ឯណាទៅមហាសមុទ្រ?

ខែសីហា 31, 2009 at 8:34 ព្រឹក មតិ 5

ឯណាទៅមហាសមុទ្រ?


ទិដ្ឋភាព​ថ្ងៃ​លិច​នៅ​បឹង​ទន្លេ​សាប… មិន​ដឹង​ថា​គួរ​ពណ៌នា​បែប​ណា ទើប​អាច​ផ្ទឹម​ស្មើ​នឹង​អារម្មណ៍​រំភើប​ចំពោះ​ទស្សនីយភាព​នេះ​ឡើយ។ អាច​និយាយ​ថា​សែន​អណ្ដែត​អណ្ដូង តែនៅតែ​មិន​ចំ ព្រោះ​ដួងចិត្ត​អ្នក​នៅ​លាយឡំ​ដោយ​ភាព​ក្ដុកក្ដួល ស្រណោះ​ស្រណោក​ផ្ទៃ​ទឹក​សាប​ដ៏​ល្វឹង​ល្វើយ ប្រៀប​ដូច​មហា​សមុទ្រ ហើយ​ព្រលឹង​អ្នក​ហាក់​សង្វេគ​នឹក​ដល់​ជីវភាព​ម្ចាស់​ទឹក​ដី ដែល​​បាន​រស់​នៅ​លើ​ទី​ស្ថាន​នេះ​តាំង​ពី​យូរ​លង់​មក​ហើយ។

ទូក​ឪពុក​របស់​ចាន់ ​តែងតែ​អណ្ដែត​លើ​រលក​ទឹក​ដ៏​ភ្លឺផ្លេក និង​ដូចជា​រសាត់​ចូល​ទៅ​ក្នុង​​ផ្ទៃ​មេឃ​នៃ​រស្មី​ចំរុះ​ពណ៌​នៅ​ទិស​ខាង​​លិច។​ ពូធន​ឈរ​លើ​ក្បាល​ទូក បង់​សំណាញ់​សូរ​គ្រាំ​ទៅ​ក្នុង​ទឹក​បឹង។ ​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​វេលា​នោះ​នៅមាន​ទូក​អ្នក​នេសាទ​ជា​ច្រើន​ទៀត ដែល​បង្កើត​ឲ្យ​មាន​បរិយាកាស​មិត្ត​ភាព​ដ៏​កក់​ក្ដៅ​។ ចាន់​ ដែល​អង្គុយ​លើ​ទូក ចាំ​ជួយ​ដោះ​ត្រី​ឪពុក គេ​តែង​តែ​ស្រែក​ហៅ​មនុស្ស​នៅ​លើ​ទូក​ដទៃ​ឡើង​គ្រលួច តែ​ទូក​មួយ​ដែល​តែង​តែ​នៅ​ជាប់​នឹង​ភ្នែក​របស់​គេ គឺ​ទូក​ពូ​គឹម ព្រោះ​នៅ​លើ​ទូក​នោះ​មាន​មិត្ត​សម្លាញ់​របស់​គេ​ឈ្មោះ​ សាម ។

ល្ងាច​មួយ​នោះ ចាន់​បាន​សុំ​ឪពុក​ទៅ​ជិះ​ទូក​របស់​សាម ដើម្បី​បាន​ជជែក​គ្នា​លេង។ សំឡេង​កុមារា​ទាំង​ពីរ​លាន់​រងំ​នៅ​លើ​ផ្ទៃ​ទឹក​បឹង…

«ឯង​ថា​ទៅ​មើល៍ បើ​យើង​លឹប​ចូល​ទៅ​ក្នុង​ទឹក​ តើ​អាច​មើល​ឃើញ​ព្រះ​អាទិត្យ​ដែរ​ទេ?» នេះ​ជា​សំណួរ​របស់​ចាន់​ បន្លឺ​ដោយ​ស្នាម​ញញឹម​ទៅ​មិត្ត។

សាមគ្រវី​ក្បាល ភ្ជាប់​ដោយ​ឃ្លា​ថា «មើល​មិន​ឃើញ​ទេ! ខ្ញុំ​ធ្លាប់​ល្បង​ធ្វើ​រួច​ហើយ តែ​មើល​មិន​ឃើញ​ទេ។ ព្រះ​អាទិត្យ​ប្រាកដ​ជា​ត្រូវ​ទឹក​បាំង​ជិត​ហើយ រួច​បើ​នឹង​ហែល​ទៅរក​ ក៏​ឆ្ងាយ​មិន​ដឹង​នៅ​ដល់​ណា​ដែរ…»

ចាន់​បាន​បន្ទរ​តាម​មិត្ត​ថា «ព្រះ​អាទិត្យ​ប្រាកដ​ជា​ឆ្ងាយ​ដល់​ជើង​មេឃ​ឯណោះ! ពុក​របស់​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា កុំ​ឃើញ​ថ្ងៃ​លិច​នៅ​ជិត​យើង​បែប​នេះ តែ​ទោះ​ជា​យើង​ខំ​ជិះ​ទូក​ទៅ​រក​រាប់​ឆ្នាំ​ក៏​មិន​ដល់​ដែរ ហើយ​ថែម​ទាំង​រឹត​តែ​ឆ្ងាយ​ទៅៗ​ទៀត​ផង។»

សាម​ងក់​ក្បាល ទាំង​ពោល​បណ្ដើរ «លោក​ខែ​នៅ​លើ​មេឃ​ក៏​ឆ្ងាយ​ពី​ដី​ទៅ​មិន​ដល់​ដែរ ចំណែក​ឯ​ផ្កាយ​តូចៗ​ទាំង​អស់​វិញ ពុក​ខ្ញុំ​ថា​បែប​ធំ​ជាង​លោក​ខែ​ទៅ​ទៀត​! គឺ​មក​ពី​នៅ​ឆ្ងាយ​ពេក ទើប​យើង​មើល​ឃើញ​តែ​ពន្លឺ​ពណ៌​ស​តូចៗ​យ៉ាង​នេះ។»

ខ្យល់​បក់​រសាត់​កាត់​ផ្ទៃ​ទឹក​បឹង អង្អែល​​ប្រាណ​​ក្មេង​​ទាំង​ពីរ​​ឲ្យ​ត្រជាក់​​ស្ទើរ​​តែ​​រងា។ ពួក​គេ​​អង្គុយ​​កៀក​ក​​គ្នា ជជែក​​​គ្នា​​​ពី​​​រឿង​​​​មួយ​​ទៅ​​រឿង​​មួយ​មិន​ចេះ​ស្ងាត់។

«ឯង​ដឹង​ទេ? កាល​ខ្ញុំ​លឹប​ចូល​ទៅ​ក្នុង​ទឹក ខ្ញុំ​ឮ​សំឡេង​ត្រី​ស្អី​ទេ ​ស្រែក​ឮ​ចម្លែក​ណាស់! ខ្ញុំ​ស្ដាប់​យូរ​ទៅ​ខ្លាច​ទៅៗ ក៏​ប្រញាប់​ងើប​ចេញ​ពី​ទឹក​វិញ​ភ្លែត។» ជា​សម្តី​របស់​សាម​ ។

ចាន់​តប​ថា «ឱ! នៅ​ក្នុង​ទឹក​មាន​ត្រី​ច្រើន​ណាស់ ច្រើន​ជាង​មនុស្ស​យើង​ទៅ​ទៀត! ក្រែងលោ​សំឡេង​ត្រី​ចម្លែក​នោះ​ជា​សំឡេង​ស្ដេច​ត្រី​ទេ​ដឹង! អេ! តើ​ស្តេច​ត្រី​ចេះ​និយាយ​ភាសា​មនុស្ស​ឬ?»

«ចុះ​ឯង​ដឹង​ថា​ស្ដេច​ត្រី​រស់​នៅ​ឯណា​ទេ? ឬ​ក៏​រស់នៅ​ក្នុង​បាត​បឹង​ដ៏​សែន​ជ្រៅ គ្មាន​អ្នកណា​អាច​ទៅ​ដល់?»

«ស្ដេច​ត្រី​ប្រាកដ​ជាមាន​ច្រើន​ដូច​ជា​ស្ដេច​មនុស្ស​ដែរ… ពួក​គេ​​ប្រាកដ​ជា​រស់នៅ​កន្លែង​ខុសៗ​គ្នា ហើយ​ស្តេច​ត្រី​ខ្លះ​រស់នៅ​​មហា​សមុទ្រ​ឯណោះ!»

«មហា​សមុទ្រ?»

«មែន! ខ្ញុំ​ទៅ​រៀន​ គ្រូ​ប្រាប់​ខ្ញុំ​ថា​មាន​មហា​សមុទ្រ​ដ៏​សែន​ធំ ឯ​ទឹក​សមុទ្រ​មាន​រសជាតិ​ប្រៃ ហើយ​គេ​យក​វា​ទៅ​ធ្វើ​ជា​អំបិល​ពណ៌​សៗ ដែល​យើ​ង​ហូប​នោះ​អី។ ស្អែក​ឯង​ទៅ​ផ្ទះ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​បង្រៀន​អក្សរ​ឯង​បន្ត ហើយយក​សៀវភៅ​រូប​មហា​សមុទ្រ​នោះ​ឲ្យ​ឯង​មើល​ផង​។»

«បាន​ ខ្ញុំ​នឹង​ទៅ! ឯង​ថា​ទៅ​មើល៍ តើ​ថ្ងៃ​ណា​ទើប​យើង​បាន​ទៅ​មហា​សមុទ្រ​ជាមួយ​គ្នា? ខ្ញុំ​ចង់​ស្គាល់​ណាស់! តើ​មហា​សមុទ្រ​នៅ​ឯណា​ទៅ?»

«អ្នក​គ្រូ​ខ្ញុំ​ថា សមុទ្រ​នៅ​ជាប់​នឹង​ទន្លេ… គាត់​ថា​ទឹក​ទន្លេ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អ្វី​ក៏​ទឹក​ទន្លេ​មិន​ប្រៃ​ បើ​ហូរ​លាយ​នឹង​ទឹក​សមុទ្រ​ទៅ​ហើយ​នោះ?»

«បើ​អាច​​​ ខ្ញុំ​ចង់​​តែ​លឹប​ហែល​ក្នុង​ទឹក​តាំង​ពី​ទន្លេ​ឲ្យ​ដល់​សមុទ្រ​តែ​ម្តង នោះ​នឹង​ដឹង​ច្បាស់​ហើយ។»

«រួច​ឯង​កុំ​ភ្លេច​ហែល​ទៅ​រក​មើល​ព្រះ​អាទិត្យ​ដែល​លិច​​ក្នុង​ទឹក​នោះ​ ឲ្យ​ឃើញ​ផង។»

«​ប៉ុន្តែ​លុះ​ត្រា​មាន​ឯង​ហែល​ទៅ​រក​ជាមួយ​ខ្ញុំ​ ទើប​ខ្ញុំ​ហ៊ាន!»

សំណើច​កក្អឹក​​ឮ​ចេញ​ពី​ដួង​ចិត្ត​បរិសុទ្ធ​គ្មាន​ទុក្ខ​ព្រួយ​នៃ​កុមារ​​ទាំង​ពីរ ក៏​បណ្តាល​ឲ្យ​ឪពុក​របស់​ពួកគេ​លេច​នូវ​ស្នាម​ញញឹម​ដ៏ស្រស់​ប៉ប្រិម។ ប៉ុន្តែ… បឹង​ទន្លេ​សាប​ដ៏​ធំ​ល្វឹងល្វើយ​នា​រដូវ​វស្សា​ប្រែ​ក្លាយ​ជា​តូច​​នា​រដូវ​ប្រាំង​។ មច្ឆា​ដ៏​សម្បូរ​ហូរ​ហៀរ ស្រាប់តែ​ប្រែ​ជា​ខ្សត់​ទៅៗ… ទិដ្ឋភាព​លើ​បឹង​ទន្លេ​សាប​​បាន​ផ្លាស់​ប្តូរ​ទៅ​ហើយ សោតឯ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​នៃ​ឪពុក​ទាំង​ពីរ​ក៏​ក្លាយ​ជា​ក្រម៉ូវ​ដាក់​​គ្នា​ទៅ​វិញ។ រឿង​ដែល​ចាន់​និង​សាម មិន​ធ្លាប់​ដែល​នឹក​នា​ក៏​ស្រាប់​តែ​កើត​ឡើង។ ថ្ងៃ​មួយ​ដោយសារ​តែ​នេសាទ​ត្រី​មិន​បាន​រៀង​ខ្លួន ពូ​ធន​និង​ពូ​គឹម​ក៏​ទាស់​ពាក្យ​សម្ដី​គ្នា​បន្តិច​បន្តួច។ បន្ទាប់​មក​រឿង​រ៉ាង​តែ​តិច​តួច​នោះ​ ក៏​ក្លាយ​ជា​យល់​ច្រឡំ​នឹង​គ្នា​កាន់​តែ​ខ្លាំង ​រហូត​ចាត់​ទុក​គ្នា​ជា​សត្រូវ។ អ្នក​ដែល​គួរ​ឲ្យ​អាណិត​នោះ គឺ​កុមារា​ទាំង​ពីរ ដែល​​​​​​មាន​ទឹក​មុខ​ស្រងូត​ អង្គុយ​ធ្មឹង លែង​ហ៊ាន​ទៅ​មក​រក​គ្នា​ដូច​កាល​ពី​មុនទៀត។

មិត្ត​ទាំងពីរ​​មិន​ដែល​បាន​និយាយ​រក​គ្នាប្រហែលជាពីរខែ​ រហូត​ដល់​ល្ងាច​មួយ​នោះ សាម​​បាន​ចែវ​ទូក​ទៅ​ហៅ​ចាន់ ឲ្យ​ជិះ​លេងជាមួយ​នឹង​គេ។ អង្គុយ​លើ​ទូក ភ្នែក​កុមារ​ទាំង​ពីរ​​សម្លឹង​ទៅ​ខ្សែ​ទឹក អារម្មណ៍​របស់​ពួក​គេ​ស្រមៃ​ទៅ​អតីត​កាល និង​អនាគត​ដ៏​វែង​ឆ្ងាយ។ ព្រះ​អាទិត្យ​លិច​បាត់​ហើយ តែ​ពួក​គេ​នៅ​មិនទាន់​បាន​និយាយ​រក​គ្នា​មួយ​ម៉ាត់​សោះ។ ​រីឯ​ព្រះចន្ទ​ដែល​រះ​នៅ​ទាប​នៅ​ឡើយ មាន​ពន្លឺ​ស្រអាប់​​ហាក់​ស្រងេះ​ស្រងោច​កំដរ​មិត្ត​ទាំង​ពីរ។

«ឯង​ដឹង​ថា តើ​បឹង​ទន្លេសាប​នេះ​ហូរ​មក​ពី​ណា​ទេ?» សំឡេង​ដ៏​ស្ងប់​របស់​សាមបាន​បន្លឺ​សួរ​ចាន់។

ចាន់​ដែល​អង្គុយ​ខាង​ក្បាល​ទូក ចោល​ភ្នែក​មើល​ទៅ​មិត្ត​​​ដែល​អង្គុយ​នៅ​ឯ​កន្ទុយ​ទូក រួច​ឆ្លើយ​ក្នុង​សំឡេង​​ស្រ​ដៀង​គ្នា​ថា «ហូរ​មក​ពី​ទន្លេ​មេគង្គ។ ក្រែង​ខ្ញុំ​ធ្លាប់​ប្រាប់​ឯង​ហើយ​តើ!»

«អ្វី​ដែល​​ឯង​ធ្លាប់​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​មិន​ភ្លេច​​ទេ… ទន្លេ​មេគង្គ​មាន​​ក្បាល​ហូរ​ចេញ​ពី​ភ្នំ​ទីបេត៍ កាត់​តាម​ប្រទេស​ឡាវ​ ចូល​ក្នុង​ប្រទេស​ខ្មែរ រួច​ហូរ​បន្ត​ទៅ​ប្រទេស​វៀតណាម។»

សំឡេង​សាម​ស្ងាត់​បន្តិច ទើប​ឮ​គេ​និយាយ​បន្ត​ទាំង​ចិត្ត​ក្តុកក្ដួល «ថ្ងៃ​ក្រោយ​ទោះ​ជា​ខ្ញុំ​ទៅ​រស់​នៅ​ទីកន្លែងណា ក៏​ពួក​យើង​មិន​​បាន​បែក​គ្នា​ដែរ គឺ​ដូច​ទឹក​ទន្លេ​នេះ​អ៊ីចឹង មិន​អាច​ឃ្លាត​ឆ្ងាយ​គ្នាជា​រៀង​រហូត។

ស្ដាប់​ឮ​សម្ដី​នេះ ចាន់​ស្ទុះ​ក្រោក​ទៅ​អង្គុយ​ទល់​មុខ​មិត្ត ហើយ​សួរ​គេ​​ដោយ​តក់ក្រហល់ «ហេតុអ្វី​ក៏​ឯង​និយាយ​ពាក្យទាំង​នេះ?»

សាម​សម្លឹង​កែវភ្នែក​របស់​ចាន់ ជាមួយ​នឹង​ពន្លឺ​ភ្នែក​ដ៏​ទន់​ជ្រាយ រួច​ទឹក​ភ្នែក​មួយ​តំណក់​ក៏​ហូរ​ចេញ​ពី​ភ្នែក​របស់​គេ ធ្វើ​ឲ្យ​ចាន់​រន្ធត់​ចិត្ត​រហូត​រឹង​អណ្ដាត​និយាយ​លែង​ចេញ។ បន្តិច​មក​ទើប​សាម​​ឈ្ងោក​មុខ និយាយ​ប្រាប់​មិត្ត​ខ្លួន​ថា «ថ្ងៃ​ស្អែក​គ្រួសារ​ខ្ញុំ​នឹង​ទៅ​រស់នៅ​ខេត្តផ្សេងហើយ!… ពេល​នេះ​គឺ​ខ្ញុំ​មក​លា​ឯង…»

ចាន់​ឈ្ងោក​មុខ​ដូច​មិត្ត ខណៈ​ដែល​​ទឹក​ភ្នែក​របស់​គេ​ក៏​ស្រក់​ចុះ។ មិត្តភក្តិ​ទាំង​ពីរ​ឱន​មុខ​ក្សឹកក្សួល ទុក​ឲ្យ​ពេល​វេលា​រសាត់​ទៅ​តាម​ខ្យល់។ ពួក​គេ​គិត​ថា ខ្លួនគេ​​លែង​មាន​ឱកាស​បាន​ជួប​គ្នា​ទៀត​ហើយ ហើយ​ក៏​មិនអាច​ប្រឆាំង​នឹង​ការ​ឃ្លាត​គ្នា​នេះ​បាន​ដែរ។

មួយ​ស្របក់​ក្រោយ​ ទើប​ពួក​គេ​តាំង​ចិត្ត​​បាន រួច​យក​ដៃ​ជូត​ទឹក​ភ្នែក។ សាម​បន្លឺ​ទៅ​កាន់​ចាន់​ថា «ថ្ងៃ​ក្រោយ​ពួក​យើង​សុទ្ធ​តែ​ក្លាយ​ជា​មនុស្ស​ធំ។ តើ​ឯង​ចំណាំ​មុខ​របស់​ខ្ញុំ​បាន​ទេ បើ​សិន​ថ្ងៃ​ក្រោយ​យើង​ជួប​គ្នាវិញ?»

ចាន់​ឆ្លើយ​ដោយ​ខំញញឹម​ដាក់​សាម «ខ្ញុំ​នឹង​ចាំ​ភ្នែក​របស់​ឯង… ភ្នែក​ឯង​តូចៗ… ទោះ​ជា​ពេល​ពួកយើង​ជួប​គ្នា រូប​ឯង​ធំ​ប្លែក​ប៉ុណ្ណា​ក៏​ខ្ញុំ​ចាំ​ឯង​បាន​ដែរ។ ប៉ុន្តែ​តើ​ឯង​អាច​ភ្លេច​ខ្ញុំ​ទេ?»

«បបូរ​មាត់​របស់​ឯង​ក្រាស់ ខ្ញុំ​ចាំ​ច្បាស់​ណាស់។ ទោះ​ជា​ពួក​យើង​បែក​គ្នា​យូរ​ប៉ុណ្ណា ក៏​ខ្ញុំ​អាច​ចាំ​ឯង​បាន​ដែរ។» និយាយ​រួច​ ក៏​ឮ​សូរ​សំឡេង​ពួក​គេ​សើច​ឃឹក​ៗ​ឡើង។

យប់​នោះ​មិត្ត​សម្លាញ់​ទាំង​ពីរ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ។ ពួក​គេ​ដេក​នៅ​លើ​ទូក​នោះ​ជាមួយ​គ្នា ហើយ​បាន​យល់​សុបិន​ឃើញ​ថា ពួក​គេ​កំពុង​តែ​ជិះ​កប៉ាល់​ដ៏​ធំ កាត់​តាម​ទន្លេ​មេគង្គ ចូល​ទៅ​ដល់​មហា​សមុទ្រ​ដ៏​ស្រស់​ស្អាត…៕

ធ្នូ ២០០៨

ដោយ សុខ ចាន់ផល

Advertisements

Entry filed under: រឿងខ្លី.

ទៅមហាសមុទ្រ ភ្លៀងធ្លាក់ក្នុងកុមារភាព

5 មតិ Add your own

  • 1. ប៊ុនលី  |  ខែកញ្ញា 8, 2009 ម៉ោង 4:45 ព្រឹក

    ចាន់ និងផល ពួកគេពិតជា​ មិត្តភក្តិដែលកម្ររមានមែន។ ទោះបីឪពុកពួកគេជាសត្រូវនឹងគ្នាយា”ងណាក៏ដោយ ក៏ពួកគេនៅតែឈ្លៀតមកជួបគ្នាទៀត។ ពួកគេពិតជាមិនចង់បែកគ្នាទេ។ ពិតជាកំសត់មែន ! តើពួកគេមានឪកាសជួបគ្នាដែរ​ អត់ណោះ​ ផល??

    ឆ្លើយតប
    • 2. sokchanphal  |  ខែកញ្ញា 8, 2009 ម៉ោង 10:16 ព្រឹក

      ពួកគេបានជួបគ្នាតើ!​ចាន់​និង​ផល​ជួបគ្នាក៏កើតបានជា​ចាន់ផល​ហ្នឹងណា!​និយាយលេងទេ…​រកផ្លូវទៅកាន់មហាសមុទ្របាន​តម្រូវឱ្យពួកគេមានទស្សនៈទូលាយ​ហើយចិត្តបរិសុទ្ធនឹងបើកដួងចិត្តរបស់ពួកគេឱ្យមានក្ដីសង្ឃឹម។

      ឆ្លើយតប
  • 3. វិប្បស្សិនី  |  ខែកញ្ញា 9, 2009 ម៉ោង 4:39 ល្ងាច

    មហាសមុទ្រដែលខ្ញុំស្រមៃឃើញនៅពេលនេះ គឺជាពន្លឺដ៏ស្រទន់តែមាន​អំនាចយ៉ាងខ្លាំងខ្លាអាចផ្តល់ឱ្យមនុស្សពីរនាក់នូវក្តីសង្ឃឹម និង សេចក្តីក្លា​ហានយ៉ាងលើសលប់។ គិតទៅពាក្យមួយម៉ាត់អាចមានអត្ថន៍យរាប់ពាន់​លានខុសៗគ្នាទៅតាមឧត្តមគតិរបស់មនុស្សម្នាក់ៗ ….

    ឆ្លើយតប
  • 4. អាចម៍ផ្កាយ  |  ខែកញ្ញា 11, 2009 ម៉ោង 3:59 ព្រឹក

    ខ្ញុំទើបតែបានអានរឿងនេះទេ ឃើញយូរហើយតែមិនមានឱកាសអាន ទើបតែកូពីយកទៅអាននៅកន្លែងទើបអានចប់។ ពិតជាលន្លង់លន្លោចមែន! ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ… អានរឿងនេះធ្វើឲ្យខ្ញុំនឹកឃើញដល់មិត្តភក្តិចាស់ៗដែលបានបែកគ្នាទៅ ជាពិសេសមិត្តភក្តិសម័យនៅក្មេងៗ មិនដឹងថាពេលនេះពួកគេទៅដល់ណាអស់ហើយ សុខទុក្ខយ៉ាងណា ហើយនៅនឹកគិតដល់ខ្ញុំឬអត់។ មួយទៀតសុំសរសើរអ្នកនិពន្ធហើយ ដែលចេះប្រឌិតយកឈ្មោះខ្លួនឯងមកធ្វើជាតួអង្គ និងរូបរាងរបស់ខ្លួនមកធ្វើជារូបរាងរបស់តួទាំងពីរ(ភ្នែកតូចៗ, បបូរមាត់ក្រាស់)។

    ឆ្លើយតប
  • 5. វណ្ណ  |  ខែកញ្ញា 29, 2009 ម៉ោង 10:27 ព្រឹក

    ឥឡូវព្រីនយកទៅមើលសិន ចំាមកដាក់វាចារនៅពេលក្រោយ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: