កាលពីម្សិលមិញ

ខែកញ្ញា 4, 2009 at 10:28 ព្រឹក មតិ 11

កំណត់ហេតុថ្ងៃទី​៣​ កញ្ញា ២០០៩

កំណត់ហេតុមួយឆ្នាំសរសេរម្ដង បានជាសរសេរហើយកុំឱ្យខាត ដាក់ឱ្យសាធារណជនអានតែម្ដងទៅ!

ក្នុងមួយថ្ងៃនេះ ខ្ញុំដូចជាជួបរឿងរ៉ាវច្រើនល្មម សមនឹងកត់ទុកដែរ។ អ្នកនិពន្ធដូចជារស់នៅដើម្បីឆ្លងកាត់ នឹងអាលយកអារម្មណ៍មកពណ៌នាប្រាប់គេអ៊ីចឹង បែបនេះបានមានអ្នកខ្លះនិយាយថា បើចង់ក្លាយជាអ្នកនិពន្ធដំបូងត្រូវសរសេររឿវរ៉ាវខ្លួនឯងសិន។

ឆ្លងកាត់មួយថ្ងៃមិនដល់ម្ភៃបួនម៉ោងផង តែអាចយកមកគិតប្រើបានមួយជាតិ។ ត្រូវចាប់ផ្ដើមពីម៉ោងក្រោកពីដេក… ខ្ញុំដូចជាដឹងខ្លួនម៉ោងប្រហែលប្រាំមួយព្រឹក ហើយឮសំឡេងស្នូលជើង និងមាត់កម្មកររោងចក្រកាត់ដេរដើរទៅធ្វើការ។ នឹកចង់ក្រោកណាស់ តែដេកអត់ទាន់ឆ្អែត ហើយអារឿងលួចដេកបន្តហ្នឹងពិតជាស្រួលមែនទែន (បើអ៊ីចឹងស្រួលមិនបាច់យកប្រពន្ធទេ¡=ភាសាអ៊ីចឹងកុំនិយាយ=អត់ល្អ!) ខ្ញុំខំបើកភ្នែកឱ្យស្វាង ហើយនឹកភ័យព្រោះត្រូវបោកខោអាវដែលត្រាំចោល ណាថាចង់ទៅធ្វើការឱ្យលឿនម្ដងផង ហើយខ្ញុំបើកវិទ្យុស្ដាប់ក្រែងគេចាក់បទខ្ញុំតែង ក៏ឮ សំឡេង ជូលី និង ភា ហើយនឹកឃើញរឿង ភា ក៏បារម្ភថាតើបាត់ឈឺធ្មេញនៅ ព្រោះម្សិលមិញហ្នឹងឈឺនិយាយមិនកើតផង តែស្ដាប់សំឡេងទៅដូចធម្មតាទេ… ខ្ញុំប្រឹងស្ដាប់ឱ្យស្វាង ហើយតាំងចិត្តថាត្រូវក្រោកឱ្យបាន!

ខ្ញុំនៅផ្ទះតែម្នាក់ឯងទេ ម៉ែ និង ពូ ទៅស្រុកអស់ហើយ។ ដាក់ដាំបបររួច ទើបបោកខោអាវ (ខ្ជិលជាងគេការងារហ្នឹង) បោកៗនឹកឃើញភួយខ្នើយខានបោកយូរហើយ ក៏យកមកត្រាំទុកបោកពេលយប់ ប៉ុន្តែដល់យប់រវល់តែសរសេរកំណត់ហេតុនេះ អត់បានបោកទេ!

កាត់ដល់ខ្ញុំទទួលទានបបររួច ស្លៀកពាក់ទៅធ្វើការ (ស្លៀកពាក់មិនបាច់ប្រាប់ក៏គេដឹងដែរ) ដូចជាម៉ោងជាងប្រាំបីទៅហើយ ខ្ញុំក៏អាចចាកចេញពីផ្ទះដោយសុវត្ថិភាព។ ទូទៅខ្ញុំចំណាយពេលប្រហែលកន្លះម៉ោងពីផ្ទះទៅកន្លែងធ្វើការ ហើយខ្ញុំជិះយឺតៗណាស់ ខ្លាចគ្រោះថ្នាក់ចរាចរណ៍ឈឺខ្លួន ហើយមានតែយូរជាងកន្លះម៉ោងទៀត ទើបខ្ញុំទៅដល់ក្រុមហ៊ុន។ ជិះមកដល់ផ្សារស៊ិនជូរី នឹកឃើញចង់ទិញផ្កាម្លិះ តែមកទិញបាននៅមុខផ្សារពោធិ៍ចិនតុង ដល់បន្តដំណើរបានបន្តិច អ៊ែ ទូរស័ព្ទ មក និយាយរឿងចម្រៀង ឈិត សុវណ្ណបញ្ញា ផ្តាំខ្ញុំថាឱ្យប្រាប់ បញ្ញា ឱ្យច្រៀងបទ គឺអូនមែនទេ ពេលឡើង concert ថ្ងៃចុងសប្ដាហ៍នេះ។ តមកទៀតគឺជិះម៉ូតូតាមផ្លូវដូចរាល់ថ្ងៃ ហើយជួបរឿងមាកាកោកដែលខួរក្បាលខ្ញុំចូលចិត្តគិត។

ដល់ក្រុមហ៊ុនប៉ិប រត់ចូលទៅក្នុងបន្ទប់ទឹក ហើយមើលម៉ោងឃើញថាជិតម៉ោងប្រាំបួន យឺតមិនចាញ់រាល់ថ្ងៃទេ។ រត់ឡើងកាំជណ្ដើរ ឆ្លៀតងាកទៅឃើញគេរៀបនំចំណីសែនក្បាលទឹក ឡើងដល់ជាន់ទីមួយ ជួប បងទីតូ ញញឹមស្រស់ ក៏ចូលចតជួបគាត់សិន ព្រោះគាត់កំពុងជាប់មាត់ជាមួយអ៊ំ ហ៊ុយ ពុធ និយាយគ្នាពីរូបភាពបទ កុំប្រញាប់ប្រាប់ថាស្រលាញ់ បទហ្នឹងខ្ញុំតែងតើ! គាត់ចាក់ស្ដាប់ផ្លាច់ ឆន សុវណ្ណរាជ ឡើងមកដល់ភ្លែត អេ! បទហ្នឹងគេច្រៀងតើ! ទុកឱ្យពួកគេជជែកគ្នាចុះ ខ្ញុំឡើងទៅបន្ទប់ធ្វើការខ្ញុំវិញ ហើយបងទីតូក៏ប្រាប់ថា ឱ្យខ្ញុំបើកកុំព្យូទ័រទុកទៅ បន្តិចទៀតគាត់យកចម្រៀងទៅឱ្យមើល។

បន្ទប់ខ្ញុំមានគ្នាបីនាក់ បង ច័ន្ទ មល្លិកា បង លី ស៊ីនហួន និង ខ្ញុំ… ថាខ្ញុំយឺតទៅហើយ តែបងកាតែងតែយឺតជាងខ្ញុំទៀត ឯបងហួនវិញខ្ជិលនិយាយ ព្រោះគាត់ពេលយប់និងថ្ងៃគឺរវល់និយាយទូរស័ព្ទខ្លាំងណាស់។ អ៊ីចឹងខ្ញុំនៅតែចូលបន្ទប់មុនគេ បើកម៉ាស៊ីនត្រជាក់ ដាក់ផ្កាម្លិះឱ្យសាយក្លិន… អូហ៍! ពេលដាក់កាតាបចុះក៏នឹកឃើញ ពីយប់មិញ និមល ផ្ញើទស្សនាវដ្ដីមួយក្បាល ឱ្យខ្ញុំយកឱ្យ រាជ កុំឱ្យខាតពេល យកទៅឱ្យសិន។

ពេលបើកវិទ្យុស្ដាប់ ឮ ជូលី បងសិលា និង ស្រីពេជ្រ និយាយដល់បុណ្យកាន់បិណ្ឌ ក៏នឹកឃើញចង់សរសេរសាច់រឿងមួយទាក់ទងនឹងបុណ្យនេះ ឱ្យបងប៊ុនថន បញ្ចូលសំឡេងក្នុងកម្មវិធី Hang Meas Radio Idol ។ កំពុងតែសរសេរទូស័ព្ទលើតុក៏រោទិ៍ អាតីប្រាប់ថាបន្តិចទៀត ជា វណ្ណរិទ្ធ មកដល់វិទ្យុហើយ ខ្ញុំត្រូវទៅជួបសម្ភាសសរសេរជីវប្រវត្តិ សម្រាប់កម្មវិធីផ្ទះតារា។ សម្ភាសរួច ដើរទៅមើល studio ថតចម្រៀង ឃើញមានរៀបបាយដាក់នៅលើតុ ក៏នឹកឃើញថា ថ្ងៃនេះលោកតា ប្រាជ្ញ ឈួន អញ្ជើញមកថតចាប៉ី សម្រាប់ចាក់ថ្ងៃភ្ជុំបិណ្ឌ។ ខ្ញុំមិនធ្លាប់ជួបនិយាយជាមួយគាត់ទេ តែក៏បើកទ្វារចូលទៅមើល ក៏ឃើញគាត់កំពុងតែច្រៀង រួចក៏ចេញមកវិញ ហើយព្រោះដល់ម៉ោងបាយទៅហើយ ក៏ចុះទៅញ៉ាំបាយទៅ។

បាយថ្ងៃត្រង់រួច ខ្ញុំឡើងទៅស្ថានីយវិទ្យុ អង្គុយប្រាជ្ញព្រោកជាមួយ ធារិទ្ធ ។ ថ្ងៃហ្នឹងកម្មវិធី Hang Meas Radio Idol មានភ្លៀវកិត្តិយសមកចូលរួមក៏មានបរិយាកាសជជែកគ្នាបន្តិចបន្តួចទៀត បន្ទាប់មកទូរស័ព្ទលើតុរោទិ៍គ្រឺ… គ្រឺ… អាឡូ! ជម្រាបសួរ… ផលចុះមកបន្ទប់មួយភ្លែត។ ទៅដល់បន្ទប់ខ្ញុំ ឃើញបង សុវត្ថិ ញញឹមពព្រាយដាក់ ហើយ រាជ ក៏នៅក្នុងហ្នឹងដែរ ជុំគ្នាបីនាក់នឹងបងកា ដែលទូរស័ព្ទហៅខ្ញុំ។ បងកាប្រាប់ខ្ញុំឱ្យយកប៉ារូច្រៀងជូនបងសុវត្ថិ… ខ្ញុំអង្គុយស្ដាប់ពួកគាត់ជជែកគ្នា ហើយរាជក៏លាទៅមុន ប្រាប់ថាជាប់រវល់ទៅថតខារ៉ាអូខេប៉ុន្មានថ្ងៃទេ បន្ទាប់មក រ័ត្ន ក៏ចូលមកដល់ មានចេកចៀនមួយស្បោងផង ហើយក៏ចេញទៅវិញ​ ថាឡើងទៅហៅអ្នកខាងលើមកញ៉ាំជុំគ្នា។ បន្ទប់ក្រអូបក្លិនផ្កាម្លិះពេលនោះ ក៏ចាប់ផ្ដើមបន្សាបដោយក្លិនចេកចៀន ហើយខ្ញុំមានអារម្មណ៍ដូចនៅក្នុងហាងហាំប័រហ្ក័រ អ៊ីចឹង ក៏ប្រញាប់បិទម៉ាស៊ីនត្រជាក់ បើកបង្អួច… ជូលី និង ស្រីអូន ក៏ចូលមកញ៉ាំចេកចៀន…

បើនៅតែរៀបរាប់លម្អិតបែបហ្នឹងទៀតជឿថា អ្នកណាអានក៏ធុញដែរ!

តែនៅមានត…

Advertisements

Entry filed under: កម្សាន្ត.

ភ្លៀងធ្លាក់ក្នុងកុមារភាព កាលពីម្សិលម្ង៉ៃ

11 មតិ Add your own

  • 1. អាចម៍ផ្កាយ  |  ខែកញ្ញា 5, 2009 ម៉ោង 5:19 ព្រឹក

    😥 ជីវិត​អ្នក​ធ្វើ​ការ​មាន​សេចក្តី​សុខ​ដល់​ហើយ! 🙂 ​មិន​ដឹង​ថ្ងៃ​ណា​មាន​ការ​ងារ​ធ្វើ​នឹង​គេ​ទេ? ទ្រាំ​ត្រាំ​ត្រែង​នឹង​ជីវិត​បែប​នេះ​ ដល់​ពេលណា​ទៀត?

    ឆ្លើយតប
  • 2. សុទ្ធា  |  ខែកញ្ញា 5, 2009 ម៉ោង 7:38 ព្រឹក

    អត់មានធុញទេ ! មានតែចាប់អារម្មណ៌ទៅវិញទេ ! អោយតែនិយាយទាក់ទងនឹងហង្សមាស មិនដែលរំលងចោលសោះ ! អានទៅ ការងារបងសប្បាយម្យ៉ាងដែរ ពេលខ្លះចិត្តចង់ចូលធ្វើការក្នុងផលិតកម្មរស្មីហង្សមាស ( និយាយអោយត្រង់តែម្តងទៅ ) តែមិនដឹងថាខ្លួនខ្ញុំនេះមានសមត្ថភាពខាងស្អីទេ ដើម្បីអោយសក្តិសមនឹងផលិតកម្ម ព្រោះរៀនខាងស្ថាបត្យកម្ម ចង់មកចូលផលិតកម្ម ប្រហែលជាខាងអ្នកអនាម័យសំអាតបន្ទប់ទឹកហើយមើលទៅ ?
    អូ! លឺថា កញ្ញាឈិត សុវណ្ណបញ្ញា នឹងឡើងច្រៀងចុងសប្តាហ៍នេះរឺ បង? កម្មវិធីអីដែរ ? ជួយប្រាប់អោយដឹងមុនផង ព្រោះជាអ្នកចម្រៀងពេញនិយមរបស់ខ្ញុំផង !!!

    ឆ្លើយតប
  • 3. sokchanphal  |  ខែកញ្ញា 5, 2009 ម៉ោង 8:46 ព្រឹក

    និយាយឱ្យត្រង់តែម្ដងទៅ បងគិតថាសុទ្ធាមានសមត្ដភាពអាចធ្វើការងារផលិតកម្មបាន ព្រោះឱ្យតែចូលចិត្តអ្វីគឺយើងអាចធ្វើបានហើយ ហើយកាលបងអានអត្ដបទទឹកភ្នែកដែលសុទ្ធាសរសេរនោះ គឺបងសរសើរខ្លាំងណាស់។ មិនប្រាកដថាបងពូកែជាងសុទ្ធាទើបអាចធ្វើការងារនេះបានទេ គឺមកពីបងមានឱកាស ហើយជឿថានៅមានអ្នកពូកែៗច្រើនទៀត ដែលមិនទាន់បង្ហាញខ្លួន។ បើបងមានលទ្ធភាព បងហៅសុទ្ធាមកធ្វើការបាត់ តែឥឡូវនេះតួនាទីនៅហង្សមាសគឺអស់តូចជាងគេត្រឹមបងនេះហើយ។
    ចុងសប្តាហ៍ហ្នឹង បញ្ញា ឡើងច្រៀងពីរប៉ុស្តិ៍៖ ថ្ងៃសៅរ៍ប៉ុស្តិ៍លេខ៣ BOOM BOOM ថ្ងៃអាទិត្យប៉ុស្តិ៍លេខ៥​តន្រ្តីសម័យយុវវ័យ។ អូហ៍ថ្ងៃអាទិត្យហ្នឹង បងសុវត្ថិ ប្រាប់បងមិញថា កូនប្រុសគាត់ក៏ឡើងច្រៀងដែរ។ កុំភ្លេចណា បងក៏ចាំមើលដែរ!

    ឆ្លើយតប
    • 4. សុទ្ធា  |  ខែកញ្ញា 5, 2009 ម៉ោង 10:38 ព្រឹក

      បាទអរគុណច្រើនបងផង! ខ្ញុំធ្លាប់ប្រលងចូលថ្នាក់សិស្សពូកែខ្មែរ តែប្រលងខ្មែរអត់ជាប់សោះ ( ខ្មាសគេមិនស្ទើរទេពេលនោះ ) រៀនជាមួយ វិប្បស្សិនី ។ តើបងធ្លាប់លឺ ធ្លាប់ស្គាល់គេទេ ?
      អូ ខ្ញុំរង់ចាំមើលជានិច្ចអោយតែតារារបស់ហង្សមាស និងរស្មីហង្សមាស ! អរគុណម្តងទៀត …

      ឆ្លើយតប
    • 5. បាត់ដំបង  |  ខែកញ្ញា 8, 2009 ម៉ោង 3:16 ព្រឹក

      អូហ កាលពីង៉ៃសៅរ៌ ហ្នឹងខ្ញុំទៅកាត់សក់ហាងបងសុវត្ថិ លឺសូរកូនគាត់សមបទ Home ហើយបងសុវត្ថិគាត់ជួយបន្ទរ។ ហើយជាងប្រាប់ថាអាទិត្យហ្នឹងកូនបងវត្ថិឡើងឆាក។ ខ្ញុំចាំមើល ឃើញកូនគាត់មែន ច្រៀងបានល្អត្រូវតុង តែនៅខ្វះទឹកដមបន្តិច។

      ឆ្លើយតប
  • 6. sokchanphal  |  ខែកញ្ញា 5, 2009 ម៉ោង 10:53 ព្រឹក

    វិប្បស្សិនី បងធ្លាប់ឮតើ គឺរចនាធ្លាប់និយាយ។ ឈ្មោះគេហ្នឹងពីរោះ ពិបាកហៅបន្តិច តែងាយចាំ។

    ឆ្លើយតប
  • 7. បាត់ដំបង  |  ខែកញ្ញា 8, 2009 ម៉ោង 3:12 ព្រឹក

    អត់ធុញទេ គ្រាន់តែអានក៏ស្រមៃឃើញដែរ។ពិតជាជីវិតអស្ចារ្យមែនហ្ន!

    ឆ្លើយតប
  • 8. Frozen Fly^_^  |  ខែកញ្ញា 16, 2009 ម៉ោង 9:56 ព្រឹក

    សួស្តី​! បងចាន់ផល!
    តើបងសុខសប្បាយទេ?​ តើបងអាចរាប់អានប្អូនប្រុសម្នាក់នេះផងបានទេ?​
    ខ្ញុំពិតជារីករាយជាខ្លាំងដែលអាចរាប់អានបង!​
    នេះជាលើកដំបូងហើយដែលខ្ញុំចូលរួមក្នុងប្លក់នេះ។
    ដូចនេះសូមបងជួយអធ្យាស្រ័យដល់ខ្ញុំផង និងសូមចែករំលែកបទពិសោធ៏ពីបង។
    សូមជូនពរបងក្្នុងឪកាសបុណ្យភ្ជុំបិណ្យនេះ​។

    ឆ្លើយតប
    • 9. Chanphal  |  ខែកញ្ញា 17, 2009 ម៉ោង 8:35 ព្រឹក

      សួស្ដី! ខ្ញុំសុខសប្បាយជាទេ។ ចង់រាប់អានណាស់ គ្រាន់តែអត់ដឹងថា រាប់អានគ្នាគេធ្វើយ៉ាងម៉េច… និយាយលេងទេ តិចខឹង? អរគុណណាដែលជូនពរខ្ញុំនៅថ្ងៃភ្ជុំបិណ្ឌ សូមជូនពរដូចគ្នា! ស្អែកហ្នឹងខ្ញុំទៅស្រុកកំណើតនៅកំពង់ចាមហើយ ! សំណាងល្អគ្រប់គ្នា នាឱកាសបុណ្យភ្ជុំបិណ្ឌ!

      ឆ្លើយតប
  • 10. Frozen Fly^_^  |  ខែកញ្ញា 21, 2009 ម៉ោង 1:55 ព្រឹក

    សួស្តី! ខ្ញុំមិនងាយខឹងផ្តាសនោះទេ!!!!!
    តើពេលនេះបងត្រលប់ពីស្រុកវិញរឺនៅ? សប្បាយទេ មើលទៅសប្បាយណាស់ហើយ!​ ហើយបងបានទៅប៉ុន្មានវត្តដែល!

    អូ​​ ! ខ្ញុំចង់អោយបងចូលទៅក្នុង ប្លករបស់ខ្ញុំ!​ ហើយចង់សូមអោយបងវាយតំលៃ ថាតើអ្វីដែលខ្ញុំធ្វើ វាយ៉ាងណាដែល
    កុំភេ្លចណា ! ! !​
    ​www.chorvannaroth.wordpress.com

    ឆ្លើយតប
  • 11. Chanphal  |  ខែកញ្ញា 21, 2009 ម៉ោង 4:55 ព្រឹក

    សួស្ដី! ខ្ញុំត្រឡប់មកពីស្រុកវិញហើយ! សប្បាយដែរ តែឡើងក្ដៅខ្លួន ហើយទៅបានពីរវត្ត មួយនៅព្រែកប្រាជាមួយសមាគមអ្នកនិពន្ធខ្មែរ និងមួយទៀត វត្តនៅស្រុក។
    ខ្ញុំបានទៅប្លក់របស់វណ្ណារ័ត្នហើយ វាយតម្លៃក៏ហើយដែរ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: