រឿងរ៉ាវដែលខ្ញុំទៅភ្ជុំនៅស្រុកកំណើត

ខែកញ្ញា 22, 2009 at 7:46 ព្រឹក មតិ 3

 

ទៅភ្ជុំនៅស្រុកកំណើត

ផ្លូវទៅស្រុកកំណើតខ្ញុំគឺជិះកាត់ស្ពានជ្រោយចង្វារ ហើយខ្ញុំជិះម៉ូតូទៅ… ផ្លូវមិនសូវឆ្ងាយទេ តែជិះម៉ូតូម្នាក់ឯងក៏ធុញដែរ អ៊ីចឹងទាល់តែម៉ែប្រាប់ឱ្យទៅបានខ្ញុំព្រមទៅស្រុក។ ចេញពីភ្នំពេញប្រហែលជាម៉ោង១០ព្រឹក។ សល់តែមួយថ្ងៃទៀតគឺថ្ងៃភ្ជុំបិណ្ឌ ហេតុនេះអ្នករស់នៅទីក្រុងក៏នាំគ្នាធ្វើដំណើរទៅស្រុកកំណើតដូចជាខ្ញុំដែរ ហើយឃើញថាការស្ទះចរាចរនៅផ្លូវចេញពីក្រុងគឺជារឿងធម្មតា តែខ្ញុំជិះម៉ូតូក៏អាចប្រជ្រៀតចេញបានលឿន គឺអាណិតតែរថយន្តទេ មិនដឹងថាជាប់ប៉ុន្មានម៉ោងឡើយ។

ខ្ញុំជិះយូរល្មមដែរក៏មកដល់ផ្លូវបំបែក ផ្លូវមួយតាមមាត់ទន្លេ ផ្លូវមួយតាមផ្លូវជាតិ។ ខ្ញុំក៏កាច់ទៅតាមផ្លូវមាត់ទន្លេ ព្រោះវាឆាប់ដល់ស្រុកជាង តែផ្លូវហ្នឹងរលោងស្អាតតែដំបូងទេ លុះជិះយូរទៅក៏ដល់ដំណាក់កាលរលាក់… រលាក់ឡើងគ្រេចកដៃ ហើយហុយទៀតផង។ ខ្ញុំអាណិតម៉ូតូផង ក៏អាណិតខ្លួនឯងផង ហើយគិតដាច់ស្រេចថា ពេលត្រឡប់ទៅភ្នំពេញវិញមិនជិះតាមផ្លូវហ្នឹងទៀតទេ។ ជិះកាន់តែយូរទៅៗហើយ តែមិនព្រមដល់ផ្ទះសោះ គឺជិះទាល់តែដល់ស្រែនៅភូមិណាមិនដឹងទេ… ខ្ញុំធ្លាប់បែបហ្នឹងពីរដងហើយទាំងលើកនេះ គឺវង្វេងផ្លូវប្រហែលមួយម៉ោង។ ឆ្ងល់ខ្លួនឯងដែរ អត់ចាំផ្លូវ! តែយ៉ាងណាក៏ទៅដល់ផ្ទះនៅម៉ោងប្រហែល២រសៀល។

ទីកន្លែងកំណើតខ្ញុំ ឈ្មោះភូមិសំបួរមាស«ក» ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាផ្ទះរបស់ជីដូនជីតាខ្ញុំ ក៏ជាទឹកដីដំបូងដែលខ្ញុំបានឃើញ។ ខ្ញុំធ្លាប់រស់នៅទីនោះ ធ្លាប់ទៅងូតទឹកនៅទន្លេក្រោយផ្ទះ ហើយធ្លាប់ដើរតាមផ្លូវស្រុកភូមិនេះតាំងពីតូចៗ តែអារម្មណ៍ខ្ញុំនៅតែប្លែកៗពេលទៅដល់ទីនោះម្ដងៗ… កាលពីមុនអ្វីគ្រប់យ៉ាងគឺធំៗ តែពេលនេះផ្លូវក៏តូច ផ្ទះអ្នកភូមិក៏តូចៗ… តែផ្ទះយាយតាខ្ញុំគឺធំជាងពីមុន ព្រោះខ្ញុំមានបងប្អូនជីដូនមួយច្រើន ដែលតែងមកជុំគ្នានៅឱកាសបុណ្យទាន បើមិនធំ ប្រាកដជាគ្មានកន្លែងដេកមិនខាន។

ទៅស្រុកម្ដងៗចៀសមិនជួយធ្វើការមិនបានទេ ហើយទៅដល់តែមួយភ្លែតក៏ដល់ពេលជួយរៀបចំសួនច្បារ ប្ដូរផ្ទះឱ្យផ្កា ហើយបោសសម្អាតឱ្យស្អាត។ ខ្ញុំឈឺក្បាលមែនទែន ព្រោះជិះម៉ូតូហាលថ្ងៃប៉ុន្មានម៉ោងហើយ រួចមកត្រូវធ្វើការក្រោមថ្ងៃទៀត មិនត្រឹមតែហត់ទេ គឺទទួលអារម្មណ៍ថានឹងឈឺជាមិនខាន។ ឈឺក៏ឈឺចុះ មកពីខ្លួនឯងសុខភាពខ្សោយធ្វើអី! ប៉ុន្តែខ្ញុំមិនបានឈឺអីធ្ងន់ទេ គ្រាន់តែក្ដៅខ្លួនតិចតួច ព្រោះប្រហែលជាក្ដៅតាមអាកាសធាតុក៏មិនដឹង ព្រោះស្រុកខ្ញុំនិយាយពីក្ដៅនោះក្ដៅ។ យ៉ាងណាក៏សប្បាយចិត្តបានជួបជុំប្អូនៗជីដូនមួយខ្ញុំ និយាយលេងជាមួយពួកវា… ចម្លែកដែរព្រោះខ្ញុំអត់ទម្លាប់និយាយជាមួយចាស់ៗទេ គ្មានប្រធានបទត្រូវជជែក លើកលែងតែយាយខ្ញុំ ហើយបើតាខ្ញុំវិញមានតែដើរគេចទៀតផង។

ស្អែកឡើងខ្ញុំដឹងខ្លួននៅប្រហែលម៉ោង៤ រួចក៏បានទៅវត្តជាមួយអ្នកផ្ទះខ្ញុំ ដោយជិះម៉ូតូជាមួយម្តាយមីងខ្ញុំម្នាក់ដែលគាត់ពុលឡានដូចខ្ញុំដែរ។ នៅវត្តមានមនុស្សច្រើនណាស់ ហើយខ្ញុំសរសើរមែនទែន ដែលម្នាក់ៗអត់ដេកទ្រមក់ នាំគ្នាមកតាំងពីយប់ ព្រោះថាបើខ្ញុំនេះមកវត្តថ្មើរហ្នឹងក៏ព្រោះអ្នកផ្ទះធ្វើឱ្យស្វាង ណានឹកថាខ្ជិលទៅវត្តថ្ងៃ មនុស្សច្រើនជាងព្រឹក ដឹងអីព្រឹកក៏ច្រើនដែរ។ រួចដល់ពេលរាប់បាត្រ មនុស្សប្រជ្រៀតគ្នាខ្លាំងណាស់ ខ្ញុំមិនទម្លាប់ប្រជ្រៀតផងក៏ឈរចាំ… ចាំនោះចាំមែន គឺយូរមែនទែន ហើយប្អូនជីដូនមួយខ្ញុំម្នាក់ឈរចាំជាមួយខ្ញុំ តែដល់យូរពេកវាខ្លាចម៉ាក់ប៉ាវាទៅចោល ធ្វើឱ្យខ្ញុំនឹកភ័យតាមដែរ។ ដល់បានដាក់បាត្រខ្ញុំក៏បានឃើញលោកយាយម្នាក់ គាត់ចាស់ជរា ដៃគាត់ដូសបាយចេញពីចានដោយលំបាក ហើយដាក់ទៅក្នុងបាត្រស្ទើរតែមិនកើត ព្រោះដៃនោះញ័ររហូត…

ត្រឡប់ពីវត្តក៏ទៅផ្សារ ទៅជួយរត់តុនៅហាងគុយទាវម្ដាយមីងខ្ញុំឡើងហត់ ព្រោះថ្ងៃភ្ជុំអ៊ីចឹងលក់ដាច់ខ្លាំងណាស់ ហើយក្រោយមកក៏បានញ៉ាំបាយមាន់របស់គាត់ ពិតជាឆ្ងាញ់មែនទែន! មកផ្ទះវិញគ្រប់គ្នាក៏ចាប់ផ្ដើមទៅវត្តទៀត ខ្ញុំអាងតែបានទៅពីព្រឹកហើយក៏ប្រាប់គេថា អត់ទៅទេ ចង់ដេកវិញ ដេកស្ដាប់វិទ្យុគេចាក់កម្មវិធីសម្ភាស ឆន សុវណ្ណរាជ ឡើងវិញ ស្ដាប់ខ្លះដេកខ្លះ រួចក៏ឮថាកម្មវិធីចប់… ឆ្ងល់ថាម៉េចក៏លឿនម្ល៉េះ ក្រោយមកទើបដឹងថាគេចាក់ច្រឡំ… រួចខ្ញុំក៏យកទូរស័ព្ទមកចុចផ្ញើសារទៅមិត្តជូនពរថ្ងៃបុណ្យភ្ជុំបិណ្ឌ ព្រោះថាមួយឆ្នាំបុណ្យភ្ជុំម្ដងកុំឱ្យអត់ប្រយោជន៍ពេក ហោចណាស់ក៏បានជូនពរគេដែរ ហើយដល់ផ្ញើជូនពរគេទៅក៏គេផ្ញើមកវិញអ៊ីចឹងដែរ គឺថាយើងត្រូវផ្ដើមមុនអ៊ីចឹងបានត្រឹមត្រូវ ព្រោះបើចាំគេផ្ញើឱ្យសង្ស័យទាល់តែផុតភ្ជុំបានគេនឹកឃើញថាភ្លេច! ឆ្នាំនេះខ្ញុំផ្ញើសារជូនពរគេច្រើន ផ្ញើទាល់តែមានបញ្ហាផ្ញើចេញលែងបាន ហេតុនេះបើអ្នកណាមិនបានទទួលសារខ្ញុំកុំខឹង ព្រោះដល់ខ្ញុំឆែកមើលបានដឹងថា មានសារមួយចំនួនអត់បានផ្ញើចេញ។

ពេលល្ងាចមកដល់គឺជាពេលវេលាពិសេសមួយ គឺដល់ពេលទៅផ្ទះគ្រូទាយ! បងប្អូនខ្ញុំចូលចិត្តណាស់អារឿងហ្នឹង នាំគ្នាទៅផ្ទះគ្រូទាយមួយស្ថិតនៅប្រហែលមួយគីឡូម៉ែត្រពីផ្ទះ។ ខ្ញុំទៅហ្នឹងឡានមួយ ម៉ូតូមួយ ច្រើននាក់ដែរ តែប្រុសតែខ្ញុំម្នាក់ ព្រោះខ្ញុំក៏ចូលចិត្តសម្បើមដែរអារឿងហ្នឹង។ អ្នកគ្រូទាយនោះត្រូវបានម្ដាយមីងខ្ញុំម្នាក់ជឿជាក់ថាពូកែ ក៏ជាហេតុទាក់ទាញបងប្អូនគាត់ស្ទើរតែទាំងអស់ឱ្យជឿតាម។ រៀបនឹងឡើងទៅលើផ្ទះមានទូរស័ព្ទមួយមក ខ្ញុំក៏ទទួលមួយភ្លែត រួចចូលទៅកន្លែងព្រះអង្គសណ្ឋិតនោះក្រោយគេ។ ខ្ញុំមិនបន្ទោសអ្នកទូរស័ព្ទមកនោះទេ តែរាងស្ដាយដែរ ព្រោះខ្ញុំចាប់អារម្មណ៍ណាស់ពេលព្រះអង្គចូល ព្រះអង្គចេញហ្នឹង ចង់ដឹងថាមានទិដ្ឋភាពលម្អិតយ៉ាងម៉េច។ តែមិនអីទេ ព្រោះពេលឃើញអ្នកគ្រូ ខ្ញុំអាចកាត់យល់ដោយខ្លួនឯងបាន។ អ្នកគ្រូជាស្នងរូប ឬក៏ញាណព្រះអង្គ បានចាប់ដៃម្ដាយមីងខ្ញុំម្ដងម្នាក់ៗ ហើយនិយាយខ្មែរលាយឡំភាសាថៃខ្លះៗ។ មុនដំបូងខ្ញុំមិនសូវជឿប៉ុន្មានដែរ តែយូរៗទៅដូចជាទំនង ហើយដល់ចេះតែយូរៗទៅក៏នឹកភ័យខ្លាចយាយតាចាំផ្លូវទៅសែនជូនដំណើរដូនតានៅផ្ទះ ក៏គិតទូរស័ព្ទប្រាប់ថាឱ្យសែនមុន តែទូរស័ព្ទមិនចូលសោះ ចំណាយពេលយូរមែនទែនបានទាក់ទងបាន។ ការដែលសែនជូនដំណើរដូនតាហ្នឹងខ្ញុំក៏ចាប់អារម្មណ៍ណាស់ដែរ ព្រោះពេលសែនហ្នឹងអ្នកខ្លះអាចនឹងមើលឃើញព្រលឹងដូនតាអញ្ជើញមកស្ដែងៗ ហើយជួនកាលក៏មានព្រលឹងចូលសណ្ឋិតអ្នកផ្ទះទៀតផង ហើយដែលគិតពីព្រឹកមកថាប្រហែលជាអាចមើលទិដ្ឋភាពខ្មោចចូលច្រើនជាង ព្រោះស្ទើររាល់ឆ្នាំទៅហើយ ផ្ទះខ្ញុំតែងតែកើតរឿងនេះ ដោយបងប្អូនម្ដាយខ្ញុំខ្សែខាងតាសុទ្ធតែអាចឱ្យព្រលឹងចូលសណ្ឋិតបាន។ នៅឆ្នាំមួយនោះវិញ គឺបន្ទាប់ពីសែនព្រេងរួច យាយក៏ឱ្យខ្ញុំយកបាយសម្លទៅដាក់ជូនដំណើរដូនតាចុងក្រោយ គឺត្រូវដើរចុះទៅក្រោមផ្ទះតាមភ្លើងទៀននិងធូប ហើយកាលណោះខ្ញុំក៏ខ្លាចណាស់ដែរ ស្រាប់តែយប់ឡើងក៏យល់សប្តិឃើញដូនតាទាំងអស់តែម្ដង ដល់ប្រាប់យាយ យាយថាគឺពួកគាត់ឱ្យឃើញ។ ខ្ញុំជឿតើរឿងអ៊ីចឹងៗ ព្រោះសូម្បីតែឆ្នាំនេះទាំងពីរយប់ដែលខ្ញុំដេកនៅផ្ទះហ្នឹង គឺខ្ញុំយល់សប្តិឃើញព្រលឹងអ៊ំខ្ញុំទាំងពីរយប់ ឃើញគាត់សប្បាយចិត្តណាស់ដែលឃើញខ្ញុំមកផ្ទះ ព្រោះគ្រប់គ្នាស្មានថាឆ្នាំនេះខ្ញុំអត់ទៅផ្ទះ។ និយាយរឿងព្រះអង្គចូលបន្ត… ព្រះអង្គសរសើរម្ដាយមីងខ្ញុំណាស់ថាសុទ្ធតែជាអ្នកធ្វើបុណ្យ ព្រោះអតីតជាតិវិញម្នាក់ៗសុទ្ធតែកូនព្រះឥន្ទ្រកូនព្រះអង្គ តែរឿអតីតជាតិនេះក៏អាចដែរព្រោះឥឡូវនេះពួកគាត់ស្ទើរតែបួសគ្រប់គ្នាហើយ ដូចថ្ងៃភ្ជុំនេះ ឬក៏ថ្ងៃសីល គ្មានអ្នកណាពិសាអីទេ អាហារសល់ពេញផ្ទះ ព្រោះពួកគាត់ពិសាតែល្ង។ លុះដល់វេនខ្ញុំក្រោយគេ អត់សួរផង ព្រះអង្គក៏លើកឡើងថា ខ្ញុំនឹងដល់គូនៅអាយុ២៨ឆ្នាំ… គូខ្ញុំជាស្រីគ្រប់លក្ខណ៍! អូយ! មិនដឹងគិតយ៉ាងណាទេខ្ញុំ!

ស្អែកមួយទៀតគឺថ្ងៃដែលខ្ញុំត្រូវត្រឡប់មកភ្នំពេញវិញ អ្នកផ្ទះខ្ញុំនាំគ្នាទៅបារាយណ៍។ បារាយណ៍ហ្នឹងគឺជិះទូកទៅ ហើយជាទីកន្លែងល្បីខ្លាំងណាស់ ថាព្រះអង្គទីនោះពូកែស័ក្តិសិទ្ធិ បើកុំតែប្រញាប់មកភ្នំពេញ និងបើកុំតែពុលរលក កុំអីទៅនឹងគេដែរ។ ស្រណោះណាស់ពេលខ្ញុំ និងយាយដើរទៅមាត់ទន្លេជូនដំណើរពួកគាត់ មើលទៅសប្បាយមែនទែន អង្គុយលើទូកជុំគ្នា មានពាក់មួក មានបាំងឆ័ត្រ ហើយម្នាក់ៗខំហៅខ្ញុំឱ្យឡើងទូកទៅជាមួយ កុំទាន់ទៅភ្នំពេញអី។ តែខ្ញុំក៏ដើរមកផ្ទះវិញជាមួយយាយ ហើយយាយបានបន់ឱ្យព្រះអង្គជួយថែរក្សាកូនចៅឱ្យសុខសប្បាយតាមផ្លូវ… ខ្ញុំធ្លាប់ទៅទីនោះម្ដងពីរនឹងគេដែរ តែម្ដាយខ្ញុំវិញគាត់ត្រូវទៅរាល់ឆ្នាំ ព្រោះខានមិនបានទេ ហើយគាត់បានប្រាប់ខ្ញុំថា ខ្ញុំនេះគឺជាកូនដែលគាត់សុំពីព្រះអង្គមក កុំឱ្យខ្ញុំភ្លេចព្រះអង្គ…

ពេលទៅផ្ទះស្រុកកំណើតខ្ញុំម្ដងៗ គឺខ្ញុំជួបរឿងរ៉ាវដូចក្នុងរឿងព្រេងច្រើនណាស់ ហើយនោះហើយគឺជាទុកជីវិតសម្រាប់ខ្ញុំសរសេររឿង។ ខ្ញុំត្រឡប់មកដល់ភ្នំពេញនៅម៉ោងប្រហែលជា២រសៀល ហើយតាមផ្លូវខ្ញុំងុយដេកខ្លាំងមែនទែន នឹកភ័យខ្លាចជិះចូលឡានមិនទាន់បាត់ផង គឺទន់ត្របកភ្នែកបិទជិតម្ដងៗណ៎។ ហ៊ើយ! លុះមកដល់ភ្នំពេញខ្ញុំក៏ដេក… ដេក…

ភ្នំពេញ ថ្ងៃទី២១ កញ្ញា ២០០៩

Advertisements

Entry filed under: កម្សាន្ត.

ចង្កៀងនិទានរឿងខ្មោច ស្នេហ៍ស្មោះពិតជាមាន!

3 មតិ Add your own

  • 1. សុទ្ធា  |  ខែកញ្ញា 25, 2009 ម៉ោង 12:18 ល្ងាច

    រឿងជិះម៉ូតូ វង្វេងផ្លូវ គឹខ្ញុំស្ទើរតែរាល់ថ្ងៃ គឺជិះទៅរៀនAutoCADនៅជិតវត្តទួលទំពូង វង្វេងផ្លូវតែរហូតនឹង ! ជិះធ្លាយរហូតដល់ប៉ុស្តិ៍អប្សរា ពេលខ្លះជីះទៅខាងផ្សារអូឡាំពិកទៅវិញ ។

    ហើយព្រឹកមិញ វិប្បស្សិនី តេហៅទៅញ៉ាំអីនៅ ភូមិន្ទភ្នំពេញ ចំពេលខ្ញុំអត់រៀនAutoCAD តែត្រូវធ្វើលំហាត់អោយចប់ដើម្បីចូលមេរៀនថ្មីនៅថ្ងៃច័ន្ទ ។ ខ្ញុំថា ចាំខ្ញុំតេហៅរាសីហ៍ អោយរាសីហ៍តេហៅធារ៉ា ហើយអោយវិប្បស្សិនី តេហៅអាតាប៉ិភា ។ ដល់ពេលខ្ញុំជិះចេញពីផ្ទះដែលរៀនកុំព្យូទ័រ ក៏សំរេចថាជិះបុកទៅផ្លូវម៉ៅសេទុង ហើយចាំឡើងទៅផ្លូវកម្ពុជាក្រោម ដឹងអីថា ជិះ ជិះ ជិះហួសម្តុំផ្សារអូឡាំពិក ហើយក្នុងចិត្តគិតថា អូ! ផ្លូវខាងមុខជាផ្លូវម៉ៅសេទុងហើយ ជិះ ជិះ គិតក្នុងចិត្តថាម្តុំនេះខ្ញុំអត់ដែលស្គាល់សោះ នៅអំពេញតាំងពីកើតមក មិនដែលស្គាល់ម្តុំនេះទេ ហើយក៏ជិះ ជិះ ក៏ឃើញសាលាទួលស្វាយព្រៃ ! ពេលនោះខ្ញុំភ្ញាក់ អុញ ម៉េចចឹង? ហើយនឹងឃើញថាម្តុំសាលាទួលស្វាយព្រៃនឹង មានMotionStudioសាខាទី១ នៅក្បែរនោះ តែរកមិនឃើញ ។ ហើយក៏ជិះទៅមុខទៀត ក៏ឃើញស្តាតអូឡាំពិក ក៏បត់ឆ្វេង ព្រោះមានរឿងអិត្រូវទៅតាមនុង ! ហើយក៏ឃើញមានផ្លូវធំមួយ ក៏គិតក្នុងចិត្តថា អូនោះផ្លូវម៉ៅសេទុងហើយ ដល់ពេលជីះដល់ផ្លូវធំនោះ ក៏ក្រឡេកមើលជុំវិញ គឺជាផ្លូវមុនីរ៉េត សោះ !!! ហើយរកផ្លូវទៅភូមិន្ទភ្នំពេញតាមសំរួលទៅ…

    ឆ្លើយតប
  • 2. បាត់ដំបង  |  ខែកញ្ញា 28, 2009 ម៉ោង 8:17 ព្រឹក

    និយាយពីថ្ងៃទៅផ្ទះហ្នឹងខ្ញុំ ធុញណាស់ ស្ទះ បីដង ទំរាំផុតពីក្រុង! ស្ទះនៅ ស្ពានជ្រោយចង្វា ម្តង ស្ទះនៅស្ពានព្រែកតាមាក់ម្តង ហើយស្ទះចុងក្រោយនៅ ស្ពានព្រែកក្តាមម្តងទៀត

    ឆ្លើយតប
  • 3. វណ្ណ  |  ខែកញ្ញា 28, 2009 ម៉ោង 10:51 ព្រឹក

    ហ្អេ! ចាន់ផលនៅដល់កំពុងចាម ជិះម៉ូតូទៅពិតជាហត់ណាស់ ផ្ទះខ្ញុំក៏ទៅ តាមផ្លូវនឹងដែរ ប៉ុន្តែត្រឹមតែ ៣០ គ.ម ពីភ្នំពេញប៉ុណ្ណោះក៏ខ្ញុំខ្ជិលជិះម៉ូតូ ដែរ ណាមួយផ្លូវនឹងឡានម៉ូតូច្រើនគួរអោយខ្លាច ណាមួយធុញនឹង អង្គុយចាំសាឡាង។

    ចុះ បាត់ដំបង ម៉េចក៏ធ្វើដំណើរតាមផ្លូវហ្នឹងដែរ?

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: