Posts filed under ‘ចម្រៀង’

The Voice Cambodia

ម្សិលមិញខ្ញុំទៅធ្វើជាគណៈកម្មការជម្រុះបក្ខជនតាំងពីព្រលឹមដល់អាធ្រាត្រ។ មានរឿងកំប្លែង ក៏ដូចជារឿងត្រូវគិតផុសឡើងជារឿយៗ។ ប្រហែលស្អីក៏ដោយ សុទ្ធតែមានអត្ថន័យនិងប្រយោជន៍របស់វា ហេតុនេះកុំខ្ជិលនឹងធ្វើ ឬឆ្លងកាត់។

នឹកឡើងវិញ មេបានទូរស័ព្ទមកខ្ញុំ ថាទំនេរទេ អាទិត្យក្រោយជួយការងារ The Voice នៅកោះពេជ្រ។ និយាយត្រង់ ខ្ញុំខ្ជិលណាស់ ខ្ញុំចង់ធ្វើកិច្ចការខ្ញុំជាង ហើយអត់ចូលចិត្តការងារជួបជុំគ្នាច្រើនទេ ធុញ ពិបាករៀបឫក ហាហា តែអត់ហ៊ានប្រកែក ម្យ៉ាងគិតថាទៅមើលកម្មវិធីគេម្ដងចុះ។

ពីព្រលឹមដល់យប់ ខ្ញុំល្វើយណាស់ តែខ្ញុំប្រាប់ខ្លួនឯងថា ត្រូវញញឹមដាក់បេក្ខជនប្រលង។ ខ្ញុំសួរពួកគេ ដែលអ្នកខ្លះថាអត់ទាន់ញ៉ាំបាយ អ្នកខ្លះមកពីខេត្តឆ្ងាយ អ្នកខ្លះសុំច្បាប់ការងារ… ចិត្តចាប់ផ្ដើមអាណិតពួកគេខ្លាំងឡើងៗ ហើយស្រមៃរឿងខ្លួនឯង កាលដែលចង់ចូលធ្វើការក្នុងសិល្បៈពេលមកដល់ភ្នំពេញដំបូង និងប្រវត្ថិខ្លះៗទាក់ទងនឹងការដាក់ពាក្យធ្វើការ។ ស៊ូ! ស៊ូ! ខ្ញុំគិតក្នុងចិត្ត ហើយញញឹមប្រាប់បេក្ខជនកុំឱ្យភ័យ។ ធម្មតាសមត្ថភាពមនុស្សខុសគ្នា មានអ្នកពូកែ មានអ្នកធម្មតា តែថាព្រោះតែអាណិត ខ្ញុំពិតជាចង់ឱ្យពួកគេបានចូលទូរទស្សន៍ទាំងអស់គ្នា។ ក្នុងចំណោមពួកគេ ប្រាកដជាមានអ្នកខឹង តែអ្នកខ្លះក៏នៅតែញញឹម ហើយហាក់ត្រេកអរណាស់ឱ្យតែដល់វេនបង្ហាញខ្លួន។ ចាំមួយថ្ងៃពេញ អ្នកខ្លះក៏ឈានដល់លើសពីដប់ម៉ោង ទម្រាំដល់វេនខ្លួន ហើយគ្រាន់តែច្រៀងពីរបីម៉ាត់គេក៏ឱ្យឈប់ ហ៊ឺ ព្រោះតែបែបនេះ ខ្ញុំចេះតែទុកឱ្យពួកគេច្រៀងបានយូរបន្តិច!

យ៉ាងណា ពួកគេពូកែណាស់ ហើយបានបង្រៀនខ្ញុំបន្ថែមពីឆាកជីវិត ពីចិត្តស្រលាញ់ និងពីការតស៊ូ!

10417511_10152123908311724_8460425129901591208_n10392307_4255694206565_9104987913774877136_n10320574_10152537564348816_1881988462580089388_n10365972_4259330417468_1177481510470488567_n

 

 

 

ខែមិថុនា 1, 2014 at 3:47 ល្ងាច មតិ 2

ចម្រៀងឆ្នាំថ្មី

ជាលើកដំបូងដែលខ្ញុំសរសេរចម្រៀងអបអរបុណ្យចូលឆ្នាំថ្មី :D ៤ បទរបស់ខ្ញុំ អត្ថន័យ និងចំណងជើង គឺបានមកពីមិត្ត facebook :) You can listen by click on the title: ក្រមុំ 360, ពេលស្រវឹងទើបដឹងចេះរាំ, ប្រពន្ធចាញ់កូន, ក្នុងខ្លួនចេះតែយ៉ាងម៉េច?

1981766_10152387331023816_128826699_n

ខែ​មីនា 27, 2014 at 4:18 ល្ងាច បញ្ចេញមតិ

សារលាក់ស្នេហ៍ (Message)

ចុចស្ដាប់បទនេះ..

ឮសំឡេងសារថ្មើរណាក៏ញញឹម ពេលអស់សង្ឃឹមធុញថប់ជីវិត រូបអូនប្រៀបដូចនៅក្នុងដួងចិត្ត ផ្ញើពាក្យពេចន៍ឱ្យបងសប្បាយ អូនហាក់យល់ពីបងគ្រប់យ៉ាង…

ផ្ញើសាររាប់រយធ្វើឱ្យខ្ញុំលង់ស្នេហ៍អ្នក…

ធ្លាប់ស្ដាប់បទនេះទេ? និយាយពីមនុស្សពីរនាក់ដែលតែងតែផ្ញើសារជជែកគ្នាដល់ថ្នាក់ស្និទ្ធស្នាល អាចហៅថាស្នេហាហើយ តែពេលជួបគ្នា គេបែរជាធ្វើដូចមិនធ្លាប់ស្គាល់គ្នាទៅវិញ… ធ្លាប់អ៊ីចឹងទេ?

បទនេះខ្ញុំតែងកាលពីឆ្នាំ២០០៩ ជាបទភ្លេងនិពន្ធថ្មីរបស់លោកគ្រូ ម៉ម សុគន្ធា ។ ទំនុកច្រៀងមួយនេះបង្ហាញពីទឹកដៃដ៏ក្មេងខ្ចីរបស់ខ្ញុំ ស្ដាប់ទៅនៅមិនទាន់មានបទពិសោធន៍ ទាំងរឿងស្នេហា ទាំងការតែងនិពន្ធ… របស់ខ្លះគឺបែបនេះ តែវាមានតម្លៃជាអនុស្សាវរីយ៍…

ខែ​មីនា 26, 2014 at 3:32 ល្ងាច បញ្ចេញមតិ

Khmer Original Song

ថ្ងៃនេះខ្ញុំបានដាក់ទំនុកច្រៀងមួយបទនៅ facebook ហើយក៏ទទួលបានមតិមួយ (មើលរូបខាងក្រោម) គាត់និយាយមិនខុសទេ ហើយខ្ញុំឆ្លើយតបក៏មិនសូវត្រូវដែរ។ ហេតុអ្វីក៏បទចម្រៀងស្រុកខ្មែរចម្លងពីគេច្រើនម្ល៉េះ? គួរដោះស្រាយយ៉ាងណា ឬក៏ខ្ញុំគួរតែឈប់សរសេរចម្រៀងទៀត?

Copy Song copyខ្ញុំកើតមក ក៏ស្ដាប់បទចម្រៀងចម្លងភ្លេងពីគេទៅហើយ ទើបគិតថាជារឿងធម្មតា ហើយយល់ថាខ្លួនឯងពូកែ ដែលសរសេរទំនុកច្រៀងមិនបកប្រែ បើទោះជាចម្លងភ្លេងមែន ហាហា ខ្ញុំសរសេរចម្រៀង ព្រោះខ្ញុំចូលចិត្តចម្រៀង ហើយមនុស្សខ្ញុំ ថាចិត្តទូលាយក៏បាន ថាល្ងង់ក៏បាន គឺខ្ញុំមិនចេះប្រកាន់ឬបែងចែកអីទេ ចម្រៀងគេពីរោះខ្ញុំសរសើរ ចង់ស្ដាប់បទនោះជាភាសាខ្មែរដែរ… សូម្បីតែព្រំដែនប្រទេសក៏ខ្ញុំមិនដែលគិត គឺគិតថាក្រោមមេឃតែមួយ ជនជាតិទាំងអស់សុទ្ធតែជាបងប្អូន ចែករំលែកតន្ត្រី អ្វីៗដែលសប្បាយៗ… ប៉ុន្តែឥឡូវខ្ញុំយល់ច្រើនហើយ មនុស្សចិត្តចង្អៀតចង្អល់ណាស់ ពិភពលោកមួយនេះក៏តូចណាស់ដែរ មិនមែនធំដូចអ្វីដែលខ្ញុំធ្លាប់គិតទេ។ ហ៊ឺ… តើខ្ញុំឆ្កួតមែនទេ? តើរស់នៅកន្លែងណាទើបសមនឹងខ្ញុំ?

បើសិនជាអាច ខ្ញុំពិតជាចង់ឈប់សរសេរចម្រៀង​ឱ្យភ្លេងចម្លងទៀតហើយ… ហើយបើសិនជាមានលុយច្រើន ខ្ញុំនឹងបង្កើតផលិតកម្មចម្រៀងមួយ ផលិតតែបទថ្មីសុទ្ធសាធ។ ម៉េចក៏មានរឿងច្រើនម៉េះ ហួសពីសមត្ថភាព ដែលខ្ញុំអាចធ្វើបាន…?

រហូតមកដល់ពេលនេះ ខ្ញុំសរសេរទំនុកច្រៀង​ដាក់បទភ្លេងថ្មី Khmer Original Song បាន… បេះដូងខ្មែរ, អ្នកមិនឯកា, ចម្រៀងផ្ញើអ្នកម្ដាយ, បាត់បង់ស្នេហាគ្មានអ្វីអស្ចារ្យទេ, ១២ឆ្នាំមុន, ក្មេងល្ងង់របស់បង, បេះដូងមានកម្ម, ស្រលាញ់អូនចង់តែយំ, សាយ័ណ្ហឯកា, បែកទាំងបង្ខំអារម្មណ៍, អូនផ្ដើមតែមិនបញ្ចប់, បងប្រុសដែលអូនស្អប់, ទឹកភ្នែកមិនដឹងកំហុស, ស្រលាញ់ព្រោះស្រលាញ់, អ្នកជាកូនប្រុស, ឥទ្ធិពលស្នេហ៍, គ្រប់ពេលវេលាបងស្រលាញ់អូន, ហេតុអ្វីស្គាល់បង?, រនោចខ្លោចចិត្ត, ធ្លាប់ស្រលាញ់ខ្ញុំទេ?, សារលាក់ស្នេហ៍, I Like Your Missed Call, រីកចម្រើនជាមួយគ្នា, Online គ្រប់ពេល… នៅសល់ច្រើនបទទៀតមិនទាន់ចេញលក់ ហើយនៅសល់រឹតតែច្រើនបទទៀតនៅក្នុងគម្រោង ជាសម្ដីលួងលោមខ្ញុំថា ចាំកម្មសិទ្ធិបញ្ញាស្រុកខ្មែរអនុវត្តពិតប្រាកដ យើងនឹងធ្វើភ្លេងថ្មីមួយរយភាគរយ តែមិនដឹងថាខ្ញុំអាចចាំដល់ពេលហ្នឹងឬអត់ទេ!

ខែ​ឧសភា 12, 2013 at 10:19 ល្ងាច មតិ 20

ស្នេហាជាអ្វី?

ខ្ញុំបានសរសេរចម្រៀងមួយបទ ពីអារម្មណ៍មិនស្គាល់ស្នេហា ទាំងមានសង្សារហើយក៏ដោយ ក៏នៅតែសួរថា ស្នេហាជាអ្វី?

ពេលខ្ញុំនិយាយថា ខ្ញុំមិនយល់ថាស្នេហាជាអ្វី អ្នកខ្លះក៏ថា អ្នកនិពន្ធម្ដេចក៏មិនយល់ពីស្នេហា? ពិតមែន សរសេរពីស្នេហាកាន់តែច្រើន ក៏ដឹងពីអារម្មណ៍ស្នេហាកាន់តែច្រើន តែដល់ដឹងកាន់តែច្រើន ក៏ធ្វើឱ្យគិតមិនយល់… ខ្ញុំនៅតែឆ្ងល់ថា ម៉េចក៏មនុស្សពីរនាក់ស្រលាញ់គ្នា? ព្រោះរូបរាងស្អាត? ព្រោះចរិតស្រដៀងគ្នា? មិនមែនទេ! មានមនុស្សរូបរាងស្អាតច្រើនណាស់ ឯមនុស្សដែលមានចរិតស្រដៀងគ្នា ក៏មិនមែនមានតែម្នាក់ដែរ បើអ៊ីចឹង ឯណាស្នេហាពិត? ចុងក្រោយ មានតែនិយាយដល់រឿងនិស្ស័យ ទើបអាចផ្ដល់ចម្លើយឱ្យខ្ញុំបាត់ស្មុគស្មាញខ្លះ…

ខ្ញុំមិនជឿជាក់ស្នេហាទេ។ ខ្ញុំសម្លឹងស្នេហា ដូចសម្លឹងមនុស្សស្អាតម្នាក់ គ្រាន់តែជាអារម្មណ៍រំភើបមួយរយៈ បន្ទាប់ពីស្គាល់គ្នានឹងបាត់បង់ទៅវិញ។ ធ្វើម្ដេចទើបអាចរក្សាអារម្មណ៍រំភើបនោះឱ្យស្ថិតស្ថេរ? ប្រហែលត្រូវពឹងលើអនុស្សាវរីយ៍? មានរឿងជាច្រើនដែលខ្ញុំបណ្ដោយ ទុកឱ្យអារម្មណ៍បញ្ជា ព្រោះមនុស្សពីរនាក់ស្រលាញ់គ្នា មិនមែនជាកាតព្វកិច្ច។ ស្នេហាពិតគឺជាការលះបង់ ខ្ញុំពិតជាចង់ដឹងណាស់ថា តើស្រលាញ់កម្រិតណា​ទើបហ៊ានលះបង់ខ្លួនឯងដើម្បីគេ? ចុះឡើងៗ ខ្ញុំពិតជាមិនទាន់ស្គាល់ស្នេហាមែន។

យ៉ាងណា នៅថ្ងៃនេះខ្ញុំក៏បាននឹកឃើញពីនិយមន័យមួយ ដែលខ្ញុំបានយល់ពីស្នេហា «ស្នេហាគឺជាអារម្មណ៍រំភើបម្យ៉ាង ដែលយើងពិបាកថែរក្សា។»

ខែ​កុម្ភៈ 8, 2013 at 2:50 ល្ងាច មតិ 4

Blog ឯកា

Blog ឯកា ម្ចាស់វាមិនដែល Post អីសោះ រវល់តែលេង facebook ;) ហេហេ មិនដឹងថា រាល់ថ្ងៃមានអ្នកចូលមើលអត់ទេ តែថ្ងៃនេះត្រូវតែ Post អីបន្តិច… គ្មានអីច្រើន មានតែចម្រៀងស្រីៗពីរបទ ដែលទើបតែចេញលក់! ពីរបទនេះដើម្បីស្រីរឹងមាំ (សួរថា ហេតុអីក៏សរសេរតែបទអ៊ីចឹងៗឱ្យស្រី… ចុះប្រុស? ព្រោះតែស្រីមិនសូវរឹងមាំដូចប្រុស)។

«បាត់បង់ស្នេហាគ្មានអីអស្ចារ្យទេ!» :cry: ហិហិ ចាំតែគ្មានអីអស្ចារ្យតើ ប៉ុន្តែត្រូវតែទទួលយកការពិតជាមួយចម្រៀងមួយបទនេះ។ ជាបទភ្លេងនិពន្ធដោយខ្មែរ មិនចម្លងពីណាទេ។ ម៉េចដែរ ពីរោះគ្រាន់បើទេ? ស្ដាប់ទៅមើល៍!

 

«សង្សារគ្រាន់តែជាអ្នកដទៃ» កុំច្រឡំ! មិនមែនបញ្ជោះឱ្យសង្សារគេឈ្លោះគ្នាទេ :D គ្រាន់តែចង់ប្រាប់អ្នកដែលបាត់បង់ស្នេហា ត្រូវសង្សារធ្វើបាប រួចក៏ធ្វើបាបខ្លួនឯងព្រោះតែគេ ភ្លេចឪម៉ែ ដល់ថ្នាក់ហ៊ានសម្លាប់ខ្លួនព្រោះតែសង្សារ :( សួរថាសមអត់? អ្នកខ្លះមកតវ៉ា មិនយល់ស្របថា សង្សារគ្រាន់តែជាអ្នកដទៃទេ។ អូខេ! បទនេះគឺសរសេរក្នុងន័យលើកទឹកចិត្តអ្នកបាត់បង់ស្នេហាតើ មិនមែនគ្រប់ពេល គ្រប់កាលទេសៈ ឱ្យគិតដូចចំណងជើងនេះឯណា? ទាល់តែចេះបែងចែកអ៊ីចឹង បានគេថាមនុស្សយល់ដឹងខ្ពស់!

ខែវិច្ឆិកា 14, 2012 at 2:55 ល្ងាច មតិ ១

ចម្រៀងជីវិត

បទល្បីៗ សុទ្ធ​តែ​និយាយ​ពីរឿង​ស្នេហា តែ​តាម​ពិតជីវិត​មិន​មែនមាន​តែ​រឿង​ស្នេហា​ឯណា ទើប​ខ្ញុំ​ព្យាយាម​សរសេរ​ន័យ​ផ្សេងៗ​ទៀត ដូច​ជា​ប៉ុន្មាន​បទ​ខាង​ក្រោម​នេះ៖

ចម្រៀងរឿងមិត្តភក្តិ

នឹកផ្ទះ

មិត្តមួយថ្ងៃ មិត្តមួយជីវិត

និស្សិតស្រី

ឈាមពេជ្រ

ក្រោកឈរ

អ្នកជាកូនប្រុស

ព្រោះយើងជាមិត្ត

អ្នកមិនឯកា

កម្លាំងចិត្តបេះដូងខ្មែរ

បេះដូងខ្មែរ

ខែកញ្ញា 1, 2012 at 4:38 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 146,378 hits
Visit Cute-Spot.com!

តាមដាន

Get every new post delivered to your Inbox.

Join 147 other followers