អំពីខ្ញុំ

សូមស្វាគមន៍!
ខ្ញុំឈ្មោះ សុខ ចាន់ផល ជាអ្នកនិពន្ធ មិនសូវល្បីទេ តែមានរឿងចង់ប្រាប់គេគ្រប់គ្នា ក៏ខំសរសេរបានមួយចំនួន ហើយនឹងផ្សាយក្នុងប្លក់នេះជាបន្តបន្ទាប់…
សូមណែនាំខ្លួនបន្ថែមទៀត៖
តាំងពីតូចមកខ្ញុំជាមនុស្សក្បាលរឹង ខឹងអ្នកណាក៏លួចគុំក្នុងចិត្ត តែមិនដែលបានសងសឹកអ្នកណាម្នាក់ឡើយ ព្រោះអាណិតគេ។ ខ្ញុំរៀនពូកែណាស់ ឆាប់យល់ឆាប់ចាំ តែទម្លាប់រៀនតែអ្វីខ្លួនចូលចិត្ត អត់ចេះទន្ទេញមេរៀនទេ ចាប់អារម្មណ៍តែការបង្កើតថ្មី ហើយខ្ញុំមិនសូវចេះនិយាយស្ដីទេ ព្រោះបើនិយាយមកខ្លាចគេស្អប់ឈប់រាប់រក អ៊ីចឹងក៏ធ្វើចរិតសុភាពតែរហូតមក។
ចំណង់ចំណូលចិត្ត៖
ចូលចិត្តជាងគេ ដេក ហើយស្អប់ការក្រោកពីព្រលឹម! ថ្មីៗនេះចូលចិត្តមើលកុនរ៉ូម៉េនទិក ពិសេសគឺរឿងណាដែលតួអង្គនិយាយសាច់រឿងប្រាប់ដោយបទពណ៌នាដួងចិត្ត «ឧ. គ្រានោះអារម្មណ៍ខ្ញុំប្រៀបបាននឹងស្លឹកឈើដ៏តូចស្ដើង កំពុងរសាត់វិលវល់ក្នុងខ្យល់កួច រួចក៏បោកបក់ឱ្យធ្លាក់ទៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយ… គឺអណ្ដែតទៅដោយគ្មានគោលដៅ…»គឺបែបហ្នឹងហើយនឹងអាចទាញអារម្មណ៍ខ្ញុំឱ្យអណ្ដែតអណ្ដូងមិនខាន តែឥឡូវលែងហ៊ានយកអារម្មណ៍និយាយជាមួយគេហើយ ខ្លាចគេថាឆ្កួត!
ខ្ញុំចូលចិត្តភ្លៀងណាស់ ហើយពេលខ្ញុំកំពុងសរសេរអត្ថបទនេះមេឃក៏កំពុងធ្លាក់ភ្លៀងដែរ… ឃើញទិដ្ឋភាពភ្លៀង និងបានស្ដាប់សំឡេងទឹកភ្លៀង ខ្ញុំមានអារម្មណ៍ស្ទើរស្លាប់ស្ទើររស់យ៉ាងម៉េចទេ! មួយទៀតចូលចិត្តផ្កាម្លិះ ចង់សាងផ្ទះតូចមួយនៅជើងភ្នំ ក្បែរមាត់សមុទ្ទ រួចតាំងដាំដើមផ្កាម្លិះនៅជុំវិញផ្ទះ គ្រាន់ពេលខ្យល់បក់មកសាយក្លិនប៉ះច្រមុះ។
ស្ដាប់ចម្រៀង លោក ស៊ីន ស៊ីសាមុត និង អ្នកនាង ម៉េង កែវពេជ្ជតា កណ្ដាលយប់ ហើយអង្គុយឬដេកក៏បាន គឺមើលមេឃ មើលលោកខែ មើលផ្កាយ មើលពពក ពិតជាមានក្តីសុខណាស់។
សរុប៖
ខ្ញុំមានគុណវិបត្តិច្រើនបន្តិចហើយ ហើយស្ដាប់ទៅក៏ខ្ជិលណាស់ដែរ អត់ចូលចិត្តរៀនសូត្រប៉ុន្មានទេ តែចូលចិត្តអ្នករៀនសូត្រណាស់។ ទោះយ៉ាងណា សូមទោសមុនឱ្យហើយ ចំពោះរាល់ពាក្យពេចន៍របស់ខ្ញុំ មិនថាប្រើនៅក្នុងប្លក់នេះ ឬក៏ក្នុងបទនិពន្ធផ្សេងៗ ប្រសិនបើមានពាក្យឈ្លើយ ឬស្ដាប់ទៅទើសត្រចៀក ប្រិយមិត្តអាចរក្សាទុកក្នុងចិត្ត ឬរិះគន់ត្រង់ៗ ហើយខ្ញុំនឹងព្យាយាមកែខ្លួនឯងរាល់ថ្ងៃ ដើម្បីក្លាយជាមនុស្សល្អម្នាក់ក្នុងលោកនេះ…
អរគុណគ្រប់គ្នាដែលចំណាយពេលអាន!
អូ! ភ្លេចប្រាប់អាសយដ្ឋានអ៊ីម៉ែល៖ chanphalsok@yahoo.com
54 Comments Add your own
Leave a Comment
Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
Trackback this post | Subscribe to the comments via RSS Feed
1.
រាសីហ៍ | ខែ សីហា 9, 2009 at 7:51 ព្រឹក
I cannot c ur face clearly!
2.
សុទ្ធា | ខែ សីហា 22, 2009 at 11:55 ព្រឹក
Me too. but i can c yr face clearly in facebook.
3.
-:-បាត់ដំបង-:- | ខែ សីហា 24, 2009 at 1:40 ព្រឹក
សួស្តីចាន់ផល! រីករាយបានមកប្លកនេះ
4.
nimol | ខែ កញ្ញា 3, 2009 at 3:40 ព្រឹក
សួស្ដីចាន់ផល! សុខសប្បាយទេ? ខ្ញុំទើបនឹងស្គាល់ប្លក់នេះតាមរយៈប្លក់រចនា។ សូមសំណាងល្អណ៎ា។
5.
sokchanphal | ខែ កញ្ញា 3, 2009 at 8:35 ព្រឹក
អរគុណ និមល!ខ្ញុំសុខទុក្ខធម្មតា ហើយសង្ឃឹមថា និមល ក៏មានសំណាងល្អ!
6.
ប៊ុនលី | ខែ កញ្ញា 8, 2009 at 4:52 ព្រឹក
សួស្តី ផល ! ខុំ្ រីករាយណាស់បានចូលមកប្លក់ ផល។
7.
បាត់ដំបង | ខែ កញ្ញា 8, 2009 at 8:22 ព្រឹក
ផលដូចខ្ញុំម៉្លេះ! ខ្ញុំចូលចិត្តភ្លៀងណាស់ ។ ភ្លៀងកាន់តែខ្លាំង ខ្ញុំកាន់តែមានអារម្មណ៌ស្រស់ស្រាយ និង ក្លាហាទៀត
8.
sokchanphal | ខែ កញ្ញា 8, 2009 at 10:23 ព្រឹក
ពេលមានភ្លៀងធ្លាក់ខ្ញុំមានអារម្មណ៍កក់ក្ដៅចម្លែកហើយចូលចិត្តដេកស្ដាប់ទឹកភ្លៀង…កំប្លែងណាស់ព្រោះខ្ញុំចូលចិត្តស្ដាប់ចម្រៀងពេលចូលដេកប៉ុន្ដែដល់មានភ្លៀងត្រូវរើសយកមួយខ្ញុំក៏បិទចម្រៀង។
9.
វណ្ណ | ខែ កញ្ញា 28, 2009 at 10:44 ព្រឹក
ខុសពីខ្ញុំ នៅពេលដែលមានភ្លៀងធ្លាក់ វាធ្វើអោយខ្ញុំមានអារម្មណ៍ កណ្តោចកណ្តែង ឯកោ ហើយស្ទើរតែចង់យំដោយមិនដឹងខ្លួន។ ក្រៅពីនោះទៀតធុញទ្រាន់ ព្រោះពិបាកចេញទៅខាងក្រៅ ជាពិសេសពេលភ្លៀងហើយ ទឹកលិច កខ្វក់៕
10.
រចនា | ខែ កញ្ញា 12, 2009 at 4:00 ព្រឹក
មានអ្នកចូលចិត្តភ្លៀងច្រើនណាស់ណ៎? មិនដែលដឹងសោះ! ^^ ខ្ញុំក៏ចូលចិត្តភ្លៀងដែរ អ៊ីចឹងហើយទើបខ្ញុំឈ្មោះ Rainna
11.
វឌ្ឍនា | ខែ កញ្ញា 28, 2009 at 11:16 ព្រឹក
មិនមែនព្រោះទឹកភ្លៀងជួយលាក់ទឹកភ្នែកទេឬទើបចូលចិត្តយ៉ាងនេះ?
12.
Chanphal | ខែ កញ្ញា 29, 2009 at 8:30 ព្រឹក
ប្រហែលអ៊ីចឹងហើយ វឌ្ឍនា ខ្ញុំឯកភាព!
13.
សេរីបណ្ឌិត | ខែ ធ្នូ 1, 2009 at 8:56 ព្រឹក
សម្រាប់ខ្ញុំវិញ, ឱ្យតែពេលមានរឿងអ្វីដែលខ្ញុំគិតមិនយល់ ពិបាកចិត្តខ្លាំងពេក ខ្ញុំតែងតែងទៅឈរ ឬ អង្គុយហាលភ្លៀង ។
ប៉ុន្តែបើរចនាវិញសង្ស័យតែថា ដោយសារតែទឹកភ្លៀងលាងទឹកភ្នែកផងមិនដឹង ។
14.
ចង់ដឹង (changdoeng) | ខែ កញ្ញា 28, 2009 at 10:25 ព្រឹក
សួស្តីអនុស្សា! ខ្ញុំមកដល់ផ្ទះហើយ…មានអីទទួលទេ? អនុស្សា សរសេរប្រវត្តិរូបបានក្បោះក្បាយណាស់ហ្ន៎! ពិតជាគួរឱ្យចាប់ អារម្មណ៍មែន។ រអាស្ទីលក្បាលរឹងចេះតាំងពីក្មេងមក បែបឥឡូវ កាន់តែស្ទាត់ហើយមើលទៅ។ បើនិយាយពីរឿងរៀន ខ្ញុំនេះផ្ទុយ ពីអនុស្សា…រៀនស្អីក៏មិន ចេះដែរ ពេលខ្លះអាណិតគ្រូៗខ្ញុំដល់ ហើយខំពន្យល់ផង ប្រើទណ្ឌកម្មផង នៅតែខ្ញុំរៀនមិនចេះ…. នឹងឃើញឡើងវិញដូចជាអាណិតពួកគាត់ដល់ហើយ ឱ្យតែដល់ ពេលបង្រៀនខ្ញុំម្តងៗ ត្រូវអង្គុយដង្ហោះព្រោះពន្យល់អត់យល់សោះ បើត្រូវរំពាត់វិញនោះ គឹក្រិនខ្លួនអស់ហើយ គ្រូៗត្រូវតែរកថ្នាំជំនួយ កម្លាំងមកពិសាបន្ថែមទើបទៅរួច។ រឿងភ្លៀងវិញរិតតែឆ្ងាយទៀត ហើយ បើនៅតាមខេត្តឆ្ងាយតែឯងវិញគឺពិតជាធ្វើឱ្យស្រណោះ ស្រណោកខ្លាំងណាស់ ទ្វីត្បិតតែក្រោយពេលភ្លៀងរុក្ខជាតិនានា ហាក់ដូចជាស្រស់ញញឹម។ ប៉ុន្តែពេលខ្លះខ្ញុំក៏ចូលចិត្តភ្លៀងដែរ បានលេសមិនបាច់ទៅរៀន…ហាហា… ខ្ញុំចូលចិត្តជំនោរខែវិច្ឆិកា ជាពិសេស ព្រោះផ្ទៃមេឃស្រឡះល្អ ថែមទាំងមានខ្យល់បក់មក ពីទិសខាងជើងទៀត ពិតជាស្អាតណាស់សម្រាប់រូបខ្ញុំ។
15.
Chanphal | ខែ កញ្ញា 29, 2009 at 8:38 ព្រឹក
កាលវេលានីមួយៗមានលក្ខណៈពិសេសរបស់ខ្លួន គឺសុទ្ធតែគួរឱ្យស្រណោះទាំងគ្រប់រដូវហ្នឹង ហើយ ចង់ដឹង នេះចេះតែជឿខ្ញុំអួតដែរ! មនុស្សពូកែគេដាក់ខ្លួន គ្មានអ្នកណាប្រកាសប្រាប់គេ ថាខ្លួនឯងរៀនពូកែ ដូចជាខ្ញុំអ៊ីចឹងទេ។ អូហ៍! ភ្លេចស្វាគមន៍មកកាន់ផ្ទះខ្ញុំ!
16.
ចង់ដឹង (changdoeng) | ខែ កញ្ញា 29, 2009 at 9:05 ព្រឹក
ហេ..ហេ…ផ្ទះហ្នឹងមានរឿងប្លែកៗអាន ច្បាស់ជាមកញឹកញាប់ហើយ ចាំតែទទួលទៅ។
17.
វណ្ណ | ខែ កញ្ញា 28, 2009 at 10:42 ព្រឹក
សូមដាក់រូបថតអោយច្បាស់បន្តិចបានទេ? ព្រោះចង់ស្គាល់អ្នកនិពន្ធច្បាស់បន្តិច។
18.
Chanphal | ខែ កញ្ញា 29, 2009 at 8:41 ព្រឹក
វណ្ណ! ខ្ញុំខំយករូបច្បាស់ទៅកែឱ្យមិនច្បាស់អីចឹងណា! អត់អីទេ ចាំថ្ងៃណាមួយចៃដន្យ ថតរូបបានស្អាត ចាំខ្ញុំដាក់ទាំងច្បាស់!
19.
កញ្ញា | ខែ កញ្ញា 28, 2009 at 11:00 ព្រឹក
ខ្ញុំបានឃើញប្លក់នេះយូរហើយតែមិនសូវបានឈាងចូល។ថ្ងៃនេះមានពេលបានអានអត្ថបទជាច្រើនក្នុងប្លក់នេះ។
អ្វីដែលគួរឲចាប់អារម្មណ៍នោះគឺចំណង់ចំនូលចិត្តលើផ្កាម្លិះព្រោះវាស្រដៀងនឹងការចូលចិត្តរបស់ខ្ញុំដែរ។
ពពួកផ្កាពណ៌សដែលមានក្លិនក្រអូបដូចជាផ្កាម្លិះនិរតី។ល។សុទ្ធតែជាសំណប់ចិត្តខ្ញុំទាំងអស់ឃើញវាពេលណាអារម្មណ៍ល្អពេលនោះហើយចង់តែយកមកដាក់ក្បែរខ្លួន។
ហើយបើពេលយប់បានដេកមើលមេឃមើលផ្កាយក្រោមខ្យល់រំភើយៗស្រង់ក្លិនផ្កាស្តាប់ចំរៀងលន្លង់លន្លោចវិញគឺអារម្មណ៍ស្ងប់ដូចទឹកអញ្ចឹង។
20.
Chanphal | ខែ កញ្ញា 29, 2009 at 8:47 ព្រឹក
សួស្ដី កញ្ញា! ឮ កញ្ញា និយាយអ៊ីចឹង ខ្ញុំនឹកស្រណោះស្រុកកំណើតខ្ញុំមែនទែន គឺតាមផ្ទះនីមួយៗគេចូលចិត្តដាំប្រភេទផ្កាទាំងអស់នេះ។ ផ្កាពណ៌ស គឺមានលក្ខណៈថ្លៃថ្នូរ ហើយអាចធ្វើឱ្យខ្ញុំមានអារម្មណ៍ស្ងប់ទៀតផង!
21.
វឌ្ឍនា | ខែ កញ្ញា 28, 2009 at 11:15 ព្រឹក
ខ្ញុំអត់ចូលចិត្តភ្លៀងទេ.. ព្រោះទឹកភ្លៀងធ្វើអោយស្បែកខ្ញុំឡើងកន្ទួល (មានប្រតិកម្ម) មនុស្សយ៉ាប់ជាងគេគឺខ្ញុំហេហេហេ
22.
Chanphal | ខែ តុលា 5, 2009 at 4:34 ព្រឹក
អត្ថបទខាងលើ ខ្ញុំភ្លេចប្រាប់ថាចូលចិត្តញ៉ាំម្ហូបអី? ប៉ុន្តែវាអាចប្រែប្រួលទៅថ្ងៃក្រោយ បានមិនសូវចង់និយាយ គ្រាន់តែប៉ុន្មានថ្ងៃនេះ ខ្ញុំចេះតែនឹកឃើញកាលពីក្មេង ធ្លាប់ជិះកាណូតពីស្រុកខ្ញុំមកភ្នំពេញ ហើយទិញបាយខ្ចប់ស្ទឹកឈូកញ៉ាំតាមផ្លូវ គឺវាមានក្លិនឈ្ងុយខ្លាំងណាស់! បាយខ្ចប់ស្លឹកឈូក ញ៉ាំជាមួយពងទាប្រៃ ត្រសក់ត្រាំ ឬក៏សាច់ងៀត…មិនដឹងថាតើពេលណាអាចជួបរសជាតិនោះទៀតេទ…
23.
cambomaths | ខែ តុលា 6, 2009 at 3:22 ល្ងាច
សួស្តីចាន់ផល សុខសប្យាយជាទេ?
ដឹងទេខ្ញុំចូលចិត្តបទចម្រៀង ដែលជាស្នាដៃនិពន្ធរបស់ ចាន់ផល ណាស់ ពិសេស គឺបទ “ ឈាមពេជ្រ” ខ្ញុំមិនដាច់ចិត្តលប់បទនេះចេញ ពីទូរសព្ទ័ រឺ ក៏ កុំព្យួទ័ររបស់ខ្ញុំឡើយ ហើយពេលបានស្តាប់បទនេះម្តងៗ ខ្ញុំតែងតែនឹកគិតដល់អ្នកម្តាយរបស់ខ្ញុំ ដែលគាត់កំពុងឈឺ ដេកលើគ្រែ នៅឯស្រុកកំណើតឯ នោះ។ ពេលខ្លះខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ក៏មាន។ ខ្ញុំចាំមិនភ្លិចទេពេលខ្ញុំទៅលេងផ្ទះម្តងៗ ម្តាយរបស់ខ្ញុំ គាត់តែងសួរឲ្យខ្ញុំចាក់នូវបទចម្រៀងមួយបទនេះឲ្យគាត់ស្តាប់ ពេលឃើញទិដ្ឋភាពដូចនេះខ្ញុំចង់តែយំទេ ។ ម្តាយរបស់ខ្ញុំគាត់ខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់ដើម្បីរកប្រាក់ឲ្យកូនបានរៀនបន្ត រហូតដល់ធ្លាក់ខ្លួនឈឺ ដេកនៅលើគ្រែមិនអាចដើរទៅណារួច។
ខ្ញុំមានសំណូមពរមួយចង់ឲ្យ ចាន់ផល និពន្ធបទចម្រៀងមួយបទ ដែលនិយាយពី ការខិតខំប្រឹងប្រែងរបស់ឪពុក ម្តាយដែលលោកទាំងពីរបានពុះពារ ខិតខំធ្វើការ ដោយធ្វើយ៉ាងណារកឲ្យកូនបានរៀនខ្ពង់ខ្ពស់ ដោយមិនគិតពីខ្លួនឯង រហូតដល់ខ្លួនឈឺធ្វើអ្វីមិនកើត។ ហើយជាទីបញ្វប់បំណងប្រថា្នរបស់គាត់បានក្លាយជាការពិត ដោយកូនរបស់គាត់រៀនចប់បានការងារសមស្របមួយ បានប្រាក់យកមកមើលជម្ងឺរបស់គាត់លុះត្រា ជាសះស្បើយ។ ហើយកូនគាត់ក៏មានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សាគាត់ ជារៀងទៅអើយ!
ខ្ញុំសង្ឃឹមថា ចាន់ផល និងព្យាយាមចំណាយពេលទំនេរ សរសេរពីបទចម្រៀងនេះ ។
សូមអរគុណទុកជាមុន
24.
sokchanphal | ខែ តុលា 7, 2009 at 3:45 ព្រឹក
ខ្ញុំរំភើបចំពោះទឹកចិត្តរបស់ម្ដាយកូនអ្នកទាំងពីរណាស់។ អ្វីដែលអ្នកបានរៀបរាប់នេះគឺជាសុភមង្គល និងជាកម្លាំងចិត្តតស៊ូនឹងព្យុះភ្លៀងជីវិតរបស់អ្នក ក៏ដូចជាកូនៗគ្រប់គ្នា។ រឿងរ៉ាវជីវិតពិតមួយនេះ ខ្ញុំនឹងចងចាំទុក ហើយបើមានឱកាសខ្ញុំនឹងលាតត្រលាងក្នុងបទនិពន្ធរបស់ខ្ញុំ មិនថាតែចម្រៀង ឬក៏ប្រលោមលោកនោះទេ។ សូមគោរពជូនពរឱ្យម្តាយជាទីស្រលាញ់របស់អ្នកមានសុខភាពល្អ!
25. រឿងមួយនៃ កំណត់ហេតុស្នេហ៍ « យុវអ្នកនិពន្ធខ្មែរ | ខែ តុលា 16, 2009 at 9:19 ព្រឹក
[...] ដោយ សុខ ចាន់ផល [...]
26.
Joe | ខែ តុលា 17, 2009 at 2:48 ព្រឹក
Just stopping by to say that you’re a great writer!! Love your work and I am looking forward to hearing about your future projects. I love to write as well so I guess that’s something we have in common.
All the best and update your blog more frequently! Lol
27.
Chanphal | ខែ តុលា 17, 2009 at 12:05 ល្ងាច
Thank! សូមនិយាយជាខ្មែរវិញ៖ ខ្ញុំគិតថាគ្រាន់តែបង្កើតប្លក់មួយ គ្រាន់ជាអនុស្សាវរីយ៍ប៉ុណ្ណោះ តែខ្ញុំនឹងខំអាប់ឌែតតាមលទ្ធភាព។ បើនិយាយពីគម្រោងអនាគតវិញ… ខ្ញុំចង់រៀនចប់ដោយជោគជ័យ ព្រោះកំពុងពិបាកចិត្ត រៀនអត់ចូល ខ្លាចយកបរិញ្ញាអត់បាន… បើក្រៅពីនេះ ខ្ញុំគ្រាន់តែចង់សរសេរស្នាដៃទុកឱ្យបានច្រើន រួចបោះពុម្ពសៀវភៅឱ្យបានច្រើន រកប្រាក់ឱ្យបានច្រើន ដើរលេងឱ្យបានច្រើនកន្លែង… នៅច្រើនទៀត… ព្រោះគម្រោងខ្ញុំផុសឡើងរាល់តែថ្ងៃ ច្រើនទាល់តែលែងខ្វល់នឹងគិតគូរ!
28.
ឈាង | ខែ តុលា 17, 2009 at 4:35 ល្ងាច
សួរស្តីបង
29.
Chanphal | ខែ តុលា 20, 2009 at 2:27 ព្រឹក
សួ ហើយ រ ទៀត! សួស្ដី ឈាង!
30.
រតនាតារាមុន្នី | ខែ តុលា 30, 2009 at 1:53 ព្រឹក
សួស្តីបង ចំណងចំណូលចិត្តបង ខុសពីខ្ញុំទាំងអស់ ។
ខ្ញុំចូលចិត្តវិទ្យាសាស្រ្តជាងគេ។
31.
Chanphal | ខែ វិច្ឆិកា 5, 2009 at 5:22 ព្រឹក
ខ្ញុំនេះមនុស្សហួសសម័យហើយ ចូលចិត្តតែធម្មជាតិ!
32.
Khuon Ratana | ខែ វិច្ឆិកា 19, 2009 at 2:20 ល្ងាច
ត្រូវហើយពិតជាខុសពីខ្ញុំដែរ ខ្ញុំចូលចិត្តផឹកស៊ីជាងគេ ហិហិហិហិ
33.
ចាន់ផល | ខែ វិច្ឆិកា 22, 2009 at 1:46 ល្ងាច
បន្ថែមចំណង់ចំណូលចិត្ត៖ ម្សិលមិញមិត្តម្នាក់របស់ខ្ញុំស្ដីឱ្យមិត្តម្នាក់ទៀតរបស់ខ្ញុំថា បាញ់ទឹកអប់ហ្នឹងទៀតហើយ ធុំឈឺក្បាលទ្រាំអត់បានទេ ខ្ញុំក៏ប្រាប់គាត់ហ្នឹងថា ប្រើក្លិនដូចខ្ញុំវិញទៅ ក្លិនប៉ោម ក្លិនសេរី ក្លិនប៉េស! កាលពីមុនខ្ញុំមិនចេះប្រើទឹកអប់ទេ គឺពុលក្លិនឈ្ងុយពេក តែឥឡូវក៏រកឃើញក្លិនផ្លែឈើ ប្រើក្លិនផ្លែអី លែងឃ្លានផ្លែហ្នឹងហើយ!
34.
ខេមរាវុធ | ខែ វិច្ឆិកា 25, 2009 at 8:56 ព្រឹក
តាមពិត ការខ្ជិលច្រអូស វាមិនអីទេ អោយតែយើងដឹងថា យើងកំពុងខ្ជិល។ កាលមុនខ្ញុំស្មានថា ការខ្ជិល ជាគុណវិបត្តិ។ លុះរស់បានយូរបនិ្តច ទើបដឹងការពិតថា ការខ្ជិល វាមានអីឯណា! បើមានមូលហេតុអោយខ្ជិល ទោះចង់ឧស្សាហ៍ក៏មិនកើត ម៉្លោះហើយ មានតែត្រេកត្រអាលនឹងការខ្ជិលនេះ ស្រលាញ់ការខ្ជិលអោយណាស់ ហើយពេលមានឱកាសល្អ កំចាត់ការខ្ជិលនេះបានដោយងាយ។ ឬបើមិនចង់កំចាត់គេ ក៏បាន។ យើងអាចប្រលែងលេងនឹងការខ្ជិលបាន។ ប៉ុន្តែមនុស្សភាគច្រើន កើតទុក្ខមិនសុខចិត្តនឹងរឿងខ្ជិល ព្រោះមិនយល់ការពិតថា នៅពេលយើងខ្ជិលក៏យើងរស់ ហើយពេលយើងឧស្សាហ៍ក៏យើងរស់ ដូចគ្នា។
35.
ចាន់ផល | ខែ វិច្ឆិកា 25, 2009 at 11:23 ព្រឹក
បាទ! ធ្វើមនុស្សត្រូវចេះសោយសុខ!
36.
សេរីបណ្ឌិត | ខែ វិច្ឆិកា 27, 2009 at 3:12 ព្រឹក
ទីបំផុតរកបានមនុស្សជំពូកខ្ញុំហើយតើ !
37.
សេរីបណ្ឌិត | ខែ វិច្ឆិកា 27, 2009 at 3:14 ព្រឹក
អូ៎ ! ភ្លេចជម្រាបសួរម្ចាស់ប្លក់
38.
ចាន់ផល | ខែ វិច្ឆិកា 27, 2009 at 5:53 ព្រឹក
ជម្រាបសួរ! បែបខ្ជិលដូចខ្ញុំដែរ មើល៍ទៅ!
39.
សេរីបណ្ឌិត | ខែ ធ្នូ 1, 2009 at 8:49 ព្រឹក
មើលទៅបែបខ្ចិលប្រហែលគ្នាទេ ។
អ្វីដែលបងផលលើកយកមកបង្ហាញ គឺប្រហាក់ប្រហេលនឹងខ្ញុំដែរ ។ ជាពិសេសគឺថាឱ្យតែនិយាយពីអ្វីក្នុងអារម្មណ៍ នរណាក៏ថាខ្ញុំឆ្កួតដែរ ។
អូ៎ ! ខ្ញុំលើសបងឯងមួយ គឺមិនត្រឹមតែលាក់កំហឹងក្នុងចិត្តទេ ទោះស្រលាញ់គេក៏មិនហ៊ានប្រាប់ដែរ ចុះឡើងៗបានត្រឹមតែលួចស្រលាញ់ដដែល ។
40.
ចាន់ផល | ខែ ធ្នូ 1, 2009 at 11:38 ព្រឹក
លួចស្រលាញ់គេសប្បាយដែរតើ! លួចស្រលាញ់យូរទៅ ក៏ឆ្អែតខ្លួនឯង ទម្រាំដល់ពេលគេដឹងខ្លួន ហើយមានចិត្តលើយើងវិញ ក៏ស្រាប់តែប្រាប់ទៅគេថា ខ្ញុំលួចស្រលាញ់អ្នកឆ្អែតហើយ គឺដូចការញ៉ាំបាយអ៊ីចឹង។
41.
ក្មេងតូច | ខែ ធ្នូ 1, 2009 at 1:21 ល្ងាច
អរគុណដែលទៅលេងផ្ទះញុម
ថ្ងៃនេះញុមម៉ោលេងម្តង
មើលសុំទឹក១កែវមើល ស្រេកទឹកណាស់
ធាក់កង់ម៉ោទាំងកណ្តាលថ្ងៃផង ^_^
បង ជាអ្នកនិពន្ធចឹង ពេលចូលផ្ទះញុមជួយខំមិន រិះគន់ផងណា
នឹងបានយកកែប្រែ
42.
សេរីបណ្ឌិត | ខែ ធ្នូ 2, 2009 at 2:08 ព្រឹក
ចាន់ផល ៖ ហាហា ! និយាយដូចគ្រូចិត្តវិទ្យារបស់ខ្ញុំដែរ…
ក្មេងតូច ៖ បើធាក់កង់មកហត់យ៉ាងនេះ ផឹកទឹក ១ កែវ ម៉េចនឹងឆ្អែត…
43.
ក្មេងតូច | ខែ ធ្នូ 2, 2009 at 5:34 ព្រឹក
ខ្លាចម្ចាស់ផ្ទះរិះ ទើបសុំ១កែវសិនទៅ ចាំគេសួរ ចាំសុំ១កែវទៀត
44.
ចាន់ផល | ខែ ធ្នូ 2, 2009 at 2:40 ព្រឹក
ក្មេងតូច និង សេរីបណ្ឌិត ញ៉ាំទឹកលេងៗទៅ!
សេរីបណ្ឌិត៖ តាមពិតសម្ដីនេះក៏ខ្ញុំធ្លាប់ឮគ្រូវិទ្យាល័យខ្ញុំម្នាក់និយាយដែរ។
ក្មេងតូច៖ ខ្ញុំអ្នកនិពន្ធមែន តែអានរឿងខ្ញុំទៅដឹងហើយ ខ្ញុំអានខ្លួនឯងក៏ដឹងដែរ គ្មានឃើញអាប់ឌែតអីសោះ! សរសេរៗអស់អារម្មណ៍សរសេរ ណាខានសរសេរយូរផង មិនដឹងរឿងលើកក្រោយទៅជាយ៉ាងម៉េចទេ! ខ្ញុំនេះចំណុចខ្សោយខ្លាំងគឺខ្លាចគេរិះគន់ ដូចឥឡូវអ៊ីចឹង គឺរិះគន់ខ្លួនឯងឱ្យបានមុនគេ។ តែខ្ញុំតែងប្រាប់ខ្លួនឯងថា ឱ្យតែសរសេរបានរឿងគឺសរសេរទៅ មិនបាច់ធ្វើអ្នកនិពន្ធល្បី ក៏មានឈ្មោះថាអ្នកនិពន្ធដែរ ដូចឃ្លាមួយគេថា ទោះបីភ្នំទាប ក៏មានឈ្មោះថាភ្នំដែរ។
45.
ក្មេងតូច | ខែ ធ្នូ 2, 2009 at 5:32 ព្រឹក
អត់តេ ឃ្លាហ្នឹងគេអត់ថាចឹងទេ
គេថា «ទោះបីភ្នំមួយទាប គង់នៅមានភ្នំមួយទាបជាងហ្នឹងទៀត» ^_^
រឿងរបស់ញុមយ៉ាប់ជាងគេគឺអត់មានមនោសញ្វេតនា
ព្រោះអ្នកនិពន្ធអត់ដែលស្គាល់ជាតិស្នេហ៍ផង មានដែរហ៎ដែលរឿងមានជាតិស្នេហ៍នោះ
អត់ដឹងធ្វើម៉េចទេ ដើម្បីឲ្យរឿងមានជាតិមានជៅដូចគេ
46.
ចាន់ផល | ខែ ធ្នូ 3, 2009 at 5:19 ព្រឹក
យ៉ាងណាក៏ខ្ញុំអាចលោតខ្ពស់ជាងភ្នំថៃសានដែរ ព្រោះភ្នំអត់ចេះលោតទេ ហេហេ!
អារឿងចង់ឱ្យរឿងមានជាតិស្នេហាហ្នឹង គឺរៀនសរសេរតាមគេទៅ ខ្ញុំធ្វើតែអ៊ីចឹង ដល់គេសួរ ក៏ឆ្លើយថា ខ្ញុំឮគេថា… តែក៏ធ្វើមិនល្អដែរ ព្រោះផ្អែមពេកវាញ័រដៃសរសេរអត់ដិត។
47.
សេរីបណ្ឌិត | ខែ ធ្នូ 4, 2009 at 2:36 ល្ងាច
អត់មនោសញ្ចេតនាមានតែក្មេងតូចឯងហ្នឹងជាថ្ម
48.
ក្មេងតូច | ខែ ធ្នូ 7, 2009 at 9:51 ព្រឹក
ប្រហែលៗនឹង
49.
ក្មេងតូច | ខែ ធ្នូ 7, 2009 at 2:21 ល្ងាច
បើម៉ោសួររឿងចំណូលចិត្តក្មេងវិញ ស្រេចបាត់
ប្រាប់ចុះណា ខ្ញុំមិនសូវជាដឹងអីប៉ុន្មានទេ ព្រោះមិនសូវបានយកចិត្តទុកដាក់
ចឹងសម្រចថាឲ្យញុមចូលជាសមាជិកហើយហ៎
អត់អីទេ ញុមទៅភ្នំពេញញឹកញាប់តើ ហើយបើមានការអីអាចទាក់ទងតាម អីមែល ឬ ទូរស័ព្ត ^_^
50.
សេរីបណ្ឌិត | ខែ ធ្នូ 7, 2009 at 2:40 ល្ងាច
មានពីណាគេសួរ !
មកប្រាប់គេតែខ្លួនឯងថាគេសួរ !
ខិខិខិ
51.
ក្មេងតូច | ខែ ធ្នូ 8, 2009 at 5:26 ព្រឹក
ចុះញុមមានប្រាប់បណ្ឌិតឯងណា ញុមប្រាប់ពូចាន់ផលតើ
គាត់ខំទៅសួរញុមដល់ផ្ទះ ញុមក៏ម៉ោប្រាប់គាត់ដល់ផ្ទះដែរ
52.
ចាន់ផល | ខែ ធ្នូ 8, 2009 at 7:12 ព្រឹក
ពីរនាក់នេះ បើថាស្រុះស្រួលគ្នាហើយ ថ្ងៃអាទិត្យហ្នឹងជួបគ្នា! ក្មេងតូចមកភ្នំពេញបាន តើមែនទេ? ចូលទៅអានប្រកាសនៅ យុវអ្នកនិពន្ធខ្មែរ ណា៎!
53.
សេរីបណ្ឌិត | ខែ ធ្នូ 8, 2009 at 7:54 ព្រឹក
និយាយចឹងខ្ញុំជ្រុះទូរសព្ទមួយនៅហ្នឹង
មាននរណាគេឃើញទូរសព្ទខ្ញុំទេ…
54.
ក្មេងតូច | ខែ ធ្នូ 8, 2009 at 9:44 ព្រឹក
បណ្ឌិត ៖ អត់ឃើញទេ ទុកមិនប្រយ័ត្នឲ្យបាត់ខ្លះទៅ
ពូចាន់ផល ៖ ចូលទៅអានប្រកាស???
អាននៅណា??
ហើយប្រកាសនឹងម៉េចខ្លះទៅ?