុងបទឈាមពេជ្រ ប្រហែល​ជាវាធំធេងជាស្នេហាក្នុងបទមេឃបុប្ផា។

    ឆ្លើយតប
  • 2. សុភា  |  ខែតុលា 24, 2009 ម៉ោង 11:52 ព្រឹក

    ខ្ញុំ​និងមិត្តភក្តិផ្សេងទៀតក៏សង្ឃឹមថានិង​បាន​ស្តាប់បទចំរៀងដែលជាស្នាដៃនិពន្ធរបស់ខ្មែរពិតៗ មានរស់ជាតិជាខ្មែរ បង្ហាញពីខ្មែរ សំរាប់អួតទៅមិត្ត​ភក្តិ​ផ្សេងៗទៀតដែលគេមិនបានស្គាល់ពីខ្មែរ។ ឩទាហរណ៏បទឈាមពេជ្រ គេវាបានបង្ហាញផ្នែកមួយនៃជិវិតរបស់​និសិត្សខ្មែរមួយភាគ (បើមិនតូចក៏ធំដែរ)

    ឆ្លើយតប
    • 3. Chanphal  |  ខែតុលា 26, 2009 ម៉ោង 5:51 ព្រឹក

      អរគុណ សុភា ដែលប្រាប់ខ្ញុំពីរឿងនេះ។ ខ្ញុំមួយរយៈនេះក៏ចាប់ផ្ដើមស្រលាញ់សម្ផស្សនៃចម្រៀងខ្មែរខ្លាំងដែរ ពិសេសពេលស្ដាប់ចម្រៀងពីអតីតកាល។ យល់ថាជាតិខ្មែរយើងមានអត្តសញ្ញាណសិល្បៈពិសេសណាស់ មិនល្អលើសគេ ក៏យើងមានរបស់ខ្លួនឯងដែរ។

      ឆ្លើយតប
  • 4. Joe  |  ខែតុលា 24, 2009 ម៉ោង 11:49 ល្ងាច

    I love all your songs. You are a GREAT writer.

    ឆ្លើយតប
  • 5. The Cambodia  |  ខែតុលា 25, 2009 ម៉ោង 12:23 ព្រឹក

    Your writing is quit good!

    ឆ្លើយតប
  • 6. peehs07  |  ខែតុលា 25, 2009 ម៉ោង 8:38 ព្រឹក

    សូមអញ្ជើញ បញ្ចេញមតិយោបល់ អំពីករណីយ៍ លោកស្រីមួរ សុខ ហួរ និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប៉ុសខ្ញុំ

    http://kapsystem.wordpress.com

    ខ្ញុំបញ្ចេញមតិរួចហើយ!

    ឆ្លើយតប
  • 7. បាត់ដំបង  |  ខែតុលា 25, 2009 ម៉ោង 2:08 ល្ងាច

    អូហ បទថ្មីនៅ ៣៩៧ហ្នឹងបទ របស់​ចាន់ផលទេ? ខ្ញុំពេញចិត្តបទ សុំស្រលាញ់បានទេ? ព្រោះបទហ្នឹងពិរោះតើ។ ហើយបទ លះបង់អោយអ្នកទី បី។ ចុះបទ Want Cha! អ្នកណាគេនិពន្ធដែរ?

    ឆ្លើយតប
    • 8. Chanphal  |  ខែតុលា 26, 2009 ម៉ោង 5:44 ព្រឹក

      Want Cha! និពន្ធទំនុកច្រៀងដោយ កញ្ញា ច័ន្ទ មល្លិកា។

      ឆ្លើយតប
  • 9. cambomaths  |  ខែតុលា 26, 2009 ម៉ោង 2:03 ព្រឹក

    អស្ចារ្យមែន​ ចាន់​ផល!

    ឆ្លើយតប
  • 10. រដ្ឋ  |  ខែតុលា 28, 2009 ម៉ោង 2:11 ព្រឹក

    និយាយ​ទៅ​និយាយ​ម៉ោ តា​នេះ​ចង់​តែ​ល្បី ហាហា បាន​គេ​សរសេរ​ឈ្មោះ​ឲ្យ​ឃើញ​ច្បាស់​ និយាយ​ពី​អួត ៩ ។

    ឆ្លើយតប
    • 11. Chanphal  |  ខែតុលា 28, 2009 ម៉ោង 2:20 ព្រឹក

      😀 ឌឺ ៩ ! 🙂

      ឆ្លើយតប
      • 12. Chanphal  |  ខែតុលា 28, 2009 ម៉ោង 6:11 ព្រឹក

        អត់ទេ ឌឺ ១០​:D

  • 13. Chanphal  |  ខែតុលា 28, 2009 ម៉ោង 2:37 ព្រឹក

    អរគុណគ្រប់គ្នាដែលចូលចិត្តទំនុកច្រៀងរបស់ខ្ញុំ និងក៏អរគុណមិត្តល្អៗរបស់ខ្ញុំ ដែលពួកគេបានគាំទ្រខ្ញុំ និងជួយខ្ញុំ… ទំនុកច្រៀងខាងលើនេះគឺមានចំណែកជួយពីមិត្តភក្តិប៉ុន្មាននាក់ ដែលខ្ញុំសូមរៀបរាប់ឈ្មោះពួកគេនៅទីនេះ៖​រចនា អាចម៍ផ្កាយ និមល អ៊ែ រជ្ជនី… និងច្រើននាក់ទៀត ដែលពួកគេតែងតែប្រាប់សាច់រឿងល្អៗដល់ខ្ញុំ… រើសផ្លូវបញ្ចប់ស្នេហ៍ ពី អាចម៍ផ្កាយ កុំប្រញាប់ប្រាប់ថាស្រលាញ់ ពី រចនា គឺអូនមែនទេ? ជារឿងពិតរបស់ អ៊ែ ឯ យើងពីរនាក់ស្រលាញ់គ្នាបានទេ គឺជាចំណងជើងពី និមល។​អរគុណគ្រប់គ្នាណា៎! 🙂

    ឆ្លើយតប
  • 14. rainbowpig  |  ខែតុលា 29, 2009 ម៉ោង 1:14 ព្រឹក

    បងសង្ឃឹមថា នឹងបានឃើញបទនិពន្ធថ្មីៗរបស់ប្អូនបន្តទៀត។ សូមអបអរសាទផងណា។

    ឆ្លើយតប
  • 15. ផ្កាយNovels  |  ខែតុលា 29, 2009 ម៉ោង 8:54 ព្រឹក

    ចង់​ស្តាប់​បទ​ «កុំ​ប្រញាប់​ប្រាប់​ថាស្រឡាញ់» រក​ឯណា​មាន?

    ឆ្លើយតប
  • 16. rainbowpig  |  ខែតុលា 29, 2009 ម៉ោង 9:30 ល្ងាច

    នៅក្រៅប្រទេស ជនជាតិខ្មែរភាគច្រើន ចូលចិត្តស្តាប់បទ ដែលជាតិនិយមបន្តិច ហើយពួកគេប្រឹងរៀនច្រៀងតាម ព្រោះពួកគេចង់ច្រៀងបង្អួតពួកបរទេស។

    អូនធ្លាប់ស្តាប់បទ មោទនភាពជាតិខ្មែរ ទេ?

    ពិរោះ ហើយការថតវីដេអូនោះ ក៏ស្អាតដែរ។

    ឆ្លើយតប
    • 17. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 2:08 ព្រឹក

      មោទនភាពជាតិខ្មែរ ខ្ញុំធ្លាប់ស្ដាប់ធ្លាប់មើលតើបង ខ្ញុំក៏ចូលចិត្តបទជាតិនិយមដែរ ពិសេសគឺបទជីវិត។ នៅហង្សមាសក៏មានបទ ក្លិនផ្កាព្រះវិហារ ខ្ញុំចូលចិត្តបទនេះណាស់ ទាំងចម្រៀង និងរូបភាព ។ បើមានឱកាសខ្ញុំនឹងសរសេរស្នាដៃបែបជាតិនិយម និងពីជីវិត ឱ្យបានច្រើន។

      ឆ្លើយតប
  • 18. វឌ្ឍនា  |  ខែវិច្ឆិកា 10, 2009 ម៉ោង 7:53 ល្ងាច

    ខ្ញុំចូលចិត្តបទ រើសផ្លូវបញ្ចប់ស្នេហ៍ ជាងគេ…
    ជួបស្នេហាជំពាក់ជំពិនអញ្ចឹងចាំអង្កាលចាំដាក់មេប្រូច…

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: