កាលពីម្សិលម្ង៉ៃ

ខែកញ្ញា 5, 2009 at 8:20 ព្រឹក មតិ 7

កំណត់ហេតុថ្ងៃទី​៣​ កញ្ញា ២០០៩​(តចប់)

… ជូលី និង ស្រីអូន ឡើងទៅវិទ្យុវិញ ខ្ញុំក៏សរសេរបញ្ចប់ អត្ថបទឈុតខ្លីទាក់ទងនឹងបុណ្យកាន់បិណ្ឌ សរសេរដាក់ឈ្មោះតួស្រីថា ស្រីអ៊ីន តាមសំណូមពរបងជាតា គឺសម្រាប់គាត់សម្ដែង ហើយមានតួប្រុសពីរនាក់ទៀត ឪពុក និងកូនប្រុស ដែលខ្ញុំរំពឹងថា បងប៊ុនថន អាចសម្តែងម្នាក់ឯងធ្វើតួពីរបាន ហើយចិត្តមួយនឹកថា ថ្ងៃនេះមានភ្ញៀវកិត្តិយសស្រីម្នាក់ បើយ៉ាងម៉េចយ៉ាងម៉ា ប្រហែលជាកែកូនប្រុសទៅជាកូនស្រីក៏បាន ប៉ុន្តែទីបញ្ចប់ពេលយកទៅឱ្យគេសម្ដែង ស្រាប់តែកម្មវិធី Hang Meas Radio Idol ថ្ងៃនេះមានភ្ញៀវកិត្តិយសជាក្មេងប្រុសម្នាក់ទៀត គឺចៃដន្យគ្រប់ចំនួនតួអង្គរបស់ខ្ញុំ អ៊ីចឹងបងជាតាត្រូវអត់បាននិយាយ ទុកឱ្យភ្ញៀវបញ្ចេញសមត្ថភាព ហើយឃើញថា លទ្ធផលបានយ៉ាងល្អ ពិសេសគឺសាច់រឿងខ្ញុំសរសេរឱ្យស៊ីនឹងចម្រៀងដែលខ្ញុំចូលចិត្តស្ដាប់ គឺ បទ បណ្ដាំបិណ្ឌភ្ជុំ (…នឹកម៉ែនឹកពុកនឹកស្រុកនឹកភូមិ រដូវបុណ្យភ្ជុំខ្ញុំសែនអួលអាក់ ឱ!ដួងវិញ្ញាណក្ខន្ធជនបុព្វការៈ ខ្ញុំដឹងថាអ្នកទន្ទឹងខ្ញុំហើយ…)

ទាក់ទងនឹងប្លក់នេះ ខ្ញុំបានតប comment​ និមល និង សុទ្ធា ហើយក៏បាន post កំណាព្យ ភ្លៀងធ្លាក់ក្នុងកុមារភាព… អូហ៍! អត់បានប្រាប់ តាំងពីព្រឹកម្ល៉េះ ជូលី ចូលមកក្នុងបន្ទប់ខ្ញុំ និយាយថា គេបានជួបមិត្តចាស់គេម្នាក់តាំងពីបឋមសិក្សា គឺស្និទ្ធស្នាលគ្នាណាស់កាលណោះ ប៉ុន្តែថាមានមនុស្សចង្រៃម្នាក់បំបែកបំបាក់ ក៏បែកគ្នារហូតមកដល់ពេលនេះ គឺគេជួបគ្នានៅក្នុងបណ្ដាញបង្អួចបៃតង ព្រោះមិត្តហ្នឹងបាន post រូបថតធ្វើឱ្យជូលីស្គាល់ (ចូលរួមរីករាយ!) ហើយជូលីប្រាប់មួយទៀតថា ថ្ងៃហ្នឹង រាសីហ៍ នៅបង្អួចបៃតងផ្ញើពាក្យជូនពរថ្ងៃខួបកំណើតគេ ខ្ញុំក៏នឹកឃើញថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ជូលី តើខ្ញុំត្រូវធ្វើយ៉ាងណា?

ដកដង្ហើមបន្ធូរអារម្មណ៍មួយសិន! …ហ៊ឺ! ប៉ុន្មានថ្ងៃហើយ ខ្ញុំមានអារម្មណ៍ហេវៗ គឺដូចអស់សង្ឃឹមនឹងគ្រប់យ៉ាងអ៊ីចឹង… ពិបាកពណ៌នាណាស់ តែអ្នកណាធ្លាប់ជួបអារម្មណ៍ហ្នឹង ប្រាកដជាដឹង! ចិត្តអត់ចង់ធ្វើអីទាំងអស់ ហើយគិតស្មុគស្មាញឡើងចង់ឆ្កួត! បន្ទាប់មកខ្ញុំមានតែបើកមើលប្លក់គេប្លក់ឯង ហើយពេលហ្នឹងហើយ អាចម៍ផ្កាយ ក៏ទូរស័ព្ទមក សួរខ្ញុំរឿង រចនា និមល និងបងសីហាទៀត… ពេជ្រ សុភា បើកទ្វារបន្ទប់ខ្វាក សួររកបងកា និងដូណា ខ្ញុំប្រាប់ថាបងកាទៅផ្ទះហើយ ឯ ដូណា កំពុងថតបងសុវត្ថិ នៅ studio រួចក៏និយាយទូរស័ព្ទបន្ត បន្តិចមកស្រីអូនក៏ហៅទូរស័ព្ទពីខាងលើ ឱ្យឡើងទៅញ៉ាំអី ព្រោះមេធំបានយកមកផ្ញើ ថាលឿនឡើងប្រយ័ត្នគេញ៉ាំអស់។ និយាយទូរស័ព្ទជាមួយអាចម៍ផ្កាយ មិនសូវដឹងរឿងអីទេ ព្រោះសួរអីក៏គេអត់ប្រាប់ គេប្រាប់តែអារឿងណាគេចង់ប្រាប់ អ៊ីចឹងក៏បែកគ្នា ហើយក៏ឡើងទៅលើរកអីញ៉ាំ… ញ៉ាំៗ… ពេជ្រ សុភា រត់មកអង្គុយដែរ ព្រោះគាត់ចាំប្តូរវេនថតច្រៀងជាមួយបងសុវត្ថិ។ ឱ្យតែនៅក្បែរ ពេជ្យ សោភា ក៏ត្រៀមខ្លួនសើចឱ្យហើយទៅ គឺពូកែនិយាយរឿងឱ្យសើចចុកពោះណាស់… គាត់និយាយរឿងខ្ទើយនៅហាងកាត់សក់របស់គាត់ និយាយរឿងម៉ែគាត់រករឿងគាត់ ដែលគាត់មិនព្រមកោរពុកមាត់… ពេលហ្នឹងមនុស្សនៅជុំគ្នាល្អណាស់ មាន បងសិលា​ បងប្រុសក្មេង បងជាតា បងហួន បងសីដើរទៅដើរមកព្រោះគាត់ជា operator ឆ្លៀតពេលចាក់ចម្រៀងចេញមកនិយាយផាគេផាឯង។ ខ្ញុំនេះមិនចេះផាឱ្យគេទេ តែចូលចិត្តស្តាប់គេផាគ្នា តែដល់គេអស់មនុស្សផាគេក៏ផាខ្ញុំដែរ។​ ពេលហ្នឹងបងហួនផាខ្ញុំអ៊ីចេះអ៊ីចុះ ហើយខ្ញុំមិនដឹងតបម៉េចក៏នៅស្ងៀម ធ្វើឱ្យមេធំ ដែលអង្គុយជិតអ៊ំរដ្ឋបាល សើចខឹកៗ តែខ្ញុំសំណាងត្រង់ អាជូលី ជួយការពារខ្ញុំ ផាឱ្យបងហួនវិញ។

ដូចជាពួកគេអស់អារម្មណ៍ផាគ្នាក៏នាំគ្នាគិតពីការរៀបចំពិធីខួបកំណើតរបស់ ជូលី គឺគ្រោងទៅញ៉ាំអី ពេលចប់ម៉ោងធ្វើការ ហើយច្រៀងខារ៉ាអូខេឱ្យណាណី។ ពេលនោះអ៊ំខន លើកទូរស័ព្ទ ហើយប្រាប់ថា ល្ងាចហ្នឹងមេធំឃាត់គ្រប់គ្នាឱ្យនៅញ៉ាំបាយជុំគ្នានៅជាន់ក្រោម។ អាជូលីបដិសេធ ព្រោះត្រូវទៅរៀបចំនៅខាងក្រៅ ចំណេកខ្ញុំវិញទោះជាមិនទៅច្រៀងខារ៉ាអូខេជាមួយគេ ក៏ត្រូវនៅញ៉ាំម្ហូបសែនក្បាលទឹកនៅក្រុមហ៊ុនដែរ អារឿងទៅរៀនប្រាកដជាត្រូវតែខាន។

ខ្ញុំស្មុគស្មាញរឿងរៀនសូត្រហ្នឹងណាស់ គឺអត់ដែលខំរៀនទេ រាល់ថ្ងៃបើមិនសរសេរចម្រៀង ក៏អង្គុយដកដង្ហើមចោលដែរ រឿងអានសៀវភៅអីគឺខ្ជិលរហូត… ឆ្នាំទីបួនទៅហើយ តែអត់ដឹងខ្យល់អីទេ ហើយថ្ងៃនេះអត់បានទៅរៀនទៀត… អើយ! ខ្ញុំអើយខ្ញុំ! ពិតជា… ខ្ញុំចូលមកក្នុងបន្ទប់ធ្វើការវិញ អារម្មណ៍តានតឹងទៅៗ តើខ្ញុំត្រូវរៀបចំសកម្មភាពប្រចាំថ្ងៃយ៉ាងម៉េចល្អ? អង្គុយអានប្លក់គេ ចង់ comment តិច អត់តិច… រួចបងសិលាក៏មកហៅទៅញ៉ាំបាយជុំគ្នា។ ចុះទៅឃើញមេធំអង្គុយចាំហៅឱ្យចូលតុ ខ្ញុំក៏ចូលទៅញ៉ាំបាយយ៉ាងស្ងៀមស្ងាត់… មិនបាច់និយាយពីរឿងនៅតុអាហារទេ ដូចតែធម្មតាៗ ដល់ពេលញ៉ាំឆ្អែត  ខ្ញុំក៏ឡើងទៅលើវិញ ឯស្រីអូន និងដាវណ្ណ ចប់កម្មវិធីក៏ចុះទៅញ៉ាំម្ដង ហើយនិយាយគ្នាថាចាំទៅរកអាជូលីជាមួយគ្នា។

នៅខាងក្រៅទ្វារជាន់ខាងលើនៃក្រុមហ៊ុននាពេលនោះ ខ្ញុំត្រូវមនុស្សម្នាក់ប្រាប់ពីចិត្តគេដែលស្រលាញ់ ឈិត សុវណ្ណបញ្ញា ដល់ខ្ញុំ។ មិនហ៊ានប្រាប់ឈ្មោះគេទេ ខ្លាចគេខឹង តែម្នាក់ហ្នឹងក៏ជាពិធីករម្នាក់ដែរ ហើយតែងតែចាក់បទ បញ្ញា ផ្ដើមកម្មវិធី។ គេស្រលាញ់បញ្ញាខ្លាំងមែនទែន ពេលឃើញបញ្ញាម្ដងៗលបមើលបញ្ញាឡើងភ្លឹក ហើយថាពេលឡើងជណ្ដើរជ្រួសផ្លូវគ្នាជាមួយបញ្ញា គេឡើងញ័រដៃញ័រជើង ប៉ុន្តែគេមិនហ៊ានសង្ឃឹម ព្រោះបញ្ញា អាយុច្រើនជាង ហើយល្បីខ្លាំងទៀត។

ហ៊ើយ! ទីបំផុតពេលខ្ញុំចុះទៅបន្ទប់ ហើយឡើងមកវិញ ស្រីអូន និងដាវណ្ណ ទៅខារ៉ាអូខេចោលខ្ញុំបាត់ ជួនពេលដែលភា និងរ៉ូស ចេញពីកម្មវិធីក៏បបួលខ្ញុំទៅជាមួយគ្នា។ ពេលចេញពីក្រុមហ៊ុន ភ្លៀងរលឹមស្រិចៗ ហើយភាជិះម៉ូតូលឿនណាស់ គឺគេប្រញាប់មែនទែនខ្ញុំក៏ឱ្យគេជិះទៅតែឯងទៅ ខ្ញុំជិះទៅតាមក្រោយក៏បាន រួចក៏រកឃើញកន្លែងខារ៉ាអូខេនោះនៅជិតផ្សារកណ្ដាល។

ចូលទៅដល់ខ្ញុំគិតថាត្រូវតែញញឹមឱ្យគ្រប់គ្នាគិតថាខ្ញុំកំពុងតែសប្បាយចិត្តខ្លាំងណាស់ រួចរ៉ូសនិងស្វាមីគាត់ក៏មកដល់។ សរសើរពីរនាក់គាត់ណាស់ ចូលមកគឺរួសរាយគួរឱ្យស្រលាញ់តែម្ដង។ ជូលី ប្រាប់ខ្ញុំថាឱ្យច្រៀងបទ ឈាមពេជ្រ ទៅ តែខ្ញុំក៏ច្រៀងបទ បំណងល្អពីសង្សារអូន តែមិនដឹងម៉េចច្រៀងអត់ឮ ហេតុនេះគេអាណិតខ្ញុំក៏ដណ្ដើមខ្ញុំច្រៀងរហូត។ មែន! ពេលជួបជុំគ្នាសប្បាយបែបហ្នឹង ម្នាក់ៗចេញចរិតដើមមកអស់ហើយ។ ថាខ្ញុំទៅមិនសូវហ៊ានមាត់ក តែស្រីពេជ្រ ឯណោះមួយមាត់ស្ទើរតែមិនឮនិយាយ។

ពេលផ្លុំទៀននំខួបកំណើតក៏ល្អមើលម្យ៉ាងដែរ ព្រោះសឹងតែទាំងអស់គឺជាពិធីករ ប៉ុន្តែរកអ្នកណាចេញមុខធ្វើពិធីករកាត់នំអត់ឃើញ។ និយាយទៅពេលនោះពួកយើងមកបណ្ដាក់គ្នា ព្រោះក្រោយមកមាន សកល និង បងជាតា មកចូលរួមទៀត ហើយក្រោយមកទៀត Spy មួយកេះក៏មកដល់ដែរ តែក្រោយមកទៀតក៏មានប៉ុន្មាននាក់សុំទៅផ្ទះមុន។​ ខ្ញុំចង់ទៅដែរ តែអត់ដាច់ចិត្តក៏នៅបន្ត… ពួកគេលេងសើចសប្បាយណាស់ តែខ្ញុំវិញ… ហ៊ើយ! ចរិតយ៉ាប់ហ្មង មិនដឹងថាខ្លួនគិតអីខ្លះទេ ដូចអត់សូវទម្លាប់ខ្លួនជាមួយពួកគេ សូម្បីតែមនុស្សជួបគ្នារាល់តែថ្ងៃហ្នឹងណ៎ា! ខ្ញុំគិតខ្វល់ចិត្ត ព្រោះអត់ចេះនិយាយលេងសើចជាមួយគេ តែនឹកឃើញចំណងជើងចម្រៀងពីរបទ (អត់ឱ្យខាតទេ) ហេតុអ្វីក៏បងឯកា? និង លួចអស់សង្ឃឹម។

គឺអារម្មណ៍នាពេលនោះហើយ ដែលធ្វើឱ្យខ្ញុំចង់សរសេរកំណត់ហេតុនេះ តែដល់ពេលសរសេរ ត្រូវនឹកឃើញរឿងពេញមួយថ្ងៃក៏ភ្លេចអារម្មណ៍ពេលនោះទៅវិញ។ យ៉ាងណាខ្ញុំចាំពីទិដ្ឋភាពដែលគ្រប់គ្នារាំគ្រប់ក្បាច់ ខ្ញុំសារភាពថាធ្វើមិនបានទេ ហើយខ្មាសគេព្រោះចូលគេអត់ចុះ តែខ្ញុំខំបន្លប់ខ្លួនឯងគិតថា មិនបាច់ចង់ធ្វើអីដែលខ្លួនឯងទៅមិនរួចនោះទេ សំខាន់ស្គាល់ខ្លួនឯងឱ្យច្បាស់ ធ្វើជាខ្លួនឯងឱ្យបានល្អ ហើយព្រមទទួលអ្វីជារបស់ខ្លួន សប្បាយនឹងវា កុំចង់បានអ្វីដែលដឹងថាមិនអាចយកបាន នាំឱ្យខ្លួនឯងអស់សង្ឃឹម… ប៉ុណ្ណឹងរស់បានហើយ មែនទេ?

Advertisements

Entry filed under: កម្សាន្ត.

កាលពីម្សិលមិញ 090909

7 មតិ Add your own

  • 1. សុទ្ធា  |  ខែកញ្ញា 5, 2009 ម៉ោង 10:56 ព្រឹក

    ខ្ញុំអត់ដែលឃើញ បងប្រុសក្មេង សោះ ! សង្ឃឹមថាបានជួបមុខគាត់!
    បើនិយាយពីរឿងច្រៀងខារ៉ាអូខេវិញ ជំនាញពួកខ្ញុំ តែមួយៗច្រៀងអត់ពីរោះទេ ។ មានថ្ងៃមួយពួកខ្ញុំ មានដូចជា ខ្ញុំ រាសីហ៍ វិប្បស្សិនី ធារ៉ា​ និងឧសភា​ ខ្ញុំក៏ហៅអ្នកដទៃទៅច្រៀងដែរ ដឹងអីថា ពួកខ្ញុំអត់មានបានច្រៀងអីទេ ព្រោះអត់ហ៊ានច្រៀង ខ្លាចខ្មាសគេ គេសុទ្ធតែច្រៀងពីរោះជាងពួកខ្ញុំទៅទៀត ពួកខ្ញុំដូចគោរោទិ៍ ខ្ឡះដូចពួកKid Express show ហាសហា ! ចង់តែសើចទេ …ង៉ៃក្រោយលែងហៅគេទៀតហើយ ទៅតែពួកខ្ញុំបានហើយ ( សុំធ្វើជាតួចិត្តអាក្រក់បន្តិចសិនចុះ ) ។

    ឆ្លើយតប
    • 2. sokchanphal  |  ខែកញ្ញា 7, 2009 ម៉ោង 2:28 ព្រឹក

      តែបើហៅខ្ញុំទៅ ប្រហែលត្រូវ ព្រោះបើម្នាក់ៗសុទ្ធតែដូចគោរោទ៍ ខ្ញុំហ៊ានរោទ៍ដែរ!

      ឆ្លើយតប
    • 3. វិប្បស្សិនី  |  ខែកញ្ញា 9, 2009 ម៉ោង 4:05 ល្ងាច

      ពុទ្ធោ សុទ្ធា!​ នេះហែកកេរ្តិ៍គ្នាឯងតែម្តងហើយ តែយ៉ាងណាៗ នេះជា​ការ​ពិត។ ពួកយើងពិតជាដូចគោរោទិ៍ និងKid Express Show ពិតមែន…ហាហា….

      នេះជាលើកទីមួយដែលខ្ញុំចូលមកប្លក់របស់បងផល។ សូមអរគុណច្រើន​ដែលបានធ្វើឱ្យខ្ញុំសើច ^^ ។ ថ្ងៃនេះជួបរឿងមិនរីករាយជាច្រើន តែលុះ​បានអានប្លក់អ្នកគ្រប់គ្នាទៅ ក៏ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តយ៉ាងចម្លែក។ ​អរគុណអ្នកគ្រប់គ្នាជាច្រើន!​

      ឆ្លើយតប
  • 4. អាចម៍ផ្កាយ  |  ខែកញ្ញា 6, 2009 ម៉ោង 2:34 ល្ងាច

    ​នៅ​យក​រឿង​ខ្ញុំ​មក​និយាយ​ប្រាប់​គេ​ទៀត? អ៊ីចឹង​គេ​មិន​​ដឹង​ថា​ ខ្ញុំ​និយាយ​ដើម​ពួក​គេ​ទៅ​ហើយ​ទេ?​lolz… តែ​ដែល​ថា​​ចាន់​ផល​ស្តាប់​មិន​សូវ​ដឹង​រឿង​នោះ ព្រោះ​ខ្លាច​គេ​ញ៉ាំ​អី​អស់​ទេ​ដឹង? 😆

    ឆ្លើយតប
    • 5. sokchanphal  |  ខែកញ្ញា 7, 2009 ម៉ោង 2:22 ព្រឹក

      អ៊ីចឹងក៏អ៊ីចឹងទៅ! តែកាលហ្នឹងក្រែងប្រាប់ខ្ញុំថាដល់ពេលទៅរៀនដែរតើអ្ហី?

      ឆ្លើយតប
      • 6. អាចម៍ផ្កាយ  |  ខែកញ្ញា 7, 2009 ម៉ោង 2:59 ព្រឹក

        ដល់​ពេល​ទៅ​រៀន​មែន តែ​ក៏​មិន​មែន​ជាហេតុ​ផល​ដែល​ចាន់​ផល​ស្តាប់​មិន​យល់​រឿង​ដែរ មែន​ទេ? អត់​ទាក់​ទង​ផង! និយាយ​ជិត​កន្លះ​ម៉ោង​ហើយ អត់​ដឹង​រឿង?

  • 7. បាត់ដំបង  |  ខែកញ្ញា 8, 2009 ម៉ោង 3:05 ព្រឹក

    យីមើលកំណត់ហេតុគេឡើងហៀរទឹកភ្នែកហើយ។ ព្រោះអាម៉ូនីទ័រនៅនេះ វាចង់ខូច ហើយ វាចេញពន្លឺខ្លាំងពេក។ ហាសហាស ឡូយម៉្យាងដែរហ្ន

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: