និយាយពីអត្ថបទភាពយន្តខ្មែរ

ខែកញ្ញា 10, 2009 at 4:45 ព្រឹក មតិ 22

និយាយពីខ្សែវីដេអូភាគទូរទស្សន៍បន្តិចសិន!

ចាប់ផ្ដើមពីណាមុនអ៊ីចេះ? ចាប់ពីយប់មិញសើចឡើងចុកពោះជាមួយប្អូនៗជីដូនមួយខ្ញុំ ព្រោះតែធ្វើត្រាប់តាមសម្ដីតួនៅក្នុងរឿង ត្រៀមចិត្តសម្រាប់ឈឺ។ មិនថាអីទេ រឿងហ្នឹងទាក់ចិត្តណាស់តើ ហើយប្អូនខ្ញុំថាគ្រាន់បើជាងរឿង ដងវិថីតារា ព្រោះមើលម្ដងណាក៏ចំតែកន្លែងគេថតចម្រៀងខារ៉ាអូខេ។ ខ្ញុំជាប់រៀនយប់ មិនសូវបានមើលទេ តែប៉ុន្មានថ្ងៃហ្នឹងចេញពីរៀនក៏មើលរឿង ត្រៀមចិត្តសម្រាប់ឈឺ ហើយចាប់អារម្មណ៍បំផុតត្រង់ពាក្យសម្ដីដែលតួអង្គនិយាយគ្នា…

-នាងខ្ញុំសុំចូលខ្លួនទៅដាំបាយសិនហើយ…

-នៀក! ជាការពិតទេដែលថា… -ល-

មិនថាអីទេ! គ្រាន់តែពួកខ្ញុំអត់ទម្លាប់និយាយស្ទាយអ៊ីចឹង ដល់ស្ដាប់ទៅចេះតែសើច ហើយគិតថាបែបរឿងហ្នឹងនិយាយពីពួកអភិជន សង្ស័យស្ទាយនិយាយរបស់ពួកគេខុសពីពួកខ្ញុំ​ ក៏មិនដឹង។ និយាយទៅទាំងរឿងនៅប៉ុស្តិ៍ CTN និងប៉ុស្តិ៍បាយន្ត អត្ថបទសន្ទនាគឺសុទ្ធតែគោរពតាមក្បួនច្បាប់វេយ្យាករណ៍បានល្អមែនទែន ប៉ុន្តែគ្រាន់តែថា វាអត់… មិនដឹងនិយាយថាម៉េចទេ តែមានអារម្មណ៍ថា ពួកគេនិយាយដូចនៅក្នុងប្រលោមលោកយ៉ាងម៉េចទេ ខុសពីភាសានិយាយខ្មែរយើងដែលប្រើរាល់ថ្ងៃ។

ថាទៅ តាំងពីយូរហើយ ខ្ញុំចូលចិត្តមើលរឿងភាគទូរទស្សន៍សម្បើមណាស់ មើលទាល់តែចេះសរសេររឿងបានខ្លួនឯង។ ខ្ញុំមើលមុនគេគឺរឿងចិន ហើយចេះបែងចែងតាំងពីតូច ពីបែបបទខុសគ្នារបស់ផលិតកម្មនីមួយៗ ផលិតកម្មសិង្ហបុរី, ហុងកុង, តៃវ៉ាន់, ប៉េកាំង ឬក៏ សៀងហៃ គឺគេធ្វើអត់ឱ្យដូចគ្នាទេ ទាំងសាច់រឿង អត្ថបទនិយាយ ប្លក់ថត ឬក៏ពន្លឺ… បន្ទាប់មកក៏ស្គាល់រឿងឥណ្ឌា រឿងថៃ ភីលីពីន ម៉ិចស៊ិចកូ ហើយឥឡូវនេះគឺរឿងកូរ៉េ ជប៉ុន អាមេរិក…។ នឹកដល់រឿងរបស់គេពិតជាឡូយៗមែន មិនបាច់និយាយដល់សាច់រឿងទេ ត្រឹមតែការសម្ដែង-តួអង្គគេមិនបាច់និយាយផង ប្រើតែខ្សែភ្នែកសម្លឹងកាមេរ៉ាហ្នឹង ក៏យល់សាច់រឿងដែរ តែរឿងខ្មែរយើងវិញ គឺនិយមប្រាប់សាច់រឿងតាមពាក្យសន្ទនារបស់តួអង្គ ហើយពាក្យសន្ទនាហ្នឹងទៀត ស្ដាប់ទៅគឺភាសាអ្នកនិពន្ធសុទ្ធ គាត់បញ្ចូលទស្សនៈអប់រំរបស់គាត់ស្ទើរគ្រប់ម៉ាត់ ធ្វើឱ្យអ្នកទស្សនាដឹងថាអ្នកនិពន្ធពិតជាមនុស្សចេះដឹងរបស់គេមែន ហើយស្ដាប់ទៅអាចប្រើរូបបារម្ភស្រមៃឃើញមុខអ្នកនិពន្ធបានទៀត… មិនដឹងអ្នកនិពន្ធ គាត់មានទស្សនៈយ៉ាងណា ខ្ញុំមិនដឹង!

Advertisements

Entry filed under: ភាពយន្ត.

090909 ចង្កៀងនិទានរឿងខ្មោច

22 មតិ Add your own

  • 1. អាចម៍ផ្កាយ  |  ខែកញ្ញា 10, 2009 ម៉ោង 5:17 ព្រឹក

    ​និយាយ​ពី​រឿង​ភាគ​ខ្មែ​រ​នេះ​ ខ្ញុំ​នឹក​ដល់​រឿង​«គូស្នេហ៍​ចៃ​ដន្យ»​ដែល​ចាន់​ផល​ឯង​ប្រាប់​ខ្ញុំ​ថា ជា​រឿង​ចម្លង​ពី​រឿងភាគ​ថៃ«គូស្នេហ៍​ឥតព្រាង​ទុក» ហើយ​ឮ​ល្បី​ថា​ល្អ​មើល​ ខ្ញុំ​ក៏​ខំ​ដោន​ឡូត​យក​មក​មើល​រហូត​ចប់! ពិត​ជា​ល្អ​មើល​មែន ហើយ​ខ្ញុំ​ក៏​បាន​ចែក​មិត្ត​ភក្តិ​ខ្មែរ​ដែល​នៅ​ទីនេះ​មើល នរណាៗ​ក៏​សរសើរ​ថា​ល្អ​មើល​ដែរ ជា​ពិសេស​ពេញ​ចិត្ត​តួឆ្នាស់ សម្តែង​សម​ឥត​ខ្ចោះ​ កាត់​ទៅ​រក​តួ​ថៃ​បេះ​បិទ! សូម​សរសើរ​តែ​ម្តង ពីត​ជា​ពូកែ​សម្តែង​មែន។

    ទាស់​ម្យ៉ាង! ជា​រឿងចម្លង​គេ! តែ​ខ្ញុំ​ក៏​មិន​សូវ​ប្រកាន់​ដែរ ព្រោះ​បើ​ចម្លង​ហើយ​ឲ្យ​ចេះ​រៀន​តាម​ផង​។ គឺ​ខ្ញុំ​​សង្កេត​ឃើញ​ប្លង់​ថត​របស់​គេ គឺ​ជា​ប្លង់​ថៃ​សុទ្ធ​សាធ។ រឿង​ខ្មែរ​យើង​មិន​ដែល​ឃើញ​សូវ​មាន​ប្រើ​ប្លង់​នេះ​ប៉ុន្មាន​​ទេ(ឃើញ​លោក​ហ្វៃ​សំអាង​មាន​ប្រើ​មួយៗ) គឺ​ប្លង់​ថត​យក​ទី​កន្លែង​របស់​តួ​សិន.. មុន​នឹងថត​ចូល​សាច់រឿង ដូច​ជាចាប់​យក​រូប​ភាព​ផ្ទះ ឬ​ទីកន្លែង​ធ្វើ​ការ​របស់​តួអង្គ។ ​មាន​មួយ​ទៀត​ គឺ​សាច់​រឿង​អ្នក​បម្រើ​ រឿង​ថៃ​មិន​ដែល​ភ្លេច​ទេ អារឿង​អ្នក​បម្រើ​ឈ្លោះ​គ្នា​ និយាយ​ដើម​ម្ចាស់… គឺ​ក្នុងរឿង​ថៃ​មិន​ដែល​ភ្លេច​តួ​ណា​ម្នាក់​ទេ​ ទោះ​បើ​តួ​នោះ មិន​សំខាន់​ក្តី ដែលខុស​ពី​រឿងខ្មែរ​យើង​ មិន​សូវ​ចាប់​អារម្មណ៍​សោះ​ពី​តួ​ត្រជុះៗ​ទាំង​នោះ។​

    ឆ្លើយតប
    • 2. Chanphal  |  ខែកញ្ញា 10, 2009 ម៉ោង 5:50 ព្រឹក

      ខានមើលរឿងភាគថៃយូរហើយ អត់សូវចាំប្លង់គេទេ តែឭគេនិយាយថា សាច់រឿងថៃសម្បូរដណ្ដើមប្រុសគ្នាណាស់! ប្រាប់ម្ដងទៀត រឿងថៃដែលខ្មែរយើងចម្លងហ្នឹង គឺ ភរិយាឥតព្រាងទុក មិនមែន​គូស្នេហ៍ឥតព្រាងទុក ទេ ។ ចំណេករឿងភ្លេចតួហ្នឹង បើតាមខ្ញុំគិត គឺគេគិតពីរបថនៃសាច់រឿង ពោលគឺបើទស្សនិជនផ្ដោតអារម្មណ៍ទៅលើចំណុចណាហើយ អ្នកសរសេរមិនបាច់រញ៉េរញ៉ៃជាមួយតួអង្គមិនពាក់ព័ន្ធទេ គឺធ្វើបែបហ្នឹងទើបអាចរក្សាអារម្មណ៍ទន្ទឹងសាច់រឿងរបស់អ្នកតាមដាន ឱ្យដល់ចុងបញ្ចប់ ហើយបើតាមរឿងខ្លះ គឺយើងនឹងដឹងថា គេបញ្ចប់រឿងតែមួយចំណុចដែលជាសារនៃរឿងប៉ុណ្ណោះ។

      ឆ្លើយតប
  • 3. Samady KS  |  ខែកញ្ញា 10, 2009 ម៉ោង 5:40 ព្រឹក

    ខ្ញុំ​ដូច​ជា​អត់​យល់​ទេ​ថា អត្ថបទ ខាង​លើ​ចង់​និយាយ​អំពី​អ្វី? សូម​ជួយ​ពន្យល់​បន្តិច​មើល៏…

    ឆ្លើយតប
    • 4. sokchanphal  |  ខែកញ្ញា 10, 2009 ម៉ោង 6:13 ព្រឹក

      សួស្ដី! អត្ថបទខាងលើនេះ ខ្ញុំនិយាយពីចំណាប់អារម្មណ៍លើពាក្យពេចន៍សន្ទនាក្នុងរឿងវីដេអូខ្មែរយើង ព្រោះខ្ញុំនិងបងប្អូនខ្ញុំ ឬក៏មិត្តភក្តិខ្ញុំសុទ្ធតែជាអ្នកគាំទ្ររឿងខ្មែរ តែទន្ទឹមនឹងគាំទ្រក៏មានចម្ងល់ថា ហេតុអីពាក្យសន្ទនាប្រើក្នុងរឿងខ្មែរយើងខ្លះ មិនព្រមប្រើឱ្យដូចពាក្យសន្ទនាដែលខ្មែរយើងប្រើប្រចាំថ្ងៃទៅ ព្រោះស្ដាប់ទៅអត់ទម្លាប់ត្រចៀក ហាក់ដូចជា… មិនដូចជាចរិតពិតរបស់មនុស្សខាងក្រៅ។ គ្រាន់តែឆ្ងល់ទេ ថាបើប្រើពាក្យឱ្យសាមញ្ញៗដូចនៅក្នុងសង្គមពិតទៅ តើយ៉ាងម៉េចដែរ? ប៉ុន្តែខ្ញុំក៏ឃើញរឿងរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ឬអ្នកសរសេរខ្មែរខ្លះ គេប្រើពាក្យដូចភាសាប្រចាំថ្ងៃដែរ។ យ៉ាងណាក៏សូមទោសជាមុនចំពោះក្រុមការងារផលិតវីដេអូទូរទស្សន៍ទាំងពីរ​នៅក្នុងអត្ថបទ បើសិនមានពាក្យណាមិនសមរម្យ ព្រោះខ្ញុំគិតថាបើទស្សនិកជនគ្រប់គ្នាជួយគ្នារិះគន់ស្ថាបនាម្នាក់បន្តិច ហើយអ្នកផលិតចេះយកមកគិតកែលម្អតាម រឿងវីដេអូ ឬក៏ភាពយន្តស្រុកខ្មែរយើងអាចនឹងរីកចម្រើនជាបន្តបន្ទាប់ ព្រោះគ្មានអ្នកណាជួយខ្មែរក្រៅពីខ្មែរគ្នាឯងទេ។

      ឆ្លើយតប
  • 5. -:-បាត់ដំបង-:-  |  ខែកញ្ញា 10, 2009 ម៉ោង 8:44 ព្រឹក

    មែនហើយ និយាយរឿង ត្រៀមចិត្តសំរាប់ឈឺហ្នឹង ខ្ញុំមិនបានមើលទេ។តែពេលខ្ញុំធ្វើមេរៀន លឺសូររហូតនិងងាកមើលម្តងម្កាល ព្រោះមិត្តភក្តិដែលនៅជាមួយគ្នា គេចូលចិត្តមើល។ ទោះបីមិនបានមើល គ្រាន់តែស្តាប់ក៏ហាក់បីដូចជាមាន មនុស្សម្នាក់កំពុងអានប្រលោមលោកអោយចឹង។ តែបើរឿងវិមានសុបិន្ត ដែលផលិតកម្មខ្មែរមេគង្គ ផលិតនោះ ខ្ញុំចូលចិត្ត និង ចូលចិត្តជាងគេគឺ រឿងជញ្ជីងគ្មានស្រមោល របស់អង្គការស្រី្តកម្ពុជា ដែលមិនមានបញ្ចូលសំលេង និង បង្ហាញពីសង្គមខ្មែរពិតៗ តែម្តង ដូចជាភាសានិយាយសាមញ្ញ មិនមានទន្ទេញដូចប្រលោមលោកទេ។

    ឆ្លើយតប
    • 6. វណ្ណ  |  ខែកញ្ញា 13, 2009 ម៉ោង 5:02 ល្ងាច

      ខ្ញុំក៏ចូលចិត្តរឿង “វិមានសុបិន្ត” និងរឿង “ជញ្ជីងគ្មានស្រមោល” របស់អង្គការស្រីកម្ពុជាដែរ ប៉ុន្តែមិនបានដឹងកាលវិភាគច្បាស់ លាស់ សោះ ដូច្នេះហើយមិនបានតាមដានសាច់រឿងអោយបានជាប់លាប់ទេ។ បើបាត់ដំបង ឬ អ្នកនៅទីនេះដឹងពីកាលវិភាគនោះសូមជួយប្រាប់ខ្ញុំផង។​

      ឆ្លើយតប
  • 7. វឌ្ឍនា  |  ខែកញ្ញា 12, 2009 ម៉ោង 12:21 ព្រឹក

    រឿងទាំងពីរហ្នឹងគឺយ៉ាប់ដូចគ្នា…ដូចល្ងង់បន្តិចចុះ..រឿង ដងវិថីតារា មិនដឹងជានិយាយពីស្អីអោយប្រាកដទេសាច់រឿងច្របូកច្របល់ ត្រលប់ ត្រឡិន…ចំណែករឿងត្រៀមចិត្តសំរាប់ឈឺវិញ ស៊ីវីល័យហួស.. តួស្រីផាត់មុខដូចបិសាច… ហើយពេលនាងសម្តែងជាតួរអ្នកបម្រើវិញ ក្រចកដៃអស់ស្ទះ.. មិនដឹងថាអ្នកដឹកនាំរឿងគាត់ពេញចិត្តបែបហ្នឹងរឺអ្វីទេ ទើបបណ្តោយអោយតួតាក់តែងកាយដល់ម៉្លឹង! ចេះតែជួយមើលទៅព្រោះ ពេញចិត្តតួរសម្តែង(កែវ ស្រីនាង និង ជា សុវណ្ណារិទ្ធ) តែគួរអោយស្តាយ..
    រឿងត្រៀមចិត្តសម្រាប់ឈឺសាច់រឿងគួរអោយចង់មើលជាងរឿង ដងវិថីតារា តែបើនិយាយពីរបៀបរបបនិយាយ ខ្ញុំគិតថារឿងដងវិថីតារាទំនងជាង។ តែខ្ញុំមិនចូលចិត្តតួអង្គ ផាណូ ទេ លេងឆ្គងមហា…
    រឿងត្រៀមចិត្តសំរាប់ឈឺ បញ្ជាក់ពីភាពស៊ីវីល័យពេករហូតដល់ធ្វើឲ្យ បាត់បង់លក្ខណៈជាភាពយន្តខ្មែរ មិនដឹងថារឿងនេះចម្លងចេញពី រឿងថៃ នារីបេះដូងដែក សម្តែងដោយ អែនថង ប្រះស៊ុមរឺក៏អត់ ព្រោះសាច់រឿងស្រដៀងគ្នាមែនទែន..កូនភ្លោះ ប្អូនសងសឹកអោយ បង…
    ហើយសំរាប់រឿង គូស្នេហ៍ចៃដន្យ គឺសម្តែងបានល្អមែន តាំងពីការ តាក់តែងកាយ គឺសមតាមតួរ ចំណែកបច្ចេកទេសកាម៉េរ៉ា គឺថានៅ មានកំរឹតនៅឡើយ…
    រិះគន់បែបនេះ ព្រោះចង់អោយអភិវឌ្ឍន៍ មិនមែនតិះដៀលកុនរបស់ ជាតិឯងនោះទេ..ហើយកុំនិយាយថាចាំខ្ញុំធ្វើបានដូចគេសិនចាំ និយាយ.. នេះគ្រាន់តែជាមតិពីអ្នកមើលម្នាក់តែប៉ុណ្ណោះ…

    ឆ្លើយតប
  • 8. sokchanphal  |  ខែកញ្ញា 12, 2009 ម៉ោង 3:47 ព្រឹក

    មែនហ្នឹង! បើពួកខ្ញុំបីបួននាក់នោះវិញ រក្សាសិទ្ធិមិនរាប់ឈ្មោះទេ ទំនេរៗចូលចិត្តណាស់អង្គុយនិយាយដើមអ្នកផលិតកុនខ្មែរ…

    ឆ្លើយតប
    • 9. រចនា  |  ខែមិថុនា 25, 2010 ម៉ោង 10:17 ព្រឹក

      ចូល​មក​សារភាព​ឱ្យ​ហើយ! ក្នុង​នោះ​មាន​ខ្ញុំ​ដែរ! ហេហេ

      ឆ្លើយតប
      • 10. ចាន់ផល  |  ខែមិថុនា 25, 2010 ម៉ោង 11:04 ព្រឹក

        😆

  • 11. វឌ្ឍនា  |  ខែកញ្ញា 12, 2009 ម៉ោង 1:45 ល្ងាច

    បើទើសចិត្តត្រូវតែនិយាយហើយ.. បើដូចមណ្ឌល ពត៌មានស្ត្រីកម្ពុជា រឺ ផលិតកម្ម មេគង្គ ដូច បាត់ដំបង លើកឡើង.. មិនមែននិយាយដើមទេ គឺជួយសរសើរវិញម្តង!

    ឆ្លើយតប
  • 12. វណ្ណ  |  ខែកញ្ញា 13, 2009 ម៉ោង 5:08 ល្ងាច

    តាមពិតទៅ មិនមែនថាខ្ញុំអគិតិនឹងស្នាដៃកុនខ្មែរនោះទេ ប៉ុន្តែមួយរយៈ មុនខ្ញុំបានព្យាយាមគាំទ្រដែរដូចជាការទស្សនានៅតាមរោងកុនជាដើម តាមពិតទៅរឿងខ្មែរដែលចាក់បញ្ចាំងនៅតាមរោងកុន មានតំលៃថ្លៃជាង រឿងបរទេសទៀត ប៉ុន្តែភាគច្រើនលទ្ធផលគឺបានមកនូវការខកចិត្ត ស្តាយប្រាក់ ស្តាយពេល… ស្ទើរតែអស់ជំនឿទៅលើស្នាដៃផលិតកុន របស់ខ្មែរហើយ ។

    តែឥឡូវឃើញផលិតកម្ម “មេគង្គ” មានស្នាដៃល្អគួរសម ។ រឿងថ្មីបំផុតរបស់ផលិតកម្មនេះគឺរឿង “បាត់ខ្លួន” ដែលកំពុងចាក់ ផ្សាយនៅរោងកុន ស៊ីណេម៉ាសូរិយា ។ ខ្ញុំបានទៅមើលនឹងគេដែរ កាលពីថ្ងៃសៅរ៍នេះ ឃើញថាល្អមើលគួរសម​៕

    ឆ្លើយតប
    • 13. Chanphal  |  ខែកញ្ញា 14, 2009 ម៉ោង 3:03 ព្រឹក

      គិតដូចខ្ញុំណាស់ ខ្ញុំត្រូវកុនខ្មែរធ្វើឱ្យស្ដាយលុយដែរ! និយាយពីរឿងមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា ភាគច្រើនខ្ញុំតាមដាន តែមួយរយៈនេះក៏ខានដែរ តែនៅចាំកាលវិភាគ ដូចជានៅទូរទស្សន៍ជាតិ ល្ងាចថ្ងៃសៅរ៍ ម៉ោងប្រហែល៦ (ប៉ុស្តិ៍ហ្នឹងមិនសូវទៀង) ឯបុស្តិ៍លេខ៣ ប្រហែលជាម៉ោង១ថ្ងៃ។ ឮថាមណ្ឌលព័ត៌មានស្ត្រីកម្ពុជាមានថវិការច្រើន ទើបមានលទ្ធភាពផលិតបានល្អ។ នៅមានរឿង បង្គងវល្លិ៍មាស រឿងចិត្តបុណ្យ សុទ្ធតែល្អៗមើល ល្អម្យ៉ាងពីរឿងបរទេស ព្រោះមានចរិតខ្មែរច្រើន ក៏អាចធ្វើឱ្យខ្ញុំយំ ដោយមិនបាច់ប្រឹង។​ខ្ញុំក៏ចូលចិត្តរឿងរបស់ផលិតកម្មខ្មែរមេគង្គដែរ ជាពិសេសឈុតឆាក និងការសម្ដែងល្អ ហើយរឿង បាត់ខ្លួន ហ្នឹង ឮថាត្រូវគេយកទៅបញ្ចូលសូរស័ព្ទនៅប្រទេសអង់គ្លេស ហើយត្រៀមយកទៅចូលរួមប្រកួតភាពយន្តទៀតផង។ ប៉ុន្តែខ្ញុំកំពុងតែគិតពីសាច់រឿង វិមានសុបិន ខ្ញុំបានមើលខ្លះៗប៉ុណ្ណោះ តែចាប់អារម្មណ៍ថា យុវវ័យខ្មែរក្នុងរឿងហ្នឹងប្រលូកនឹងរឿងស្នេហាជ្រុលពេក។ ក្នុងសង្គមប្រហែលអ៊ីចឹងមែន តែដល់យកមកលាតត្រដាងអ៊ីចឹង ប្រហែលជាអាចមានគុណវិបិត្ត និងគុណសម្បិត្ត។ នេះគ្រាន់ជាគំនិតខ្ញុំ មិនដឹងថាខ្ញុំគិតត្រូវឬអត់ទេ គឺរឿងហ្នឹងហាក់បង្ហាញថា យុវវ័យខ្មែរសម័យនេះប្រឡូកនឹងការរួមភេទមុនពេលរៀបការជារឿងធម្មតា សំខាន់គ្រាន់តែចេះការពារខ្លួនពីជំងឺឆ្លង… បែបនេះតើអាចប៉ះពាល់ដល់វប្បធម៌ខ្មែរយើងទេ? ខ្ញុំយល់ថាគួរតែគិតពីបញ្ហានេះដែរ ព្រោះយុវតីខ្មែរនៅមានច្រើនណាស់ ដែលនៅតែថែរក្សាខ្លួនគេបានល្អ។ ហេតុនេះគួរកុំទុករឿងរួមភេទគឺជារឿងសាមញ្ញរបស់ប្រពៃណីខ្មែរអី។ អ្វីក៏ដោយឱ្យតែបង្ហាញច្រើន វានឹងក្លាយជារឿងសាមញ្ញ។ បើអាច គួរតែរកវិធីសាស្រ្តតែងនិពន្ធណា ដែលមានផលប៉ះពាល់តិច។

      ឆ្លើយតប
    • 14. engsamnang  |  ខែតុលា 11, 2009 ម៉ោង 10:01 ព្រឹក

      រឿងបាត់ខ្លួន ខ្ងុំមើលរួចហើយ ការសំដែង ការនិយាយល្អ សាច់រឿង គួរសម កាមេរ់ានៅមានកំរិត របៀបរឿងអត់ចំលងគេ តែប្រហាក់ប្រហែល រឿងបរទេសមួយចំនួន។​និយាយរឿងបាត់ខ្លួន មើលទៅ ល្អជាងគេប្រចំា ឆ្មាំនេះសំរាប់ខ្ងុំ។

      ឆ្លើយតប
  • 15. engsamnang  |  ខែតុលា 11, 2009 ម៉ោង 7:46 ព្រឹក

    រឿងហុងកុងភាគ ល្អជាងគេ ខ្ងុំទើបតែមើលរឿង រាត្រីច័ន្ទថ្លា ដែល ជា រឿង ដែលមើលច្រើនជាងគេបំផុតនៅហុងកុង គឺពិតជាល្អមើលណាស់ ពិសេសតួមួយសំដែងមែនទែន កាយវិការ ទឹកមុខ សំដី មានឈុត មួយ តួស្រីម្នាក់វាយគា្ន ឈ្លោះគ្នាជាមួយម្តាយមីងមាត់ច្រើន ឈុតនឹង ខ្ងុំ ពេញចិត្តជាងគេ ត្រង់ការសំដែង និង ការនិយាយ(ព្រោះធ្លាប់ឆ្លងកាត់ខ្លួនឯង) ត្រង់នាងនិយាយថា ខ្ងុំអត់សុំទោស ព្រោះខ្ងុំ អត់ខុស (កាលនោះខ្ងុំឆ្លើយដូចគា្ន) ។​ រឿងនឹងល្អមើលណាស់ សាច់រឿង គឺទាក់ទងនឹងសង្គមទំាំងស្រុង មានលាយល្បំ មនោសសញ្ជតនា ទឹកភែ្នក សោកដកម្ម ការតស៊ូ ការឈ្នានីស ការស្អប់ ពី មនុស្សគរ និយាយរួមរឿងនឹងតួមួយនិយាយពីភាពខុសគា្ន បើបានមើលណា ពិតជាជក់តែម្តង។ គឺរឿងនេះគេមិននិយាយពី ស្នេហាដូចខែ្មរយើង រឿងតួឯងត្រូវតែស្អាតរឺកេ្មងទេ តែនិយាយពីជីវីតជីវភាពរបស់ប្រជាជានហុងកុងគេតែម្តង។ http://en.wikipedia.org/wiki/Moonlight_Resonance
    ឈុតខ្លះរបស់រឿង http://www.youtube.com/watch?v=Wa5nu37nThY&translated=1
    និយាយរួមចង់ឃើញរឿងខែ្មរមានបែបនេះណាស់។

    ឆ្លើយតប
    • 16. Chanphal  |  ខែតុលា 13, 2009 ម៉ោង 3:58 ព្រឹក

      ខ្ញុំចូលចិត្តណាស់ រឿងភាគហុងកុង គឺរបស់ TVB មើលឡើងមានអារម្មណ៍ថា ស្និទ្ធស្នាលនឹងតួសម្ដែងដូចបងប្អូនអ៊ីចឹង។ តាមពិតទៅ គ្រាន់តែជារឿងទូរទស្សន៍សាមញ្ញៗ និយាយពីជីវិតក្នុងសង្គម តែចូលចិត្តចរិតពួកគេ ហើយក៏មើលចូលអារម្មណ៍ទៅ! ចង់រកនឹកប្រាប់ថា ចូលចិត្តរឿងណាជាងគេ តែដូចជាចូលចិត្តស្ទើរទាំងអស់ ប៉ុន្តែដល់មើលច្រើនទៅក៏ឃើញចំនុចខ្សោយដែរ គឺបរិយាកាសរឿងស្រដៀងៗគ្នា ហើយចរិតតួក៏ស្រដៀងៗគ្នាដែរ អាចនិយាយថាអ្នកនិពន្ធតែម្នាក់ដាក់បញ្ហា រួចដោះស្រាយខ្លួនឯង។ ប៉ុន្តែខ្ញុំគិតថា រឿងទូរទស្សន៍បែបនេះ គេចំណាយថវិការតិចប៉ុណ្ណោះ។ ហ្នឹងហើយ! និយាយពីចំណុចពិសេសមួយទៀតនៃរឿង TVB គឺរឿងមួយនិយាយពីមុខរបរមួយ បើយើងមើលដប់រឿងគឺដឹងបានដប់ជំនាញហើយ។ ខ្ញុំរៀនចេះពីពួកគេបានច្រើនណាស់ ហើយខ្ញុំតែងតែចាត់ទុកពួកគេជាគ្រូ។

      ឆ្លើយតប
      • 17. engsamnang  |  ខែតុលា 18, 2009 ម៉ោង 7:03 ព្រឹក

        ត្រូវហើយរឿងពួកគេចូលចិត្តនិយាយពីជំនាញ។ វាប្រាកដជាស្រដៀវ គា្ន ព្រោះរឿងភាគគឺប្រៀបនឹងជីវីតមួយមួយដែលវែង ដែលនិយាយរៀប រាប់តាមសង្គម។ សង្គមហុងកុងគឺបែបនឹង។ និយាយទៅរឿងហុងកុងល្អ មើលច្រើ​ន បងឯងសាកមើលរឿងនេះទៅ គឺប្លែកជាងគេតែម្តង។ http://video.google.com/videosearch?q=Moonlight+Resonance+ep+1&emb=0#

  • 18. វឌ្ឍនា  |  ខែតុលា 13, 2009 ម៉ោង 11:43 ព្រឹក

    អីយ៉ះ! មានអ្នកចូលចិត្តកុនហុងកុងច្រើនណាស់ណ៎! កាលពីមុនខ្ញុំវក់ និង រឿងហុងកុងអស់ហ្នឹងដែរ ជាពិសេសនៅប៉ុស្តិ៍ ទទក ខ្ទង់កំឡុងឆ្នាំ ៩៨ ដល់ ២០០០ រឿងល្អៗមើលមែនទែន។
    ហើយតួហុងកុងដែលខ្ញុំចូលចិត្តជាងគេនោះគឺ ខារមិន លី និង ល្វីស គូ អោយតែមានតួរពីរនាក់ហ្នឹងមើលដាច់បាយដាច់ទឹក។

    ឆ្លើយតប
  • 19. វេច្ចនា  |  ខែមិថុនា 23, 2010 ម៉ោង 2:41 ល្ងាច

    អ្នកទំាំងអស់សុទ្ធតែមានគំនិតជាខ្មែរជំនាន់​ក្រោយដែល​កំពុង​ឈាន​ទៅ​រកភាពជាអរិយរបស់ខ្លួនឡើងវិញតាមរយៈការព្យាយាមចែកចាយទស្សនៈ និងផ្តល់ការស្ថាបនាដើម្បីជាតិ។ ខ្ញុំរីករាយនិងស្គាល់អ្នកទំាងអស់ណាស់។ ខ្ញុំឈ្មោះវេច្ជនា​ធ្វើការ​ជាFreelandcer​ នៅកាសែ​តមួយចំនួន​ និង​Sabay.com,.kh ។ ខ្ញុំទទួលបន្ទុក​ព័ត៌មានតារា ​ហើយខ្ញុំ​ប្រហែលដឹង​គួរ​សម​ដែរ​​ពី​ស្ថាន​ភាពពិត​នៃការ​ផលិត​វីដេអូ​នៅក្នុង​ប្រទេស​យើង។​ មាន​រឿង​មួយ​​​ដែ​លខ្ញំសូមចែករំលែក​ គឺថា​ប្រសិន​បើខ្មែរយើងប្រើអ្នកមានសមត្ថភាបពិតៗ​នៅគ្រប់ជ្រុងនៃសិល្បៈយើង​ប្រហែលមិន​ក្រោម​ប្រទេស​ជាប់ខាងទេ​ ព្រោះខ្មែរ​មានកំណើត​ឈាមជ័រ​ជាអ្នកសិល្បៈ​មានគំនិតច្នៃប្រឌិត​ និងមានទស្សនវិជ្ជាចេញពីជីវិតរស់នៅគួរសមតាមរយៈគ្រួសារ និង​សង្គមរស់នៅ។ ប៉ុន្តែបញ្ដាសំខាន់គឺខ្មែរមិនសូវចេះបានធ្វើ ​ឯខ្មែរដែលចេះមែនទែន​បានត្រឹមឈរមើល​ហើយគ្រវីក្បាលដោយសារអត់មានទុយោ!

    ឆ្លើយតប
    • 20. ចាន់ផល  |  ខែមិថុនា 24, 2010 ម៉ោង 11:11 ព្រឹក

      គិត​នេះ​គ្មាន​ខុស​ពី​ខ្ញុំ​ទេ… គឺ​ថា​បើ​ឱ្យ​ខ្ញុំ​សរសេរ​កុន​វិញ មិន​និយាយ​ទេ 😆

      ឆ្លើយតប
    • 21. ចាន់ផល  |  ខែមិថុនា 24, 2010 ម៉ោង 11:16 ព្រឹក

      លាក់បាំង​អី យប់​មិញ​មើល​រឿង​ខ្មែរ​ប៉ុស្តិ៍​បាយ័ន​ដែរ និយាយ​ពី​បារ៉ូ​តួ​និយាយ… តឹង​ទ្រូង! នៀក… ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ ថា​ហេតុអ្វី​ក៏​តួ​ទាំង​អស់​នោះ​និយាយ​ស្ទីល​បង្អូស​បែប​នេះហ៍…ទៅ​វិញ… ជា​ការ​ពិត​មែន​ទេ ដែល​ថា​លោក​ម្នាក់​នោះ… អូហ៍! យ៉ាប់!

      ឆ្លើយតប
      • 22. រចនា  |  ខែមិថុនា 25, 2010 ម៉ោង 10:20 ព្រឹក

        នាង​ខ្ញុំ… នាង​ខ្ញុំ… (-.-) ហួស​ថ្លែង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: