អក្សរដៃ ម៉ា ឡៅពី (ទំនុកច្រៀង)
ក្រដាសមួយសន្លឹកនេះ ជាទំនុកច្រៀងរបស់ លោក ម៉ា ឡៅពី ជាអក្សរផ្ទាល់ដៃរបស់គាត់ទៀត! អស្ចារ្យណាស់! ពិតជាត្រូវអរគុណអ្នកដែលបានថែទុក។ មែនហើយ! លោក ម៉ា ឡៅពី គឺជាអ្នកនិពន្ធទំនុកច្រៀងពីសង្គម ដែលខ្ញុំចូលចិត្តបំផុត ព្រោះបទដែលគាត់តែងសុទ្ធសឹងតែពីរោះ ជ្រាលជ្រៅ និយាយទៅខ្ញុំគិតថា មានរូបបារម្មណ៍ទស្សនវិជ្ជានៅក្នុងនោះ… ឧទាហរណ៍ដូចជាបទ «ផ្ការីកក្នុងចិត្ត» គ្រាន់តែចំណងជើងក៏ចង់ឱ្យគិត កម្រិតនៃការតែងនិពន្ធខ្ពស់ណាស់ ច្បាស់ទាំងអារម្មណ៍ ពូកែទាំងរចនាបថ ជាប្រភេទអក្សរសិល្ប៍ខ្លីតែខ្លឹម។
ក៏មិនមែនថា ខ្ញុំចូលចិត្តតែគាត់ដែរ នៅមានអ្នកពូកែៗជាច្រើនទៀតលើផ្នែកទំនុកច្រៀងនេះ គ្រាន់តែសិល្ប៍វិធីរបស់ពួកគាត់ប្លែកៗគ្នា។ ខ្ញុំចូលចិត្តការប្រើពាក្យពេចន៍សាមញ្ញៗរបស់ លោក ស៊ីន ស៊ីសាមុត និងចូលចិត្តអារម្មណ៍ទន់ភ្លន់របស់គាត់ក្នុងអត្ថន័យចម្រៀង។ ហើយខ្ញុំក៏កោតសរសើរទេពកោសល្យលេងពាក្យរបស់ លោក គង្គ ប៊ុនឈឿន ពីរសភាសានៃកាព្យឃ្លោង ដែលខ្ញុំតែងតែគិតថា ស្នាដៃបែបនោះហើយ ទើបហៅថាជាស្នាដៃកវី។ ពាក្យថា «កវី» មិនមែនសុទ្ធតែអាចហៅអ្នកសរសេរធម្មតាៗបានទេ សូម្បីតែខ្ញុំជាអ្នកនិពន្ធម្នាក់ដែរ ពេលដែលឮគេហៅបែបនេះ ក៏តែងតែរអៀសខ្លួន។
ស្ដាប់បទនេះ៖
អន់ចិត្ត :(
អន់ចិត្ត… ការអន់ចិត្តព្រោះតែចេះតែគិតពីចិត្តគេ ថាគេមិនស្រលាញ់យើង ឬក៏មិនឱ្យតម្លៃយើង។
អ៊ីចឹងទេ យើងគួរតែគិតពីចិត្តយើងឱ្យច្រើនជាងវិញ… ពោលគឺយើងស្រលាញ់គេ និងឱ្យតម្លៃគេ ដោយមិនខ្វល់ពីការតបស្នង។
បែបនេះ យើងនឹងលែងសូវអន់ចិត្ត សោតឯជីវិតក៏នឹងមានតែក្ដីស្រលាញ់។
មិត្តមួយថ្ងៃ មិត្តមួយជីវិត
ពួកម៉ាកប្រៀបដូចជាដើមបន្លា កាន់តែស្និទ្ធស្នាល ពួកគេកាន់តែមានឱកាសចាក់យើង។ អាចថាមកពីគិតបែបនេះទើបមិនដែលមានមិត្តស្និទ្ធស្នាលនឹងគេ តែក៏អាចថា មកពីមានបទពិសោធន៍ទើបគិតបែបនេះ។ សម្ដីនេះមិនខុសទេ តែក៏មិនត្រូវទាំងស្រុងដែរ។ សំខាន់ថាតើអ្នកជ្រើសរើសការគិតបែបណា ដែលវាមិនខុសអីពីការដឹងថា ធ្វើជាមនុស្សល្អត្រូវគេធ្វើបាប ក៏នៅតែសម្រេចចិត្តធ្វើជាមនុស្សល្អ ព្រោះតែយើងកើតមកដើម្បីធ្វើជាមនុស្សល្អ ទើបគ្មានហេតុផលធ្វើជាមនុស្សអាក្រក់។
ទាក់ទងនឹងរឿងមិត្តភាពនេះ ខ្ញុំក៏បានសរសេរចម្រៀងមួយបទ បកស្រាយដោយ លោក ព្រាប សុវត្ថិ ។ ចម្រៀងនេះក៏សរសេរតាមសំណូមពររបស់ប្រិយមិត្ត ដែលចង់ស្ដាប់សាច់រឿងមិត្តភាព។ មិត្តមួយថ្ងៃមិត្តមួយជីវិត ជាអារម្មណ៍របស់មិត្តម្នាក់ ទោះជាយ៉ាងណាក៏មិនស្ដាយក្រោយ ដែលបានរាប់អានគ្នា គ្រាន់តែស្ដាយដែលមិត្តភាពមួយនេះត្រូវគេបញ្ចប់។
ខ្ញុំចង់ក្លាយជាអ្នកផលិតភាពយន្ត
មនុស្សតែងតែគិតថា ខ្លួនឯងជាមនុស្សល្អ ខណៈដែលក្នុងលោកនេះបែរជាសម្បូរដោយមនុស្សអាក្រក់។ ដល់បែបនេះ ខ្ញុំក៏លែងរំភើបដែលឮគេប្រាប់ថា គេជាមនុស្សល្អ ហើយបែរជាសរសើរទៅវិញ ចំពោះអ្នកដែលប្រាប់ថា គេជាមនុស្សអាក្រក់។ ក្រៅពីក្នុងសង្គមផ្ទាល់ មនុស្សអាក្រក់ និងល្អ ក៏អាចមើលឃើញតាមរយៈស្នាដៃសិល្បៈ។ ភាពយន្តគឺជាកញ្ចក់ឆ្លុះមួយ ឱ្យគិតថា តើខ្ញុំដូចតួអង្គណា ឬក៏គួរតែធ្វើដូចតួអង្គណា ទើបរស់នៅមានន័យ។
ភាពយន្តបានបង្រៀនខ្ញុំឱ្យកាន់តែមានក្ដីស្រលាញ់។ ដើមឡើយខ្ញុំជាមនុស្សឯកា និងអាត្មានិយម ពោលបើគេស្អប់ខ្ញុំ ខ្ញុំក៏មិនអាចស្រលាញ់គេដែរ។ ប៉ុន្តែក្រោយមក ខ្ញុំបែរជារៀនចេះស្រលាញ់ និងថែរក្សា ចំពោះក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ… ពួកគេមិនសុទ្ធតែល្អដាក់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែព្យាយាមស្រលាញ់ពួកគេ តាមដែលអាចធ្វើបាន។ អារម្មណ៍បែបនេះ គឺមានចំណែករបស់រឿងភាគកូរ៉េ ដែលអ្នកនិពន្ធនិងអ្នកដឹកនាំរឿង មានសមត្ថភាពហួសពីការគិតរបស់ខ្ញុំ អាចបង្កើតសាច់រឿងឱ្យខ្ញុំរំភើបជាបន្តបន្ទាប់។
បើអាច ទៅថ្ងៃក្រោយខ្ញុំចង់ក្លាយជាអ្នកផលិតភាពយន្តម្នាក់។ ខ្ញុំមិនទាន់យល់ពីកិច្ចការនេះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមានក្ដីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះកិច្ចការនេះ។ ក្នុងខ្សែភ្នែកខ្ញុំ ខ្មែរបច្ចុប្បន្នពិតជាខ្សោយសិល្បៈណាស់ គ្រាន់តែរកភាពយន្តមើលឱ្យចូលភ្នែកមួយក៏ពិបាក។ ខ្ញុំមិនថាខ្ញុំអាចធ្វើបានទេ ប៉ុន្តែខ្ញុំពិតជាចេះមើលថាអ្វីល្អ អ្វីមិនកើត។ ខ្ញុំកំពុងស្រម៉ៃថា អាចមានឱកាសទៅសិក្សាភាពយន្តពីប្រទេសដ៏ខ្លាំងៗ ដើម្បីធ្វើភាពយន្តខ្មែរឱ្យបានល្អនាពេលអនាគត។
ក្ដីស្រមៃគឺជាក្ដីស្រមៃ ប៉ុន្តែខ្ញុំនៅតែហ៊ានគិត ព្រោះខ្ញុំយល់ថា មិនមែនជារឿងគួរឱ្យខ្មាសអៀនអីទេ បើទោះជាមិនអាចសម្រេចបានក៏ដោយ។ ធ្វើជាមនុស្សត្រូវតែស្មោះត្រង់នឹងខ្លួនឯង រួមទាំងអ្នកដទៃ ហ៊ាននិយាយអ្វីដែលខ្លួនកំពុងគិត ទើបហៅថាមនុស្សស្មោះស។
ស្រុកកំណើត
មុនចូលឆ្នាំប៉ុន្មានថ្ងៃ ខ្ញុំបានទៅបុណ្យបងប្អូននៅស្រុកកំណើតឯកំពង់ចាម។ ខ្ញុំជិះម៉ូតូទៅម្នាក់ឯង ជិះ យឺតណាស់ ហើយឈប់ថតរូបតាមផ្លូវទៀត មិនទាន់ទៅដល់ផ្ទះយាយផង មេឃក៏ងងឹត ហើយធ្លាក់ភ្លៀង… ពិបាកណាស់ពេលនោះ តែក៏ទទួលបានអារម្មណ៍ចងចាំពិសេសមួយក្នុងការធ្វើដំណើរ។ កង់ម៉ូតូប៊ិះតែរអិលដួលប៉ុន្មានដង នៅលើផ្លូវដីរអិលខ្នងអណ្ដើក ដែលគ្មានភ្លើងបំភ្លឺ និងគ្មានអ្នកណាធ្វើដំណើរក្រៅពីខ្ញុំ។ យ៉ាងណា ពេលទៅដល់ផ្ទះហើយ ដេកស្រួលណាស់ ដោយសារបរិយាកាសត្រជាក់បន្ទាប់ពីភ្លៀង។
ស្រុកកំណើត ទីកន្លែងដែលក្រោយពីឃ្លាត ទើបដឹងថាមានរបស់ជាច្រើនដែលគួរឱ្យចាប់អារម្មណ៍។ ចាស់ៗក្នុងភូមិស្លាប់ម្ដងម្នាក់ៗ… វាជារឿងវដ្ដសង្សារដ៏គួរឱ្យសង្វេគ ប៉ុន្តែក៏អាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលដែរ បើឃើញអ្នកភូមិចាស់ៗមានអាយុ៨០ឆ្នាំ នៅមាំមួន ជិះកង់ទៅវត្ត ឬក៏ទៅផ្សារ។ អាចនឹងមានរឿងជាច្រើនដែលអ្នកមិនដែលដឹងពីជនបទនៅស្រុកខ្មែរ…
អារម្មណ៍ថ្ងៃនេះ
ពិភពលោកឯកាមែនទែន… អារម្មណ៍រាប់សែនណែនពេញក្បាល តែគ្មានអ្នកណារំលែកបាន ចុងក្រោយក៏សល់តែស្នាមញញឹមឱ្យគេ។ មិនយល់ពីគេ មិនយល់ពីខ្លួនឯង សុទ្ធតែអារម្មណ៍មិនយល់។ បុណ្យចូលឆ្នាំឆ្នាំនេះនៅតែធម្មតាដូចរាល់ឆ្នាំ គ្មានអ្វីគួរឱ្យត្រេកត្រអាលជាមួយសោះ។
រឿងខ្លះបើមិនរំឭកក៏មិនឈឺចាប់ដែរ។ គួរតែធ្វើអារម្មណ៍មិនយកចិត្តទុកដាក់ ហើយនឹកឃើញពីអ្នកដទៃឱ្យច្រើនជាងខ្លួនឯង ក៏នឹកឃើញពីរឿងសប្បាយ បំភ្លេចរឿងមិនសមបំណង។ ជីវិតតែងតែមិនសមបំណង… គួរតែប្រាប់អារម្មណ៍មិនសមបំណងថា នោះជារឿងសមបំណង ល្អទេ?
វិភាគពីចិត្តសាស្រ្តស្នេហា ជួនកាលក៏ធ្វើឱ្យលែងជឿជាក់លើស្នេហា។ អារម្មណ៍មិនជឿជាក់លើស្នេហា គឺឯកា និងអស់សង្ឃឹមណាស់។ ហេតុនេះរស់នៅត្រូវតែជឿជាក់! មិនមែនក្នុងលោកគ្មានស្នេហាពិតទេ គឺគ្រាន់តែយើងមិនទាន់បានជួប។ មានរឿងអភ័ព្វជាច្រើនដែលនិយាយមិនចេះអស់ បែបនេះគួរតែនិយាយពីរឿងល្អៗវិញ។ 
បើយើងចេះតែកើតទុក្ខ គឺមិនគប្បីនឹងមនុស្សដែលស្រលាញ់យើង! មនុស្សដែលស្រលាញ់យើង គឺតែងតែចង់ឱ្យយើងសប្បាយចិត្ត បើយើងកើតទុក្ខ ក៏ធ្វើឱ្យពួកគាត់កើតទុក្ខដែរ បែបនេះតើយើងគប្បីនឹងពួកគាត់ទេ? កុំកើតទុក្ខដើម្បីមនុស្សដែលធ្វើឱ្យយើងឈឺចាប់ តែត្រូវរស់នៅដោយរីករាយ ដើម្បីមនុស្សដែលស្រលាញ់យើង។ 
ល្អទេ ដែលចាត់ទុកថានេះជាបទពិសោធន៍?
ឆាកជីវិតគឺតែងតែស្មុគស្មាញរហូត… ប៉ុន្មានយប់ហើយដែលខ្ញុំដេកមិនស្ងប់ រហូតដល់ពេលនេះ ខ្ញុំក៏បានធ្វើការសម្រេចចិត្តមួយ ដែលបន្ទាប់មកពិតជាពិបាកនឹងលើកលែងឱ្យខ្លួនឯងណាស់។ ខ្ញុំខុសហើយ ហើយលើកនេះជាបទពិសោធន៍ជីវិតដ៏គួរឱ្យខ្លាច។ ខ្ញុំខ្លាចធ្វើឱ្យគេអន់ចិត្ត តែពេលនេះខ្ញុំក៏បានធ្វើ។ ខ្ញុំខ្លាចធ្វើឱ្យគេអស់សង្ឃឹម តែពេលនេះខ្ញុំក៏បានធ្វើ។ ការបន្ទោសខ្លួនឯងរបស់ខ្ញុំក៏មិនអាចធ្វើឱ្យគេស្ងប់ចិត្តឡើយ ហើយទោះជាគេប្រាប់ថា គេមិនខឹងនឹងខ្ញុំក៏ខ្ញុំខឹងខ្លួនឯងដែរ។
ល្ងង់… ភាពល្ងង់ខ្លៅនៅតែដើរតាមខ្ញុំរហូត… ខ្ញុំដូចជាកូនក្មេងមិនដឹងខ្យល់ម្នាក់ និយាយស្ដីលឿនដូចជាខ្យល់កួច រួចទើបដេកស្ដាយក្រោយ ហួសពេលហើយ ខ្ញុំក៏ក្លាយជាមនុស្សបានតែនិយាយ តែធ្វើមិនបាន។ ខ្ញុំមិនចង់ក្លាយជាមនុស្សជំពូកនេះទេ គ្រប់ពេល គ្រប់ពាក្យ ខ្ញុំចង់ធ្វើជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង។ ខ្ញុំបានគូសស្នាមខ្មៅមួយឱ្យអត្តចរិតខ្លួនឯង ក្នុងនាមជាក្មេងមិនហ្មត់ចត់។
ការសម្រេចចិត្តតម្រូវឱ្យមនុស្សជួបរហូត… ពិបាកណាស់ នៅពេលដែលយើងលេងនឹងល្បែងមួយខុសមួយត្រូវ។ ជីវិតក្នុងសង្គមកម្រនឹងមានជម្រើសត្រូវទាំងពីរឱ្យយើងណាស់។ ចិត្តមិនដាច់ធ្វើស្ដេចមិនកើត មនុស្សដូចជាខ្ញុំមិនអាចធ្វើស្ដេចបានទេ សម្រេចចិត្តរេចុះរេឡើង ធ្វើឱ្យអំពល់ទុក្ខអ្នកដទៃទៀត។ ល្អទេ ដែលចាត់ទុកថានេះជាបទពិសោធន៍? ប៉ុន្តែបទពិសោធន៍លើកនេះវាធ្ងន់ធ្ងរពេកហើយចំពោះខ្ញុំ។
សោះកក្រោះ
អាកាសធាតុថ្ងៃនេះ ដូចជាសោះក្រោះ អត់ជាតិ ធ្វើឱ្យជីវិតខ្ញុំក្លាយជាអស់ន័យ… តែបើនិយាយឱ្យយុត្តិធម៌ គួរតែមិនមែនកំហុសអាកាសធាតុទេ គឺជាអារម្មណ៍ខ្លួនឯង។ មានអារម្មណ៍ដូចជាកំពុងបាត់បង់ស្នេហា
ទាំងដែលគ្មានស្នេហាឱ្យបាត់បង់ផង!
ពីអារម្មណ៍ដ៏តានតឹងនាព្រឹកនេះ ខ្ញុំមានពាក្យមួយឃ្លា «អាចចិត្តងាយបាន តែសម្ដី និងកាយវិការកុំងាយឱ្យសោះ!»
អារម្មណ៍បាត់បង់ស្នេហ៍ ជារឿងពិបាកទ្រាំណាស់។ ខ្ញុំធ្លាប់សាកគិតថា ចង់ធ្វើជាមនុស្សគិតងាយៗក្នុងរឿងស្នេហា បាត់បង់ស្នេហ៍គ្មានអ្វីអស្ចារ្យ ចាស់មិនទៅថ្មីមិនមក… តែពេលនេះសារភាពថា មិនចេះធ្វើទេ ឈឺចាប់អ្ហា៎… ហេតុនេះត្រូវច្បាស់លាស់ចំពោះមនោសញ្ចេតនាខ្លួនឯង កុំងាយនឹងសាងស្នេហា បើខ្លាចការបាត់បង់ទៅវិញ។ ស្នេហាជារឿងងាយចង តែមិនងាយស្រាយ មុននឹងប្រាប់អ្នកណាថាស្រលាញ់គេ ត្រូវតែច្បាស់ពីចិត្តខ្លួនឯង និងគេ កុំឱ្យរឿងស្នេហាធ្វើបាបជីវិត។ ស្នេហាគឺជាអារម្មណ៍កក់ក្ដៅ មានសុវត្ថិភាពភាព ដែលអាចផ្ដល់ឱ្យគ្នាយូរអង្វែង។
ពេលនេះមានអារម្មណ៍ទទេស្អាត គ្រប់យ៉ាងគ្រាន់តែជាសុបិន រលាយអស់រលីង តែនៅតែត្រូវរស់បន្តទៀត ដូចបទចម្រៀងដែលខ្ញុំសរសេរនេះ «រៀនរស់ដោយគ្មានគេ»
ចូលចិត្តវិភាគពីស្នេហា :)
នេះគឺជាពេលព្រលឹម… កាលពីយប់មិញខ្ញុំដូចជាដេកមិនសូវលក់ បេះដូងស្រាលស្ងើក ហាក់ដូចជាកំពុងតែលួចស្រលាញ់អ្នកណាអ៊ីចឹង។ តែតាមពិតទៅមិនមែនទេ ខ្ញុំអត់លួចស្រលាញ់អ្នកណាទេ ប្រហែលជាអារម្មណ៍ផ្លាស់តាមអាកាសធាតុ ជាអាកាសធាតុដែលមេឃចាប់ផ្ដើមគ្រប់ដណ្ដប់ដោយទឹក… ធម្មតាឱ្យតែប្ដូររដូវ ខ្ញុំតែងតែទទួលអារម្មណ៍រំភើបម្យ៉ាង… ខ្ញុំដូចជាអណ្តែងអណ្ដូងពេកហើយ!
ពេលមានស្នេហា ធម្មតាគឺដេកឆាប់ភ្ញាក់ នឹកដល់មនុស្សម្នាក់នោះ… វាជាអារម្មណ៍ក្មេងៗមែនទេ? ចូលដល់វ័យសាបសិបប្រហែលអាចបាត់បង់អារម្មណ៍បែបនេះហើយ។ ខ្ញុំមិនទាន់សាបសិបទេ តែក៏នឿយណាយនឹងស្នេហាដែរ។ ពាក្យ «ចាប់ផ្ដើម» អាចនឹងបង្កើតឡើងព្រោះតែមានពាក្យ «បញ្ចប់» ហើយឆាកស្នេហាគឺកើតឡើងតាមពីរពាក្យនេះ។ សំណួរដែលសួរថា ឯណាស្នេហាពិតនៅតែគ្មានចម្លើយ។ រឿងមនោសញ្ចេតនានៃមនុស្សពីរនាក់ បន្ទាប់ពីពេលចាប់ផ្ដើមក៏តែងតែដើរបញ្ច្រាសគ្នា ហើយឈានទៅរកពេលបញ្ចប់។ គួរឱ្យខ្លាចណាស់ បើសិនជាគេអស់អារម្មណ៍ចំពោះយើងមុន នោះយើងនឹងត្រូវត្រៀមចិត្តស្ដាប់ពាក្យគេសុំបែក។
ខ្ញុំធ្លាប់ឮសម្ដីមួយឃ្លាពីភាពយន្តចិន ថា «ស្នេហាយូរទៅនឹងក្លាយជាសាច់ញាតិ» ស្ដាប់មួយភ្លែតគឺរំភើបណាស់ ព្រោះសាច់ញាតិគឺសំខាន់សម្រាប់យើង មិនអ៊ីចឹងអ្ហេះ? ប៉ុន្តែអារម្មណ៍នៃសាច់ញាតិម៉េចនឹងរំភើបដូចជាអារម្មណ៍គូសង្សារ? ដល់វិភាគម្ដងទៀត សម្ដីមួយឃ្លានេះជាភាសាវិជ្ជមាន ក្នុងន័យអវិជ្ជមានថា «ស្នេហាយូរទៅនឹងអស់អារម្មណ៍» មនោសញ្ចេតនាមនុស្ស ពេលនៅក្បែរគ្នាយូរនឹងក្លាយជាស្និទ្ធស្នាលដូចបងប្អូន ជួនកាលក៏ដូចជាឪពុកនិងកូន ជាក្ដីស្រលាញ់ តែមិនដូចជាក្ដីស្នេហាដែលយើងធ្លាប់គិតកាលពីដំបូងឡើយ។ យ៉ាងណាពួកគេមិនអាចបោះបង់ចោលគ្នាទេ ហើយពេលនោះហើយដែលគេស្គាល់ពីភាពឥតន័យនៃអារម្មណ៍រំភើប។ ទោះជាដើរដល់ដំណាក់កាលអស់អារម្មណ៍ តែមនុស្សត្រូវមានទំនួលខុសត្រូវចំពោះគ្នា ហើយយ៉ាងហោចណាស់ក៏ពេលវេលាបន្សល់ទុកនូវការចងចាំល្អៗឱ្យពួកគេដែរ។
យូរៗទៅ ខ្ញុំក៏កាន់តែចូលចិត្តវិភាគពីស្នេហាហើយ តែចុងក្រោយ ចង់ប្រាប់ថា ខ្ញុំអត់ច្បាស់ដែរ ហើយក៏ប្រហែលជាគ្មានការវិភាគណាត្រូវទាំងស្រុងឡើយ។ នេះអាចជាការវិភាគទូទៅ តែយើងនៅតែត្រូវស្វែងរកស្នេហាពិតបន្តទៀត សាងសុបិនស្នេហ៍ដែលមិនចេះភ្ញាក់ មែនទេ?
មានចម្រៀងមួយណាធ្វើឱ្យបងនឹកអូន?
ស្ដាប់បទថ្មីៗក្នុងស៊ីឌីថ្មី រស្មីហង្សមាស វ៉ុល ៤៥០
គួរប្រាប់អ្នកណាពីអារម្មណ៍ឯកា… ពេលឃើញខែ ពេលឃើញភ្លៀង ពេលស្ដាប់បទចម្រៀងស្នេហា… បេះដូងចេះតែសួរថា តើស្នេហាដែលកើតមានសម្រាប់តែបំភ្លេចចោលឬ?
ប្រុស៖ គេម្នាក់នោះគឺជាអ្នកណា? មើលទៅគេមនុស្សល្អ… អាចមើលថែបេះដូងដែលបងធ្វើឱ្យរបួស…
ស្រី៖ គេម្នាក់នោះគឺជាមនុស្សល្អ គេល្អគ្រប់យ៉ាង ប៉ុន្តែអូនគ្មានសំណាងនឹងគេទេ…
ស្នេហា? ជួនកាលគឺសាមញ្ញៗ មានលុយទើបមានស្នេហា អ្នកណាគេមកស្រលាញ់យើងរហូតនោះ…? ស្នេហាមិនសំខាន់ទេ ដែលសំខាន់គឺពេលនេះអត់លុយ
តែអត់អីទេ! ស្អែកបើកប្រាក់ខែហើយ! ហ៊ូ!… ហ៊ូ!…













វិចារថ្មីៗ