ស្នេហាសុភាពបុរស

ខែតុលា 10, 2009 at 2:08 ព្រឹក មតិ 27

Gentleman's Love

ស្នេហាសុភាពបុរស

នេះជាសៀវភៅប្រលោមលោកទី១ របស់ខ្ញុំ ដែលបានបោះពុម្ព។ អ៊ីចឹងបានដាក់លេខ១ នៅលើក្រប? មិនមែនទេ! លេខ១ នេះគឺភាគ១ ហើយក៏មិនមែនមានន័យថា រឿងនេះជាប់រង្វាន់លេខ១ អីដែរ។ ស្នាដៃ១ នេះក៏មិនមែនជាស្នាដៃប្រលោមលោកទី១ របស់ខ្ញុំដែរ ដោយមុនរឿង១ នេះខ្ញុំសរសេរបានបីរឿងហើយ តែចូលចិត្តរឿងនេះជាងគេ ក៏បោះពុម្ពមុនគេ ហើយទីបំផុតខ្ញុំក៏អាចរកឃើញអ្នកចូលចិត្តអានរឿងនេះបានជាច្រើននាក់។ សូមអរគុណចំពោះអ្នកអានរបស់ខ្ញុំ!

ថ្ងៃនេះខ្ញុំសូមដាក់វគ្គទី២៥ នៃរឿងនេះ នៅក្នុងប្លក់នេះ ដែលវគ្គនេះខ្ញុំចូលចិត្តជាងគេ និងក៏ជាវគ្គចុងក្រោយនៃសៀវភៅទី១ នេះដែរ។ ខ្ញុំសរសេរសាមញ្ញៗទេ អត់ប្រើឃ្លោងឃ្លាឱ្យអ្នកអានពិបាកយល់ឡើយ ហើយបើចូលចិត្តប្រាប់ខ្ញុំ១ ម៉ាត់មក៍ តែបើមិនចូលចិត្តក៏…….ប្រាប់ដែរមក៍! អត់អីទេ! ខ្ញុំអាចទទួលបាន!

 

២៥

នៅក្នុងបន្ទប់ដ៏ងងឹត និងស្ងាត់ជ្រងំ ខ្ញុំដេកសន្ធឹងដៃជើង គិតថា តើនៅថ្ងៃស្អែក ខានស្អែក ខានស្អែកមួយ… ខ្ញុំគួរធ្វើអ្វីខ្លះជាមួយខេមរី និងតើគួរធ្វើអ្វីខ្លះជាមួយភានី? ប្រហែលជាខ្ញុំគិតទាំងមិនបើកភ្លើងហើយ ទើបខ្ញុំគិតមិនឃើញសោះ។ ខ្ញុំស្រមៃឃើញតែអនុស្សាវរីយ៍រវាងខ្ញុំនិងនារីទាំងពីរនាក់ក្នុងពេលតែមួយ។ កាលណាខ្ញុំនឹកពីពាក្យសម្តី​ដែលខ្ញុំធ្លាប់និយាយជាមួយម្នាក់ ខ្ញុំក៏នឹកឃើញម្នាក់ទៀតធ្លាប់និយាយជាមួយខ្ញុំ។ បើខ្ញុំគ្រាន់តែជាភាពងងឹត តើខ្ញុំមានខួរក្បាលគិតដែរទេហ្ន៎?

ខ្ញុំនឹកខេមរីណាស់ ហើយខ្ញុំក៏បារម្ភពីភានីណាស់ដែរ។ ភានីនៅគេងក្នុងមន្ទីរពេទ្យតែម្នាក់ឯង។ ពេលនាងដឹងខ្លួនតើនឹងមានអារម្មណ៍បែបណា? ខ្ញុំគួរតែនៅក្បែរនាង រង់ចាំមើលនាងដឹងខ្លួន ដើម្បីឲ្យនាងដឹងថា នាងមិនឯកាឡើយ។

ទ្រាំមិនបាន ខ្ញុំក៏រត់ចេញពីបន្ទប់ភ្លាម។ ភ្លៀងនៅតែរលឹម… ខ្ញុំដើរផង រត់ផង លុះត្រាទៅដល់មន្ទីរពេទ្យ។ ខ្ញុំឈរមើលភានីពីមាត់ទ្វារ។ នាងដឹងខ្លួនហើយ ហើយកំពុងតែគេងយំម្នាក់ឯង… តំណក់ទឹកភ្នែកនាងតែងតែស្រក់ដល់បេះដូងរបស់ខ្ញុំជានិច្ច។ សំឡេងទូរស័ព្ទខ្ញុំរោទិ៍ឡើង ធ្វើឲ្យនាងងាកមកឃើញខ្ញុំ។ ខ្ញុំសម្លឹងតំណក់ទឹកភ្នែក ដែលហូរលើថ្ពាល់របស់នាង ប៉ុន្តែបែរជាទទួលទូរស័ព្ទខេមរី មិនអាចដើរទៅជូតទឹកភ្នែកឲ្យនាងបាន។

ខេមរីសួរខ្ញុំថា៖

-បងកំពុងធ្វើអី?

ខ្ញុំសម្លឹងមើលភានី គិតថាតើខ្ញុំគួរឆ្លើយតាមត្រង់ថា ខ្ញុំកំពុងនៅមន្ទីរពេទ្យឬទេ? នាងក៏សួរខ្ញុំទៀត៖

-បងកំពុងនៅឯណា?

ខ្ញុំមិនអាចកុហកបាននោះទេ ក៏ឆ្លើយតាមត្រង់៖

-ខ្ញុំនៅមន្ទីរពេទ្យ។

សំឡេងខេមរីស្ងាត់ឈឹង រួចឮតែសំឡេងខ្សឹកខ្សួលរបស់នាងប៉ុណ្ណោះ។ ភានីនៅគេងស្ងៀមមិនមើលមកខ្ញុំទេ។ ឯខេមរីក៏ឮតែសំឡេងយំ មិននិយាយអ្វីឡើយ។ …ទូរស័ព្ទខ្ញុំក៏ទទួលការហៅចូលមួយខ្សែទៀត ពីមិត្តខ្ញុំម្នាក់នៅភ្នំពេញ។ ខ្ញុំចុចទទួល ហើយឮសំឡេងវាចម្លែកណាស់ ហើយវាក៏និយាយពីឈ្មោះអាភឿន៖

-អាភឿន…

ស្តាប់សំឡេងរបស់វាមិនស្រួលសោះ តែខ្ញុំក៏មិនបង្ខំឲ្យវានិយាយដែរ…

-អាភឿន… វាដួលម៉ូតូងាប់ហើយ!…

នៅទ្រឹងបន្តិច ទើបខ្ញុំសួរវា៖

-គ្រាន់តែដួលម៉ូតូងាប់ដែរ?

រួចឮវាឆ្លើយមកវិញ៖

-វាបុកគ្នា…

ខ្ញុំអស់ពីឆ្ងល់ ក៏ចាប់ផ្តើមរាប់សំឡេងដង្ហើមខ្លួនឯង។ ហេតុអ្វី អាភឿនវាទៅចោលខ្ញុំ ដោយអត់ប្រាប់មួយម៉ាត់អ៊ីចឹង? ខ្ញុំក្លាយជាវង្វេង អត់ដឹងខ្លួនឯងបានដើរមកដល់បន្ទប់ដោយរបៀបណា រួចក៏ដេកលក់ទាំងអត់ដឹងថាខ្លួនឯងដេកលក់ទៀត។

ដល់ពេលភពផែនដីមានពន្លឺព្រះអាទិត្យម្តងទៀត ខ្ញុំក៏ជិះឡាន ទៅបុណ្យខ្មោចអាភឿននៅស្រុកកំណើត។ ខ្ញុំមិនលេបថ្នាំពុលឡានទេ ព្រោះភ្លេចគិតថាខ្លួនឯងពុលឡាន។ រួចខ្ញុំបែរជាគិតថា តើខ្ញុំអាចជិះឡានឆ្លងកាត់ទេសភាពនៅតាមផ្លូវនេះ បានប៉ុន្មានដងទៀតទៅ?

Advertisements

Entry filed under: ប្រលោមលោក, សៀវភៅ.

ខ្ញុំអាចរស់នៅម្នាក់ឯងបាន… អព្ភូតហេតុ

27 មតិ Add your own

  • 1. រចនា  |  ខែតុលា 10, 2009 ម៉ោង 2:46 ព្រឹក

    ខ្ញុំ​អត់​ចូល​ចិត្ត​ទេ! 😛 lolz

    ឆ្លើយតប
    • 2. រដ្ឋ  |  ខែតុលា 11, 2009 ម៉ោង 5:29 ព្រឹក

      បាក់​ត្រង់​ក្រប​សៀវភៅ​ម៉ងហ្អា! 😕 ចង់​ភ្លេច​សាច់​រឿង​វគ្គ​២​បាត់​ហើយ​ខ្ញុំ !

      ឆ្លើយតប
      • 3. Chanphal  |  ខែតុលា 14, 2009 ម៉ោង 8:14 ព្រឹក

        មុនដំបូងថាចង់ដាក់ វគ្គ ២ ឱ្យអានតើ តែ… ខ្លាចគេថាឈ្លើយ!

      • 4. រដ្ឋ  |  ខែតុលា 16, 2009 ម៉ោង 5:48 ព្រឹក

        ចង់​និយាយ​ពី​រឿង​វគ្គ​២ Part2 ហ្នឹង​ណា កាល​មុន​និយាយ​ឲ្យ​ខ្ញុំ​ស្ដាប់ មាន​ទាន់​សរសេរ​ចេញ​ជា​សៀវភៅ​ឯណា 😀 បន្ទាប់​ពី​ស្នេហា​សុភាព​បុរស​ចប់​ទៅ មាន​វគ្គ​ត​ទៀត ស៊េរី​ដូច​ហារីផតថ័រ ចឹង​ន៏!!

      • 5. Chanphal  |  ខែតុលា 16, 2009 ម៉ោង 8:18 ព្រឹក

        អូហ៍ អ៊ីចឹងទេ! តែមិនដឹងថា ខ្ញុំសរសេរឱ្យវែងដូចធ្លាប់ប្រាប់នោះឬអត់ទេ ព្រោះមានអ្នកឱ្យយោបល់ជាច្រើននាក់ ថាកុំវែងពេក ត្រឹមតែមួយក្បាលទៀតចប់ទៅបានហើយ។

  • 6. rainbowpig  |  ខែតុលា 10, 2009 ម៉ោង 5:34 ល្ងាច

    កាលទៅស្រុកខ្មែរលើកមុន រកទិញអត់ទាន់ កុំអីបានអានដែរ។ ស៊យហ្មង។

    ឆ្លើយតប
    • 7. វឌ្ឍនា  |  ខែតុលា 13, 2009 ម៉ោង 11:45 ព្រឹក

      ថ្ងៃណាវិលវិញម្ចាស់បង? មានរឿងច្រើនណាស់ចង់សួរ!

      ឆ្លើយតប
    • 8. Chanphal  |  ខែតុលា 14, 2009 ម៉ោង 8:06 ព្រឹក

      ឮបងនិយាយបែបនេះ ខ្ញុំមានអារម្មណ៍ថា សៀវភៅខ្ញុំលក់ដាច់ដល់ហើយ! ខ្ញុំទើបតែទៅបណ្ណាគារអន្តរជាតិក្បែរផ្សារ Lucky ប៉ុន្មានថ្ងៃមុន ឃើញនៅសល់ប្រាំក្បាល។

      ឆ្លើយតប
      • 9. rainbowpig  |  ខែតុលា 14, 2009 ម៉ោង 2:10 ល្ងាច

        ចាំទុកអោយម៉ាក្បាលផង។ បើម៉េចម៉ា ផ្ញើតាមប៉ុស្តិអោយម៉ាក្បាលមក ហើយទៅគិតលុយពីប្អូនប្រុសបងទៅ បឿន រឺក៏ណារដ្ឋក៏បាន។ ហេហេហេ

      • 10. Chanphal  |  ខែតុលា 15, 2009 ម៉ោង 2:09 ព្រឹក

        ខ្ញុំអត់ចេះផ្ញើតាមប៉ុស្តិ៍ទេ ប៉ុន្តែចាំខ្ញុំទុកនៅផ្ទះជូនបង! មិនចេះអស់ទេ ហើយខ្ញុំនឹងបោះពុម្ពបន្តបន្ទាប់រហូតហ្នឹង ព្រោះអត់ទាន់លក់កម្មសិទ្ធិបញ្ញាឱ្យអ្នកណាទេ!

  • 11. peehs07  |  ខែតុលា 11, 2009 ម៉ោង 2:36 ព្រឹក

    រឿងនេះកំសត់ណាស់ + គ្រោះថ្នាក់ណាស់ + វង្វែងមិនដឹងគឹតយ៉ាងណា
    +មិត្តនារីសាលាច្បាប់ មិនចូលចិត្តទៅទៀត ខ្ញុំក៏មិនហ៊ានសន្និដ្ឋានដែរ !
    តែមានរូបមន្តមួយសំរាប់សំរួលអារម្មណ៍អ្នកទាំងអស់គ្នាដូចខាងក្រោម៖

    I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ

    សូមជួយអោយមតិយោបល់ នូវប្រធានបទអំពី ការរឹតត្បិតសេរីភាព បញ្ចេញមតិ របស់រដ្ឋាភិបាលខ្មែរ នៅប៉ុស្តខ្ញុំៈ

    http://kapsystem.wordpress.com

    ឆ្លើយតប
    • 12. Chanphal  |  ខែតុលា 14, 2009 ម៉ោង 7:35 ព្រឹក

      មិត្តនារីសាលាច្បាប់ហ្នឹងថាអត់ចូលចិត្តមែន តែសួររកភាគបន្តមិនឈប់ទេ! ក្មេងអ៊ីចឹងហើយ!

      ឆ្លើយតប
  • 13. cambomaths  |  ខែតុលា 11, 2009 ម៉ោង 4:52 ព្រឹក

    អូរ! រឿង​នេះ​ពិតជា​មាន​ចំណោទ​បញ្ហា​ច្រើនមែន(ចំណោទលើចំណោទ)​ បើ​បាន​អាន​សាច់រឿង​ទាំងមូល​មិនដឹង​ល្អ​យ៉ាងណា​ទេ…
    សូម​សរសើរ​ ចាន់ផលមែនទែន!

    ប្រហែល ជាដំណោះស្រាយ​របស់​រឿងនេះ​ពិត​ជា ល្អ​ហើយ​មើលទៅ!

    ឆ្លើយតប
    • 14. Chanphal  |  ខែតុលា 14, 2009 ម៉ោង 7:30 ព្រឹក

      អ្នកគណិតវិទ្យានិយាយសុទ្ធតែពាក្យគណិតវិទ្យា! តែដំណោះស្រាយរបស់រឿងនេះអត់ដោះស្រាយតាមវិទ្យាសាស្រ្តទេ ព្រោះខ្ញុំអត់ពូកែខាងហ្នឹង។

      ឆ្លើយតប
  • 15. មុន្នីរតនាតារា  |  ខែតុលា 12, 2009 ម៉ោង 4:30 ព្រឹក

    អីយ៉ា!!! អីយ៉ា!!! រឿងនេះពេលមើលក្របស្មានតែរឿង ហ្គេយ៍តើ តែតាម
    ពិតគឺស្នេហា ប្រុសស្រីសោះ!!!!!

    ឆ្លើយតប
    • 16. Chanphal  |  ខែតុលា 14, 2009 ម៉ោង 7:27 ព្រឹក

      តួស្រីនៅក្នុងរឿងហ្នឹងក៏ច្រឡំថាតួប្រុសជាហ្កេយ៍ដែរ!

      ឆ្លើយតប
  • 17. វឌ្ឍនា  |  ខែតុលា 13, 2009 ម៉ោង 11:48 ព្រឹក

    រឿងរបស់ចាន់ផល ពិតជាលេងអារម្មណ៍បានល្អមែន! រក្សាទុកសៀវភៅហ្នឹងមួយក្បាលអោយខ្ញុំផងបានទេ? ខ្ញុំខ្លាចក្រែងពេលខ្ញុំទៅលេងស្រុកខ្មែរ វាគ្មាននៅសល់ទៀត!

    ឆ្លើយតប
    • 18. Chanphal  |  ខែតុលា 14, 2009 ម៉ោង 7:19 ព្រឹក

      បាទ! ចាំខ្ញុំទុកឱ្យ។ តម្កល់ទុកនៅផ្ទះខ្ញុំច្រើនណាស់ ព្រោះលក់មិនសូវដាច់ផង។

      ឆ្លើយតប
  • 19. បាត់ដំបង  |  ខែតុលា 13, 2009 ម៉ោង 12:59 ល្ងាច

    ឡូយណាស់ហ្ន ហើយវគ្គមុនៗ ចេញពីអង្កាល់? បានខ្ញុំមិនដឹង? ខ្ញុំមកមើលវគ្គនេះ អត់ទាន់យល់សាច់រឿងទេ

    ឆ្លើយតប
    • 20. Chanphal  |  ខែតុលា 14, 2009 ម៉ោង 7:25 ព្រឹក

      វគ្គមុនៗមានក្នុងសៀវភៅ ចេញលក់យូរក្រែលហើយ។ បោះពុម្ពរួចភ្លាមៗ ខ្ញុំដើរដាក់ស្ទើរគ្រប់តូបសៀវភៅក្នុងក្រុងភ្នំពេញ តែបានប្រហែលមួយខែក៏ប្រមូលមកទុកវិញខ្ទេច នៅសល់តែតូបណាដែលអ្នកលក់អត់ព្រមឱ្យលុយ។ កម្សត់ណាស់រឿងលក់សៀវភៅនេះ បើមានលុយច្រើន ចាំបោះផ្សាយចែកហ្វ្រីតែម្តង!

      ឆ្លើយតប
  • 21. neary  |  ខែ​ឧសភា 6, 2010 ម៉ោង 6:39 ល្ងាច

    Aw…just have a chance to read this…Really want to read the whole story. Paoun Phal…you’re very talented men nah…..

    ឆ្លើយតប
    • 22. ចាន់ផល  |  ខែ​ឧសភា 7, 2010 ម៉ោង 9:35 ព្រឹក

      Thank so much bang! Not so many people have read it yet, but most of it’s reader said they love it. … maybe i will create a blog for this novel n post the whole story there 😀 i ll do it when m free.

      ឆ្លើយតប
      • 23. neary  |  ខែ​ឧសភា 8, 2010 ម៉ោង 7:04 ព្រឹក

        Yes…please create a blog for this one…and let us know….love all your snadai….Two thumbs up!!!!!!!1

  • 24. ស្នេហាសុភាពបុរស (I) « Gentleman's Love  |  ខែ​ឧសភា 8, 2010 ម៉ោង 1:15 ល្ងាច

    […] ស្នេហាសុភាពបុរស ជា​ប្រលោមលោក​ដំបូង​របស់​ខ្ញុំ ​ដែល​បាន​ចេញ​ផ្សាយ​ក្នុងខែ ឧសភា ឆ្នាំ ២០០៩។ បទ​និពន្ធ​មួយ​នេះ​​​​មាន​លក្ខណៈ​ខុស​ពី​ប្រលោមលោក​របស់​អ្នក​និពន្ធ​ខ្មែរ​​ផ្សេង​ទៀត ហើយ​នេះ​ក៏​ជា​អារម្មណ៍​រំភើប​មួយ​ដែល​ខ្ញុំ​ចង់​ជូន​វា​ដល់​អ្នកអាន​សៀភៅ​​ខ្មែរ។ ខ្ញុំ​ទទួល​ស្គាល់​ថា ការ​ប្រើ​ពាក្យ​ពេចន៍​​​ក្នុង​រឿង​នេះ​​រាង​ឈ្លើយ​បន្តិច តែ​នោះ​​គឺ​ជា​​អារម្មណ៍​នៃ​ការ​ចាប់​ផ្ដើម​​អត្តសញ្ញាណ​ថ្មី​របស់​ខ្ញុំ។ ​ហេតុនេះ​ហើយ​ក៏​មាន​អ្នកអាន​ខ្លះ​សរសើរ​ថា​រឿង​នេះ​ល្អ​​ប្លែក​ ដំណាល​គ្នា​នឹង​អ្នក​អាន​ខ្លះ​រិះគន់​ថា សំណេរ​បែប​នេះ​មិន​ហៅ​ថា​ប្រលោមលោក​ឡើយ។ ទោះ​យ៉ាងណា ខ្ញុំ​ពិត​ជា​អរគុណ​ចំពោះ​ការ​លើក​ទឹក​ចិត្ត និង​ការ​រិះគន់​របស់​មិត្ត​អ្នកអាន​ទាំង​អស់​។ […]

    ឆ្លើយតប
  • 25. vichea  |  ខែតុលា 27, 2010 ម៉ោង 2:56 ល្ងាច

    អេ! ឆាប់ចេញវគ្គមកណា៎!
    ចាំយូរហើយ កុំទុកឲ្យខ្ញុំចាំយូរពេក។ ពីបាកទ្រាំណាស់

    ឆ្លើយតប
  • 26. និស្សិតផ្ដាច់សង្ខារ  |  ខែធ្នូ 4, 2012 ម៉ោង 11:43 ព្រឹក

    ខ្ញុំសូមសួរ ការពោលក្នុងចិត្តរបស់ តួអង្គប្រុស គេពោលកន្លែងមួយឃ្លាថា “ជួនកាលអារម្មណ៍ពេលជិតដេកលក់……..តើមួយឃ្លាជាប់គ្នានេះ មានន័យថាយ៉ាងម៉េចទៅ???

    ឆ្លើយតប
    • 27. ចាន់ផល  |  ខែធ្នូ 6, 2012 ម៉ោង 10:35 ល្ងាច

      «ជួនកាលខ្ញុំយល់ថា អារម្មណ៍ជិតដេកលក់ ដូចគ្នានឹងអារម្មណ៍ភ្ញាក់ពីយល់សប្តិ។ ពេញមួយថ្ងៃ មនុស្សធ្វើអ្វីខ្លះ? និយាយប៉ុន្មានម៉ាត់? មានអារម្មណ៍បែបណា? លុះពេលដេកលក់ រឿងទាំងនោះបែរជារលត់បាត់ពីខួរក្បាល រួចក៏ត្រូវរស់នៅជាមួយរឿងមួយទៀតក្នុងសុបិន។ វាធ្វើឲ្យខ្ញុំវង្វេងថា តើពេលណាជារឿងពិត ពេលណាជារឿងយល់សប្តិ?» សម្ថីនេះប្រើពាក្យសាមញ្ញប៉ុណ្ណោះ មិនលំបាកយល់ទេ បើមិនយល់ គឺមានន័យថា មិនយល់អារម្មណ៍នេះ ហើយបើចង់យល់អារម្មណ៍នេះច្បាស់ ទាល់តែបានឆ្លងកាត់ដោយខ្លួនឯង។

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: