ចង្កៀងនិទានរឿងខ្មោច
ខែ កញ្ញា 12, 2009
យប់មិញទៅដល់ផ្ទះអស់ដៃអស់ជើង ស្ទើរតែដេកលក់ទាំងមិនទាន់ងូតទឹក តែដល់ប្រះខ្នងទៅឃើញសៀវភៅ ចង្កៀងនិទានរឿងខ្មោច ក៏យកមកអានលេង អានទៅក៏លែងងុយដេក ហើយសើចរលាក់ម្នាក់ឯង… ខ្ញុំអ៊ីចឹង អានរឿងខ្លួនឯងសោះក៏សើចឈ្លក់ទឹកមាត់ដែរ ដល់អ៊ីចឹងទៅគិតថា បើអ្នកដទៃបានអានគេសើចឬអត់ហ្ន៎! ឥឡូវនេះ សៀវភៅចង្កៀងនិទានរឿងខ្មោចហ្នឹង លក់អស់ហើយ តាមពិតទៅអស់យូរហើយ គឺលក់ដាច់គ្រាន់បើ មានអ្នកចូលចិត្តច្រើន ហើយនឹងបោះពុម្ពលើកទី២ទៀត! ក៏ដូចជាដើម្បីចូលរួមឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ខ្ញុំបាទសូមដាក់រឿងមួយនៃសៀវភៅនេះ ជូនអានកម្សាន្ត៖

ចង្កៀងនិទានរឿងខ្មោច
យប់មួយនៅគុកទួលស្លែង មានការប្រលងនិយាយរឿងខ្មោច ដណ្ដើមជ័យលាភីទឹកប្រាក់១០០០០០រៀល។ ចង្កៀងនិទានរឿង ខ្មោច ជាឈ្មោះកម្មវិធីនេះ ដែលអ្នកផ្តើមគំនិតគឺ លោកចក់។ ពេល អ្នកសម្របសម្រួលអញ្ជើញឲ្យមានប្រសាសន៍បើកកម្មវិធី ក្នុងទឹកមុខ ដ៏ស្វាហាប់ លោកចក់ មានប្រសាសន៍មួយៗ ស្តាប់ទៅសែនតឹងទ្រូង «ជាបឋម ខ្ញុំសូមអរគុណអ្នកសម្របសម្រួល ដែលបានឲ្យខ្ញុំនិយាយ បើកកម្មវិធី និងសូមអរគុណបងប្អូនកូនក្មួយ ជាពិសេសនាងកញ្ញា ទាំងអស់ ហើយនិងកូនក្មេងតូចៗ និងជាពិសេសបេក្ខជនប្រលងទាំងឡាយ ដែលបានមានវត្តមាននៅទីកន្លែងនេះ។ ជាដំបូង ខ្ញុំសូមជម្រាបសួរ លោកប៊ុត ប្រធានផ្នែកអនាម័យប្រចាំនៅគុកទួលស្លែង ជាទីគោរព ដែលលោកបានជួយជ្រោមជ្រែង រៀបចំកន្លែងែល្លែង ជាទីគោរពដ៏ខ្ពង់ខ្ពស់ ែដលដ៏សមគួរសម្រាប់កម្មវិធីនេះ។ បន្តទៀតខ្ញុំសូមជម្រាបសួរ លោកសារ៉ាក់ នាយកគ្រប់គ្រងខាងប្រព័ន្ធអគ្គិសនីប្រចាំគុកទួលស្លែង ដែលលោកបានសហការយ៉ាងហ្មត់ចត់ជាមួយយើងខ្ញុំ ដោយធ្វើការកាច់ប៉ារ៉ែត បិទភ្លើងអគ្គិសនីឲ្យងងឹត បង្កើតបរិយាកាសដ៏ព្រឺព្រួចសម្រាប់ពេល នេះ…»
និយាយដល់ត្រឹមនេះ លោកចក់ គាត់ផ្អាកអស់មួយស្របក់ ទុកឲ្យអ្នកចូលរួមទាំងឡាយបានសម្លឹងមើលជុំវិញខ្លួន ហើយម្នាក់ៗឡើងព្រឺក្បាល ព្រោះទីនោះឲ្យងងឹតឈឹង មានតែពន្លឺចង្កៀងប្រេងកាតពីរ មួយដាក់នៅកន្លែងអ្នកសម្របសម្រួល មួយទៀតដាក់នៅពីមុខ លោកចក់ ដែលកំពុងនិយាយនោះ មិនតែប៉ុណ្ណោះមានក្បាលខ្មោចជ័រចងព្យួរឲ្យហោះទៅហោះមកតាមខ្យល់បក់ ល្មមនឹងធ្វើឲ្យម្នាក់ៗញ័រស្ទើរអង្គុយមិនជាប់កៅអីទៅហើយ។ អ្នកចូលរួមនៅពេលនោះ មានប្រហែលជាម្ភៃនាក់ ដែលសុទ្ធសឹងជាអ្នកចូលចិត្តស្តាប់រឿងខ្មោច ខំទិញសំបុត្រចូលរួម ដែលសំបុត្រមួយមានតម្លៃ ២០០០រៀល។
លោកចក់ក៏បន្តទៀត «សូមជម្រាបសួរផងដែរដល់ លោកស៊ុនលី មេក្រុមសន្តិសុខ ដែលលះបង់ពេលវេលាជួយឈរការពារខ្មោចព្រាយបិសាច មិនឲ្យមករំខានអុកឡុកកម្មវិធី។ តមកទៀត សូមជម្រាបសួរលោកយាយលោកតាទាំងអស់ជាទីគោរព សូមជម្រាបសួរបងប្អូនកូនក្មួយទាំងឡាយជាទីស្រលាញ់រាប់អាន ជាពិសេសសូមជម្រាបសួរបេក្ខជន ដែលបានចុះឈ្មោះប្រលងនិយាយរឿងខ្មោច ហើយជា ពិសេសជាងនេះទៅទៀត សូមជម្រាបសួរដល់បងប្អូនដែលកំពុង អង្គុយនៅខាងក្រោយ ស្តាប់ខ្ញុំមិនសូវឮ។ ជាចុងក្រោយ និងជាពិសេសបំផុតសូមជម្រាបសួរគណៈមេប្រយោគទាំងអស់ ដែលកំពុងអង្គុយនៅតុជាមួយនឹងខ្ញុំដែរនេះ ដូចជា លោកផាន លោកស្រី ស្រីពៅ និងលោកគណៈមេប្រយោគចុងក្រោយម្នាក់ទៀត គឺខ្ញុំឈ្មោះ ចក់។ ជាពិសេសខ្ញុំមិនភ្លេចទេ គឺខ្ញុំសូមជម្រាបសួរដល់ព្រលឹងខ្មោចទាំងអស់ដែលបានស្លាប់នៅក្នុងគុកនេះ ដែលជាទីគោរព និងជាទី… ជាទី…»
កំពុងតែរកនឹកពាក្យនិយាយមិនឃើញ អ្នកអង្គុយស្តាប់ប៉ុន្មាន នាក់ក៏ស្រែកឡើង «ល្មមឈប់ជម្រាបសួរហើយ! កុំស៊ីម៉ោងច្រើនពេក! ចូលកម្មវិធីទៅ! នៅតែជាពិសេស ជាពិសេសរហូតហ្នឹង ថ្មើរណាបានស្តាប់រឿងខ្មោច? ពួកយើងទិញសំបុត្រមកស្តាប់រឿងខ្មោច មិនមែនចង់ស្តាប់គេជម្រាបសួរគ្នាទេ!»
ឮបែបនេះ លោកចក់ ក៏ស្ងាត់មាត់ រួចអ្នកសម្របសម្រួលកម្មវិធីក៏និយាយឡើង «ខ្ញុំសូមជម្រាបសួរលោកយាយលោកតា អ៊ំពូមីង បងប្អូនតូចៗជាថ្មី…»
«ចូលកម្មវិធីទៅ! នៅគួរសមបែបហ្នឹង ដល់ភ្លឺមិនទាន់ចូលកម្មវិធីបានផង!» សំឡេងអ្នកចូលរួមស្រែក។
អ្នកសម្របសម្រួលធ្វើមុខភ្លឹះៗ មើលទៅក្រដាស ដែលខ្លួនសរសេរទុកអាន គិតមិនទាន់ឃើញត្រូវអានរំលងកន្លែងណា ឯអ្នកចូលរួមចេះតែស្រែកឲ្យចូលកម្មវិធី ធ្វើឲ្យអ្នកសម្របសម្រួលនោះឡើងស្ទើរវង្វេង។ បន្ទាប់មកទើបគេញាត់ក្រដាសទៅក្នុងហោប៉ៅខោ ហើយតាំងចិត្តនិយាយដោយមិនបាច់អានថា «អ៊ីចឹងចូលកម្មវិធីប្រលង តែពេលនេះបេក្ខជនយើងមានចំនួនតែពីរនាក់ទេ ហេតុនេះបើបងប្អូនទាំងអស់នៅទីនេះចង់ចូលរួមប្រលង យើងខ្ញុំនឹងចាប់ទទួលចុះឈ្មោះបន្ថែម… ពីពេលនេះទៅ។ …តែដើម្បីកុំឲ្យបងប្អូនទន្ទឹងរង់ចាំយូរ ខ្ញុំសូមអញ្ជើញ លោកសំរឹត ជាបេក្ខជនទីមួយ ឡើងមកនិយាយរឿងមួយមានចំណងជើងថា “ទេសចរណ៍ស្ថាននរក” ហើយសូមជម្រាបថា អ្នកចូលរួមទាំងអស់មានសិទ្ធិឲ្យពិន្ទុដល់បេក្ខជនយើងដែរ ចៀសវាងដើរនិយាយដើមថា គណៈមេប្រយោគយើងហ្នឹងស៊ីសំណូក។ អ៊ីចឹងទេសូមបងប្អូនយកចិត្តទុកដាក់ស្តាប់ ហើយគិតថា តើរឿងណាស្តាប់ទៅគួរឲ្យខ្លាចជាងគេ… ពឹងតែលើគណៈកម្មការក៏មិនកើតដែរ ព្រោះដូចជាបេក្ខជនទីមួយនេះ គឺជាកូនប្រុស លោកចក់ បង្កើត… បាទ! អ៊ីចឹងដល់ពេលហើយ លោកសំរឹត ឡើងមកឈរនិយាយនៅកន្លែងខ្ញុំនេះមក៍ ហើយសូមទះដៃជូនគាត់មួយផង!»
សំឡេងទះដៃឮរប៉េះរប៉ោះ រួចគ្រប់គ្នាក៏ផ្តោតភ្នែកទៅ សំរឹត ជាបេក្ខជននិយាយរឿងខ្មោចមុនគេ ដែលមានរាងស្គម មុខស្រួច មាត់ក៏ស្រួចដែរ ហើយរឿងរបស់គេនោះគឺៈ
រឿង ទេសចរណ៍ស្ថាននរក
(-៣៣៣) គឺជាលេខកូដទូរស័ព្ទ ដែលហៅមកខ្ញុំនៅយប់មួយ។ សំឡេងដ៏ស្រួយស្រែសរបស់នារីម្នាក់ឧទានឡើង «ជម្រាបសួរ! នាងខ្ញុំទូរស័ព្ទពីស្ថាននរក ដើម្បីអញ្ជើញលោកមកចូលរួមដំណើរទេសចរណ៍នៅស្ថានយើងខ្ញុំ។ លោកមិនបាច់ភ្ញាក់ផ្អើលអីទេ ហើយក៏មិនបាច់រៀបចំអីវ៉ាន់អីដែរ។ បន្តិចទៀតនឹងមានក្រុមការងារនៃក្រសួងទេសចរណ៍យើងខ្ញុំទៅទទួលយកព្រលឹងរបស់លោកហើយ។ ខាងស្ថាននរកយើងនឹងរ៉ាប់រងចំពោះថ្លៃធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ដោយមិនឲ្យលោកចំណាយប្រាក់ផ្ទាល់ខ្លួនឡើយ។ ឥឡូវសូមលោកចូលសម្រាន្តតាមធម្មតាចុះ ហើយកុំប្រាប់នរណាពីរឿងនេះឲ្យសោះ បើមិនដូច្នេះយើងខ្ញុំនឹងលុបចោលការអញ្ជើញនេះ។ ជម្រាបលា!»
«អេ!…»
ប្រញាប់ដល់ហើយ! នារីខ្មោចម្នាក់នេះនិយាយលឿនដូចម៉ាស៊ីន
ហើយអត់ទុកឱកាសឲ្យខ្ញុំបានសួរឆ្លើយឆ្លងអីសោះ។ គិតម៉េចអ៊ីចេះ មានគេអញ្ជើញទៅទេសចរណ៍ស្ថាននរកបែបនេះ?
វាជាដំណើរទេសចរណ៍ដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំ។ ម៉ោង១២ រំលងអធ្រាត្រក៏មានសេនាខ្មោចពីរនាក់ មកហៅព្រលឹងខ្ញុំចេញពីខ្លួន អញ្ជើញខ្ញុំទៅជិះរថភ្លើងក្រោមដីមួយដ៏ទំនើប។ នៅទីនោះ ខ្ញុំឃើញមនុស្សប្រហែលដប់នាក់។
«អ្នកធ្លាប់ទៅលេងស្ថាននរកទេ?» ជាសំណួររបស់បុរសចំណាស់ម្នាក់សួរទៅអ្នកដែលអង្គុយក្បែរ ខណៈដែលរថភ្លើងចេញដំណើរ។
ស្ត្រីម្នាក់នោះឆ្លើយតបថា «ជាលើកទីមួយហើយ! ឮថាមិនងាយបានទៅលេងទេណា៎! មុននេះគ្រាន់តែឮគេទូរស័ព្ទប្រាប់ ខ្ញុំរំភើបទាល់តែសន្លប់ គ្មានបានផ្តាំផ្ញើកូនចៅអីទេ!»
«រួចដឹងថាហេតុអីគេអញ្ជើញពួកយើងទៅទេ?»
«ឮថាគេចង់ជូនរង្វាន់ដល់មនុស្សល្អៗ ឲ្យបានទស្សនាស្ថាននរក ព្រោះដល់យើងស្លាប់ទៅស្ថានសួគ៌ មិនបានចូលលេងស្ថាននរកទេ។»
«ចុះទៅលេងយូរអត់? ខ្ញុំត្រូវមើលថែជំងឺអ្នកម្តាយជរារបស់ខ្ញុំផង!»
«មិនអីទេ! យ៉ាងយូរមួយយប់ប៉ុណ្ណោះ។ ភ្ញាក់ឡើងយើងនៅគេងលើគ្រែក្នុងផ្ទះយើងវិញហើយ។ ខ្ញុំក៏ប្រញាប់ទៅធ្វើបុណ្យវិញដែរ ព្រោះស្អែកត្រូវចុះទៅចែកអំណោយ ដល់កុមារកំព្រានៅឯជាយក្រុងផង។»
រថភ្លើងបរទៅមុខគ្មានឈប់ កាត់ក្រោមដីដ៏ងងឹតឈឹង រួចក៏ឈប់
នៅចំណតស្ថាននរក។ សំឡេងមួយបានបន្លឺឡើងចេញពីមេក្រូ «សូម
អញ្ជើញអស់លោក លោកស្រី នាងកញ្ញាទាំងអស់ចុះពីរថភ្លើង! ខណៈនេះ លោកអ្នកបានមកដល់ស្ថាននរកហើយ! យើងខ្ញុំសូមស្វាគមន៍ដំណើរទេសចរណ៍របស់អស់លោក!»
«Ladies and gentlemen…» ជាសំឡេងភាសាអង់គ្លេសផ្ទួនអត្ថន័យ។
ពួកយើងក៏នាំគ្នាចុះពីលើរថភ្លើង រួចឃើញខ្មោចជាច្រើនស្លៀកពាក់ស្អាតបាត ឈរតម្រៀបគ្នាញញឹមទទួលពួកយើង។ នារីខ្មោចម្នាក់ទំនងជាមគ្គុទ្ទេសក៍ទេសចរណ៍ បានបន្លឺណែនាំដល់ក្រុមទេសចរយើងឲ្យស្គាល់លោកអភិបាលក្រុង «នេះគឺជាលោកអភិបាលក្រុងនរករបស់យើង ដែលលោកបានអញ្ជើញមកស្វាគមន៍ដំណើររបស់អស់លោកអ្នកទាំងអស់គ្នា!»
ខ្ញុំងាកទៅតាមដៃរបស់ម្ចាស់សំឡេង ក៏ឃើញបុរសចំណាស់ម្នាក់ ស្លៀកពាក់បុរាណចងក្បិន កំពុងញញឹមពព្រាយមកកាន់ពួកយើង។ លោកអភិបាលបានមានប្រសាសន៍ថា «តាំងនាមខ្ញុំជាអភិបាលក្រុងនរក សូមស្វាគមន៍ភ្ញៀវមនុស្សទាំងដប់រូប។ ក្រសួងទេសចរណ៍ស្ថាននរកយើងបានគ្រោងរៀបចំដំណើរកម្សាន្ត សម្រាប់មនុស្សល្អជិត១០០០ឆ្នាំមកហើយ ហើយថ្ងៃនេះលោកអ្នកគឺជាភ្ញៀវមនុស្សល្អជំនាន់ទី១នៃស្ថានយើង។»
សំឡេងទះដៃលាន់រំពងស្ទើរពេញស្ថាននរក ហើយបន្ទាប់មកមនុស្សម្នាក់ៗ ក៏ទទួលបាននូវកាលវិភាគនៃដំណើរកម្សាន្ត ជាមួយនឹង
ចិត្តដ៏សែនរំភើប…
និយាយដល់ត្រឹមនេះ សំរឹត ស្ងាត់ច្រៀប ធ្វើឲ្យអ្នកស្តាប់ស្រែក
ឡើង «រួចវាយ៉ាងម៉េចទៀត?»
សំរឹត ងាកទៅរក លោកចក់ ជាឪពុក ទាំងពោលថា «ចង់ដឹងម៉េចទៀតសួរគាត់ទៅ!»
«រួចចុះក្រែងយើងហ្នឹង ជាអ្នកប្រលងនិយាយរឿងខ្មោចអេះ ឲ្យទៅសួរឪយ៉ាងម៉េច?» អ្នកស្តាប់ម្នាក់ស្រែកឲ្យគេ។
សំរឹត ក៏ឆ្លើយទាំងទឹកមុខក្រម៉ូវថា «បើយល់សប្តិដល់ត្រង់ហ្នឹង ឪស្រាប់តែដាស់ឲ្យជូនគាត់ទៅបង្គន់!…»
លោកចក់ ធ្វើមុខអេះអុញ ព្រោះបាក់មុខដែលគាត់ខ្លាចខ្មោច មិនហ៊ានក្រោកទៅបង្គន់ពេលយប់តែឯង។ ឯអ្នកស្តាប់គ្រប់គ្នាក៏គ្រវីក្បាលហួសចិត្ត ព្រោះរឿងខ្មោចនេះគ្មានអីគួរឲ្យខ្លាចហើយ ថែមទាំងនិយាយមិនចប់ចុងចប់ដើមទៀត រួចពេលនោះ ក៏មានម្នាក់ស្រែកខ្លាំងៗ «ណ្ហើយ! បើឪដាស់ឲ្យភ្ញាក់ហើយ ទុកឲ្យអ្នកផ្សេងទៀតនិយាយម្ដង! ហើយរង្វាន់រឿងនេះចាំយល់សប្តិទៅយកនៅស្ថាននរកទៅ!»
អ្នកសម្របសម្រួល ក៏ដើរមកកន្លែងនិយាយរឿង ផ្លាស់សំរឹត ទាំងបន្លឺថា «សូមអរគុណចំពោះបេក្ខជនទីមួយ ហើយសូមបងប្អូនអ្នកស្តាប់ទាំងអស់កុំទាន់អាលខឹង ព្រោះរឿងអំមិញជាប់ឬមិនជាប់ស្រេចតែលើបងប្អូនឲ្យពិន្ទុ។ តែជាបន្តទៀតនេះ ធានាថាបងប្អូនពិតជាពេញចិត្ត ព្រមទាំងព្រឺឡើងបះសក់ក្បាលមិនខាន! អ៊ីចឹង សូមស្នូរទះដៃឲ្យលោកស្រឿន ជាបេក្ខជនទី២ ឡើងមកនិយាយរឿងដ៏រន្ធត់មួយមានចំណងជើងថា “កូនខ្មោចនាងណាត” សូមអញ្ជើញបាទ!»
នាយកំលោះឈ្មោះ ស្រឿន សក់កាត់ខ្លីលាបប្រេងឡើងរលោង
ស្លៀកពាក់ទីនុយយ៉ាងឡូយ ដើរទៅកាន់ពន្លឺចង្កៀងនិទានរឿងខ្មោច ហើយចេះនិយាយបើកឆាកបានគួរសម «ខ្ញុំបាទសូមលំឱនកាយ សំពះជម្រាបសួរ ពុកម៉ែ បងប្អូនទាំងអស់ជាទីគោរព និងជ្រាលជ្រៅបំផុតអំពីរូបខ្ញុំបាទ ហើយខ្ញុំបាទក៏សូមគោរព និងជម្រាបសួរដល់បងអ្នកសម្របសម្រួលកម្មវិធី និងជាពិសេសជាងនេះទៅទៀត គឺលោកគណៈកម្មការ ដែលផ្តល់ពិន្ទុដ៏សុក្រឹតយុត្តិធម៌ឲ្យខ្ញុំបាទ ហើយជាពិសេសជាងគេមែនទែននោះ គឺសូមគោរពបងប្អូនអ្នកស្តាប់ម្តងទៀត ព្រោះបងប្អូនក៏ជាគណៈមេប្រយោគសំខាន់ ដែលឲ្យពិន្ទុដល់ខ្ញុំមែនទែននោះ គឺសូមគោរពបងប្អូនអ្នក ដែរ។ ហេតុនេះ សូមអស់លោកអ្នកនាងកញ្ញាប្រណី និងទទួលជ្រាប!»
ស្រឿន ផ្អាកដកដង្ហើមសិន រីឯអ្នកស្តាប់ទាំងអស់គិតតែក្នុងចិត្តគ្រប់គ្នាថា ម្នាក់នេះចេញមកស្ទីលតាប៉ែដូច លោកចក់ អ៊ីចឹង ហើយនិយាយស្តីពុករលួយសុំពិន្ទុគេតែម្តង។ តែចាំមើលៗ បើនិយាយរឿងស្តាប់ទៅមិនខ្លាច ចាំតែឲ្យពិន្ទុតើ។
ស្រឿនចាប់ផ្តើមបន្តទៀតថា «ស្ថិតក្នុងបរិយាកាសដ៏មនោរមនេះផងដែរ…» គេអាក់ស្ងៀមបន្តិច ទើបនិយាយម្តងទៀត «ស្ថិតក្នុងបរិយាកាសដ៏ព្រឺព្រួចនេះផងដែរ ខ្ញុំបាទ ស្រឿន សូមលើករឿងមួយមានចំណងជើងថា “កូនខ្មោចនាងណាត” ដើម្បីនិយាយឲ្យមាមីងបងប្អូនរីករាយ… អូ! សូមទោស ដើម្បីឲ្យខ្លាចព្រឺសម្បុរគីង្គក់។ សូមអញ្ជើញស្ដាប់ដូចតទៅ!»
រឿង កូនខ្មោចនាងណាត
គ្រាន់តែ នាងណាត ស្លាប់ភ្លាម អ្នកភូមិចាស់ក្មេងភ័យឡើងញ័រ
ព្រោះតែនាងស្លាប់ដោយគ្មានអាចារ្យ។ សំឡេងស្មូត្រដ៏គួរឲ្យព្រឺសង្វេគឮជាប់ក្រដាសត្រចៀក នាយសិដ្ឋ។ នាយម្នាក់នេះអាយុធ្វើប្តីគេបានហើយ តែខ្លាចខ្មោចមិនចាញ់កូនក្មេងតូចៗទេ។ នាយសិដ្ឋ ដេករមួលខ្លួននឹងភួយ ទុកតែក្បាលប៉ុណ្ណោះ ព្រោះបើគ្របទាំងក្បាលទៅ ខ្លាចខ្លួនឯងដូចខ្មោចពេក។ នាយខ្លាចបំផុតគឺចុងជើង ខ្លាចក្រែងមានម្រាមដៃត្រជាក់មកចាប់ទាញយកទៅ។ ព្រោះតែខ្លាចពេក នាយមិនហ៊ានបិទភ្នែកទេ ភ័យខ្លាចមានព្រលឹងខ្មោចមកអង្គុយក្បែរ។ ព្រលឹងនាយនៅតែកញ្ចឹងក បេះដូងលោតមិនឈប់។ គ្រាន់តែខ្យល់បក់ឮសូរវូ នាយព្រឺ រឹងគុម្ពត្រចៀក គ្រាន់តែសត្វកណ្ដុររត់កាត់ នាយភ័យរណ្ដំថ្គាម។
«អាកណ្ដុរអស់ហ្នឹងវាមិនចេះខ្លាចខ្មោចសោះ អាងតែវាជាសត្វ ខ្មោចមិនលងឬយ៉ាងម៉េច? ឬក៏វាខ្លាចតែខ្មោចកណ្ដុរគ្នាវា? ចាំមើលដល់មានកណ្ដុរគ្នាអ្ហែងងាប់ គង់នឹងដល់វេនអ្ហែងម្តងទេ! ពេលនោះអញក៏មិនខ្លាចដែរ អាព្រលឹងខ្មោចកណ្ដុរនោះ!… អញមុខតែអង្គុយា្វះ់ុននេះគ្រាន់តែឮគេទូរស័ព្ទមកមើលវាលង ធ្វើមិនដឹងមិនខាន។ ប៉ុន្តែខ្មោចមនុស្សមិនខ្លាចម្តេចនឹងបាន? បើស្លៀកស ពាក់ស ទម្លាក់សក់ឲ្យធ្លាក់អន្លាយមិនព្រមចង រួចតាំងភ្នែកខ្មៅជាំ និយាយសំឡេងល្វើយៗ ទាំងមិនបាច់ហើបមាត់។ ខ្លាចជាងគេគឺខ្មោចស្រីដូចជា ខ្មោចនាងណាត នេះ… ធ្លាប់ស្គាល់មនុស្សកាលពីនៅរស់ច្បាស់ ហើយមុខហ្នឹងបើក្លាយជាខ្មោច មុខតែគួរឲ្យខ្លាចស្លាប់ហើយ។ យី! ឆ្កួតមែន! នឹកឈ្មោះ នាងណាត ធ្វើអី? ត្រូវតែធ្វើចិត្តឲ្យស្ងប់ នឹកឃើញពីមនុស្សស្រីស្អាតៗវិញ នឹងលែងនឹកឃើញមុខខ្មោចហើយ!»េត្ត
គិតបណ្ដើរ នាយខំធ្វើចិត្តមិនខ្លាចខ្មោចបណ្ដើរ តែធ្វើអីបាន នៅ
តែស្រមៃឃើញមុខ ខ្មោចនាងណាត រហូត។ នាយសិដ្ឋ ដេកក្នុងផ្ទះតែម្នាក់ឯង ព្រោះឪពុកម្តាយ និងប្អូនស្រីទៅបុណ្យនៅខេត្តផ្សេង ទាល់តែស្អែកទើបត្រឡប់មកវិញ។ តាមពិតមនុស្សខ្លាចខ្មោចអ៊ីចឹង មិនដែលត្រូវខ្មោចលងម្តងណាទេ ឯរូបរាងខ្មោចដែលចេះតែស្រមៃឃើញនោះ សុទ្ធតែធ្លាប់ឃើញក្នុងរឿងកុនតែទាំងអស់ហ្នឹង។
ស្អែកឡើង នាយសិដ្ឋដើរទៅចម្ការ កាត់ពីមុខខ្ទម ខ្មោចនាងណាត ជាខ្ទមដ៏កម្សត់ មានព្យួរទង់ពណ៌សនៅពីមុខ។ ដោយម្តុំនោះស្ងាត់ផង នាយសិដ្ឋខ្លាចខ្មោចទាំងថ្ងៃភ្លឺចែស ក៏រត់ត្រុយទៅចម្ការរបស់ខ្លួន។ ឱ! អាល្បងនេះខ្លាចខ្មោចពេក អត់បានមកជួយហែខ្មោច ក៏អត់ដឹងថា សពនាងណាត ត្រូវគេហែយកមកកប់នៅដីក្បែរចម្ការរបស់ខ្លួនសោះ។ នាយយើងខំកាប់ឆាយដីធ្វើរងដំឡូង តែដល់ឮសំឡេងដើមឫស្សីសង្កៀតគ្នាលាន់ង៉េតង៉តៗមិនឈប់ ដើមទ្រូងនាយក៏ចាប់ផ្តើមញ័រ។ នាយឈរកាន់ចបធ្មឹង ហើយរំពេចនោះស្រាប់តែឮសំឡេងមនុស្សស្រីយំល្វើយៗ។ មិនចាំបាច់គិតអីទេ នាយសិដ្ឋ ទម្លាក់ចបចោលរត់វឹង។ អូ! រត់វង្វេងផ្លូវទៅឃើញផ្នូរខ្មោចថ្មីៗរបស់ នាងណាត ហើយឃើញរូបរាងមនុស្សស្លៀកពាក់ស នៅអង្គុយពីមុខផ្នូរនោះ។
«ខ្មោចលង! ខ្មោចលងខ្ញុំហើយព្រះអើយ!»
ស្រែកផង នាយខំរត់រកផ្លូវទៅផ្ទះផង ប៉ុន្តែជើងនាយឡើងទន់ដូចមានអំណាចអ្វី បញ្ជាមិនចង់ឲ្យរត់ទៅមុខ។
«ពូសិដ្ឋ!» សំឡេងក្មេងស្រីម្នាក់បន្លឺហៅ។
«អូ! ខ្មោចលង ហៅឈ្មោះខ្ញុំទៀត!»
នាយខំប្រឹងរត់ ទាល់តែជំពប់ជើងដួលព្រូស រួចឮសំឡេងក្មេង
ស្រីលាន់ឮទៀត «ពូសិដ្ឋ! គឺខ្ញុំទេ!»
«ដឹងហើយថា នាងគឺ បងស្រីណាត! កុំលងខ្ញុំអី ខ្ញុំគ្មានអីគួរឲ្យលងទេ!» នាយដេកផ្កាប់មុខ ខ្លួនញ័រទទ្រើត ហើយបិទភ្នែកជិត អត់ហ៊ានងាកមើលក្រោយខ្នងទេ។
«អាសិដ្ឋ ឯងកើតអីបានជាដេកញ័រទទ្រើតហ្នឹង?»
ឮសំឡេងនេះ ទើបនាយសិដ្ឋ បើកភ្នែក ងាកមើលទៅឃើញអ៊ំសៅ ដើរមក។ នាយធូរចិត្តអន់ភ័យ ប្រញាប់តបទៅវិញ «ខ្មោចនាងណាត លងខ្ញុំអ៊ំ! អ៊ំឃើញទេ? នៅខាងក្រោយខ្នងខ្ញុំ!»
«ឯណា ខ្មោចនាងណាត?» អ៊ំសៅសួរមកវិញ។
«អ៊ំមើលមិនឃើញទេ! ប្រហែលនាងលងតែខ្ញុំទេ ឃើញអ៊ំមកនាងរលាយខ្លួនបាត់ហើយ!» និយាយបណ្ដើរ នាយក្រោកឡើង រួចក្រឡេកទៅក្រោយខ្នង ស្រាប់តែឃើញ នាងនី កូនខ្មោចនាងណាតកំពុងឈរសម្លឹងមើលមក។ នាយក៏ភ្លាត់មាត់ «គឺនាងនី ទេអេះ? ពូស្មានតែខ្មោចម៉ែឯងលងពូ! មើលពាក់អាវសអ៊ីចឹងទៀត អាណាមិនច្រឡំ?»
អ៊ំសៅ គ្រវីក្បាលពោលថា «អាក្បាលកញ្ចាស់អើយ! ខ្លាចខ្មោចជាងកូនក្មេងទៅទៀត!»
«បើអ៊ំជាខ្ញុំ អំមិញនេះក៏ខ្លាចដែរ! ហ្នឹងហើយ! គឺព្រោះនាងនី យំល្វើយៗដូចសំឡេងខ្មោចអ៊ីចឹង…»
និយាយរួច ទាំងនាយសិដ្ឋ ទាំងអ៊ំសៅ ក៏ងាកមើលទៅមុខ នាងនី ដែលភ្នែកនៅពណ៌ក្រហមមិនទាន់បាត់នៅឡើយ។ អ៊ំសៅនិយាយទៅ
នាងថា «នឹកម៉ែមែនទេចៅ? ម៉ែចៅទៅបានសុខហើយ កុំនឹកគេអី
ទៀត!»
ឮសម្តីអ៊ំសៅ នាយសិដ្ឋ ក៏ពោលថា «ម៉ែនាងទៅបានសុខហើយ តែនាងមិនដឹងទៅរស់នៅជាមួយអ្នកណាទេ បើយាយតានាងសុទ្ធតែកាចៗយ៉ាងនេះ!»
នាងនី មានទឹកមុខស្រងូត និយាយមួយៗ «អ៊ំខាងខ្មោចពុកខ្ញុំ គាត់ប្រាប់ថាចង់នាំខ្ញុំ ទៅនៅភ្នំពេញជាមួយគាត់ ប៉ុន្តែខ្ញុំមិនដាច់ចិត្តពីម៉ែ ខ្លាចគាត់អផ្សុក…»
«អ៊ីចឹង ឯងចង់នៅនឹងផ្នូរហ្នឹងជាមួយម៉ែឯង?» នាយសិដ្ឋលាន់មាត់។
នាងនី តបថា «កាលម៉ែនៅរស់ គាត់ខ្លាចខ្មោចណាស់ ហើយធ្លាប់ផ្តាំខ្ញុំថា បើគាត់ស្លាប់ចោលខ្ញុំ ឲ្យខ្ញុំឧស្សាហ៍មកលេងផ្នូរគាត់ផង។ តែបើខ្ញុំទៅភ្នំពេញ ធ្វើម៉េចអាចឧស្សាហ៍មកលេងផ្នូរគាត់បាន?»
អ៊ំសៅក៏ប្រាប់នាងថា «កុំគិតដល់ថ្នាក់ហ្នឹងចៅ! រឿងមកលេងម្តាយនេះ ចាំពេលមានបុណ្យទានអីទៅ សំខាន់ចៅត្រូវគិតពីអនាគតខ្លួនឯង។ តើទៅនៅជាមួយអ៊ំរបស់ចៅឯងហ្នឹង គាត់ឲ្យរៀនសូត្រអីទេ? តិចគេយកចៅទៅបម្រើគ្រួសារគេ រំលោភសិទ្ធិកុមាររបស់ចៅណា៎!»
នាងនីឆ្លើយថា «ឮថាគាត់ចង់ឲ្យខ្ញុំទៅទូលនំកងលក់ តា!»
«ស្រេចបាត់!» សំឡេង នាយសិដ្ឋ។
«អើ! អាហ្នឹងហើយ គេហៅថារំលោភសិទ្ធិកុមារណាចៅ!» អ៊ំសៅប្រាប់នាងនី។
នាងនី និយាយទាំងគិតវែងឆ្ងាយ «ប៉ុន្តែតើគាត់ឲ្យខ្ញុំដេកស៊ីម៉េច
កើត បើខ្ញុំមិនមែនជាកូនបង្កើតគាត់ផង? គាត់ចិញ្ចឹមខ្ញុំ បើខ្ញុំមិនមានប្រយោជន៍ ធ្វើម៉េចគាត់ព្រមចិញ្ចឹម?»
«នាងនីនិយាយត្រូវ អ៊ំ! រំលោភសិទ្ធិកុមារស្អី បើគេមិនចិញ្ចឹមនាងនី បានអ្នកណាចិញ្ចឹមនាង? អ៊ីចឹង គេរំលោភសិទ្ធិនាងក៏មានហេតុផលម្យ៉ាងដែរតើ!» យោបល់នាយសិដ្ឋ។
អ៊ំសៅខោកក្បាលនាយសិដ្ឋផស ដោយពោលថា «អាល្ងើ! មនុស្សគ្រប់គ្នា គេមិនគិតតែផលប្រយោជន៍ដូចជាឯងអ៊ីចឹងទេ។» រួចគាត់ប្រាប់ទៅនាងនី «ចៅនីអ្ហា៎! បើចៅទៅនៅជាមួយអ៊ំចៅនោះ តាចង់ឲ្យចៅសួរគាត់ថា តើគាត់ឲ្យចៅរៀនឬក៏អត់? ហើយបើគាត់ឲ្យទៅរៀន ចៅជួយសម្រាលដៃជើងគាត់ ដើម្បីសងគុណគាត់ គេមិនគិតថា ចៅរំលោភសិទ្ធិកុមាររបស់ខ្លួនឯងទេ!»
«ជួយសម្រាលដៃជើងគាត់ មានតែដើរលក់នំកងហ្នឹងហើយ តា! ព្រោះគាត់ជាអ្នកលក់នំកង!»
អ៊ំសៅ ងក់ក្បាល បន្លឺថា «ធ្វើម៉េចចៅឯងអភ័ព្វ ឪម៉ែស្លាប់ចោលអស់… ទ្រាំទៅចៅ! ឲ្យតែបានបាយហូប និងបានទៅរៀនសូត្រ ចៅទៅរស់នៅជាមួយគេទៅ!» គាត់ងាកទៅសួរ នាយសិដ្ឋ ថា «អាសិដ្ឋ ឮថាឯងជិតទៅរៀននៅភ្នំពេញផងអ្ហេះ?»
«បាទអ៊ំ! ខែក្រោយហ្នឹងខ្ញុំទៅរៀននៅភ្នំពេញហើយ។» នាយសិដ្ឋឆ្លើយ។
«អើ! បើបានទៅនៅហ្នឹង ត្រូវទៅស្គាល់ផ្ទះអ៊ំរបស់ចៅនី ផង ហើយឧស្សាហ៍ទៅមកមើលគ្នាផង!»
…ក្រោយមក នាងនី ក៏ទៅរស់នៅភ្នំពេញជាមួយអ៊ំខាងខ្មោច
ឪពុករបស់នាង ឯនាយសិដ្ឋ ក៏ទៅរៀនសាកលវិទ្យាល័យនៅទីនោះដែរ។ ហេតុនេះពេលមានបុណ្យទានម្តងៗ នាយតែងទៅទទួល នាងនី មកលេងស្រុកជាមួយគ្នា។
វេលាកន្លងផុតទៅទៀត នាយសិដ្ឋ រៀនចប់បានក្លាយជាគ្រូពេទ្យប្រចាំភូមិ តែនាយមិនទាន់យកប្រពន្ធសោះ ទោះបីឪពុកម្តាយបង្ខំយ៉ាងណាក៏ដោយ។ ហេតុផលនោះគឺនាយរង់ចាំ នាងនី រៀនចប់ឌីប្លូម នឹងអាលចូលដណ្ដឹងនាងរៀបការ។
នាងនី កូនខ្មោចនាងណាត ថ្វីត្បិតតែកើតមកអភ័ព្វមែន ប៉ុន្តែដោយការតស៊ូរស់របស់នាង ចុងក្រោយនាងក៏ក្លាយទៅជានារីម្នាក់ដ៏មានសំណាង ព្រោះនាយសិដ្ឋ ជាប្តីស្រលាញ់នាងណាស់ ទាស់តែម្យ៉ាងគឺនាយនៅតែខ្លាចខ្មោចដដែល។
រឿង កូនខ្មោចនាងណាត សន្មត់ថាចប់ដោយបរិបូរណ៍! សូមថ្លែងអំណរគុណ សូមអរគុណ!
«ចប់ហើយ?» អ្នកស្តាប់ឧទានទាំងធ្វើភ្នែកឡេមឡាម។
ស្រឿនក៏និយាយទាញចំណាប់អារម្មណ៍ចុងក្រោយថា «ខ្ញុំគិតថា រឿងខ្ញុំនេះធ្វើឲ្យម៉ែឪបងប្អូនស្តាប់ឡើងភ្លឹកអស់ហើយ តែកុំភ្លេចឲ្យពិន្ទុដល់ខ្ញុំឲ្យច្រើនផង។ ខ្ញុំសូមអរគុណទុកជាមុនណា៎!»
និយាយរួចគេសើចស្ញេញ ហើយបម្រុងដើរចេញពីកន្លែងនិយាយរឿង ធ្វើឲ្យមានអ្នកស្តាប់ម្នាក់ស្រែកសួរឡើង «ឈប់សិន! ចុះម៉េចក៏មិននិយាយពីខ្មោចនាងណាត គិតតែនិយាយពីនាងនី និងនាយសិដ្ឋ
ឯណាទៅវិញ?»
ស្រឿន ឆ្លើយទាំងអំណួតថា «សូមអរគុណចំពោះសំណួររបស់បងស្រី! ខ្ញុំបាទសូមជម្រាបថា នាងនីនេះគឺជាកូនខ្មោចនាងណាត ទើបខ្ញុំនិយាយពីនាងច្រើនជាងគេ។»
«គ្មានអ្នកណាគេចង់ស្តាប់រឿងរបស់នាងនី ដែលជាមនុស្សនោះទេ!» សំឡេងប្រឆាំងពីអ្នកស្តាប់ម្នាក់ទៀត។
ស្រឿន នៅតែឆ្លើយទាំងញញឹម «បាទ ខ្ញុំបាទសោកស្តាយណាស់ ព្រោះរឿងនេះជារឿងពិត ដែលក្រោយពី នាងណាតស្លាប់ទៅ នាងក៏បាត់ជ្រាប មិនដែលមកលេងភូមិ ឬក៏ផ្ញើអ៊ីម៉ែលប្រាប់ពីសុខទុក្ខនាងឲ្យអ្នកណាដឹងទេ ទើបខ្ញុំមិនអាចដឹងរឿងរបស់នាងបាន។»
ឆ្លើយចប់ ស្រឿនដើរយ៉ាងសង្ហាទៅអង្គុយនៅកៅអីរបស់ខ្លួន ទាំងក្នុងចិត្តគិតជាប់ថា មានគេចាប់អារម្មណ៍ច្រើនបែបនេះ រឿងរបស់គេប្រាកដជាជាប់លេខមួយជាក់ជាមិនខានឡើយ ប៉ុន្តែធាតុពិតអ្នកស្តាប់គ្រវីក្បាលហួសចិត្តឲ្យគ្រប់តែគ្នា។
បន្តមកអ្នកសម្របសម្រួលក៏បានឡើងនិយាយ «បេក្ខជនចំនួនពីររូបបានបញ្ចេញស្នាដៃរបស់ខ្លួនរួចទៅហើយ ហើយរឿងរបស់ពួកគេក៏កំពុងតែលាន់រងំក្នុងត្រចៀករបស់បងប្អូន ដើម្បីទាមទារពិន្ទុយកជ័យលាភី។ ប៉ុន្តែកម្មវិធីយើងមិនទាន់ចប់នៅឡើយទេ គឺនៅតែបន្តស្វែងរកអ្នកណាដែលពូកែនិទានរឿងខ្មោចជាងគេ មកធ្វើជាម្ចាស់រង្វាន់ប្រាក់សុទ្ធ១០០០០០រៀល។ អាស្រ័យហេតុនេះ សូមអញ្ជើញអ្នកណាក៏បានដែលដឹងរឿងខ្មោច ចេះនិយាយរឿងខ្មោចឲ្យគេស្តាប់ សូមអញ្ជើញឡើងមកចុះឈ្មោះភ្លាម និយាយភ្លាមតែម្តង!»
ស្ងាត់ឈឹង អត់មានអ្នកណាស្ម័គ្រចិត្តសោះ ទើបអ្នកស្រីគណៈ
កម្មការ អ្នកស្រី ស្រីពៅ ក្រោកឈរបង្ហាញទស្សនៈ «នាងខ្ញុំក្នុងនាមជាមេប្រយោគនៃកម្មវិធីនេះ សូមឡើងមានយោបល់បន្តិចថា សម័យយើងនេះធ្វើស្អីក៏ដោយ គេគិតពីយេនឌ័រ។ ដូចជានាងខ្ញុំមកធ្វើជាគណៈមេប្រយោគនេះក៏ចង់លើកស្ទួយយេនឌ័រ លើកកិត្តិយសឲ្យនារីភេទ ស្រ្តីភេទ ហើយខ្ញុំអន់ចិត្តណាស់ ដែលគណៈកម្មការបីនាក់ មានស្រីតែខ្ញុំម្នាក់។ ប៉ុន្តែមិនអីទេ ឲ្យតែមានវត្តមានមនុស្សស្រីចូលរួមគឺល្អណាស់!…»
«អ្នកស្រីអ្អា៎! ពេលនេះយើងមិនមែនប្រជុំរឿងយេនឌ័រទេបាទ!» អ្នកស្តាប់ម្នាក់ក្រោកឈរនិយាយ។
អ្នកស្រី ស្រីពៅ មិនខ្វល់ស្តាប់អ្នកណាទេ គិតតែនិយាយពីគំនិតខ្លួនបន្តទៀត «ចាស ហេតុនេះខ្ញុំចង់ឃើញបេក្ខភាពនារីឡើងមកប្រកួតប្រជែង និទានរឿងខ្មោចកុំឲ្យចាញ់បុរស។ តើនៅទីនេះមាននារីប៉ុន្មាននាក់ដែរចាស? ខ្ញុំឃើញថា ដូចជាមាននារីតិចជាងបុរសទេ តែខ្ញុំសូមលើកទឹកចិត្តឲ្យនារីក្លាហាន ហ៊ានឡើងមកវេទិកាប្រកួតឲ្យបានច្រើនជាងបុរស ដើម្បីឲ្យគេដឹងថា នារីយើងមានសមត្ថភាពមិនចាញ់បុរសជាដាច់ខាត។ ខ្ញុំសូមលើកឧទាហរណ៍ខ្លះៗថា នារីនាពេលបច្ចុប្បន្ននេះពូកែៗណាស់ ដែលពួកគាត់មានតួនាទីក្នុងជួររាជរដ្ឋាភិបាល ឬគ្រប់ក្រសួងទាំងអស់ ហើយនៅប្រទេសខ្លះនារីថែមទាំងអាចធ្វើជានាយករដ្ឋមន្ត្រីទៀតផង។»
«សូមទោសអ្នកស្រី សូមអ្នកស្រីជួយបញ្ចប់មតិទស្សនៈប៉ុណ្ណឹងចុះ កុំឲ្យបងប្អូនអ្នកស្តាប់ធុញ ហើយយើងនឹងអាលចូលកម្មវិធីស្តាប់
រឿងខ្មោចរបស់យើងបន្តទៀត។» អ្នកសម្របសម្រួលពោលកាត់។
អ្នកស្រី ស្រីពៅ ក៏បន្លឺថា «ចាស គឺនាងខ្ញុំគ្រាន់តែសូមបើករង្វង់ក្រចកមួយនិយាយពីយេនឌ័រ ហើយខ្ញុំសូមផ្តាំស្ត្រីទាំងអស់ថា ដើម្បីឲ្យខ្លួនយើងមានតម្លៃ យើងត្រូវតែចេះឲ្យតម្លៃខ្លួនឯង។ ឥឡូវនាងខ្ញុំសូមនិយាយពីកម្មវិធីនេះបន្តិចចុះ ព្រោះយើងបានឃើញហើយថា បេក្ខជនពីររូបជាបុរសទាំងពីរ តែពួកគេនិយាយរឿងខ្មោចមិនចំជារឿងខ្មោច។ ម្នាក់និយាយពីរឿងយល់សប្តិឯណាឯណី ម្នាក់បែរជានិយាយពីរឿងកូនខ្មោចកូនកំព្រាឆ្កុយ ហើយតម្លៃនៃរឿងកូនកំព្រាហ្នឹងទៀតសោត ក៏អត់មានលើកបង្ហាញពីតម្លៃស្ត្រីអីសោះ បែរជាឲ្យស្ត្រីរៀនត្រឹមតែថ្នាក់ឌីប្លូម ហើយស្រាប់តែត្រឡប់ទៅរៀបការ ក្លាយជាប្រពន្ធគេធ្វើមិនដឹង។ យើងគួរតែ…»
អ្នកស្រីគាត់ផ្អាកបន្តិច ព្រោះលោកផាន ដែលអង្គុយក្បែរកេះឲ្យឈប់និយាយ រួចទើបគាត់បន្តទៀត «ចាស ហេតុនេះបើស្ត្រីយើងឡើងនិយាយ សូមនិយាយរឿងខ្មោចឲ្យចំជារឿងខ្មោច ហើយខ្ញុំគិតថា ដោយសារតែកន្លែងនេះជាគុកទួលស្លែង ដែលជាទីប្រវត្តិសាស្ត្រនៃរបបឃោរឃៅព្រៃផ្សៃប្រល័យពូជសាសន៍ ទើបខ្ញុំចង់ឲ្យបេក្ខជននារីយើងឡើងមកនិយាយពីរឿងខ្មោច ដែលបានបាត់បង់ជីវិតក្នុងរបបនោះ។ និយាយដល់ចំណុចនេះខ្ញុំចេះតែមានរឿងចង់និយាយច្រើន! តាមពិតខ្ញុំដឹងរឿងខ្មោចច្រើនណាស់ ពិសេសគឺខ្មោចលងកាលពីជំនាន់ប៉ុលពតហ្នឹង។ កុំតែមិនចង់យកឈ្នះក្មួយៗ កុំអីខ្ញុំចុះឈ្មោះប្រលងនិទានរឿងខ្មោចនេះភ្លាម។ តាំងពីក្មេងមក៍ ខ្ញុំរៀនអីក៏ដោយ ធ្វើអីក៏ដោយ មិនឲ្យចាញ់ប្រុសទេ…» ឃើញអ្នកស្តាប់ស្ងាបគ្រប់គ្នា ទើបអ្នកស្រីព្រមបញ្ចប់ «ចាស ហេតុនេះ ចុងក្រោយ ខ្ញុំសូមបញ្ចប់យោបល់របស់ខ្ញុំថា សូមឲ្យនារីក្លាហាន ឡើងមកប្រលងក្នុងកម្មវិធីនេះ។ សូមអរគុណ!»
គ្រាន់តែអ្នកស្រី ស្រីពៅ មានប្រសាសន៍ចប់ អ្នកសម្របសម្រួលមិនទាន់ទាំងបាននិយាយស្អីផង ស្រាប់តែឃើញនារីម្នាក់ ស្លៀកពាក់ខ្មៅ សក់ត្រឹមកញ្ចឹងក ផ្ទៃមុខស្រពេចស្រពិលមើលមិនច្បាស់ ដើរសំដៅទៅពន្លឺចង្កៀង ធ្វើឲ្យអ្នកស្រី ស្រីពៅ ញញឹមពេញចិត្តយ៉ាងខ្លាំង។ រីឯអ្នកឯទៀតវិញ នាំគ្នាសម្លឹងទៅរកនាងទាំងព្រឺសម្បុរ និងនឹកឆ្ងល់ថា តើនាងដើរមកពីកន្លែងណា ម៉េចក៏មិនដឹង? រួចពួកគេគិតថានារីម្នាក់នេះទើបសមជាអ្នកនិទានរឿងខ្មោចមែន ព្រោះគ្រាន់តែឃើញរូបរាង ពួកគេឡើងរន្ធត់ ទម្រាំបានឮសំឡេងទៀត មុខតែសមឲ្យលេខមួយហើយ។
អ្នកសម្របសម្រួលដែលបានឃើញមុខនារីនោះច្បាស់ជាងគេ ក៏និយាយទាំងសំឡេងញ័រៗថា «ពេលនេះមាននារីម្នាក់ស្ម័គ្រចិត្តឡើងមកប្រលងនិយាយរឿងខ្មោចហើយ ហេតុនេះសូមប្រាប់ឈ្មោះរបស់នាង និងចំណងជើងរឿងដែលនាងចង់និយាយផង។»
ស្រាប់តែសំឡេងស្រាលៗ តែលាន់ឡើងទ្រហឹងរបស់នាងបាន បន្លឺាងួយ។ កុំតែមិនចង់យកឈ្នះប្អូនហីយថា «ខ្ញុំឈ្មោះ នាងភីន។ ខ្ញុំចង់និយាយរឿងមួយមានចំណងជើងថា រឿងខ្ញុំ ។»
សំឡេងនាងស្តាប់ទៅ ោះ…..ែ អ្នកណាក៏ព្រឺក្បាលដែរ ហេតុនេះអ្នកសម្របសម្រួលក៏ដើរចេញវឹង ព្រោះខ្លាចទាល់តែលែងហ៊ានសួរនាំទៀត។ ចំណែកឯអ្នកស្រី ស្រីពៅ ព្រឺក្បាលផង ងក់ក្បាលពេញចិត្តនឹងនាងផង ហើយគិតក្នុងចិត្តថា «នេះបានសមជាអ្នកនិទានរឿងខ្មោចមែន! នារីខ្លាំងអ៊ីចឹងណ៎ះ! តែគ្រាន់តែចំណងរឿងចម្លែកបន្តិច! យ៉ាងណាខ្ញុំមុខតែឲ្យពិន្ទុច្រើនជាងគេហើយ!»
រឿង រឿងខ្ញុំ
នាជំនាន់ប៉ុលពត… ខ្ញុំត្រូវគេជម្លៀសឲ្យទៅនៅភូមិមួយនៅខេត្តបាត់ដំបង។ ខ្ញុំត្រូវព្រាត់អស់ញាតិមិត្តបងប្អូន ជាពិសេសព្រាត់ពីបុរសជាប់ផ្ទះម្នាក់ដែលខ្ញុំបានលួចស្រលាញ់ តាំងពីខ្ញុំទើបតែពេញក្រមុំភ្លាមៗ។ ជីវិតរបស់ខ្ញុំពេលនោះស្គាល់តែទឹកភ្នែករាល់ថ្ងៃ តែខ្ញុំលួចយំទេ មិនហ៊ានយំឲ្យពួកអាប៉ុលពតឃើញទេ ខ្លាចវាចាប់យកទៅវ៉ៃចោល។។ ពួកអាប៉ុលពត មីប៉ុលពតនោះសាហាវដូចសត្វតិរច្ឆាន អត់មានចាត់ទុកយើងជាមនុស្សដូចគ្នាទេ។ សង្ស័យតែពួកវាឡប់ក៏មិនដឹង រាល់ថ្ងៃភ្នែកសម្លក់សម្លឹងៗ ធ្វើឲ្យខ្ញុំព្រលឹងនៅតែសក់ក្បាល។
ថ្ងៃមួយនោះ ខ្ញុំកំពុងច្រូតស្រូវបណ្ដើរ ក្នុងចិត្តទន្ទេញជេរពួកចោលម្រាយហ្នឹងបណ្ដើរ ប៉ុន្តែខ្ញុំស្រាប់តែឈឺពោះ ឈឺចុកខ្លាំងណាស់ ព្រោះថ្ងៃនោះខ្ញុំមករដូវ។ ទ្រាំមិនបាន ខ្ញុំអង្គុយចុះបន្តិច ស្រាប់តែមេកងស្រីម្នាក់ដើរវឹងមករកខ្ញុំ ស្រែកជេរខ្ញុំច្រែតៗ ថាខ្ញុំខ្ជិល ឈឺសតិអារម្មណ៍ ធ្វើពុតគេចមិនចង់ធ្វើការ ហើយចង់ចាប់ខ្ញុំយកទៅរៀនសូត្រ។ សំណាងបានបុរសសង្ហាម្នាក់ ចេញមកអង្វរករឲ្យខ្ញុំ ដោយប្រាប់ថាគាត់ជាញាតិរបស់ខ្ញុំ ទើបវាមិនដេញដោលខ្ញុំបន្ត។ នាងមេកងហ្នឹងអាសណាស់ដែរ ឃើញបុរសនោះសង្ហាពេក ទើបបាត់មាត់បាត់ក ហើយមើលគាត់ភ្លៀកៗប្រុងឲ្យដៃ។ គាត់នោះឈ្មោះ វាសនា ស្អាតសង្ហារណាស់ បើទោះជារូបរាងស្គមបន្តិច តែស្គមសម ហើយគាត់មិនដែលទាំងស្គាល់ខ្ញុំផង ស្រាប់តែមាននិស្ស័យហ៊ានចេញមុខជួយការពារខ្ញុំ ធ្វើឲ្យខ្ញុំបាក់ចិត្តស្រលាញ់គាត់ក្នុងពេលនោះតែម្តង។
ក្រោយមកខ្ញុំ និងបងវាសនា ចេះតែវ៉ៃកន្ទុយភ្នែកដាក់គ្នា តែលាក់លៀមមិនឲ្យអ្នកណាដឹង ខ្លាចគេថាយើងខុសសីលធម៌ នាំឲ្យបាត់ខ្លួនទាំងពីរនាក់។ ស្រណោះថ្ងៃនោះមែនទែន ពេលខ្ញុំដើរទៅរកកន្លែងបត់ជើងតូច ស្រាប់តែឃើញ បងវាសនាកំពុងតែ…ហ៊ើយ! ខ្ញុំអៀននឹងគាត់អើយអៀន អត់ហ៊ានមើលអីសោះ។ ខ្ញុំឈរបិទភ្នែករហូត ទាល់តែគាត់ប្រាប់ថា គាត់រួចរាល់ហើយ ទើបពួកយើងដើរទៅភូមិជាមួយគ្នា។ មែនហើយ! គាត់ឈរចាំខ្ញុំបត់ជើងតូចរួច ទើបយើងបណ្ដើរគ្នាទៅ ហើយកាលណោះ គាត់ថែមទាំងប្រាប់ខ្ញុំថា គាត់តែងតែនឹកខ្ញុំគ្រប់ពេលវេលា ទោះជាអំមិញគាត់កំពុងតែបត់ជើងធំហ្នឹង ក៏គាត់នឹកខ្ញុំដែរ។ ខ្ញុំរំភើបណាស់ តែដឹងអី ពេលពួកយើងដើរកាត់ផ្ទះនាងមេកងអាសនោះ វាស្រាប់តែហៅ បងវាសនា ឲ្យចូលទៅក្នុងផ្ទះវា។
ខ្ញុំដើរទៅផ្ទះម្នាក់ឯង ទាំងខឹងនាងហ្នឹងឡើងញ័រខ្លួន តែមិនដឹងធ្វើអីវាកើត បានត្រឹមតែដាក់បណ្ដាសាវាឲ្យឆាប់រលាយ។ ខ្ញុំស្រមៃថា នាងម្នាក់ហ្នឹងហៅ បងវាសនា ចូលទៅក្នុងផ្ទះវា ប្រាកដជាវាគំរាមរំលោភគាត់ហើយ។ ខ្ញុំស្តាយខ្លួន បងវាសនា ណាស់ តែខំរំងាប់ចិត្តថាឲ្យបងវាសនា ព្រមជាមួយវាទៅ កុំគិតពីខ្ញុំអី សំខាន់គឺថែរក្សាជីវិតឲ្យគង់សិន ខ្លួនគាត់នៅតែខ្លួនគាត់ដដែលទេ។
ប៉ុន្តែមិនយូរប៉ុន្មាន រឿងខកបំណងមួយក៏កើតឡើងទៀត។ នៅពេលនាងមេកងលលាមនោះ ដឹងពីស្នេហាអាថ៌កំបាំងរវាងខ្ញុំ និងបងវាសនា វាក៏រាយការណ៍ឲ្យគេបញ្ជូនខ្ញុំមកគុកទួលស្លែងនេះ គឺវាពង្រាត់បង្រាសពួកខ្ញុំ ធ្វើឲ្យពួកយើងលែងបានឃើញមុខគ្នា… ហ៊ើយ! ហ៊ឹក!… ហ៊ឹក!…
ពេលនិយាយដល់ត្រឹមនេះ នាងភីន យំស្រណោះស្រណោក តែពេលនាងហើបមាត់ ប្រុងនិយាយបន្ត ស្រាប់តែមានអ្នកស្តាប់ម្នាក់ស្រែកឃាត់ «ឈប់និយាយទៅ! និយាយធ្វើសំឡេងឲ្យព្រឺព្រួច តែដល់ស្តាប់ទៅ រៀបរាប់តែពីខ្លួនឯង មិនឃើញមានខ្មោចលងអីសោះ!»
នាងភីន ក៏ឆ្លើយតបដោយសំឡេងមួយៗថា «តែរឿងខ្ញុំមិនទាន់ចប់ទេ!»
សំឡេងអ្នកស្តាប់តបទៅវិញ «តែគេគ្រប់គ្នាស្តាប់ឡើងធុញហើយ រឿងរបស់នាងនោះ! បើមិនចេះនិយាយរឿងខ្មោចលងទេ ឈប់និយាយទៅ!»
នាងភីន តបថា «តែខ្ញុំមិនធ្លាប់ខ្មោចលងទេ!»
អ្នកស្តាប់ម្នាក់ទៀតក៏ស្រែកឲ្យនាង «អ៊ីចឹងឈប់និយាយទៀតទៅ! គេចង់ស្តាប់តែរឿងខ្មោចទេ!»
នាងភីន នៅតែតវ៉ាថា «តែខ្ញុំបាននិយាយពីរឿងខ្ញុំឲ្យស្តាប់ហើយតើ!»
«ចុះរឿងរបស់នាងហ្នឹងគឺជារឿងខ្មោចអេះ?» គ្រប់គ្នាគំហកឲ្យនាងទាំងសើចចំអក។
នាងភីនឆ្លើយទៅពួកគេថា «ចាស ព្រោះខ្ញុំគឺជាខ្មោច!»
ឮនាងនិយាយបែបនេះ មនុស្សនៅទីនោះទាំងប៉ុន្មាន ក៏ភ័យ
ស្រឡាំងកាំង ចែកជើងគ្នារត់ខ្ទេច នៅសល់តែពីរនាក់ដែលអង្គុយញ័រ
ទទ្រាក់រត់មិនរួច។ ក្នុងនោះម្នាក់គឺអ្នកស្រី ស្រីពៅ ដែលនាងភីន បាននិយាយទៅរកគាត់ «អ្នកស្រី! អ្នកស្រីគឺជាមនុស្សចេះដឹងណាស់! សម្តីដែលអ្នកស្រីនិយាយ បានធ្វើឲ្យខ្ញុំជាព្រលឹងខ្មោចស្រីរំភើបចិត្ត ហ៊ានចេញមកបង្ហាញខ្លួននៅមុខមនុស្សដ៏ច្រើន ខណៈដែលព្រលឹងខ្មោចប្រុសៗខ្លាច មិនហ៊ានចេញមុខសោះ។ អ្នកស្រីដឹងទេ ខ្ញុំត្រូវពួកប៉ុលពតសម្លាប់ដោយវេទនាណាស់ ប៉ុន្តែហេតុអីបែរជាមនុស្សទាំងនោះមិនចង់ស្តាប់រឿងកម្សត់របស់ខ្ញុំ? ពេលនេះ ខ្ញុំមានរឿងមួយពឹងឲ្យអ្នកស្រីជួយ ព្រោះអ្នកស្រីគឺជាស្រីក្លាហានដែលខ្ញុំបានជួប។ សូមអ្នកស្រីអាណិតខ្ញុំ ជួយដាក់ពាក្យបណ្ដឹង ទៅសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យព្រលឹងខ្ញុំផង! សូមអ្នកស្រីជួយខ្ញុំផង!»
អ្នកស្រី ស្រីពៅ អង្គុយស្តាប់ខ្មោចស្រីនេះនិយាយទាំងញ័រ រហូតដល់សន្លប់នៅហ្នឹងកន្លែង។ ព្រលឹងនាងភីន ក៏ងាកទៅមនុស្សម្នាក់ទៀតគឺ លោកចក់។ តើគាត់នៅចាំអីបានជាមិនព្រមរត់? នាងភីនក៏សួរ «ហេតុអីក៏លោកមិនរត់ដូចជាពួកគេទៅ? លោកនៅធ្វើអី? ឬក៏ចង់ស្តាប់រឿងរ៉ាវខ្ញុំបន្តទៀត?»
លោកចក់ ភ័យរឹងថ្គាមនិយាយអ្វីមិនចេញ គាត់អាចត្រឹមតែត្រដរដើរទាំងញ័រជើងទៅរកព្រលឹងខ្មោច ដើម្បីហុចប្រាក់រង្វាន់ឲ្យនាង រួចទើបគាត់សន្លប់បាត់ស្មារតីតាមអ្នកស្រី ស្រីពៅ ទៅ៕
ភ្នំពេញ ថ្ងៃទី៦ សីហា ២០០៨
ដោយ សុខ ចាន់ផល
5 Comments Add your own
Leave a Comment
Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
Trackback this post | Subscribe to the comments via RSS Feed


1. លិខិតអញ្ជើញទៅមើលរឿងខ្មោច « យុវអ្នកនិពន្ធខ្មែរ | ខែ កញ្ញា 12, 2009 at 3:08 ព្រឹក
[...] ដែលនឹងដាក់ជូនអានជាសាធារណៈ នៅប្លក់ អនុស្សាវរីយ៍ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ [...]
2.
W45 | Freedownload2day | ខែ កញ្ញា 12, 2009 at 7:28 ព្រឹក
Comment សិនចាំអាន!!!!!!!
3.
វឌ្ឍនា | ខែ កញ្ញា 12, 2009 at 1:48 ល្ងាច
អរគុណណា..ពិតជាគួរអោយចូលចិត្តណាស់!
4.
Samady KS | ខែ កញ្ញា 14, 2009 at 2:56 ព្រឹក
ខ្ញុំអត់ទាន់បានទេ ប៉ុន្តែបាន Book mark ទុកសិនចាំអាននៅពេលក្រោយព្រោះឡាវល់ពេក
5.
ជីវិតអមតៈ | ខែ កញ្ញា 14, 2009 at 8:12 ព្រឹក
២រឿងដំបូង ខំអានបណ្តើរ ទាយសាច់រឿងទុកមុនបណ្តើរ តែអត់ត្រូវសោះ!… ហេហេហេ
អរគុណណាស់